ដោយ សេក បណ្ឌិត
2021-05-20 rfa
(ឆ្វេង) នាឡិកាដៃរបស់លោក សម រង្ស៊ី ប្រៀបធៀបនឹងនាឡិកាដៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយារបស់គាត់ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុក Sam Rainsy
«សម រង្ស៊ី លក់នាឡិកា ជួយជាតិ, ហ៊ុន សែន ចោលម្សៀត លក់ជាតិ ទិញនាឡិកា!»៕
អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ដែលមានគណនីយឈ្មោះ ពឿង លី (Poeung Ly) បានចែករម្លែក (Share) នូវបណ្ណនាឡិកា សម រង្ស៊ី ព្រមទាំងបានរសរសេរ អធិប្បាយមកជាមួយផងថា៖ «ដើម្បីជួយប្រជាពលរដ្ឋយើងដែលកំពុងតែវេទនា ដោយសារមេរោគ កូវីដ១៩ ខ្លះត្រូវដាច់អាហារ សូមបងប្អូនមេត្តាជួយជាវ ប័ណ្ណនាឡិកាដៃ លោក សម រង្ស៊ី ដើម្បីប្រមូលបច្ច័យយកទៅជួយបងប្អូនខ្មែរយើង»។
ចំណែកម្ចាស់គណនីយហ្វេសប៊ុកមួយទៀតឈ្មោះ ចាន់ ដាវី វណ្ណ (Chendavy Vann) ក៏បានបង្ហោះ ឬផុស បណ្ណនាឡិកា សម រង្ស៊ី ដោយភ្ជាប់ជាមួយ នូវរូបថតស្រ្តីពាក់អាវសង្គ្រោះជាតិ និងជួតក្បាលក្រមាផង ដោយមានសរសេរអក្សរពណ៌ក្រហមលើរូបថតនោះថា៖ «ជួយខ្មែរ ក្នុងគ្រាមានអាសន្ន»។
ម្ចាស់គណនីយហ្វេសប៊ុកដដែលក៏បានសរសេរអធិប្បាយនៅផ្នែកខាងលើនៃរូបថតនោះផងដែរថា៖ «បើបងប្អូនជនរួមជាតិខ្មែរចង់ជួយខ្មែរដែលដាច់អារហារក្នុងឱកាស Covid19 សូមចូលរួមជាវបប័ណ្ណនាឡិកាសមរង្សីជាមួយនាងខ្ញុំ!! ខ្មែរជួយខ្មែរក្នុងគ្រាអាសន្ន»។
ស្របពេលជាមួយគ្នានោះដែរ ម្ចាស់គណនីយហ្វេសប៊ុកឈ្មោះ ពឿង លី (Poeung Ly) បានចែករម្លែកបន្ត (Share) នូវរូបលោកសម រង្ស៊ី អង្គុយអានសៀវភៅ ដោយមានពាក់នាឡិកាដៃ ដែលលោកកំពុងប្រកាសលក់នោះផង។ លោកក៏បានសរសេរប្រៀបធៀបលក្ខណសម្បត្តិ មេដឹកនាំបក្សប្រឆាំង និងមេដឹកនាំបក្សកាន់អំណាចមកជាមួយផងថា៖ «លោក សម រង្ស៉ី និងលោក ហ៊ុន សែន មានលក្ខណៈ ខុសគ្នាដូចមេឃនិងដី លោក ហ៊ុន សែន មាននាឡិកាពាក់តម្លៃរាប់លាន ដុល្លារ តែអត់ហ៊ានចំណាយប្រាក់ជួយប្រជាពលរដ្ឋក្នុងគ្រាអាសន្ន ខុសពីលោក សម រង្ស៊ី ពាក់នាឡិកាតម្លៃថោកបំផុត ហ៊ានប្រកាសលក់យកលុយជួយប្រជាពលរដ្ឋ ក្នុងគ្រាមានអាសន្ន តើអ្នកទាំងពីរ អ្នកណាមួយមានភាពជាអ្នកដឹកនាំពិតប្រាកដ?»។
Comment តប នឹងការលើកឡើងបែបនេះ ម្ចាស់គណនីយហ្វេសប៊ុកឈ្មោះ អាយវី បៀ (Ivy Bear) បានសរសេរឌឺដងដោយដាក់ជាចម្ងល់ថា៖ «ក្លាយពីអ្នកនយោបាយទៅជាឈ្មួញលក់នាឡិកាហើយ…»។
Comment តប ជាមួយគ្នាដែរនោះ ម្ចាស់គណនីយហ្វេសប៊ុកឈ្មោះ ឡៃ សុភី (Lay Sophy) បាន សរសេរថា៖ «លុយនេះមិនអាចយកមកចែកខ្មែរក្នុងស្រុកបានទេ ប្រសិនបើបង្កប់ពិសនយោបាយ បញ្ឈឺ រដ្ឋាភិបាល។ រង្ស៊ីដឹងច្បាស់ថា លុយនេះនឹងមិនអាចយកមកចែកបាន ខណៈខ្លួនត្រូវបានស្ថិតក្រៅច្បាប់កម្ពុជា និង ត្រូវបានចោទថា ជាក្រុមឧទ្ទាម។ ដូចនេះលុយនេះ និងចូលហោប៉ៅ រង្ស៊ីទៀតហើយ ចាំមើលចុះ !!»។
ដោយឡែកម្ចាស់គណនីយហ្វេសប៊ុកឈ្មោះ កូនខ្មែរ ស្វាយរៀង បានបង្ហោះ ឬផុសរូបយុវជនញញឹម ដោយពាក់នាឡិកាដៃ២តែម្ដង គឺពណ៌ក្រហម និងខ្មៅមួយ។
ម្ចាស់គណនីយរូបនេះបានសរសេរថា៖ «កំប្លែងបន្តិច…!!ឃើញពាក់នាឡិកា២ (ពីរគ្រឿង) មិនមែនអួត ឬយកមកភ្នាល់ជាមួយសម្តេចហ៊ុនសែន ឬលក់យកលុយជួយអ្នកក្រ ហើយខ្ញុំក៏មិនមែនជាអ្នកមានទ្រព្យស្តុក ឬបុណ្យស័ក្ដិធំ ឯកឧត្ដម រដ្ឋមន្ត្រីអីដែរ គឺកម្មករសុទ្ធសាធ។ បើនិយាយពីតម្លៃវិញ៖
- ពណ៌ខ្មៅ ៖ ជាង ៦០ដុល្លា (តែជ្រុះទ្រនិចអស់ហើយ)
- ពណ៌ក្រហម ៖ ៧ដុល្លា (នៅប្រើធម្មតា)
ទោះយ៉ាងណាដូចពាក្យគេថា ឲ្យតែមានចិត្តចង់ជួយ មិនខ្វះកន្លែងត្រូវជួយទេ។ ដូច្នេះខ្ញុំក៏បានដកលុយពីហោប៉ៅប្រហែល២៦ដុល្លារ ចូលរួមជាមួយក្រុមការងារ ជួយទៅបងប្អូននៅស្រុកខ្មែរដែលកំពុងរងគ្រោះខ្លាំងដោយសារកូវីដ។ ម៉្លោះហើយទោះសម្ដេចហ៊ុនសែនមិនលក់នាឡិកាគាត់ក៏ខ្ញុំនៅតែអាចជួយដោយចិត្តស្មោះដល់ពលរដ្ឋជាតិខ្ញុំ។ ព្រោះទម្រាំសម្រេចភ្នាល់គ្នាពលរដ្ឋដាច់បាយស្លាប់ខ្លះហើយ»។
ចំណែក Comment ចុងក្រោយដែលលោកសេកបណ្ឌិតលើកយកមកបញ្ចប់ការបញ្ចេញទទស្សនៈ ឆ្លងឆ្លើយគ្នាជុំវិញយុទ្ធនាការលក់នាឡិកាដៃរបស់លោក សម រង្ស៊ី នៅពេលនេះ គឺម្ចាស់គណនីយហ្វេសប៊ុកឈ្មោះ ថៃ មករា (Thay Makkara)។ លោកសរសេរដោយខ្លីលើផ្ទៃពណ៌លឿងថា៖ «សម រង្ស៊ី លក់នាឡិកា ជួយជាតិ, ហ៊ុន សែន ចោលម្សៀត លក់ជាតិ ទិញនាឡិកា!»៕
No comments:
Post a Comment