ដោយ ជីវិតា
2021-05-31
rfa
(ស្ដាំ) លោក ពេជ្រ ធារ៉េត អាយុ ៣១ឆ្នាំ មុនពេលនគរបាលខេត្តបាត់ដំបង នាំទៅសួរចម្លើយ ដោយជាប់ចោទថា សម្លាប់ប្រពន្ធ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ បិង (ឆ្វេង) ភ្លៅលោក ពេជ្រ ធារ៉េត មានស្នាមជាំ ក្រោយពេលស្លាប់នៅក្នុងការឃាត់ខ្លួនរបស់នគរបាល នៅថ្ងៃដដែល។
រូប៖ ហ្វេសប៊ុក Leap Sovvan
សាច់ញាតិរបស់បុរសម្នាក់ដែលស្លាប់ក្នុងពេលប៉ូលិសឃុំខ្លួនសួរចម្លើយនៅក្នុងអធិការដ្ឋាននគរបាលស្រុកសង្កែ ខេត្តបាត់ដំបង កាលពីដើមខែមេសានោះ បន្តទទូចសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ពន្លឿនផ្តល់យុត្តិធម៌ជូនគ្រួសាររបស់គាត់។ ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អះអាងថា លោកកំពុងពិនិត្យរបាយការណ៍ស៊ើបអង្កេត ហើយសន្យាបង្ហាញលទ្ធផលនៅដើមសប្តាហ៍ក្រោយនេះ។
សាច់ញាតិរបស់ជនរងគ្រោះ កំពុងទន្ទឹងរង់ចាំយុត្តិធម៌ជិតពីរខែមកហើយ ពាក់ព័ន្ធនឹងករណីចោទប្រកាន់ថា នគរបាលស្រុកសង្កែ ខេត្តបាត់ដំបង ធ្វើទារុណកម្មសួរចម្លើយលើប្អូនប្រុសរបស់ពួកគាត់រហូតដល់ស្លាប់ ហើយបង្វែរសាច់រឿងថា ស្លាប់ដោយសារគាំងបេះដូងទៅវិញ។
បងស្រីបង្កើតរបស់ជនរងគ្រោះ គឺលោកស្រី ពេជ្រ លីណា បន្តអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធឱ្យពន្លឿនការផ្តល់យុត្តិធម៌ ព្រោះលោកស្រីអះអាងថា ប្អូនប្រុសរបស់លោកស្រី បានស្លាប់ដោយអយុត្តិធម៌បំផុត។ លោកស្រីបញ្ជាក់ថា មកទល់ពេលនេះ លោកស្រីមិនទាន់បានដឹងអំពីលទ្ធផលនៃការស៊ើបអង្កេតរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មនៅឡើយ បើទោះបីជាស្ថាប័នមួយនេះ អះអាងថា បានបិទបញ្ចប់ការស៊ើបអង្កេត តាំងពីជិតពាក់កណ្តាលខែមេសាមកហើយក្តី។ លោកស្រី បន្តថា ចំណែកខាងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃវិញ នៅមិនទាន់បង្ហាញពីដំណើរការស៊ើបអង្កេតករណីនេះនៅឡើយទេ ខណៈលោកស្រីបានដាក់បណ្តឹងតាំងពីថ្ងៃទី៧ ខែមេសាមកម្ល៉េះ។ បងស្រីរបស់ជនរងគ្រោះរូបនេះ អះអាងថា កន្លងទៅលោកស្រី ក៏ធ្លាប់បានទៅជួបនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃដែរ ប៉ុន្តែមន្ត្រីនៅទីនោះ បដិសេធក្នុងការជួបលោកស្រី ក្រោមហេតុផលថា លោកស្រីមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៖ «ខ្ញុំដាក់បណ្តឹងដល់ថ្នាក់ជាតិនេះ គឺខ្ញុំសង្ឃឹមមុតមាំណាស់ ថា ខាងច្បាប់នឹងរកយុត្តិធម៌ឲ្យច្បាស់ឲ្យគាត់វែកមុខអ្នកណាដែលយកប្អូនខ្ញុំទៅធ្វើទារុណកម្ម ប៉ុន្តែមកដល់ឥឡូវនេះ តាំងពីខ្ញុំដាក់បណ្តឹងពីថ្ងៃ៧មេសាមក គឺ៥៨ថ្ងៃហើយ។ ខ្ញុំក៏អត់យល់ថា ត្រូវចំណាយពេលវេលាយូរដល់ថ្នាក់ហ្នឹង ។ ខ្ញុំសូមស្នើសុំម្តងហើយម្តងទៀតដល់គណៈកម្មការ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ពន្លឿននៃការស៊ើបរឿងក្តីនេះដើម្បីរកយុត្តិធម៌ឲ្យប្អូនខ្ញុំឲ្យទាល់តែបាន ព្រោះអធិការដែលយកប្អូនខ្ញុំទៅនោះ គឺជាមនុស្សរស់ តែគាត់ប្រគល់មកវិញ ជាសាកសព ហើយមានស្នាមពីចុងជើងរហូតដល់ក្បាលដូច្នេះភស្តុតាងគឺជាក់ស្តែងណាស់»។
ទាក់ទងករណីនេះប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម លោក នុត សាអាន ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា លោកកំពុងពិនិត្យមើលរបាយការណ៍ស៊ើបអង្កេត ហើយលោកអាចនឹងបង្ហាញលទ្ធផលនៅថ្ងៃច័ន្ទ ទី៣១ ខែឧសភា នេះ៖ «យើងស្រាវជ្រាវហើយ តែលទ្ធផលយ៉ាងណាៗ ខ្ញុំមិនទាន់បានយកមកបូកសរុប ចាំមើលស្អែកថ្ងៃច័ន្ទ ខ្ញុំបញ្ចប់បញ្ហាហ្នឹង។ ខ្ញុំមិនទាន់បញ្ជាក់អ្វីបានទេ ខ្ញុំមិនទាន់ពិនិត្យមើលឲ្យអស់សាច់រឿង ចាំខ្ញុំបញ្ចប់សិន»។
បុរសឈ្មោះ ពេជ្រ ធារ៉េត អាយុ៣១ ឆ្នាំ និងប្រពន្ធ ឈ្មោះ ជា ច័ន្ទរចនា អាយុ ៣០ឆ្នាំ បានស្លាប់ក្នុងថ្ងៃជាមួយគ្នា កាលពីថ្ងៃទី៣ ខែមេសា ហើយបានបន្សល់ទុកកូនស្រីតូចៗចំនួន២នាក់។ ពួកគាត់ រស់នៅក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ លោក ពេជ្រ ធារ៉េត បានស្លាប់ក្នុងពេលប៉ូលិសចាប់ឃុំខ្លួនសួរចម្លើយនៅក្នុងអធិការដ្ឋាននគរបាលស្រុកសង្កែ អស់រយៈពេលជាង៣ម៉ោង ពាក់ព័ន្ធនឹងការចោទប្រកាន់ថា គាត់រាយខ្សែភ្លើងអគ្គិសនី ដើម្បីឆក់សម្លាប់ប្រពន្ធនៅក្នុងផ្ទះដោយសារភ្លើងប្រច័ណ្ឌ ប៉ុន្តែសាក្សី អះអាងថា ក្នុងពេលកើតហេតុ គឺបុរសជាប្តីរូបនេះ មិនបាននៅផ្ទះឡើយ។ ប៉ូលិសខេត្តបាត់ដំបង បកស្រាយថា លោក ពេជ្រ ធារ៉េត ស្លាប់ដោយសារគាំងបេះដូង ព្រោះប្រើថ្នាំញៀនហួសកម្រិត។
ប៉ុន្តែនៅពេលសាច់ញាតិ ពិនិត្យសាកសព ឃើញមានស្នាមរបួស និងជាំពេញខ្លួនចាប់តាំងពីជើងរហូតដល់ក្បាល និងមានហូរឈាមតាមច្រមុះ និងត្រចៀក ព្រមទាំងស្នាមខូងនៅកន្លែងដាក់ខ្នោះ និងស្នាមជាំខ្លាំងនៅកជើងទាំងពីរទៀតផង។ អ្នកជំនាញ និងគ្រួសារជនរងគ្រោះសន្និដ្ឋានថា ស្នាមជាំ និងរបួសនៅលើដងខ្លួនសាកសពលោក ពេជ្រ ធារ៉េត ជាស្នាមរងទារុណកម្មដោយការវាយដំ និងឆក់ខ្សែភ្លើង ព្រោះក្នុងករណីស្លាប់ដោយគាំងបេះដូងមិនអាចមានស្នាមជាំនោះទេ។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី ថ្លែងថា ជារឿងធម្មតា អ្នកណាក៏ដោយដែលជាគ្រួសារជនរងគ្រោះ គឺចង់បានដំណឹងពីការស៊ើបអង្កេត ឬចង់ឃើញយុត្តិធម៌ឱ្យបានឆាប់ៗ។ លោកយល់ថា អាជ្ញាធរជំនាញក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គួរតែបង្ហាញព័ត៌មានពីដំណើរការស៊ើបអង្កេតដល់គ្រួសារជនរងគ្រោះ ដើម្បីឲ្យពួកគាត់មានទំនុកចិត្ត៖ «»។
ទោះជាយ៉ាងណា បងស្រីរបស់ជនរងគ្រោះ និងមន្ត្រីសង្គមស៊ីវិល សង្ឃឹមថា លទ្ធផលនៃការស្រាវជ្រាវរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នឹងរកឃើញការពិត ហើយផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ព្រោះករណីនេះសាធារណជន កំពុងតាមមើលយ៉ាងយកចិត្តទុកដាក់៕
No comments:
Post a Comment