Saturday, 22 May 2021

សម្រែក​ទាមទារ​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី កក្រើក​ឡើង​វិញ ខណៈ​ជិត​ដល់​ខួប ៥ឆ្នាំ


ដោយ សេក បណ្ឌិត
2021-05-21 rfa
សម្រែក​ទាមទារ​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី កក្រើក​ឡើង​វិញ ខណៈ​ជិត​ដល់​ខួប ៥ឆ្នាំ 

បណ្ឌិត កែម ឡី នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ២០១៥។
រូប៖ RFA


ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី និង​ប្រជាពលរដ្ឋ ​អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត​ដល់​អាជ្ញាធរ​រដ្ឋាភិបាល​ ស៊ើប​អង្កេត​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី ​ឲ្យបាន​ពេញលេញ ​និង​តម្លា​ភាព។ ការ​អំពាវនាវ​នេះ ​ធ្វើ​ឡើង​ខណៈ​ជិត​ដល់​ថ្ងៃ​ខួប ៥ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០ ​ខែ​កក្កដា​ខាង​មុខ។

សម្រែក​ទាមទារ​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ចាប់​ផ្ដើម​កក្រើក​ឡើង​វិញ ​ខណៈ​ជិតដល់​ថ្ងៃ​ខួប ៥ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​រូប​លោក។ ប្រជាពលរដ្ឋ​មួយ​ចំនួន នាំ​គ្នា​ចែកចាយ​រូប​ថត និង​រូបភាព​វីដេអូ​របស់​បណ្ឌិត កែម ឡី កាល​នៅ​មានជីវិត​ ព្រមទាំង​ទស្សនៈ​របស់​លោក​ជា​បណ្ដើរៗ ឡើង​វិញ ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (face​book) ដើម្បី​​រំលឹក​វីរភាព​និង​រំលឹក​គុណ​ ព្រម​ទាំង​ទាមទារ​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ដែល​ពួក​គាត់​ចាត់​ទុក​ថា ជា​វីរបុរស​របស់​ជាតិ​ខ្មែរ​ទាំង​មូល។


មន្ត្រី​ជាន់​ខ្ពស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (CYN) ​លោក ម៉ា ចិត្រា ​ដែល​បង្ហោះ​រូប​បណ្ឌិត​ កែម ឡី​ ជា​ញឹកញាប់​ លើក​ឡើង​ថា ​ឃាតកម្ម​លើ​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម ​និង​ជា​អ្នក​វិភាគ​នយោបាយ​ដែល​ប្រជាពលរដ្ឋ​គោរព​យ៉ាង​ជ្រាលជ្រៅ​រូប​នេះ គឺ​ជា​រឿង​សោកស្ដាយ​ និង​ក្រៀមក្រំ​យ៉ាង​ខ្លាំង​បំផុត​ ទោះ​បី​ជា​ពេល វេលា​កន្លង​ផុត​ទៅ ៥ឆ្នាំ​ហើយ​ក្ដី។ លោក ម៉ា ចិត្រា កត់​សម្គាល់​ថា ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​នរណា​ហ៊ាន​និយាយ​ការ​ពិត ដូច​បណ្ឌិត ​កែម ឡី ​នោះ​ទេ។ សកម្មជន​ការពារ​បរិស្ថាន​រូប​នេះ ​បន្ត​ទាមទារ​ឲ្យ​តុលាការ​រក​យុត្តិធម៌ ​​និង​បង្ហាញ​ភស្តុតាង​ឲ្យបាន​ច្បាស់លាស់​ ដើម្បី​ឲ្យ​សាធារណជន​អស់ចិត្ត៖ «ខ្ញុំ​នៅ​តែ​ចង់​ឲ្យ​រដ្ឋាភិបាល​រក​យុត្តិធម៌​ឲ្យ​គាត់​ហើយ​អ្វី​ដែល​ផ្ដោត​សំខាន់​នោះ ខ្ញុំ​ចង់​ឲ្យ​តុលាការ បង្ហាញ​វីដេអូ​កាមេរ៉ា​ដែល​នៅ​ក្នុង​ម៉ាត​នោះ​ឲ្យ​សាធារណជន បាន​ឃើញ​ឲ្យ​ច្បាស់​ថា អ្នក​ណា​ឲ្យ​ប្រាកដ ​ព្រោះ​វីដេអូ​ដែល​បែក​ធ្លាយ ឬ​បង្ហាញ​កន្លង​មក​នេះ យើង​មើល​ទៅ​ដូចជា​វីដេអូ​មិន​ច្បាស់​លាស់»។

