ដោយ មួង ណារ៉េត
2021-04-19
កម្មកររោងចក្រនៅក្នុងរាជធានីភ្នំពេញ។
រូប៖ Courtesy
មន្រ្តីសិទ្ធិការងារថា មេដឹកនាំរដ្ឋជាប់កាតព្វកិច្ច ក្នុងការធានាសុខុមាលភាព សុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋគ្រប់រូប រួមទាំងកម្មកររោងចក្រកាត់ដេរផង ជាពិសេសក្នុងគ្រាដែលប្រទេសជាតិកំពុងតែប្រឈមនឹងគ្រោះថ្នាក់ខ្ពស់បំផុត នៃការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ នេះ។
នាយកប្រតិបត្តិនៃអង្គការសង់ត្រាល់ (Central) លោក មឿន តុលា ថា កាតព្វកិច្ចទទួលខុសត្រូវនេះ គឺមានចែងក្នុងច្បាប់កំពូលរបស់ជាតិ ដែលមន្រ្តីសាធាណរណៈ ពេលស្បថចូលកាន់ដំណែង ត្រូវសច្ចាថា បំពេញឲ្យបានខ្ជាប់ខ្ជួនបំផុត៖ «ប្រទេសណាក៏ដោយ កាលណាអ្នកឯងទៅជាមេដឹកនាំប្រទេសហើយ អ្នកបានចុះកិច្ចសន្យាសង្គមមួយជាមួយប្រជាពលរដ្ឋ គឺមានចែងច្បាស់លាស់នៅក្នុងរដ្ឋធម្មនុញ្ញ នៃប្រទេសនីមួយៗ ហ្នឹង។ ដូច្នេះកាលណាប្រជាពលរដ្ឋ មានបញ្ហាជំងឺ ឬមួយវិបត្តិសង្គមអ្វីផ្សេងៗ អ្នកដឹកនាំហ្នឹងឯងជាអ្នកទទួលខុសត្រូវ»។
រដ្ឋធម្មនុញ្ញកម្ពុជា ត្រង់មាត្រា ៥២ និង ៧២ ចែងអំពីការទទួលខុសត្រូវនេះ ដោយសង្កត់ធ្ងន់ថា រដ្ឋយកចិត្តទុកដាក់ជាអាទិភាព ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងសុខភាពរបស់ប្រជារាស្ត្រត្រូវបានធានា។ រដ្ឋយកចិត្តទុកដាក់ដល់ការការពារជម្ងឺ។
បើទោះជាយ៉ាងនេះក្ដី រដ្ឋាភិបាលលោក ហ៊ុន សែន រងការរិះគន់ថា មិនបានយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងការការពារសុវត្ថិភាព និងសុខភាពរបស់កម្មកររោងចក្រនោះទេ ដោយសារតែរដ្ឋនៅតែបណ្តោយឲ្យកម្មករជិះរថយន្តទៅធ្វើការប្រជ្រៀតគ្នាដូចម្រាមដៃ។ ជាងនេះទៅទៀត មន្រ្តីសហជីព និងមន្រ្តីអង្គការសង្គមស៊ីវិលផ្នែកការងារ បានអំពាវនាវឲ្យរដ្ឋាភិបាលរកដំណោះស្រាយយ៉ាងណា ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងជំងឺកូវីដ-១៩ ដែលកម្មកររោងចក្រកំពុងប្រឈម ដូចជាការផ្អាករោងចក្រមួយរយៈ ដើម្បីទប់ស្កាត់ការឆ្លងនេះ។
ប៉ុន្តែរដ្ឋនៅតែបណ្តែតបណ្តោយឲ្យកម្មកររោងចក្រ ពពាក់ពពូនទៅធ្វើការទាំងប្រថុយប្រថានរាល់ថ្ងៃ តាំងពីផ្ទុះរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍លើកទី៣ កាលពីថ្ងៃទី២០ ខែកុម្ភៈមកម្ល៉េះ។ រដ្ឋបានបិទសាលារៀន និងបន្ថយចំនួនបុគ្គលិករដ្ឋ ដែលទៅធ្វើការនៅតាមស្ថាប័នរដ្ឋ ឲ្យនៅត្រឹមតែ ១០ភាគរយ និង ៩០ភាគរយទៀត ឲ្យធ្វើការពីផ្ទះ។ ប៉ុន្តែ រដ្ឋនៅតែឲ្យកម្មករទាំងអស់ទៅធ្វើការដូចធម្មតា។
