Monday, 31 May 2021

ចិន​ប្រកាស​ថា បាន​រួម​ចំណែក​កាត់​បន្ថយ​ជីវភាព​ក្រីក្រ​នៅ​កម្ពុជា


ដោយ សុជីវី
2021-05-29 rfa
ចិន​ប្រកាស​ថា បាន​រួម​ចំណែក​កាត់​បន្ថយ​ជីវភាព​ក្រីក្រ​នៅ​កម្ពុជា 

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ជួប​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (Xi Jinping) នា​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo courtesy of PM Hun Sen's Facebook Page

 

អ្នកឃ្លាំមើល និង​អ្នក​វិភាគ​នយោបាយ លើកឡើង​ថា ជំនួយ​ប្រទេស​ចិន (China) ជួយ​ដល់​កម្ពុជា​មិន​ប្រកប​ដោយ​សុទ្ធចិត្ត និង​សប្បុរសធម៌ ដូច​នៅ​បណ្តា​ប្រទេស​លោក​សេរី​ឡើយ។ ផ្ទុយទៅវិញ មហាអំណាច​ចិន ផ្តល់​ជំនួយ​ដោយ​សម្លឹង​ឃើញ​ផល​ប្រយោជន៍​ពី​កម្ពុជា​។ ការ​លើក ឡើង​នេះ ក្រោយពី​ស្ថានទូត​ចិន​ចេញ​សារលិខិត​ចំហ​មួយ​ថា ចិន​បាន​រួម​ចំណែក​យ៉ាងសកម្ម ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ ជួយ​ឱ្យ​ប្រជាជន​កម្ពុជា​មាន​ជីវភាព​កាន់​តែ​ប្រសើរ។

អ្នកឃ្លាំមើល​សង្គម​ថា ចិន​អនុវត្ត​គោលនយោបាយ​ហុត​ទឹក​សម្លឹង​កាក ពោល​គឺ​ដៃ​ម្ខាង​ជួយ​កម្ពុជា ដៃ​ម្ខាង​ទៀត​ទាញ​យក​ប្រយោជន៍ និង​ធនធាន​ធម្មជាតិ​ពី​កម្ពុជា​។ មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកវិភាគ​នយោបាយ​យល់​ថា ជំនួយ​របស់​ចិន​ដល់​កម្ពុជា​មិន​មាន​តម្លាភាព និង​សប្បុរសធម៌​នោះ​ទេ ហើយ​រាល់​ជំនួយ​របស់​ចិន​មក​កម្ពុជា​ភាគច្រើន​គឺជា​ទម្រង់​ប្រាក់​កម្ចី​។ លើស​ពី​នេះ ជំនួយ​របស់​ចិន​មិន​ភ្ជាប់​នូវ​លក្ខខណ្ឌ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិមនុស្ស និង​មិន​ខ្វល់​ពី​អភិបាលកិច្ច​ល្អ ដូចជា​ការ​ផ្តល់​ជំនួយ​ពី​ប្រទេស​លោក​ខាង​សេរី​នោះ​ឡើយ។