ស្រដៀង​គ្នា​នេះ ​ព្រះសង្ឃ​មួយ​អង្គ​ដែល​តែង​ឈឺ​ឆ្អាល​បញ្ហា​សង្គម ​នយោបាយ​ និង​ធនធាន​ធម្មជាតិ ​គឺ​ព្រះតេជ​ព្រះគុណ​ បូរ បេត ​មាន​ថេរ​ដីកា​ថា យុត្តិធម៌​សម្រាប់​បណ្ឌិត កែម ឡី និង​ក្រុម​គ្រួសារ​របស់​លោក​ នៅ​ឆ្ងាយ​ដូច​ជើង​មេឃ ​ដោយសារ​រយៈ​ពេល ៥ឆ្នាំ​មក​នេះ​ឃាតក​ពិត និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី មិនទាន់​ត្រូវ​បាន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ អាជ្ញាធរ​បែរជា​ធ្វើ​ទុក្ខបុកម្នេញ​ និង​ចាប់ខ្លួន​អ្នក​ទាមទារ​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ទៅ​វិញ។ ព្រះតេជ​ព្រះគុណ ​យល់ថា ​មូលហេតុ​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​អាច​បំបែក​សំណុំរឿង​ឃាតកម្ម​បណ្ឌិត កែម ឡី នេះ ​ប្រហែលជា​ឃាតក​ពិត​ និង​អ្នក​បញ្ជា​ពី​ក្រោយខ្នង ​មានអំណាច​និង​ឥទ្ធិ​ពល​លើ​អ្នក​អនុវត្ត​ច្បាប់ ដូច្នេះ​ហើយ​សំណុំរឿង​នេះ អាច​នឹង​ត្រូវ​កប់​ចោល​ដូច​សំណុំរឿង​ឃាតកម្ម​លើ​បុគ្គល​ល្បីៗ និង​អ្នក​ស្នេហា​ជាតិ​ផ្សេងៗ ទៀត​ដែរ៖ «ប្រហែលជា​មិន​អាច​នឹង​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត​ កែម ឡី ​បានទេ ​ដរាបណា​នៅ​មាន​មេ​ដឹក​នាំ​នៅ​ក្រាញ​អំណាច​កំពុងតែ​ឈរជើង​នៅ​ក្នុង​សង្គម​ យ៉ាង​រឹងមាំ​បែបនេះ​ សូម្បីតែ​មាន​ព្រះសង្ឃ មាន​យុវជន និង​មាន​អង្គការ​សង្គម​ស៊ីវិល តែង​នាំ​គ្នា​ធ្វើ​បុណ្យខួប និង​ទាមទារ​យុត្តិធម៌​ជា​រៀងរាល់​ឆ្នាំ​ក្តី ក៏​អ្នក​ចូលរួម​ធ្វើ​ទាំង​អស់នោះ ​តែងតែ​មាន​បញ្ហា មាន​អាត្មា មាន​យុវជន​ ត្រូវ​បាន​ចាប់ខ្លួន​ ហើយ​អាត្មាភាព​ត្រូវ បាន​ភៀស​ព្រះ​កាយ​មក​នៅ​ក្រៅ​ប្រទេស»។​​

