Saturday, 3 April 2021

កម្ពុជា​ចោទ​អាមេរិក​ថា កំពុង​យក​បញ្ហា​សិទ្ធិមនុស្ស​ធ្វើជា «​អាវុធ​» ដើម្បី​រិះគន់​ប្រទេស​ដទៃ​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​អាណត្តិ​ពី​អ.ស.ប


ដោយ មាន ឫទ្ធិ
2021-04-03
កម្ពុជា​ចោទ​អាមេរិក​ថា កំពុង​យក​បញ្ហា​សិទ្ធិមនុស្ស​ធ្វើជា «​អាវុធ​» ដើម្បី​រិះគន់​ប្រទេស​ដទៃ​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​អាណត្តិ​ពី​អ.ស.ប 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
Photo courtesy

 

ក្រសួង​ការបរទេស​កម្ពុជា ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថា កំពុង​យក​បញ្ហា​សិទ្ធិមនុស្ស​មក​ធ្វើជា​អាវុធ ដើម្បី​រិះគន់​ប្រទេស​ដទៃ​តាម​អំពើ​ចិត្ត ដោយ​គ្មាន​អាណត្តិ​ពី​អង្គការ​សហប្រជាជាតិ​។ ប្រតិកម្ម​នេះ កើតមានឡើង​ក្រោយ​ក្រសួង​ការបរទេស​អាមេរិក កាលពី​ចុង​ខែ​មីនា បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​មួយចំនួន រួម​ទាំង​កម្ពុជា​ផង។

ក្រសួង​ការបរទេស​កម្ពុជា ប្រកែក​ថា របាយការណ៍​របស់​អាមេរិក​នោះ​ខ្វះ​ភាព​សត្យានុម័ត និង​ការ​ខ្វះខាត​ធ្ងន់ធ្ងរ​ពី​ភាព​ត្រឹមត្រូវ​នៃ​ទិន្នន័យ និង​បច្ចុប្បន្នភាព​ព័ត៌មាន​។ ក្រសួង​ការបរទេស​មិន​បាន​ពន្យល់​លម្អិត​អំពី​អំណះអំណាង​ទាំងនេះ​ទេ ដោយ​ផ្តោត​ខ្លឹមសារ​ស្ទើរតែ​ទាំងស្រុង​នៃ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន ចោទប្រកាន់​បញ្ហា​របស់​សហរដ្ឋអាមេរិក​វិញ។ ក្រៅពី​មិន​បាន​ទទួលស្គាល់​ពី​ការ​កើត​មាន​ករណី​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា និង​មិន​បាន​ប្តេជ្ញា​ចិត្ត​កាត់បន្ថយ​អំពើ​រំលោភ​បំពាន​ទាំងនេះ ដូច​ដែល​សហរដ្ឋអាមេរិក និង​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ ព្រមទាំង​អ្នកជំនាញ​អង្គការសហប្រជាជាតិ បាន​រក​ឃើញ​ជា​បន្តបន្ទាប់​នោះ ក្រសួង​ការបរទេស​កម្ពុជា ចោទ​សហរដ្ឋអាមេរិក​ថា អ្វី​ដែល​អាមេរិក​សរសេរ​ក្នុង​របាយការណ៍​នោះ គឺ​អាស្រ័យ​ទៅតាម​ភាព​ជិតស្និទ្ធ ឬ​លក្ខណៈ​យុទ្ធសាស្ត្រ​របស់​ប្រទេស​នីមួយៗ​ជាមួយ​អាមេរិក​។ ក្រសួង​ការបរទេស​កម្ពុជា គូស​បញ្ជាក់​ថា ការ​អនុវត្ត​តាម​បែប​ជ្រើសរើស​តែមួយ​ជ្រុង និង​យក​បញ្ហា​សិទ្ធិមនុស្ស​ធ្វើ​ជា​អាវុធ គឺជា​ទំនោរ​អកុសល​មួយ ដែល​ចាំបាច់​ត្រូវតែ​បង្ការ​កុំ​ឲ្យ​កើត​មាន និង​កាត់​បន្ថយ។


ក្នុង​របាយការណ៍​ប្រចាំឆ្នាំ លើក​ទី​៤៥ របស់​ខ្លួន ក្រសួង​ការបរទេស​អាមេរិក បាន​រក​ឃើញ​ថា ក្នុង​ឆ្នាំ​២០២០​កន្លង​ទៅ អំពើ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅតែ​បន្ត​កើត​មាន និង​រីក​រាលដាល​ក្នុង​សង្គម​កម្ពុជា​ដដែល ខណៈ​រដ្ឋាភិបាល​បន្ត​រំលោភ និង​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ។ ក្រសួង​ការបរទេស​អាមេរិក នៅ​តែ​ប្រកាន់​ជំហរ​ថា មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល ក្នុង​នោះ​រួមមាន​ទាំង​មន្ត្រី​នគរបាល​ផង បាន​ប្រព្រឹត្តិ​នូវ​អំពើ​រំលោភបំពាន​នានា​ដោយ​មិន​ជាប់​ទោសពៃរ៍ ហើយ​ករណី​ភាគច្រើន រដ្ឋាភិបាល​ពុំបាន​ចាត់វិធានការ​ទាល់តែសោះ​។ ទន្ទឹម​នឹង​នោះ រដ្ឋាភិបាល ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ធ្វើ​ទារុណកម្ម ការ​ដាក់​ទោសទណ្ឌ ការ​ឃុំ​ឃាំង​មនុស្ស​តាម​ទំនើងចិត្ត និង​ការប្រព្រឹត្តិ​ប្រឆាំង​នឹង​អ្នក​ទោស​នយោបាយ ជាដើម​។ កម្ពុជា​នៅតែ​គ្មាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ មានការ​ជ្រៀតជ្រែក​តាម​ទំនើងចិត្ត​ទៅលើ​ជីវិត​ឯកជន​របស់​ពលរដ្ឋ តាមរយៈ​ការ​ឈ្លបយកការណ៍​ពី​ការ​ប្រាស្រ័យ​ទាក់ទង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ព្រមទាំង​មានការ​រឹតត្បិត​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សេរីភាព​នៃ​ការ​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​សេរីភាព​នៅ​លើ​អ៊ីនធឺណិត ជាដើម​។ រីឯ សិទ្ធិ​នយោបាយ​វិញ ក៏​ត្រូវ​រដ្ឋាភិបាល​រឹតត្បិត​យ៉ាង​ខ្លាំង ផង​ដែរ​។ ក្រសួង​ការបរទេស​អាមេរិក រក​ឃើញ​ដែរ​ថា រដ្ឋាភិបាល​កាត់បន្ថយ​សមត្ថភាព​របស់​ពលរដ្ឋ​ក្នុង​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ដោយ​សន្តិវិធី​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​។ រីឯ អំពើពុករលួយ​ក៏​កំពុង​រីក​រាលដាល ជាពិសេស​ក្នុង​ប្រព័ន្ធ​តុលាការ​តែម្តង៕

1 comment:

Anonymous said...

Lmorm Ngorp Heuy Ah Lngi Lngeu Hun Sen Euy !!