ស្ថានទូត​ចិន​កាលពី​ថ្ងៃ​ដើម​ខែ​ឧសភា បាន​ចេញ​ផ្សាយ​លិខិត​ចំហ​មួយ​ក្នុង​គេហទំព័រ​របស់​ខ្លួន​ថា រដ្ឋាភិបាល​ចិន ដែល​កំពុង​អនុវត្ត​យុទ្ធនាការ​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា មាន​មូលដ្ឋាន​ច្បាស់លាស់ ដើម្បី​រួមចំណែក​ជួយ​ប្រជាជន​កម្ពុជា ឱ្យ​មាន​ជីវភាព​សេដ្ឋកិច្ច និង​សិទ្ធិមនុស្ស​ល្អ​ប្រសើរ​ឡើង។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា ដែល​កំពុង​រស់នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត ផ្តល់​ទស្សនៈ​ថា សារលិខិត​ស្ថានទូត​ចិន ដែល​បង្ហាញ​ពី​កិច្ចប្រឹងប្រែង​របស់​ខ្លួន គឺ​ធ្វើ​ឡើង​ដើម្បី​បំពេញមុខ​មាត់​ដល់​របប​ផ្ដាច់ការ​លោក ហ៊ុន សែន តែប៉ុណ្ណោះ​។ លោក​ថា ការ​ខំប្រឹង​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល​ចិន មិន​បាន​ឆ្លុះ​បញ្ចាំង ពី​ភាព​ជាក់ស្តែង​នៃ​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឡើយ។ លោក​ថា តាមរយៈ​ស្លាក​អភិវឌ្ឍន៍​នៅ​កម្ពុជា​របស់​ចិន មិន​បាន​បើក​ច្រក​ទីផ្សារ​ការងារ​ទូលំទូលាយ​ឱ្យ​ប្រជាជន​កម្ពុជា​នោះ​ទេ តែ​ចិន​បែរ​ជា​ដណ្តើម​ការងារ​ពី​ប្រជាជន​កម្ពុជា តាមរយៈ​ជនជាតិ​ចិន​ចូល​មក​ធ្វើ​កម្មករ​ដោយ​ផ្ទាល់​នៅ​កម្ពុជា​។ លើស​ពី​នេះ ក្រុមហ៊ុន​ចិន​មក​វិនិយោគ​នៅ​កម្ពុជា​បាន​បំផ្លាញ​ធនធាន​ធម្មជាតិ​យ៉ាងធ្ងន់ធ្ងរ ការ​រំលោភ​សិទ្ធិមនុស្ស តាមរយៈ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ដីធ្លី ធ្វើ​ឱ្យ​ពលរដ្ឋ​មួយចំនួន​ដាច់ចិត្ត​ចំណាកស្រុក​ខុសច្បាប់​ទៅ​ធ្វើ​ការ​នៅ​ឯ​ក្រៅប្រទេស​ជា​បន្តបន្ទាប់​ជាដើម៖ «ក្រុមហ៊ុន​ចិន​មក​កម្ពុជា​កាន់តែ​ច្រើន​កាន់តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​។ ភាគច្រើន​គ្រប់កន្លែង​ដែល​មាន​ក្រុមហ៊ុន​ចិន មាន​ការ​ឆក់ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ​រងគ្រោះ​តវ៉ា រួច​ចាប់​ពួកគាត់​ដាក់គុក​ទៀត​។ ពួក​ក្រុម​ហ៊ុន​ចិន​មក​កម្ពុជា វា​យក​ទាំង​អ្នក​ជំនាញការ វិស្វករ​ចិន​អីហ្នឹង គឺ​ដណ្តើម​ការងារ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ហើយ​កម្មករ​ក៏​ចិន វិស្វករ​ក៏​ចិន ដូច្នេះ​ប្រជាពលរដ្ឋ​រឹតតែ​អត់​ការងារ​ធ្វើ»។

លោក ម៉ែន ណាត អះអាង​ថា ការ​ជួយ​ពី​ប្រទេស​ចិន​មិន​បាន​ផ្ដោត​លើ​ការ​លើក​កម្ពស់​ជីវភាព​របស់​ប្រជាជន ឱ្យ​ប្រសើរ​ឡើង​នោះ​ទេ ប៉ុន្តែ​វា​ជា​ខែល​ជួយ​បិទបាំង​របប​ឯក​បក្ស និង​មន្ត្រី​គ្រាក់ៗ​របស់​លោក ហ៊ុន សែន ឱ្យ​ប្រព្រឹត្តិ​អំពើពុករលួយ និង​កាង​ការពារ​ពួក​វិយោគិន​ចិន ហើយ​ឈរ​ជើង​ចាំ​កាង​ការពារ​ពីក្រោយ​។ ជាង​នេះ​ទៅ​ទៀត លោក​យល់​ថា ក្នុង​គោលនយោបាយ​អនុវត្ត​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ចិន​ទៀតសោត គឺ​ដើម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ប្រាក់កម្ចី​ពី​ចិន​កាន់​ច្រើន​ដែល​ធ្វើ​ឱ្យ​កម្ពុជា ជាប់​អន្ទាក់​បំណុល ពិបាក​ដកខ្លួន​រួច។

ក្នុង​សារលិខិត​របស់​ស្ថានទូត​ចិន បន្ថែម​ថា កម្ពុជា​ជា​មិត្ត​ដែកថែប​ចិន​ហើយ​ថា កន្លង​មក​ប្រទេស​ចិន​បាន​ជួយ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា ជីវភាព​ប្រជាជន​តាមរយៈ ការ​កែ​លម្អ​ផ្លូវ​នៅ​ជនបទ ផ្គត់ផ្គង់​ទឹក​ស្អាត ជួយ​ជួសជុល​ផ្លូវ ២៥​ខ្សែ ក្នុង​ខេត្ត​ចំនួន ៨ មាន​ប្រវែង​សរុប​ជាង ៣​ពាន់​គីឡូម៉ែត្រ (៣.០០០) និង​បាន​ជីក​អណ្តូង​ជិត​ពីរ​ពាន់​កន្លែង (១៨១០) និង​ស្រះ​ទឹក​ជាង ១​រយ​កន្លែង (១២៧) ដល់​ខេត្ត​ចំនួន​១៣​។ ជាង​នេះ​ទៅ​ទៀត កាលពីដើម​ខែ​មេសា ឆ្នាំ​២០២១ គម្រោង​ភូមិ​គំរូ​មិត្តភាព​ចិន​កម្ពុជា ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ស្រុក​បាទី ខេត្ត​តាកែវ ជា​ការ​ផ្ដួចផ្ដើម​រួមគ្នា​ដោយ​មូលនិធិ​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍន៍ និង​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​កម្ពុជា បង្ហាញ​ពី​កិច្ច​សហប្រតិបត្តិការ​កាត់បន្ថយ​ភាព​ក្រីក្រ​រវាង​ប្រទេស​ទាំងពីរ។