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់តិច (Caltex) ក្នុង​ទីក្រុង​ភ្នំពេញ។ ការ​បាញ់​ប្រហារ​នេះ ​កើត​ឡើង​ក្រោយ​ពី​អ្នក​វិភាគ​រូប​នេះ​បាន​ផ្តល់​ការ​អធិប្បាយ​ដល់​បណ្ដាញ​ព័ត៌មាន​អំពី​ការ​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លាតត្រដាង​នៅ​ក្នុង​របាយ​ការណ៍​​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លូបល វីតណេស (Global Witness)។ សំណុំ​រឿង​ឃាត​កម្ម​ដ៏​កក្រើក​នេះ ​តុលាការ​បាន​ផ្ដន្ទាទោស​បុរស​ម្នាក់​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ ​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ផ្អែក​តាម​ចម្លើយ​សារភាព​របស់​បុរស​រូប​នោះ​ដែល​ថា​ គាត់​ជា​អ្នក​បាញ់​សម្លាប់​លោក កែម ឡី ដោយ​សារ​​លោក កែម ឡី​ មិន​ព្រម​សង​ប្រាក់​ជំពាក់​ចំនួន​៣.០០០​ដុល្លារ។ ប៉ុន្តែ​ក្រុម​គ្រួសារ​លោក កែម ឡី និង​សូម្បី​តែ​ក្រុម​គ្រួសារ​របស់​លោក អឿត អាង ​មិន​ជឿ​ថា ជា​ការណ៍​ពិត​នោះ​ទេ​ ព្រោះ​លោក អឿត អាង គឺ​ជា​មនុស្ស​ក្រីក្រ​រស់​នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ខេត្ត​សៀម​រាប​ មិនដែល​ស្គាល់​គ្នា និង​គ្មាន​លុយ​ឯណា​ឲ្យ​លោក កែម ឡី ខ្ចី​នោះ​ទេ។ក្រោយ​មាន​ការ​រិះគន់​ខ្លាំងៗ ពី​សាធារណជន តុលាការ​ក្រុង​ភ្នំពេញ​បានសម្រេច​បំបែក​សំណុំរឿង​នេះ​ជា​ពីរ ដើម្បី​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​យក​មក​កាត់ទោស ​ក៏ប៉ុន្តែ​តុលាការ​​មិន​បាន​ផ្តល់​ព័ត៌មាន​ស្ដីពី​ការ​វិវឌ្ឍ​នៃ​សំណុំរឿង​ទី​ពីរ​នេះ​ឡើយ​រហូត​មក​ដល់​ពេល​នេះ។

បង​ស្រី​បង្កើត​របស់​បណ្ឌិត កែម ឡី គឺ​លោកស្រី កែម ថាវី រៀបរាប់​ទាំង​ក្ដុកក្ដួល​ថា រហូត​មកដល់​ពេល​នេះ ក្រុម​គ្រួសារ​របស់​លោកស្រី មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ពេញ​លេញ​នោះ​ទេ​ ប៉ុន្តែ​លោក​ស្រី ទាល់​តម្រិះ​មិន​ដឹង​និយាយ​បែប​ណា និង​ទាមទារ​យុត្តិ​ធម៌​តាម​​វិធី​ណា​នោះ​ទេ​ ខណៈ​អាជ្ញាធរ​រក្សា​ភាព​ស្ងៀមស្ងាត់​មិនដែល​ផ្តល់​ដំណឹង​ពី​ការ​វិវឌ្ឍ​នៃ​សំណុំរឿង​នេះ​ឡើយ៖ «សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​ទេ រឿង ជួប សម្លាប់ នេះ ខ្ញុំ​គិត​ថា មិន​មែន​ជា​អ្នក​សម្លាប់​ទេ ហើយ​ក៏​មិន​មែន​ម្នាក់​ឯង​ធ្វើ​កើត​ដែរ។ នៅ​ក្នុង​ចិត្ត​យើង ​គ្រាន់​តែ​គិត​អ៊ីចឹង ប៉ុន្តែ​យើង​មិន​ដឹង​ថា ​ធ្វើ​ម៉េច។ វា​មិន​ដែល​មនុស្ស​មិនដែល​ស្គាល់​គ្នា​ផង ​មក​សម្លាប់​មនុស្ស​មួយ​ទាំង​មូល​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ ហើយ​គាត់ (ជួប សម្លាប់) នៅ​ទី​ជនបទ ​គាត់​មិនទាំង​ស្គាល់​ភ្នំពេញ​នេះ​ម៉េច​ផង។និយាយ​រួម ប្អូន​ខ្ញុំ​មិន​មាន​ធ្វើអ្វី​ដល់​ថ្នាក់​គេ​សម្លាប់​គាត់​ទេ មិន​ដែល​ធ្វើ​ឲ្យ​អ្នក​ណា​ខឹង ​អ្នកណា​ស្អប់​គាត់​ទេ។ នៅ​សុខៗ ស្រាប់​តែ​លេច​ឈ្មោះ ជួប សម្លាប់ ហ្នឹង​មក សម្លាប់​ប្អូន​ខ្ញុំ។ ខ្ញុំ​ស្ដាយៗ ហួស​និយាយ។ បើ​សិន​ណា​ប្អូន​ខ្ញុំ​រស់​ឡើង​វិញ ​ហើយ​គេ​សម្លាប់​ខ្ញុំ គឺ​ខ្ញុំ​សុខ​ចិត្ត​ស្លាប់។ មកដល់​ថ្ងៃនេះ ខ្ញុំ​ឆ្អែតៗ មិន​ដឹង​ប៉ុន្មាន​ជាតិ​ទៀត​ទើប​បាត់​ការ​ឈឺ​ចាប់​នេះ»។

