ដោយ ខែ សុណង
2021-05-29 rfa
យុទ្ធនាការចាក់វ៉ាក់សាំងរបស់ក្រសួងសុខាភិបាលនៅរាជធានីភ្នំពេញ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
រូប៖ ហ្វេសប៊ុករដ្ឋាបាលរាជធានីភ្នំពេញ និងលោក ហ៊ុន សែន
លោក ហ៊ុន សែន ប្រកាសឈប់ចាក់វ៉ាក់សាំងតាមការស្នើសុំទៀតហើយដោយដាក់ផែនការថ្មី គឺចាក់ស្រោចនៅកន្លែងមានមនុស្សកកកុញ។ មន្ត្រីបក្សប្រឆាំងស្នើឱ្យការចាក់វ៉ាក់សាំងនេះកុំប្រកាន់និន្នាការនយោបាយ និងត្រូវផ្ដល់អាទិភាពដល់អ្នកជាប់ឃុំនៅពន្ធនាគារដែលមិនត្រឹមគិតតែកន្លែងកកកុញប៉ុណ្ណោះទេ គឺថែមទាំងចង្អៀតណែននិងកំពុងផ្ទុះជំងឺកូវីដ១៩ថែមទៀតផង។
លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រាប់អភិបាលរាជធានី-ខេត្តបញ្ចប់ការស្នើសុំចាក់វ៉ាក់សាំងកន្លែងនេះបន្តិចកន្លែងនោះបន្តិចដោយយល់ថា ការធ្វើរបៀបនេះមិនជោគជ័យនោះទេ។ លោក ហ៊ុន សែន អះអាងថា ផែនការថ្មី គឺចាក់ស្រោចនៅកន្លែងមានមនុស្សកកកុញ ដូចជា៖ រាជធានីភ្នំពេញ ទីប្រជុំជននៅខេត្តកណ្ដាល និងគោលដៅសំខាន់នៅទីរួមខេត្តនានានិងតំបន់មានកម្មកររោងចក្ររស់នៅកកកុញរាប់សែននាក់។ លោក ហ៊ុន សែន ថ្លែងបែបនេះតាមរយៈសារសំឡេងបង្ហោះតាមហ្វេសប៊ុករបស់លោកថ្ងៃទី២៩ ខែឧសភា៖ «នៅពេលដែលយើងចុះទៅយើងចុះស្រោចយកតាំងស្រុងតែម្ដងបើមិនបានទូទាំងទៅតាមជនបទទេ ក៏យើងប្រមូលផ្ដុំនៅតាមទីក្រុងទីប្រជុំជន និងកន្លែងដែលមានកម្មកររស់នៅកកកុញធ្វើបែបនេះទើបមានភាពស៊ាំក្នុងក្នុងសហគមន៍»។
លោក ហ៊ុន សែន ឱ្យដឹងថា ពេលនេះកម្ពុជាជួបការខ្វះខាងវ៉ាក់សាំងទើបមិនទាន់អាចចាក់ឱ្យពលរដ្ឋតាមការចង់បាននៅឡើយ និងស្នើឱ្យពលរដ្ឋរង់ចាំបន្តិច។ លោកថា វ៉ាក់សាំងចំនួន ៤លាន ៥សែននឹងបញ្ជូនមកដល់កម្ពុជានៅខែមិថុនាខាងមុខ ប៉ុន្តែលោកមិនទាន់ឱ្យដឹងថា ជាវ៉ាក់សាំងឈ្មោះអីនិងជារបស់ប្រទេសណានោះទេ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ថា ការចាក់វ៉ាក់សាំងនៅកន្លែងមានមនុស្សកកកុញជារឿងប្រសើរ ព្រោះកន្លែងមានមនុស្សរស់នៅច្រើនប្រឈមហានិភ័យខ្ពស់។ ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា ការចាក់វ៉ាក់សាំងតែមួយមុខមិនគ្រប់គ្រាន់ លោកស្នើទៅអាជ្ញាធរពាក់ព័ន្ធបង្កើនការយកចិត្តវិធានការការពារ បង្ការ និងអប់រំពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នការរក្សាគម្លាត អនាម័យ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងជាដើម៖ «គួរតែមានវិធានការបើមិនចឹងទេគឺអាចនឹងធ្វើឱ្យហានិភ័យដែលកើតឡើងជាឧបសគ្គក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក៏ដូចការវិនិយោគរបស់កម្ពុជាទៅអនាគត»។
ការប្រកាសផែនការចាក់វ៉ាក់សាំងថ្មីរបស់លោក ហ៊ុន សែន ពេលនេះ ខណៈសន្ទុះនៃការឆ្លងជំងឺកូវីដ១៩នៅតែកើនឡើងដោយមួយៗ ថ្ងៃមានមនុស្សរាប់រយនាក់ឆ្លងជំងឺនេះ ហើយពន្ធនាគារដែលជាកន្លែងផ្ទុកអ្នកជាប់ឃុំក៏រកឃើញអ្នកជាប់ឃុំជាង ៣០០នាក់បានឆ្លងផងដែរ។ ទោះយ៉ាងណា លោក ហ៊ុន សែន មិនទាន់ប្រកាសពីយុទ្ធនាការចាក់វ៉ាក់សាំងនៅតាមពន្ធនាគារនៅឡើយទេ។
ទាក់ទងរឿងនេះ អនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ឆ្នាំង លោក ដួង ចន្ត្រា ដែលកំពុងភៀសខ្លួននៅប្រទេសថៃយល់ថា រដ្ឋាភិបាលគួរផ្ដល់អាទិភាពចាក់វ៉ាក់សាំងដល់អ្នកជាប់ឃុំតាមពន្ធនាគារទូទាំងប្រទេស ជាពិសេសពន្ធនាគារដែលមានការឆ្លងជំងឺកូវីដ១៩ នេះ។ មន្ត្រីបក្សប្រឆាំងរូបនេះ ស្នើការចាក់វ៉ាក់សាំងនេះកុំមានប្រកាន់និន្នាការនយោបាយ។ លោករិះគន់ថា ការចាក់វ៉ាក់សាំងកន្លងមកមានការផ្ដល់អាទិភាពដល់ពលរដ្ឋនិងយុវជនដែលគាំទ្រគណបក្សកាន់អំណាច៖ «បើកាលណាបើមានការឆ្លងចូលពន្ធនាគារ ហើយពិបាកក្នុងការទប់ស្កាត់ ព្រោះការប្រមូលផ្ដុំយើងដឹងហើយថា ពន្ធនាគារបន្ទប់មួយបួនម៉ែត្របួនជ្រុងផ្ទុកមនុស្សដល់ទៅ ៣០ ឬ ៤០នាក់ឯណោះ មិនអាចជៀសផុតការឆ្លងបានទេអញ្ចឹងសុំឱ្យប្រើប្រាស់ថ្នាំនេះឱ្យទិសដៅអ្វីដែលការចង់បានរបស់ពលរដ្ឋ»។
កាលពីដើមខែមីនាក្រសួងសុខាភិបាលប្រកាសយុទ្ធនាការចាក់វ៉ាក់សាំងចិនទូទាំងប្រទេសដោយផ្ដោតលើក្រុមមន្ត្រីរាជការមុខសញ្ញាសំខាន់ៗ ជិត ៧៥ម៉ឺននាក់។ កន្លងមកកម្ពុជាទើបមានវ៉ាក់សាំងរបស់ចិន ស៊ីណូហ្វាម(Sinopharm) ស៊ីណូវ៉ាក់ (Sinovac) និងវ៉ាក់សាំង Astra Zeneca ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) ហើយកាលពីថ្មីនេះ លោក ហ៊ុន សែន ក៏បានស្នើសុំវ៉ាក់សាំងពីសហរដ្ឋអាមេរិកចំនួន ៤លានដូសផងដែរ។
លោក ហ៊ុន សែន ឱ្យដឹងថា មនុស្សដែលអាចចាក់វ៉ាក់សាំងបានអាយុលើស ១៨ឆ្នាំមានជាង ១០លាននាក់ហើយពេលនេះមនុស្សប្រមាណ ២លាន ៥សែនបានចាក់សាំងរួចហើយ ជាពិសេសនៅភ្នំពេញ៕
1 comment:
When a dictator speaks, everyone has to listen but no one believes in what he says.
Post a Comment