ទោះជា​យ៉ាងណា ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (​ស.ប​.​ឯ​.​ស​) (President of Independent Democracy of Informal Economy Association) លោក វន់ ពៅ លើកឡើង​ថា ការ​ចូលរួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ចិន តាមរយៈ​ការបង្កើត រោងចក្រ​សហគ្រាស​តូច​ធំ វិស័យ​ល្បែង​កាស៊ីណូ សំណង់ ជា​ចំណែក​មួយ​ផ្នែក​ជួយ​ឱ្យ​ប្រជាពលរដ្ឋ ទទួល​បាន​ការងារ​ធ្វើ។ ប៉ុន្តែ​លោក​មិន​អាច​សន្និដ្ឋាន​ថា ប្រជាជន​មាន​ជីវភាព​ធូរធារ​នៅ​ឡើយ​ទេ ព្រោះ​លោក​សង្កេត​ឃើញ​ថា កម្មករ កម្ម​ការី​ខ្មែរ​ជាច្រើន​ពាន់​នាក់ ដែល​ធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន​ចិន មិនទាន់​មាន​ប្រាក់​ឈ្នួល​សមរម្យ ក្នុង​ការ​ចំណាយ​លើ​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ ហើយ​ក្រុមហ៊ុន​ចិន​ទៀត​សោត បង្ខំ​ឱ្យ​កម្មករ​ខ្មែរ​ធ្វើការ​ច្រើន​ម៉ោង ប៉ុន្តែ​ទទួល​បាន​ប្រាប់​ខែ​តិច​ជាង​កម្លាំង​ដែល​ក្រុម​កម្មករ​បាន​បញ្ចេញ៖ «​តាម​បណ្តា​រោងចក្រ​សហគ្រាស វិស័យ​កាត់ដេរ​កម្ម​ជិត ១​លាន​អ្នក​ហើយ​។ វា​ជា​ចំណែក​មួយ​នៃ​ការ​រួម​ជួយ​ដល់​សេដ្ឋកិច្ចជាតិ ឱ្យ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​ទទួល​បាន​ប្រាក់ខែ​ដើម្បី​រស់។ តែ​ខ្ញុំ​មិនទាន់​ឯកភាព​ថា ប្រសើរ ឬ​មិនទាន់​ប្រសើរ​សម្រាប់​ជីវភាព​របស់​កម្មករ​ទាំងអស់​នៅឡើយ​ទេ ដោយ​យើង​មើល​ឃើញ​ជាក់ស្តែង​ប្រាក់​ជួល​របស់​កម្មករ​មិន​ទាន់​លក្ខណៈ​ស្តង់ដារ ដែរ​គាត់​អាច​រស់នៅ​សមរម្យ​ស្រប​ទៅ​តាម​ចំណាយ​នៃ​ការចាយវាយ​លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​គាត់​ទេ​។ ដូច្នេះ​តាម​ការ​មើល​ឃើញ​របស់​ខ្ញុំ វា​គ្រាន់​ជា​ការ​រួមចំណែក​ធ្វើ​ឱ្យ​ប្រជាជន​មាន​ការងារ​ធ្វើ​តែ​ប៉ុណ្ណោះ»។

ទោះជា​យ៉ាង​ណាក្តី លោក ហ៊ុន សែន តែងតែ​បង្ហាញ​គោលជំហរ​ការពារ​របប​បក្ស​លទ្ធិ​កុម្មុយនិស្ត​ចិន ថា ជា​អ្នកមានគុណ​ដ៏​ធំធេង​លើ​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​ធារាសាស្ត្រ ស្ពាន និង​កែប្រែ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឱ្យ​កាន់តែ​ប្រសើរ​។ ថ្មីៗ​នេះ លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៦ ស្ដីពី អនាគត​អាស៊ី ថា ចិន​ជា​អ្នក​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​សេដ្ឋកិច្ច​នៅក្នុង​កម្ពុជា៖ «​ស្ពាន​ទាំងឡាយ​នៅ​តាម​ដង​ទន្លេ​មេគង្គ តាម​ទន្លេសាប តាម​ទន្លេបាសាក់ គឺ​សុទ្ធតែ​ស្ពាន​ចិន​កសាង​ទាំងអស់​។ ផ្លូវ​ជាង ៣​ពាន់​គីឡូម៉ែត្រ គឺ​ចិន​ជួយ​ទាំងអស់​។ អ៊ីចឹង​សូម​តាំង​ជា​សំណួរ​ថា បើសិនជា​កុំ​មាន​ជំនួយ​របស់​ចិន តើ​យើងខ្ញុំ​គួរ​ទៅ​ពឹង​អ្នកណា​? ពិភពលោក​អាច​ឆ្លើយ​សម្រាប់​សំណួរ​នេះ​បាន​ដែរ​ទេ» ។