លោកស្រី​ កែម ថាវី បន្ត​ថា រយៈ​ពេល ៥ឆ្នាំ​មក​នេះ លោកស្រី ​មិនដែល​រំសាយ​ការ​ឈឺ​ចាប់ និង​ការ​នឹក​រលឹក​ដល់​ប្អូន​ប្រុស​ម្ដង​ណា​នោះ​ទេ ហើយ​តែងតែ​គិត​ថា ប្អូនប្រុស​នៅ​មាន​ជីវិត​នៅឡើយ។ លោកស្រី​ថា ការ​បាត់បង់​លោក កែម ឡី ស្មើនឹង​ការ​បាត់​ពន្លឺ​ដ៏​សំ​ខាន់​មួយ​នៅ​ក្នុង​ក្រុម​គ្រួសារ ​ព្រោះ​កាល​នៅ​មាន​ជីវិត ​លោក​ តែង​ជួយ​ផ្តល់​យោបល់​ល្អៗ បងប្អូន​សាច់​ញាតិ៖ «បើ​ប្អូន​ខ្ញុំ​មាន​កំហុស ខ្ញុំ​មិន​សូវ​សោក​ស្តាយ​ទេ ធ្វើ​ម៉េច​គាត់​ធ្វើ​ខុស ប៉ុន្តែ​គាត់​គ្មាន​កំហុស​អី​ទាល់​តែ​សោះ មិន​គួរ​គេ​បាញ់​សម្លាប់។ មុន​គាត់​ស្លាប់​មិន​ដឹង​ជា​ប្អូន​ខ្ញុំ​ឈឺចាប់​យ៉ាង​ណា​ទេ ព្រោះ​ខ្ញុំ​បាន​ទៅ​ដល់​ម៉ាត (MART) ខ្ញុំ​ឃើញ​ប្អូន​ខ្ញុំ​ហូរ​ឈាម​បាច​ពេញ​ហ្នុង។ ខ្ញុំ​នៅ​តែ​ឈឺចាប់ ​គ្មាន​ថ្ងៃ​ណា​ដែល​បំភ្លេច​បាន​ទេ»។

ទាក់ទង​រឿង​នេះ អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​ពី​អនុប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​និង​ជា​ចៅក្រម​ស៊ើបសួរ​ក្នុង​សំណុំរឿង​ឃាតកម្ម​បណ្ឌិត កែម ឡី គឺ​លោក សេង លាង និង​អ្នក​នាំ​ពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ព្រមទាំង​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ​លោក ឆាយ គឹមខឿន បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

រីឯ​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា វិញ លោក​បដិសេធ​ឆ្លើយ​តប​ជាមួយ​អាស៊ី​សេរី ដោយ​អះអាង​ថា លោក​មិនបាន​ដឹង​សំណុំរឿង​នេះ​ទេ ក្រោម​ហេតុផល​ថា លោក​ទើប​ចូល​កាន់​តំណែង​បាន​រយៈពេល​ពីរ​ឆ្នាំ៖ «អើ..ខ្ញុំ​អត់​ដឹង​បញ្ហា​អស់​ហ្នឹង​ទេ សុំ​សួរ​ទៅ​ខាង​អគ្គស្នងការ​នគរបាល​ជាតិ ចំពោះ​ករណី​ហ្នឹង ហើយ​ខ្ញុំ​មក​កាន់​ការងារ​នេះ ​ទើបតែ​មក​កាន់​ដែរ ព្រោះ​ករណី​នេះ​វា​យូរ​ហើយ»។

កន្លងមក​ ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ រួម​ទាំង​ស្ថានទូត​អាមេរិក​ផង ​បាន​អំពាវ​នាវ​ដូច​ប្រជា​ពលរដ្ឋ​ទូទៅ​ដែរ ឲ្យ​អាជ្ញាធរ​វែក​មុខ​ចាប់​ជន​ដៃដល់​ពិតប្រាកដ​ និង​អ្នក​ពាក់​ព័ន្ធ ​ជាពិសេស អ្នក​បញ្ជា​ពីក្រោយ​ខ្នង​ យក​មក​កាត់ទោស​តាម​ច្បាប់។ ក្រុម​អង្គការ​ទាំងនេះ​ អះអាង​ថា ដើម្បី​ឱ្យ​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី អាច​ជឿ​ទុក​ចិត្ត​បាន​ អាជ្ញាធរ​កម្ពុជា​ត្រូវ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​​ឯករាជ្យ​មួយ ​ដោយ​មាន​ការ​ចូល​រួម​ពី​អង្គការ​សហប្រជាជាតិ និង​អ្នក​ជំនាញ​ឯករាជ្យ។​ប៉ុន្តែ​អាជ្ញាធរ​របប​លោក ហ៊ុន សែន​ បដិសេធ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​​ឯករាជ្យ​នេះ​ឡើង។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ​លោក ​យល់ឃើញ​ដូច​សាធារណជន​ដែរ​ថា អាជ្ញាធរ​នៅ​មិន​ទាន់​ផ្តល់​យុត្តិធម៌​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ​ហើយ​ដំណើរការ​ស៊ើបអង្កេត​កន្លងមក មាន​ភាព​មិន ប្រក្រតី​ជាច្រើន ​និង​មិនទាន់​អាច​ទទួល​យក​បាន​នៅឡើយ។ លោក​ ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាពិសេស​តុលាការ ​ត្រូវ​មាន​ចំណាត់​ការ​ច្បាស់លាស់​ក្នុង​សំណុំ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី ​នេះ ​ដើម្បីឲ្យ​សាធារណជន​មាន​ទំនុក​ចិត្ត៖ «ក្នុង​ករណី​នេះ យើង​ឃើញ​ហើយ បើ​យើង​ពិនិត្យមើល​ជុំវិញ​បរិវេណ​នៅ​ក្នុង​កន្លែង​កើតហេតុ​ ឬក៏​ក្រៅ​កន្លែង​កើតហេតុ​ សុទ្ធតែ​មាន​កាមេរ៉ា​ទាំង​អស់​ហើយ​ជន​ដែល​ប្រព្រឹត្ត​ហ្នឹង ចាប់​បាន​ទៅ​ទៀត ​នៅតែ​មិន​អាច​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ទៅ​ទៀត ដូច្នេះ​ហើយ​បាន​ជា​យើង​យល់​ថា វា​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​អ្នក​អនុវត្ត ​ជា​ជាង​ដែល​ថា សមត្ថភាព​របស់​មន្ត្រី​ដែល​មាន​សមត្ថកិច្ច​ទាំងអស់​ហ្នឹង»។

កន្លងមក​ ភរិយា​របស់​បណ្ឌិត កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា បាន​ចោទ​ប្រកាន់​ត្រង់ៗ តាម​ហ្វេសប៊ុក​របស់​គាត់ និង​ចេញ​ជា​សេចក្ដី​ថ្លែង​ការណ៍​ថា គ្រួសារ​របស់​លោក ហ៊ុន សែន ​និង​របប​លោក ហ៊ុន សែន គឺ​ជា​អ្នក​រៀបចំ​ជា​ប្រព័ន្ធ​ក្នុង​ការ​សម្លាប់​ស្វាមី​លោកស្រី ​ដូច្នេះ​ហើយ​ទើប​អ្នក​ផ្ដួចផ្ដើម​គំនិត អ្នក​ផ្តល់​មធ្យោបាយ និង​ជន​ដៃ​ដល់​ពិត​ប្រាកដ បន្ត​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់។

ក្រៅពី​ការ​ទាមទារ​យុត្តិធម៌​នេះ ​ក្រុម​គ្រួសារ​របស់​បណ្ឌិត កែម ឡី និង​អ្នក​គោរព​ស្រឡាញ់​រូបលោក ​ក៏​គ្រោង​ធ្វើ​ពិធីបុណ្យ​រំលឹកខួប៥ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០ ខែកក្កដា ​ខាង​មុខ​នេះ​ដែរ​ ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​របស់​លោក។​បងស្រី​របស់​បណ្ឌិត កែម ឡី គឺ​លោកស្រី កែម ថាវី អះអាង​ថា ទោះ​បី​ជា​ក្រុម​គ្រួសារ​ខ្វះ​ថវិកា​បែប​ណា​ក្តី ក៏​លោកស្រី​ នឹង​រៀបចំ​ពិធីបុណ្យ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ទីតាំង​តម្កល់សព​ ដែល​ស្ថិត​នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ​ខេត្ត​តាកែវ។ ប៉ុន្តែ​អ្វី​ដែល​លោកស្រី​ ព្រួយ​បារម្ភ​នៅ​ពេល​ដល់​ថ្ងៃ​រៀបចំ​ពិធី​បុណ្យ​ខួប​ម្តងៗ នោះ គឺ​អាជ្ញាធរ​តែងតែ​រារាំង និង​រំខាន​ការ​ប្រារព្ធ​ពិធី​បុណ្យ ទោះបីជា​ពុំ​មាន​ជំងឺ​កូវីដ-១៩​រាតត្បាត​ក៏ដោយ៕

1 comment:

Anonymous said...

Ah Kwack and his master Yuon knew that dissolving the CNRP will have some consequences, such as political pressure from the EU and US, but these devils were determined to absorb such consequence. Only Cambodia will hurt, not the evil Vietnam. And Ah Kwack Hun Sen has never cared about Cambodia. There was recent speculation that Ah Hun Sen's motherfucker is Yuon. Maybe that's why he was never reluctant to destroy Khmer people and Cambodia.
The evil Yuon and Ah Kwack were willing to pay the price for the necessary actions they took to dissolve the CNRP.

Now, Khmer people and the CNRP must take decisive, courageous and unprecedent actions in order to bring the CNRP back to life. They need to wage a nationwide peaceful protest demanding for the release of Rong Chhun and the reinstatement of the CNRP. Nothing is free in this world. We must pay some price to get what we wanted.

If some of us make their ultimate sacrifice right now, Cambodia will have a good chance to survive the evil Yuon's future onslaught on Khmer people. The evil Yuon had done massive killings on Khmer people during the Pol Pot era.

The international community has been anxiously waiting for Khmer people to initiate their first move, but Khmer people seemed to be apathetic.

Help ourselves first before others help us. Khmer people need to move their asses if they really love Cambodia.

Kem Ley has sacrificed his life for Khmer people whereas Khmer people are reluctant to do anything to revive and perpetuate his ideal concepts.

How about making a peaceful protest urging the Yuon's slave government to find the real killers of Kem Ley ?

Som Teh Sok Kanduoy Meh Vear , Min Del Barn Sok Teh. Ngorp Chang Phot Pouch Heuy.

93 Years Old Woman