ជាលទ្ធផល នៅដើមខែមេសា ដោយសារតែរដ្ឋមិនផ្អាករោងចក្រនេះ ករណីចម្លងជំងឺកូវីដ-១៩ បានឆ្លងដល់កម្មកររោងចក្រ ឌីន ហាន (DIN HAN) ដែលមានកម្មករជាង ២ពាន់ ៥នាក់នាក់។ គិតត្រឹមថ្ងៃទី១៩ ខែមេសា ជំងឺនេះបានឆ្លងរាលដាលដល់រោងចក្រ ៨៩រោងចក្រ ដែលភាគច្រើនបំផុតនៅភ្នំពេញ និងមានកម្មករ ១.០៣២នាក់ បានផ្ទុកជំងឺនេះ។ កម្មកររាប់ពាន់នាក់ផ្សេងទៀត កំពុងដាក់ឲ្យធ្វើចត្តាឡីស័ក។
បើតាមមន្រ្តីសហជីព មុនថ្ងៃទី១៩ ខែមេសា នៅមានរោងចក្រជាច្រើនបើកដំណើរការដែលធ្វើឲ្យការឆ្លងនេះរាលដាលគ្មានទីបញ្ចប់។ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ថារោងចក្រធំៗ សុទ្ធតែមានកម្មករឆ្លងជំងឺនេះ ជាបន្តបន្ទាប់៖ «អ្នកខ្លះប្ដីនៅទីនោះ ប្រពន្ធនៅទីនោះដែរ ប្តីឆ្លងប្រពន្ធត្រូវឆ្លងតទៅទៀត។ ដូច្នេះមនុស្សមិនដឹងថាយ៉ាងម៉េចទេ ពិបាក។ ឥឡូវហ្នឹងតំបន់ហ្នឹងរោងចក្រជាច្រើនឆ្លង។ ស្រាប់តែផ្ទុះរោងចក្រ Fortuna រោងចក្រក្បែរៗ នោះ ផ្ទុះពីរបីរយនាក់ទៀត ដែលក្បែររោងចក្រឌីនហាន និងសាន់តិចហ្នឹង។ បែបនេះ វាគួរឲ្យបារម្ភមែនទែន»។
លោក អាត់ ធន់ ថា ការបារម្ភ រឹតតែបារម្ភខ្លាំងទៀត នៅពេលកម្មករត្រូវចូលធ្វើការវិញ ក្រោយឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ព្រោះលោកថា ពេលឈប់សម្រាកផង នៅមានអ្នកឆ្លងម្លឹងៗ ចុះទម្រាំកម្មករពពាក់ពពូនចូលធ្វើការវិញ តើនឹងឆ្លងច្រើនជាងប៉ុនណាទៀត?
ក្រោយការឆ្លងរាលដាលដល់រោងចក្រជិត ១០០រោងចក្របែបនេះ កាលពីថ្ងៃទី១៩ ខែមេសា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទើបចេញសេចក្តីណែនាំមួយ ដោយអះអាងថា ដើម្បីកាត់ផ្ដាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យបានឆាប់រហ័ស និងជាអតិបរមា។ ក្នុងនោះរដ្ឋាភិបាល បានកំណត់តំបន់មួយចំនួនក្នុងខណ្ឌបី មានខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក ថាជាតំបន់ក្រហម។ ក្នុងតំបន់ទាំងនេះ រដ្ឋបានហាមឃាត់ការធ្វើដំណើរចេញក្រៅផ្ទះជាដាច់ខាត។ រោងចក្រទាំងអស់ក្នុងតំបន់ក្រហមនេះ ត្រូវផ្អាកដំណើរការសិន។ ប៉ុន្តែ រដ្ឋមិនបានបញ្ជាក់ថា ការផ្អាកនេះ នឹងត្រូវប្រើពេលយូរប៉ុនណានោះឡើយ។
អាស៊ីសេរីមិនអាចសុំការបំភ្លឺជុំវិញរឿងនេះពីអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ និងអគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក ខេន លូ (Ken Loo) បានទេ កាលពីថ្ងៃទី១៩ ខែមេសា ដោយសារពួកគាត់មិនលើកទូរស័ព្ទ។