ចំណែកឯ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន មើល​ឃើញ​ថា ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា​បង្កើត​ការងារ​មួយ​ចំនួន ប៉ុន្តែ​ក្រុមហ៊ុន​ចិន​ផ្ដល់​ឱកាស​អភិវឌ្ឍ​ជំនាញ​ដល់​ពលករ​ខ្មែរ តិចតួច​បំផុត​។ លើស​ពី​នេះ​ឧស្សាហកម្ម​ដែល​ត្រួតត្រា​ដោយ​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា ដូច​ជា​ការផលិត​សម្លៀកបំពាក់ ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​អគារ​មាន​ភាព​ផុយ​ស្រួយ​គ្មាន​និរន្តរភាព​ឡើយ៖ «ចិន​មាន​ឥទ្ធិពល​នយោបាយ​មក​លើ​កម្ពុជា​យើង​ផង​ដែរ​។ ដូច្នេះហើយ​បានជា​លោក ហ៊ុន សែន អនុវត្ត​តាម​នយោបាយ​លទ្ធិ​កុម្មុយនីស្ត​ចិន គាត់​កាន់អំណាច​ផ្ដាច់ការ​នៅ​កម្ពុជា ដោយសារ​ការប្រើ​ឥទ្ធិពល​ទៅ​តាម​របៀប​កុម្មុយនិស្ត​ចិន​។ ក្រុមហ៊ុន​ចិន​មក​ជញ្ជក់​ឈាម​ប្រជា​ពលរដ្ឋ​ខ្មែរ រំលោភ​ដីធ្លី​ប្រជា​ពលរដ្ឋ និង​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​ផង​ដែរ»។

សង្គម​ស៊ីវិល និង​អ្នកវិភាគ​នយោបាយ ព្រួយបារម្ភ​ថា ការ​ពឹង​ផ្អែកលើ​កម្ចី​ឥណទាន​ចិន កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​ជាប់​អន្ទាក់​បំណុល​។ ជំនួយ​និង​ការ​វិនិយោគ​ចិន​នៅ​កម្ពុជា​ខ្វះ​តម្លាភាព និង​គណនេយ្យភាព ដែល​ជា​ការ​រួម​ចំណែក​ដល់​ការ​រីក​រាលដាល​នៃ​អំពើពុករលួយ​។ ចំណែក​រឿង​លើក​កម្ពស់​សិទ្ធិមនុស្ស ស្ដារ​ប្រជាធិបតេយ្យ និង​ភាព​ហិនហោច​នៃ​ធនធាន​ធម្មជាតិ​វិញ ចិន​ពុំ​បាន​ខ្វាយខ្វល់​ទាល់តែ​សោះ​។ ឧទាហរណ៍​៖ ក្រុមហ៊ុន​របស់​រដ្ឋអំណាច​ចិន​មួយ​ឈ្មោះ ញូញៀន ឌីវើឡុបមែន គ្រុប (Union Development Group) បាន​ឈូស​ឆាយ​ព្រៃ​ចំនួន ៣៦.០០០ហិកតារ នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​ធំ​ជាងគេ​នៅ​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង សម្រាប់​ធ្វើ​ជា​តំបន់​ពាណិជ្ជកម្ម និង​រមណីយដ្ឋាន​ទេសចរណ៍ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្ទះសម្បែង ដីធ្លី និង​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​ខ្មែរ​រាប់​រយ​គ្រួសារ​នៅ​ក្នុង​តំបន់​នោះ​។ ពាក់កណ្តាល​នៃ​ដី​សម្បទាន​នៅ​កម្ពុជា គឺ​ចំនួន​ជាង​៤ លាន​ហិកតារ (៤,៦០០.០០០) ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​ដើម្បី​វិនិយោគ​លើ​ផ្នែក​សំណង រោងចក្រ​ឧស្សាហកម្ម រ៉ែ និង​ថាមពល នេះ​បើ​តាម​ប្រភព​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ៕

No comments: