Saturday, 22 May 2021

ដីស្រែ​ចម្ការ និង​តំបន់​ប្រវត្តិសាស្ត្រ​ជនជាតិ​ដើម​រាប់​សិប​ហិកតារ​នៅ​ខេត្ត​ព្រះវិហារ រង​ការ​ឈូស​បំផ្លាញ


ដោយ ទីន ហ្សាការីយ៉ា
2021-05-21 rfa
ដីស្រែ​ចម្ការ និង​តំបន់​ប្រវត្តិសាស្ត្រ​ជនជាតិ​ដើម​រាប់​សិប​ហិកតារ​នៅ​ខេត្ត​ព្រះវិហារ រង​ការ​ឈូស​បំផ្លាញ 

សកម្មភាព​មេការ​ក្រុមហ៊ុន ទ្រី ភាព ឈូស​ឆាយ​ព្រៃ​តំបន់​សន្លុង​ស្ល​ដែក កន្លែង​ប្រវត្តិសាស្ត្រ​ជនជាតិកួយ ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃទី១៦ ឧសភា ២០២១។
Photo Provided

 

ជនជាតិ​ដើម​ភាគតិច​កួយ​ជា​ច្រើន​គ្រួសារ រស់នៅ​ខេត្ត​កំពង់ធំ ជាប់​ព្រំដែន​ខេត្ត​ព្រះវិហារ អះអាង​ថា មេការ​ក្រុមហ៊ុន​ទ្រី ភាព នៅតែ​បន្ត​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ កម្ទេច​តំបន់​សន្លុង​ស្លដែក ដែល​ជា​កន្លែង​ប្រវត្តិសាស្ត្រ​របស់​ពួកគាត់​គោរព​បូជា​តាំង​ពី​បុរាណកាល​មក។ អ្នក​ភូមិ​ថា សកម្មភាព​ឈូស​ឆាយ​នោះ ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ស្រូវ​កសិកម្ម និង​ច្បារ​ដំណាំ​របស់​ពលរដ្ឋ​អស់​ជាច្រើន​ហិកតារ​ជា​ថ្មី​ទៀត​ដែរ។

ជនជាតិ​ដើម​ភាគតិច​កួយ ៣៣​គ្រួសារ រស់នៅ​ភូមិ តាឡែក ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទបល្ល័ង្គ​ឱ្យ​ដឹង​នៅ​ថ្ងៃទី២១ ឧសភា​ថា មេការ​ក្រុមហ៊ុន​ទ្រីភាព ដែល​អ្នកភូមិ​ស្គាល់ឈ្មោះ​ហៅ​ក្រៅ​ថា តយ កំពុង​ប្រើ​គ្រឿងចក្រ ៣​គ្រឿង ឈូស​ឆាយ​រំលោភ​យក ដីស្រែ ដី​ព្រៃ​សមូហភាព ដីចម្ការ​វិល​ជុំ និង​តំបន់​សន្លុង​ស្លដែក អស់​ជាច្រើន​ហិកតារ នៅ​រយៈពេល ២​សប្តាហ៍​ចុង​ក្រោយ​នេះ។


តំណាង​ជនជាតិ​ដើម​ភាគតិច​កួយ លោកស្រី ងួន ហ៊ាង ចាត់ទុក សកម្មភាព​ឈូស​ឆាយ​នោះ ជា​ការ​រំលាយ​អត្តសញ្ញាណ​ប្រពៃណី និង​វប្បធម៌​ជនជាតិ​ដើម​ភាគតិច ដែល​បន្សល់​ទុក​ចុង​ក្រោយ​។ លោកស្រី​ថា កន្លែង​សន្លុង​ស្លដែក និង​ព្រៃ​សមូហភាព ដែល​ជា​តំបន់​ប្រវត្តិសាស្ត្រ ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​កួយ ទំហំ​ជិត ១​រយ​ហិកតារ ត្រូវ​គេ​ឈូស​ឆាយ​រំលោភ​យក​ជា​បន្តបន្ទាប់ អស់​ជាង ៥០ ហិកតារ​ហើយ នៅ​រយៈពេល ៥​ខែ​ចុង​ក្រោយនេះ៖ «ប៉ះពាល់​ស្រូវ ពោត ចន្ទី ព្រៃ​ជំនឿ ព្រៃ​លោកតា ហើយ​ខាង​តំណាង​ក្រុមហ៊ុន​ហ្នឹង​គេ​ថា ស្រុក​ឱ្យ​ឈូស​ឆាយ មក​ទប់ស្កាត់ ស្រុក​ឱ្យ​ឈូស គេ​ឈូស​ហើយ»។

តំណាង​ពលរដ្ឋ​ដដែល​បន្ថែម​ថា អ្នកភូមិ​ជាច្រើន​គ្រួសារ​កំពុង​ខ្វះខាត​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹមជីវិត​នៅ​ឆ្នាំនេះ ដោយសារ​មេការ​ក្រុមហ៊ុន​ឈូស​ឆាយ​រំលោភ​យក ទីកន្លែង​បង្កបង្កើនផល​យ៉ាង​សំខាន់ របស់​ពួកគេ សូម្បីតែ​វាយ​ស្មៅ​ចង​គោក្របី ក៏​បាត់បង់​ដែរ​។ លោកស្រី​ថា ដី​មាន​ជម្លោះ​នេះ ឆ្លង​ចូល​រដ្ឋបាល​ខេត្ត​ព្រះវិហា​រ ឋិត​ក្នុងភូមិ​អូរពោធិ៍ ឃុំ​រមណីយ ស្រុក​រវៀង ជាប់​ព្រំប្រទល់​ខេត្តកំពង់ធំ ហើយ​អ្នកភូមិ​បាន​ពឹង​ឱ្យ​អាជ្ញាធរ​ស្រុក​រវៀង ជួយ​ដោះស្រាយ​ករណីនេះ​ដែរ តែ​គ្មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ។

ជនជាតិ​ដើម​ភាគតិច​កួយ​ម្នាក់​ទៀត លោកស្រី យ៉េង ផាត់ វ័យ ៤០ ឆ្នាំ ត្អូញត្អែរ​ថា គ្រួសារ​លោកស្រី មាន​ដី ៣​ហិកតារ ត្រូវ​បាន​មេការ​ក្រុមហ៊ុន ឈូស​ឆាយ​រំលោភ​យក​អស់​ទាំង​ស្រុង​។ លោកស្រី​បារម្ភ​ថា រដូវវស្សា​ឆ្នាំនេះ គ្រួសារ​លោកស្រី គ្មាន​ដី​បង្ក​បង្កើនផល​ទៀត​ទេ ហើយ​នឹង​ប្រឈម​ខ្វះខាត​ស្បៀងអាហារ​ចិញ្ចឹម​ជីវិត​៖ «អត់​ជួយ​ទេ អាជ្ញាធរ​អត់​ជួយ​ទេ អត់​ជួយ​ដោះស្រាយ មក​ក៏​និយាយ​ទៅ​វិញ គេ​តាម​តែ​ក្រុមហ៊ុន គេ​អត់​ដោះស្រាយ​ឱ្យ​ពលរដ្ឋ​។ បាត់បង់​អស់​ហើយ អត់​បាន​ធ្វើ​ទេ​នេះ អត់​បាន​អី​ទេ»។

អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ និង អ្នកនាំពាក្យ​សាលា​ខេត្ត​នេះ លោក យ៉ុង គឹមហឿង បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី២១ ឧសភា​។ ចំណែក អភិបាល​ស្រុក​រវៀង លោក ហោ ប៊ុនហួរ ក៏​អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ព្រោះ​លោក​ថា ទូរស័ព្ទ​ស្តាប់​មិន​លឺ។

ចំណែក​មេឃុំ​រមណីយ លោក ឃុត រី វិញ លោក​ឱ្យ​ដឹង​ថា ការ​ដោះស្រាយ​ជម្លោះដីធ្លី​នេះ តម្រូវ​ឱ្យ​សហការ​គ្នា​រវាង​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​កំពង់ធំ និង​អាជ្ញាធរ​មូលដ្ឋាន​ខេត្តព្រះវិហារ ព្រោះ​ពលរដ្ឋ​មាន​ទីលំនៅ​ក្នុង​ខេត្តកំពង់ធំ ឯ​ដី​មាន​ជម្លោះ​ឋិត​ក្នុង​ខេត្ត​ព្រះវិហារ​។ លោក​ថា អាជ្ញាធរ​ឃុំ​មិន​ទាន់​ទទួល​ព័ត៌មាន​ច្បាស់ ពី​ជម្លោះដីធ្លី​នេះ​ទេ ព្រោះ​ការ​ដោះស្រាយ​ហួស​ពី​សមត្ថភាព​របស់​អាជ្ញាធរ​ឃុំ ហើយ​អាជ្ញាធរ​ស្រុក​បាន​បញ្ជូន​ក្រុមការងារ​ជំនាញ ចុះ​ពិនិត្យ​ករណីនេះ​រួចហើយ៖ «ខាង​ឃុំ​សាលា​វិស័យ​មក​បញ្ជាក់ ដើម្បី​ឱ្យ​ឃើញ​ទិន្នន័យ​ហ្នឹង​វា ច្បាស់លាស់ តែ​ខ្ញុំ​មក​ទល់​ពេល​នេះ ខ្ញុំ​អត់​ទាន់​ច្បាស់​លាស់​ដែរ​។ អាហ្នឹង​ខ្ញុំ​ទុក​ឱ្យ​ក្រុមការងារ ស្រុក​ខេត្ត​ចូលរួម ដោះស្រាយ តែ​ខ្ញុំ​អត់​ទាន់​ច្បាស់​ដែរ ខ្ញុំ​ជា​មេឃុំ»។

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង មេការ​ក្រុមហ៊ុន ទ្រី ភាព ឈ្មោះ តយ និង​តំណាង​ក្រុមហ៊ុន​ទ្រី ភាព លោក ហេង សារុំ ដើម្បី​ឆ្លើយតប​ការ​ចោទប្រកាន់​របស់​ក្រុម​ពលរដ្ឋ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ដដែល​នេះ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​បាន​សរសេរ​លិខិត​បំភ្លឺ​ថា សកម្មភាព​ឈូស​ឆាយ​នេះ មិន​ជាប់​ពាក់ព័ន្ធ ក្រុមហ៊ុន​ទ្រី ភាព​នោះ​ទេ​។ ក្រុមហ៊ុន​ថា បុគ្គល​ឈ្មោះ តយ បាន​ប្រើ​ឈ្មោះ ក្រុមហ៊ុន ធ្វើ​សកម្មភាព ហើយ​ទីតាំង​ដែល​ឈូស​ឆាយ​នោះ មិន​ឋិត​ក្នុង​តំបន់ និង​ព្រំប្រទល់​របស់​ក្រុមហ៊ុន​នោះ​ឡើយ។

ទោះជា​យ៉ាងណាក៏ដោយ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចាត់ទុក​ការ​ឈូស​ឆាយ ស្រូវ ផលដំណាំ និង កន្លែង​សក្ការៈ​បូជា របស់​ជនជាតិ​ដើម​ភាគតិច​កួយ​នោះ​ថា ជា​ទង្វើ​បំពាន​ច្បាប់​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ ដែល​ទាមទារ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចុះ​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​ល្មើស​មក​អនុវត្ត​ច្បាប់​ជា​ធរមាន។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ឆ្ងល់​ថា ប្រសិន​បើ​តំណាង​ក្រុមហ៊ុន ទ្រី ភាព អះអាង​ថា លោក តយ បាន​ប្រើ​ឈ្មោះ ក្រុមហ៊ុន ជា​ខែល ដើម្បី​រំលោភ​យក​ដីធ្លី​ពលរដ្ឋ ហេតុអ្វី​ក្រុមហ៊ុន មិន​ចាត់​វិធានការ​ច្បាប់​លើ​បុគ្គល​រូប​នេះ​? លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ចុះ​ដោះស្រាយ​ករណីនេះ​បន្ទាន់ ដើម្បី​ផ្តល់​លទ្ធភាព ឱ្យ​ពលរដ្ឋ​ទទួល​បាន​ដី​កសិកម្ម​ចិញ្ចឹម​ជីវិត៖ «ដី​ទាំង​អស់ហ្នឹង ជា​ដី​សាធារណៈ​របស់​រដ្ឋ ដូច្នេះ​គោលការណ៍​ច្បាប់ មិន​មាន​សិទ្ធិ​ឯណា ទៅ​ឈូស​ឆាយ បឹង​បួរ អូរ​ស្ទឹង យក​ធ្វើជា ឬ​វិនិយោគ​បាន​ទេ​។ ក្រុមហ៊ុន​ទ្រី ភាព គួរ​មាន​វិធានការ​ទៅ​ហ្នឹង​ជន​ណា យក​ឈ្មោះ ក្រុមហ៊ុន​ខ្លួន យក​ទៅ​ប្រើ»។

ក្រុមហ៊ុន​ទ្រី ភាព អ៊ីមផត អ៊ិចផត ( TRY PHEAP IMPORT EXPORT CO., LTD. ) ទទួល​សិទ្ធិ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ទំហំ​ជិត ១​ម៉ឺន​ហិកតារ (៩.៩១៦)​តាំង ពី​ឆ្នាំ ២០១១​។ ក្រុមហ៊ុន​នេះ វិនិយោគ​ដំណាំ​កៅស៊ូ និង​ដំណាំ​ឧស្សាហកម្ម​ផ្សេង​ទៀត​។ ប៉ុន្តែ​អ្នក​ភូមិ​ថា ចាប់​តាំង​ពី​មាន​វត្តមាន​ក្រុមហ៊ុន ទ្រី ភាព វិនិយោគ​តំបន់​នោះ​មក​អ្នកភូមិ​បាន​រងទុក្ខ​វេទនា ព្រោះ​បាត់បង់​ព្រៃឈើ ជម្រក​សត្វព្រៃ ព្រៃ​ពនេចរ ព្រៃ​ចម្ការ​វិល​ជុំ និង​ទឹកអូរ​ធម្មជាតិ​ដោយសារ​ក្រុមហ៊ុន​បាន​កាយ​ប្រឡាយ​ហ៊ុមព័ទ្ធ​បំពាន​យក​ស្ទើរតែ​ទាំងស្រុង៕

1 comment:

Anonymous said...

Roleuy Oss Heuy Cambodia under Ah Yuon's slave Hun Sen.