ប៉ុន្តែ ក្រសួងការងារកាលពីថ្ងៃទី១៩ ខែមេសានោះដែរ បានចេញសេចក្តីណែនាំភ្លាមៗ ឲ្យម្ចាស់រោងចក្រ ដែលត្រូវផ្អាកសកម្មភាពអាជីវកម្ម ក្នុងអំឡុងពេលបិទខ្ទប់ទាំងអស់ ត្រូវរក្សាប៉ុស្តិ៍ការងារ និងអតីតភាពជូនកម្មករ និងត្រូវបើកប្រាក់ឈ្នួលដើមខែមេសា និងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់កម្មករ ទៅតាមលទ្ធភាព និងតាមស្មារតីមនុស្សធម៌។ ប៉ុន្តែ ទាំងប្រាក់ខែ និងប្រាក់ឧបត្ថម្ភនេះ ក្រសួងស្នើឲ្យផ្តល់ទាល់តែក្រោយចប់ការបិទខ្ទប់នេះសិន។
ក្នុងពេលជាមួយគ្នានេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ត្អូញត្អែរអំពីការលំបាកនៃការផ្អាករោងចក្រនេះ ព្រោះបណ្តាលឲ្យកកស្ទះពស្តុភារ និងមិនអាចដឹកជញ្ជូនវត្ថុធាតុដើម និងផលិតផលសម្រេចបានដោយសេរី។
លោក មឿន តុលា ថា ចំណាត់ការរបស់រដ្ឋាភិបាល ដែលទើបតែផ្អាករោងចក្រក្នុងតំបន់ក្រហម នៅពេលនេះ ហើយមិនផ្អាករោងចក្រដទៃទៀតមួយរយៈដែរនោះ វារាងយឺតពេលបន្តិចទៅហើយ ព្រោះស្ថានភាពនេះបានទុំជោរ គ្រប់គ្រងលែងបានទៅហើយ។
ទោះជាយ៉ាងនេះក្ដី លោកថា បើមិនចាត់វិធានការសោះ នោះបញ្ហាវារឹតតែធ្ងន់ជាងនេះទៅទៀត។ លោក មឿន តុលា ថាការខិតខំប្រឹងប្រែង ដើម្បីឲ្យរោងចក្របើកដំណើរការបន្តឡើងវិញ នៅក្រៅតំបន់ក្រហម ហាក់មិនមែនជាវិធានការល្អ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នោះឡើយ៖ «ហាក់ដូចជាមាននិន្នាការមួយ បញ្ជូនសម្ភារៈទាំងអស់ហ្នឹង ទៅឲ្យរោងចក្រនៅតាមខេត្តដេរ ដូចទៅកំពង់សោមជាដើម។ បើនៅតែធ្វើដូចរបៀបជិះម៉ូតូ ឬជិះឡានគេភ្លើងស្តុបក្រហមបែបហ្នឹង ខ្ញុំគិតថា អត់ដោះស្រាយបញ្ហាបានទេ អាចមានវិបត្តិកាន់តែធំ។ បើយើងមិនទប់ទេ គឺវាអាចរាលដល់ខេត្តឯទៀត ដែលអត់ទាន់មានពណ៌ក្រហមហ្នឹង»។
មន្រ្តីសង្គមស៊ីវិលផ្នែកសិទ្ធិការងារដដែលថា ម្ចាស់រោងចក្រសហគ្រាសនៅកម្ពុជា មិនគួរណាបន្តអាជីវកម្មរបស់ខ្លួន ទាំងក្នុងស្ថានភាពគ្រោះថ្នាក់នេះនោះឡើយ។ លោកថាបើទោះបីរោងចក្រផ្អាកដំណើរការមួយរយៈ ក៏រោងចក្រទាំងនេះ មិនខាតធ្ងន់ឯណានោះដែរ បើប្រៀបធៀបទៅនឹងផលរកស៊ីចំណេញរាប់ឆ្នាំរបស់ពួកគាត់ តាំងពីថៅកែខ្លះ បើករោងចក្រមួយ រហូតដល់ពង្រីកសាខារោងចក្រធំៗ ពីរបីទៀតផង។
លោកថា ទាំងរដ្ឋាភិបាល និងម្ចាស់រោងចក្រសហគ្រាស មិនគួរណាយកអាយុជីវិតកម្មករ ដើម្បីប្រថុយដូរនឹងការស្តារសេដ្ឋកិច្ចជាតិនោះទេ ព្រោះសុខភាពសាធារណៈមានសារសំខាន់ជាអាទិភាពខ្លាំងជាង៕
No comments:
Post a Comment