Friday, 21 May 2021

សកម្មជន​មាតា​ធម្មជាតិ​ប្តឹង​ទាស់​សាលក្រម​ផ្ដន្ទាទោស


ដោយ អាស៊ីសេរី
2021-05-21
សកម្មជន​មាតា​ធម្មជាតិ​ប្តឹង​ទាស់​សាលក្រម​ផ្ដន្ទាទោស 

(ពី​ឆ្វេង) កញ្ញា ភួន កែវ​រស្មី កញ្ញា ឡុង គន្ធា និង​លោក ថុន រដ្ឋា យុវជន​មាតា​ធម្មជាតិ ដែល​អាជ្ញាធរ​ឃាត់​ខ្លួន កាលពី​ថ្ងៃ​ទី៣ ខែកញ្ញា ឆ្នាំ២០២០។
Photo Courtesy

 

សកម្មជន​មាតាធម្មជាតិ​ ៣នាក់​ដែល​កំពុង​ជាប់​ឃុំ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី បាន​សម្រេច​​ប្តឹង​ទាស់​សាលក្រមតុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​ដាក់​ទោស​ពួកគេ​ឱ្យ​ជាប់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​កន្លះ ដល់​ជិត ២ឆ្នាំ។

មេធាវីការពារក្តី​ឱ្យ​សកម្មជន​មាតាធម្មជាតិ លោក សំ ចំរើន ឱ្យដឹង​នៅថ្ងៃទី២១ ឧសភាថា លោក​បាន​ដាក់​បណ្តឹង​ឧទ្ធរណ៍​ទៅ​តុលាការ​រួច​ហើយ កាលពីពេល​ថ្មីៗនេះ ប៉ុន្តែ​បណ្តឹង​នេះ​ គឺ​សម្រាប់​តែកូន​ក្តី ៣នាក់​ដែល​កំពុង​ជាប់​ឃុំ​ប៉ុណ្ណោះ។ ចំណែក​កូន​ក្តី​ពីរនាក់​ទៀត​ដែល​នៅ​ក្រៅ​ឃុំ​ រួម​មាន​លោក អាឡិច និង​កញ្ញា ជា គន្ធីន វិញ មេធាវី​ សំ ចំរើន បញ្ជាក់​ថា លោក​កំពុង​ទាក់ទង​ទៅ​សាច់​ញាតិ និង​សាមី​ខ្លួន​ផ្ទាល់ ​ឱ្យ​ផ្ញើរ​លិខិត​ផ្ទេរ​សិទ្ធិ​មក​មេធាវី ដើម្បី​លោក​រៀបចំ​បណ្តឹង​ឧទ្ធរណ៍​ដាក់​ជូន​តុលាការ​។ លោក​បញ្ជាក់​ថា បន្ទាប់​ពី​ដាក់​បណ្ដឹង​ឧទ្ធរណ៍​ហើយ​ លោកក៏​​គ្រោង​ដាក់​លិខិត​ដាច់​ដោយ​ឡែក​ផ្សេង​ទៀត​ទៅ​កាន់​សាលាឧទ្ធរណ៍​ភ្នំពេញ ដើម្បី​ស្នើសុំ​ឱ្យ​ពន្លឿន​សវនាការ​​រឿង​ក្តី​នេះ​ដែរ។


តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្តន្តាទោស​សកម្មជន​បរិស្ថាន ៥នាក់ រួមមាន កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី កញ្ញា ជា គន្ធីន លោក ថុន រដ្ឋា និង​លោក អាឡិច ដែល​ជាជន​ជាតិ​អេស្ប៉ាញ និង​កំពុង​រស់​នៅ​ក្រៅប្រទេស ឱ្យ​ជាប់​ពន្ធនាគារពី ១៨​ខែ ដល់ ២០​ខែ ក្រោម​បទ​ចោទ​ «ញុះញង់ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង​ សម​គំនិត​ក្នុង​អំពើ​ញុះញង់។ តុលាការ​ក៏​បាន​ពិន័យ​ពួក​គេ​ម្នាក់​៤ លាន​រៀល ឬ​ប្រហែល ១​ពាន់​ដុល្លារ​អាមេរិក​ផង​ដែរ។

ទោះជាយ៉ាងណា សហគមន៍​ជាតិ និង​អន្តរជាតិ បាន​ថ្កោល​ទោសជា​ខ្លាំងចំពោះសាលក្រម​ផ្តន្ទាទោសនេះ និង​ចាត់​ទុក​ថា នេះ​ជា​ការ​សង​សឹក​របស់​អាជ្ញាធរ​របបលោក ហ៊ុន សែន ទៅលើការងារ​ការពារ​បរិស្ថាន​របស់សកម្មជន​ទាំងនោះ។ ពួកគេ​ទាម​ទារ​យ៉ាង​ទទូច​ឱ្យ​របប​នេះ​ដោះលែង​សកម្មជន​ទាំង ៣នាក់​ដែល​កំពុង​ជាប់ឃុំ និង​ទម្លាក់​ចោល​បទចោទ​ប្រកាន់​លើ​សកម្មជន​ទាំង ៥នាក់ ដើម្បី​ឱ្យ​ពួកគេ វិល​មក​បំពេញ​ការងារ​ជា​អ្នក​ការពារ​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​បាន​ដូច​ដើម​ឡើង​វិញ៕

1 comment:

Anonymous said...

Daer Khmer thavarak youth members,

Thank you so much for your courage and your spirit of nationalism.
Khmer people should follow your footsteps.