ដោយ ទីន ហ្សាការីយ៉ា
2021-05-21 rfa
សកម្មភាពមេការក្រុមហ៊ុន ទ្រី ភាព ឈូសឆាយព្រៃតំបន់សន្លុងស្លដែក កន្លែងប្រវត្តិសាស្ត្រជនជាតិកួយ ខេត្តព្រះវិហារ កាលពីថ្ងៃទី១៦ ឧសភា ២០២១។
Photo Provided
ជនជាតិដើមភាគតិចកួយជាច្រើនគ្រួសារ រស់នៅខេត្តកំពង់ធំ ជាប់ព្រំដែនខេត្តព្រះវិហារ អះអាងថា មេការក្រុមហ៊ុនទ្រី ភាព នៅតែបន្តប្រើគ្រឿងចក្រឈូសឆាយ កម្ទេចតំបន់សន្លុងស្លដែក ដែលជាកន្លែងប្រវត្តិសាស្ត្ររបស់ពួកគាត់គោរពបូជាតាំងពីបុរាណកាលមក។ អ្នកភូមិថា សកម្មភាពឈូសឆាយនោះ ក៏ធ្វើឱ្យប៉ះពាល់ស្រូវកសិកម្ម និងច្បារដំណាំរបស់ពលរដ្ឋអស់ជាច្រើនហិកតារជាថ្មីទៀតដែរ។
ជនជាតិដើមភាគតិចកួយ ៣៣គ្រួសារ រស់នៅភូមិ តាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គឱ្យដឹងនៅថ្ងៃទី២១ ឧសភាថា មេការក្រុមហ៊ុនទ្រីភាព ដែលអ្នកភូមិស្គាល់ឈ្មោះហៅក្រៅថា តយ កំពុងប្រើគ្រឿងចក្រ ៣គ្រឿង ឈូសឆាយរំលោភយក ដីស្រែ ដីព្រៃសមូហភាព ដីចម្ការវិលជុំ និងតំបន់សន្លុងស្លដែក អស់ជាច្រើនហិកតារ នៅរយៈពេល ២សប្តាហ៍ចុងក្រោយនេះ។
តំណាងជនជាតិដើមភាគតិចកួយ លោកស្រី ងួន ហ៊ាង ចាត់ទុក សកម្មភាពឈូសឆាយនោះ ជាការរំលាយអត្តសញ្ញាណប្រពៃណី និងវប្បធម៌ជនជាតិដើមភាគតិច ដែលបន្សល់ទុកចុងក្រោយ។ លោកស្រីថា កន្លែងសន្លុងស្លដែក និងព្រៃសមូហភាព ដែលជាតំបន់ប្រវត្តិសាស្ត្រ ប្រពៃណីជនជាតិដើមភាគតិចកួយ ទំហំជិត ១រយហិកតារ ត្រូវគេឈូសឆាយរំលោភយកជាបន្តបន្ទាប់ អស់ជាង ៥០ ហិកតារហើយ នៅរយៈពេល ៥ខែចុងក្រោយនេះ៖ «ប៉ះពាល់ស្រូវ ពោត ចន្ទី ព្រៃជំនឿ ព្រៃលោកតា ហើយខាងតំណាងក្រុមហ៊ុនហ្នឹងគេថា ស្រុកឱ្យឈូសឆាយ មកទប់ស្កាត់ ស្រុកឱ្យឈូស គេឈូសហើយ»។
តំណាងពលរដ្ឋដដែលបន្ថែមថា អ្នកភូមិជាច្រើនគ្រួសារកំពុងខ្វះខាតដីធ្វើកសិកម្មចិញ្ចឹមជីវិតនៅឆ្នាំនេះ ដោយសារមេការក្រុមហ៊ុនឈូសឆាយរំលោភយក ទីកន្លែងបង្កបង្កើនផលយ៉ាងសំខាន់ របស់ពួកគេ សូម្បីតែវាយស្មៅចងគោក្របី ក៏បាត់បង់ដែរ។ លោកស្រីថា ដីមានជម្លោះនេះ ឆ្លងចូលរដ្ឋបាលខេត្តព្រះវិហារ ឋិតក្នុងភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ជាប់ព្រំប្រទល់ខេត្តកំពង់ធំ ហើយអ្នកភូមិបានពឹងឱ្យអាជ្ញាធរស្រុករវៀង ជួយដោះស្រាយករណីនេះដែរ តែគ្មានដំណោះស្រាយនៅឡើយទេ។
ជនជាតិដើមភាគតិចកួយម្នាក់ទៀត លោកស្រី យ៉េង ផាត់ វ័យ ៤០ ឆ្នាំ ត្អូញត្អែរថា គ្រួសារលោកស្រី មានដី ៣ហិកតារ ត្រូវបានមេការក្រុមហ៊ុន ឈូសឆាយរំលោភយកអស់ទាំងស្រុង។ លោកស្រីបារម្ភថា រដូវវស្សាឆ្នាំនេះ គ្រួសារលោកស្រី គ្មានដីបង្កបង្កើនផលទៀតទេ ហើយនឹងប្រឈមខ្វះខាតស្បៀងអាហារចិញ្ចឹមជីវិត៖ «អត់ជួយទេ អាជ្ញាធរអត់ជួយទេ អត់ជួយដោះស្រាយ មកក៏និយាយទៅវិញ គេតាមតែក្រុមហ៊ុន គេអត់ដោះស្រាយឱ្យពលរដ្ឋ។ បាត់បង់អស់ហើយ អត់បានធ្វើទេនេះ អត់បានអីទេ»។
អាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ និង អ្នកនាំពាក្យសាលាខេត្តនេះ លោក យ៉ុង គឹមហឿង បាននៅឡើយទេ នៅថ្ងៃទី២១ ឧសភា។ ចំណែក អភិបាលស្រុករវៀង លោក ហោ ប៊ុនហួរ ក៏អាស៊ីសេរីមិនអាចសុំការបំភ្លឺបានដែរ ព្រោះលោកថា ទូរស័ព្ទស្តាប់មិនលឺ។
ចំណែកមេឃុំរមណីយ លោក ឃុត រី វិញ លោកឱ្យដឹងថា ការដោះស្រាយជម្លោះដីធ្លីនេះ តម្រូវឱ្យសហការគ្នារវាងអាជ្ញាធរមូលដ្ឋានខេត្តកំពង់ធំ និងអាជ្ញាធរមូលដ្ឋានខេត្តព្រះវិហារ ព្រោះពលរដ្ឋមានទីលំនៅក្នុងខេត្តកំពង់ធំ ឯដីមានជម្លោះឋិតក្នុងខេត្តព្រះវិហារ។ លោកថា អាជ្ញាធរឃុំមិនទាន់ទទួលព័ត៌មានច្បាស់ ពីជម្លោះដីធ្លីនេះទេ ព្រោះការដោះស្រាយហួសពីសមត្ថភាពរបស់អាជ្ញាធរឃុំ ហើយអាជ្ញាធរស្រុកបានបញ្ជូនក្រុមការងារជំនាញ ចុះពិនិត្យករណីនេះរួចហើយ៖ «ខាងឃុំសាលាវិស័យមកបញ្ជាក់ ដើម្បីឱ្យឃើញទិន្នន័យហ្នឹងវា ច្បាស់លាស់ តែខ្ញុំមកទល់ពេលនេះ ខ្ញុំអត់ទាន់ច្បាស់លាស់ដែរ។ អាហ្នឹងខ្ញុំទុកឱ្យក្រុមការងារ ស្រុកខេត្តចូលរួម ដោះស្រាយ តែខ្ញុំអត់ទាន់ច្បាស់ដែរ ខ្ញុំជាមេឃុំ»។
អាស៊ីសេរីមិនទាន់អាចទាក់ទង មេការក្រុមហ៊ុន ទ្រី ភាព ឈ្មោះ តយ និងតំណាងក្រុមហ៊ុនទ្រី ភាព លោក ហេង សារុំ ដើម្បីឆ្លើយតបការចោទប្រកាន់របស់ក្រុមពលរដ្ឋបាននៅឡើយទេ នៅថ្ងៃដដែលនេះ ព្រោះទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។ ប៉ុន្តែតំណាងក្រុមហ៊ុនបានសរសេរលិខិតបំភ្លឺថា សកម្មភាពឈូសឆាយនេះ មិនជាប់ពាក់ព័ន្ធ ក្រុមហ៊ុនទ្រី ភាពនោះទេ។ ក្រុមហ៊ុនថា បុគ្គលឈ្មោះ តយ បានប្រើឈ្មោះ ក្រុមហ៊ុន ធ្វើសកម្មភាព ហើយទីតាំងដែលឈូសឆាយនោះ មិនឋិតក្នុងតំបន់ និងព្រំប្រទល់របស់ក្រុមហ៊ុននោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអង្គការសង្គមស៊ីវិល ចាត់ទុកការឈូសឆាយ ស្រូវ ផលដំណាំ និង កន្លែងសក្ការៈបូជា របស់ជនជាតិដើមភាគតិចកួយនោះថា ជាទង្វើបំពានច្បាប់ព្រហ្មទណ្ឌធ្ងន់ធ្ងរ ដែលទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ច ចុះឃាត់ខ្លួនជនប្រព្រឹត្តល្មើសមកអនុវត្តច្បាប់ជាធរមាន។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តព្រះវិហារ លោក ឡោ ចាន់ ឆ្ងល់ថា ប្រសិនបើតំណាងក្រុមហ៊ុន ទ្រី ភាព អះអាងថា លោក តយ បានប្រើឈ្មោះ ក្រុមហ៊ុន ជាខែល ដើម្បីរំលោភយកដីធ្លីពលរដ្ឋ ហេតុអ្វីក្រុមហ៊ុន មិនចាត់វិធានការច្បាប់លើបុគ្គលរូបនេះ? លោកស្នើឱ្យអាជ្ញាធរខេត្តព្រះវិហារ ចុះដោះស្រាយករណីនេះបន្ទាន់ ដើម្បីផ្តល់លទ្ធភាព ឱ្យពលរដ្ឋទទួលបានដីកសិកម្មចិញ្ចឹមជីវិត៖ «ដីទាំងអស់ហ្នឹង ជាដីសាធារណៈរបស់រដ្ឋ ដូច្នេះគោលការណ៍ច្បាប់ មិនមានសិទ្ធិឯណា ទៅឈូសឆាយ បឹងបួរ អូរស្ទឹង យកធ្វើជា ឬវិនិយោគបានទេ។ ក្រុមហ៊ុនទ្រី ភាព គួរមានវិធានការទៅហ្នឹងជនណា យកឈ្មោះ ក្រុមហ៊ុនខ្លួន យកទៅប្រើ»។
ក្រុមហ៊ុនទ្រី ភាព អ៊ីមផត អ៊ិចផត ( TRY PHEAP IMPORT EXPORT CO., LTD. ) ទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលទំហំជិត ១ម៉ឺនហិកតារ (៩.៩១៦)តាំង ពីឆ្នាំ ២០១១។ ក្រុមហ៊ុននេះ វិនិយោគដំណាំកៅស៊ូ និងដំណាំឧស្សាហកម្មផ្សេងទៀត។ ប៉ុន្តែអ្នកភូមិថា ចាប់តាំងពីមានវត្តមានក្រុមហ៊ុន ទ្រី ភាព វិនិយោគតំបន់នោះមកអ្នកភូមិបានរងទុក្ខវេទនា ព្រោះបាត់បង់ព្រៃឈើ ជម្រកសត្វព្រៃ ព្រៃពនេចរ ព្រៃចម្ការវិលជុំ និងទឹកអូរធម្មជាតិដោយសារក្រុមហ៊ុនបានកាយប្រឡាយហ៊ុមព័ទ្ធបំពានយកស្ទើរតែទាំងស្រុង៕
1 comment:
Roleuy Oss Heuy Cambodia under Ah Yuon's slave Hun Sen.
Post a Comment