Friday, 21 May 2021

អ្នក​ជំនាញ​ថា ​កម្ពុជា​អភិវឌ្ឍ​មិន​ពឹង​លើ​ចិន​ទាំង​ស្រុង​ឡើយ


ដោយ ទីន ហ្សាការីយ៉ា
2021-05-20 rfa
អ្នក​ជំនាញ​ថា ​កម្ពុជា​អភិវឌ្ឍ​មិន​ពឹង​លើ​ចិន​ទាំង​ស្រុង​ឡើយ 

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ជួប​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (Xi Jinping) នា​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo courtesy of PM Hun Sen's Facebook Page

 

ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​​នយោបាយ​អះអាង​ថា ការ​អភិវឌ្ឍ​របស់​កម្ពុជា​មិន​មែន​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ចិន (China) តែ​មួយ​នោះ​ទេ តែ​ក៏​ជា​ការ​រួម​ចំណែក​របស់​ប្រទេស​ជាច្រើន​ទៀត​ដែរ ជាពិសេស​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​វេទិកា​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២០ ឧសភា​នេះ​ថា ការ​អភិវឌ្ឍ​របស់​កម្ពុជា​ពឹង​ផ្អែក​ទៅ​លើ​ប្រទេស​ចិន។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ភូមិសាស្ត្រ​នយោបាយ​លើក​ឡើង​ស្រប​គ្នា​ថា មេដឹកនាំ​កម្ពុជា​មិន​អាច​ផាត់​ចោល​តួនាទី​ដ៏​សំខាន់​របស់​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​បាន​នោះ​ទេ។ ជាពិសេស​នៅ​ក្នុង​ស្ថានភាព​ដែល​កម្ពុជា​ត្រូវ​ការ​ទីផ្សារ​ប្រទេស​លោក​ខាង​លិច​ទៀត​នោះ ការ​លម្អៀង​ទៅ​រក​ចិន​ខ្លាំង​ពេក​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា​ឡើយ។


អ្នក​ឯកទេស​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ សាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ថ្វី​ដ្បិត​កម្ពុជា​ទទួល​បាន​ជំនួយ និង​កម្ចី​ច្រើន​ពី​ប្រទេស​ចិន​ពិត​មែន ក៏​នេះ​មិនមែន​ជា​ប្រភព​តែ​មួយ​ដែល​ជួយ​ដល់​ការ​អភិវឌ្ឍ​ជាតិ​នោះ​ដែរ។ លោក​បន្ត​ថា សហគមន៍​អន្តរជាតិ​ ជាពិសេស​ប្រទេស​ប្រជាធិបតេយ្យ បាន​ជួយ​ជ្រោមជ្រែង​កម្ពុជា​យ៉ាង​ច្រើន​ទាំង​ការ​ផ្តល់​ជំនួយ និង​កម្ចី នៅ​ក្រោយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣ តុលា ឆ្នាំ១៩៩១។ ម្យ៉ាងវិញទៀត ពួក​គេ​បាន​ផ្តល់​ទីផ្សារ​សម្រាប់​ទំនិញ​កម្ពុជា និង​ឋានៈ​អនុគ្រោះ​ពន្ធ​ថែម​ទៀត ដែល​ទាំងនេះ​សុទ្ធ​សឹង​ជា​ចំណុច​គន្លឹះ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា។

លោក ឯម សុវណ្ណារ៉ា យល់​ថា ការ​ចោទ​សួរ​កម្ពុជា​រឿង​ជំហរ​លម្អៀង​ទៅ​រក​ចិន​នេះ គឺ​ជា​ការ​ពញ្ញាក់​ស្មារតី​មួយ​​បន្ថែម​ទៀត​របស់​សហគមន៍​អន្តរជាតិ​ទៅ​កាន់​ថ្នាក់​ដឹកនាំ​កម្ពុជា ឱ្យ​បង្ហាញ​នូវ​នយោបាយ​អព្យាក្រឹត្យ​របស់​ខ្លួន ដើម្បី​កុំ​ឱ្យ​កម្ពុជា​ខាត​បង់​ប្រយោជន៍​បន្ថែម​ទៀត​នៅ​ថ្ងៃ​ខាង​មុខ៖ «ទីផ្សារ ឬ​ក៏​ការ​ជួយ​ជ្រោមជ្រែង​នយោបាយ​ការ​បរទេស​ការ​ទូត​នេះ គឺ​លោក​ខាង​លិច​ទេ​អ្នក​ជួយ​ផ្តួច​ផ្តើម​ ហើយ(ទីផ្សារ)សេដ្ឋកិច្ច​ចិន​ប្រៀប​ពុំ​បាន​នឹង​លោក​ខាង​លិច​ទេ។ កន្លែង​ហ្នឹង​កម្ពុជា​គួរ​តែ​ឱ្យ​តម្លៃ ឬក៏​បង្ហាញ​ជំហរ ឥរិយាបថ​រឹងមាំ​មួយ​ដែល​កសាង​ជំនឿ​ទុក​ចិត្ត​​ដល់​លោក​ខាង​លិច និង​សម​ភាគី​ជប៉ុន​ជាដើម។ កុំ​ឱ្យ​តែ​យើង​បង្ហាញ​តែ​នៅ​ក្នុង​ទ្រឹស្ដី​សុទ្ធ​សាធ វា​មិន​អំណោយ​ផល​ដល់​ការ​អភិវឌ្ឍ​ជាតិ​ទេ»។

ការ​បកស្រាយ​របស់​អ្នក​ជំនាញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តី​ពី «អនាគត​របស់​អាស៊ី» ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ធំ​របស់​ជប៉ុន នីកេ (Nikkei) នៅ​ថ្ងៃ​ទី ២០ឧសភា ថា ការ​អភិវឌ្ឍ​របស់​កម្ពុជា​ពឹង​ផ្អែក​ខ្លាំង​ទៅ​រក​ប្រទេស​ចិន។

នៅ​ក្នុង​វេទិកា​អន្តរជាតិ​តាម​រយៈ​ប្រព័ន្ធ​វីដេអូ​នោះ លោក ហ៊ុន សែន បាន​ថ្លែង​សុន្ទរកថា​ចំនួន ៥​ទំព័រ ​អំពី​បញ្ហា​ប្រឈម​ក្នុង​តំបន់ និង​ពិភពលោក ជាពិសេស​ទាក់​ទង​នឹង​វិបត្តិ​ជំងឺ​កូវីដ-១៩។ បន្ទាប់​ពី​នោះ អ្នក​រៀបចំ​កម្មវិធី​បាន​សួរ​សំណួរ​មួយ​ចំនួន​ឱ្យ​លោក​បក​ស្រាយ ក្នុង​នោះ​មាន​សំណួរ​ដ៏​រសើប​មួយ​ទាក់​ទង​នឹង​​ការ​ដែល​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​លោក ពឹង​ផ្អែក​ខ្លាំង​ទៅ​រក​ប្រទេស​ចិន។

លោក ហ៊ុន សែន ឆ្លើយ​តប​​ថា ក្រៅ​ពី​ប្រទេស​ចិន លោក​មិន​ដឹង​ពឹង​ប្រទេស​ណា​នោះ​ទេ។ លោក​ថា កម្ពុជា​ត្រូវ​ការ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន និង​ផ្លូវថ្នល់ ជាដើម ហើយ​ចិន​គឺ​ជា​អ្នក​ជួយ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នេះ។ លោក​ថ្លែង​ទៀត​ថា សូម្បី​តែ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ក៏​ចិន​ជួយ​ផ្គត់ផ្គង់​ដល់​កម្ពុជា​ដែរ ខណៈ​ប្រទេស​ផ្សេង​ទៀត​មិន​បាន​ផ្តល់​វ៉ាក់សាំង​ដល់​កម្ពុជា​នោះ​ទេ ក្រៅតែ​ពី​វ៉ាក់សាំង​ដែល​ទទួល​បាន​តាម​យន្តការ​កូវ៉ាក់ (COVAX) របស់​អង្គការ​សុខភាព​ពិភពលោក។ លោក​ស្នើ​ឱ្យ​ប្រទេស​មួយចំនួន​​ពិនិត្យ​ឡើង​វិញ​អំពី​ឥរិយាបថ​របស់​ខ្លួន​មក​លើ​កម្ពុជា៖ «ស្ពាន​ទាំង​ឡាយ​នៅ​តាម​ដង​ទន្លេ​មេគង្គ តាម​ទន្លេសាប តាម​ទន្លេ​បាសាក់ គឺ​សុទ្ធ​តែ​ស្ពាន​ចិន​កសាង​ទាំង​អស់។ ផ្លូវ​ជាង ៣ពាន់​គីឡូម៉ែត្រ គឺ​ចិន​ជួយ​ទាំង​អស់ អ៊ីចឹង​សុំ​តាំង​ជា​សំណួរ​ថា បើ​កុំ​មាន​ជំនួយ​របស់​ចិន តើ​យើង​ខ្ញុំ​គួរ​ទៅ​ពឹង​អ្នក​ណា? គេ​អាច​ឆ្លើយ តើ​ពិភពលោក​អាច​ឆ្លើយ​ជាមួយ​កម្ពុជា​បាន​នូវ​សំណួរ​នេះ​ដែរឬទេ?»។

ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន បដិសេធ​ជា​ថ្មី​ទៀត​ថា រដ្ឋាភិបាល​របស់​លោក​មិន​បាន​អនុញ្ញាត​ឱ្យ​កង​ទ័ព​បរទេស​ណា​បោះទីតាំង​ឈរ​ជើង​នៅ​លើ​ទឹក​ដី​ខ្មែរ​ឡើយ ព្រោះ​ជា​ទង្វើ​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ។ ក្រៅពីនោះ លោក​បាន​អះអាង​ទៀត​ថា របប​លោក​នឹង​មិន​ទាមទារ​យក​ឋានៈ​អនុគ្រោះ​ពន្ធ​២០% ដែល​សហភាព​អឺរ៉ុប​បាន​ដក​ហូត​ពី​កម្ពុជា​នោះ​ឡើយ ទោះ​ជា​លោក​យល់ថា ការ​ដក​ហូត​នេះ​ជា​រឿង​អយុត្តិធម៌​ក៏​ដោយ៖ «កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​មិន​វិលត្រឡប់​មក​វិញ​នូវ​ភាព​​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប ដោយ​មិន​ធ្វើ​ការ​ចរចា មិន​ប្រឆាំង​តវ៉ា ឬ​ជំទាស់​ការ​អនុវត្ត​​សេចក្តី​សម្រេច​របស់​ពួក​គេ​ទេ។ យើង​បន្ត​នាំ​ចេញ​ទំនិញ​២០% ទៅ​កាន់​សហភាព​អឺរ៉ុប​ដោយ​បង់ពន្ធ​ជា​ធម្មតា»។

ជុំវិញ​រឿង​នេះ សហ​ស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា និង​ជា​អ្នក​ជំនាញ​ភូមិសាស្ត្រ​នយោបាយ បណ្ឌិត រ៉ូ វណ្ណៈ មាន​ប្រសាសន៍​ថា ​កម្ពុជា​ត្រូវ​ការ​ទាំង​ប្រទេស​ចិន និង​ប្រទេស​មហាអំណាច​ផ្សេង​ទៀត ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​វិស័យ​ដទៃទៀត។ លោក​បញ្ជាក់​ថា ការ​ពឹង​អាស្រ័យ​ហួសហេតុ​​ទៅ​រក​ប្រទេស​ចិន​ នឹង​ធ្វើ​ឱ្យ​​កម្ពុជា​បាត់​បង់​ឱកាស​នៅក្នុង​ការ​អភិវឌ្ឍ​ជាតិ​ជាមួយ​ប្រទេស​ដទៃ៖ «ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ចិន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ចូលរួម​នៃ​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​គាំទ្រ​ចរន្ត​នយោបាយ​របស់​កម្ពុជា។ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ឬ​ការ​អភិវឌ្ឍ​ប្រទេស​របស់​កម្ពុជា គឺ​​ពឹង​អាស្រ័យ​លើ​ចិន​ផ្តាច់​មុខ​នោះ​ទេ។ អ៊ីចឹង​សហគមន៍​អន្តរជាតិ​ដទៃទៀត​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ដែរ​នៅ​ក្នុង​ការ​កសាង​កម្ពុជា ទាំង​ផ្នែក​ធនធាន​មនុស្ស ប្រជាធិបតេយ្យ និង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ ឬ​ក៏​ការ​ផ្តល់​អនុគ្រោះ​ពន្ធ​ទៅ​លើ​ការ​នាំ​ចេញ​ទំនិញ​ ឬ​ក៏​ផ្តល់​ទីផ្សារ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​ដូច​គ្នា​ដែរ»។

ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២០ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​ប្រទេស​ចិន​គិត​ជា​ទឹក​ប្រាក់​ជាង ១ពាន់លាន​ដុល្លារ (១.០៨៦) ប៉ុន្តែ​​នាំ​ចូល​ពី​ចិន​វិញ មាន​រហូត​ដល់​ជាង ៧ពាន់​លាន​ដុល្លារ។ ដោយ​ឡែក​ការ​នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​វិញ គិត​ជា​ទឹក​ប្រាក់​ជាង ៥ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំ​ចូល​ពី​អាមេរិក មាន​ត្រឹម​តែ​ជាង ២៥០លាន​ដុល្លារ​ប៉ុណ្ណោះ​។ ចំណែក​ទីផ្សារ​សហភាព​អឺរ៉ុប​វិញ កម្ពុជា​នាំ​ចេញ​ទំនិញ​គិត​ជា​ទឹក​ប្រាក់​ជាង ៣ពាន់​លាន​ដុល្លារ និង​នាំចូល​មក​វិញ​ជាង ៦រយលាន​ដុល្លារ។ តួលេខ​នេះ​បង្ហាញ​ថា កម្ពុជា​ពឹង​ផ្អែក​លើ​ទីផ្សារ​របស់​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ច្រើន​ជាង​ទីផ្សារ​ប្រទេស​ចិន។

ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំ​របប​ក្រុង​ភ្នំពេញ ហ៊ុន សែន បាន​ជ្រើសរើស​យក​ចិន​ជា​ខ្នង​បង្អែក ដើម្បី​ទប់ទល់​ទៅ​នឹង​សម្ពាធ ឬ​ទណ្ឌកម្ម​​ពី​ក្រុម​ប្រទេស​លោក​ខាងលិច ដែល​បន្ត​​ទាម​ទារ​ឱ្យ​របប​នេះ​គោរព​សិទ្ធិ​មនុស្ស និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។ ទោះជាយ៉ាងណា ជំហរ​បែបនេះ​របស់​លោក ហ៊ុន សែន កំពុង​នាំ​មក​ផល​វិបាក​ជាច្រើន​សម្រាប់​កម្ពុជា ទាំង​ផ្នែក​សេដ្ឋកិច្ច ការ​ទូត និង​នយោបាយ។

ក្នុង​វិស័យ​សេដ្ឋកិច្ច ប្រទេស​លោក​សេរី​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្ម​ជា​បណ្តើរៗ​លើ​របប​លោក ហ៊ុន សែន ដូចជា ការ​ដក​ហូត​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ និង​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​លើ​មន្ត្រី​គ្រាក់ៗ និង​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ជាដើម។ ចំណែក​វិស័យ​ការ​ទូត​វិញ កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​ជាប់​ឈ្មោះ​ថា ជា​ប្រទេស​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ មាន​អំពើ​ពុករលួយ​ដល់​ឆ្អឹង និង​ជា​ប្រទេស​រណប​ចិន​កុម្មុយនីស្ត។ រីឯ​វិស័យ​នយោបាយ​វិញ កម្ពុជា​បាន​រអិល​ធ្លាក់​ទៅ​ក្នុង​ប្រទេស​ដែល​មាន​ការ​ដឹកនាំ​បែប​ឯក​បក្ស​ផ្ដាច់​ការ ប្រាសចាក​ពី​គន្លង​ប្រជាធិបតេយ្យ និង​រដ្ឋធម្មនុញ្ញ។

ក្រុម​អ្នក​ឯកទេស​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ភូមិសាស្ត្រ​នយោបាយ គូស​បញ្ជាក់​ថា ជម្រើស​ល្អ​សម្រាប់​ថ្នាក​ដឹកនាំ​កម្ពុជា គឺ​អនុវត្ត​គោល​នយោបាយ​ការ​បរទេស​អព្យាក្រឹត្យ ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ ព្រោះ​មាន​តែ​ធ្វើ​បែប​នេះ​ទេ ទើប​កម្ពុជា​អាច​ទាញ​ប្រយោជន៍​បាន​ពី​ប៉ូល​នយោបាយ​ធំៗ​លើ​ពិភពលោក និង​រួច​ផុត​ពី​ការ​លូក​ដៃ​ចូល​កិច្ច​ការ​ផ្ទៃក្នុង​ពី​សំណាក់​ប្រទេស​មហាអំណាច៕

No comments: