ដោយ មាន ឫទ្ធិ
2021-04-03
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
Photo courtesy
ក្រសួងការបរទេសកម្ពុជា ចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងយកបញ្ហាសិទ្ធិមនុស្សមកធ្វើជាអាវុធ ដើម្បីរិះគន់ប្រទេសដទៃតាមអំពើចិត្ត ដោយគ្មានអាណត្តិពីអង្គការសហប្រជាជាតិ។ ប្រតិកម្មនេះ កើតមានឡើងក្រោយក្រសួងការបរទេសអាមេរិក កាលពីចុងខែមីនា បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមួយចំនួន រួមទាំងកម្ពុជាផង។
ក្រសួងការបរទេសកម្ពុជា ប្រកែកថា របាយការណ៍របស់អាមេរិកនោះខ្វះភាពសត្យានុម័ត និងការខ្វះខាតធ្ងន់ធ្ងរពីភាពត្រឹមត្រូវនៃទិន្នន័យ និងបច្ចុប្បន្នភាពព័ត៌មាន។ ក្រសួងការបរទេសមិនបានពន្យល់លម្អិតអំពីអំណះអំណាងទាំងនេះទេ ដោយផ្តោតខ្លឹមសារស្ទើរតែទាំងស្រុងនៃសេចក្តីថ្លែងការណ៍របស់ខ្លួន ចោទប្រកាន់បញ្ហារបស់សហរដ្ឋអាមេរិកវិញ។ ក្រៅពីមិនបានទទួលស្គាល់ពីការកើតមានករណីរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា និងមិនបានប្តេជ្ញាចិត្តកាត់បន្ថយអំពើរំលោភបំពានទាំងនេះ ដូចដែលសហរដ្ឋអាមេរិក និងក្រុមប្រទេសនិយមប្រជាធិបតេយ្យ ព្រមទាំងអ្នកជំនាញអង្គការសហប្រជាជាតិ បានរកឃើញជាបន្តបន្ទាប់នោះ ក្រសួងការបរទេសកម្ពុជា ចោទសហរដ្ឋអាមេរិកថា អ្វីដែលអាមេរិកសរសេរក្នុងរបាយការណ៍នោះ គឺអាស្រ័យទៅតាមភាពជិតស្និទ្ធ ឬលក្ខណៈយុទ្ធសាស្ត្ររបស់ប្រទេសនីមួយៗជាមួយអាមេរិក។ ក្រសួងការបរទេសកម្ពុជា គូសបញ្ជាក់ថា ការអនុវត្តតាមបែបជ្រើសរើសតែមួយជ្រុង និងយកបញ្ហាសិទ្ធិមនុស្សធ្វើជាអាវុធ គឺជាទំនោរអកុសលមួយ ដែលចាំបាច់ត្រូវតែបង្ការកុំឲ្យកើតមាន និងកាត់បន្ថយ។
ក្នុងរបាយការណ៍ប្រចាំឆ្នាំ លើកទី៤៥ របស់ខ្លួន ក្រសួងការបរទេសអាមេរិក បានរកឃើញថា ក្នុងឆ្នាំ២០២០កន្លងទៅ អំពើនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅតែបន្តកើតមាន និងរីករាលដាលក្នុងសង្គមកម្ពុជាដដែល ខណៈរដ្ឋាភិបាលបន្តរំលោភ និងរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋាន និងសិទ្ធិនយោបាយរបស់ពលរដ្ឋ។ ក្រសួងការបរទេសអាមេរិក នៅតែប្រកាន់ជំហរថា មន្ត្រីក្នុងជួររដ្ឋាភិបាល ក្នុងនោះរួមមានទាំងមន្ត្រីនគរបាលផង បានប្រព្រឹត្តិនូវអំពើរំលោភបំពាននានាដោយមិនជាប់ទោសពៃរ៍ ហើយករណីភាគច្រើន រដ្ឋាភិបាលពុំបានចាត់វិធានការទាល់តែសោះ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាល ពាក់ព័ន្ធទៅនឹងករណីធ្វើទារុណកម្ម ការដាក់ទោសទណ្ឌ ការឃុំឃាំងមនុស្សតាមទំនើងចិត្ត និងការប្រព្រឹត្តិប្រឆាំងនឹងអ្នកទោសនយោបាយ ជាដើម។ កម្ពុជានៅតែគ្មានប្រព័ន្ធតុលាការឯករាជ្យ មានការជ្រៀតជ្រែកតាមទំនើងចិត្តទៅលើជីវិតឯកជនរបស់ពលរដ្ឋ តាមរយៈការឈ្លបយកការណ៍ពីការប្រាស្រ័យទាក់ទងតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងមានការរឹតត្បិតយ៉ាងធ្ងន់ធ្ងរទៅលើសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពនៅលើអ៊ីនធឺណិត ជាដើម។ រីឯ សិទ្ធិនយោបាយវិញ ក៏ត្រូវរដ្ឋាភិបាលរឹតត្បិតយ៉ាងខ្លាំង ផងដែរ។ ក្រសួងការបរទេសអាមេរិក រកឃើញដែរថា រដ្ឋាភិបាលកាត់បន្ថយសមត្ថភាពរបស់ពលរដ្ឋក្នុងការផ្លាស់ប្ដូររដ្ឋាភិបាលដោយសន្តិវិធីតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ រីឯ អំពើពុករលួយក៏កំពុងរីករាលដាល ជាពិសេសក្នុងប្រព័ន្ធតុលាការតែម្តង៕
1 comment:
Lmorm Ngorp Heuy Ah Lngi Lngeu Hun Sen Euy !!
Post a Comment