ដោយ មាន ឫទ្ធិ
2021-05-30 rfa
ក្រុមគ្រួសារកាន់រូបថតអ្នកការពារបរិស្ថាន ដែលរងការឃុំឃាំងនៅ ពន្ធនាគារព្រៃស។
Photo Courtesy
ប្រពន្ធសកម្មជនបរិស្ថានម្នាក់អះអាងថា មានគេផ្ដល់ដំណឹងថាប្ដីរបស់ខ្លួនគឺលោក ថុន រដ្ឋា ឆ្លងជំងឺកូវីដ១៩ នៅពន្ធនាគារព្រៃសផ្នែកបុរស(ម១) ដែលជាកន្លែងកំពុងផ្ទុះជំងឺកូវីដ១៩។ លោកស្រី ប៉ាត់ រស្មី ស្នើឱ្យមន្ត្រីពន្ធនាគារផ្ដល់ដំណឹង ឬអាចសួរសុខទុក្ខប្ដីរបស់លោកស្រីព្រោះខាងពន្ធនាគារមិនបានផ្ដល់ដំណឹង ឬឱ្យលោកស្រីទៅសួរសុខទុក្ខប្ដីជិត ៣ខែមកហើយ។
ប្រពន្ធសកម្មជនបរិស្ថានស្នើទៅអាជ្ញាធរពន្ធនាគារផ្ដល់ដំណឹងជាក់លាក់ពីប្ដីរបស់ខ្លួនថា ពិតជាឆ្លងជំងឺកូវីដ១៩ ឬយ៉ាងណា? សំណើបែបនេះ ក្រោយលោកស្រី ប៉ាត់ រស្មី ត្រូវបានគេទូរស័ព្ទប្រាប់ថា លោក ថុន រដ្ឋា បានឆ្លងជំងឺកូវីដ១៩ ក្នុងពន្ធនាគារ។ លោកស្រីបន្តថា ជន(បុរស)នោះបានទូរស័ព្ទមកលោកស្រីកាលពីម៉ោង៥ព្រឹកថ្ងៃទី២៩ កន្លងទៅ។ លោកស្រី ប៉ាត់ រស្មី ព្រួយបារម្ភក្រោយពេលទទួលដំណឹងបែបនេះ។ ប្រពន្ធសកម្មជនបរិស្ថានរូបនេះក៏បានព្យាយាមហៅទូរស័ព្ទទៅលេខទូរស័ព្ទដដែលនោះដើម្បីបញ្ជាក់បន្ថែមប៉ុន្តែហៅមិនចូល៖ «បើសិនជាមានអ្នកឆ្លងជំងឺកូវីដនៅពន្ធនាគារមែនខ្ញុំសំណូមពរឱ្យបញ្ជូនទៅព្យាបាលនៅខាងក្រៅព្រោះអីនៅខាងក្រៅអាចមានសម្ភារៈគ្រប់គ្រាន់សម្រាប់ព្យាបាល។ នៅក្នុងពន្ធនាគារមនុស្សច្រើនចង្អៀតងាយនឹងឆ្លងហើយសម្ភារៈពេទ្យអត់គ្រប់គ្រាន់»។
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ យុវជន ថុន រដ្ឋា កំពុងជាប់នៅពន្ធនាគារព្រៃស ម១ ផ្នែកបុរសដែលមានជាប់ឃុំជិត២០នាក់ឆ្លងជំងឺកូវីដ១៩។ អាជ្ញាធរបានចាប់ខ្លួនលោក ថុន រដ្ឋា កាលពីដើមខែកញ្ញា ឆ្នាំ២០២០ ដោយប្រកាន់ពីបទញុះញង់ខណៈដែលយុវជនរូបនេះកំពុងធ្វើការតស៊ូមតិដើម្បីឱ្យមានការការពារធនធានធម្មជាតិ។
នេះមិនមែនករណីទី១ទេ ដែលសាច់ញាតិអ្នកជាប់ឃុំទទួលព័ត៌មានបែបនេះ។ កាលពីថ្មីៗនេះគ្រួសាររបស់អ្នកជាប់ឃុំមួយចំនួនទៀត ក៏ទទួលបានព័ត៌មានថា មានសកម្មជននយោបាយ និងសកម្មជនមួយចំនួន ៤នាក់ បានឆ្លងជំងឺកូវីដ-19 ក្នុងនោះរួមមានសកម្មជនគណបក្សសង្គ្រោះជាតិពីររូបគឺ លោក តុន និមល និងលោក ចាន់ សារ៉ាត់ ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ និងអនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ លោក មាន ព្រហ្មមុនី។ រីឯលោក រ៉ុង ឈុន វិញ កំពុងមានអាការៈ ឈឺបំពងកធ្ងន់ធ្ងរ។
គិតមកដល់ពេលនេះយ៉ាងហោចណាស់មានអ្នកជាប់ ៣៥០នាក់ក្នុងពន្ធនាគារចំនួន ៣ហើយគឺពន្ធនាគារព្រៃស ផ្នែកបុរស(ម១) ពន្ធនាគារខេត្តកណ្តាល និងពន្ធនាគារខេត្តព្រះសីហនុបានឆ្លងជំងឺcovid-19នេះ។ ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធ មិនបានបង្ហាញព័ត៌មានឲ្យបានទូលំទូលាយបន្ថែមទៀតឡើយ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ដែលអង្គការលោកមានក្រុមការងារតាមដានសិទ្ធិអ្នកជាប់ឃុំនៅពន្ធនាគារដែរឱ្យអាស៊ីសេរីដឹងថា ប្រមាណ៣ខែហើយ ដែលមន្ត្រីពន្ធនាគារមិនអនុញ្ញាតឲ្យសាច់ញាតិអ្នកជាប់ឃុំ និងមន្ត្រីសិទ្ធិមនុស្សជួបអ្នកជាប់ឃុំ និងដឹងពីដំណឹងរបស់អ្នកជាប់ឃុំ។ លោក អំ សំអាត បារម្ភថា ករណីឆ្លងជំងឺកូវីដក្នុងពន្ធនាគារនឹងគំរាមកំហែងដល់អ្នកជាប់ឃុំទាំងនោះព្រោះពន្ធនាគារជាកន្លែងចង្អៀតណែនខ្លាំង។ មន្ត្រីសិទ្ធិមនុស្សដដែល ក៏ជំរុញទៅមន្ត្រីពន្ធនាគារឱ្យបង្ហាញតម្លាភាព ឬព័ត៌មាននៃចំនួនជាប់ឃុំដែលឆ្លងជំងឺកូវីដ១៩ ឱ្យសាធារណជនបានដឹង។ ជាងនេះទៅទៀត ខាងពន្ធនាគារគួរផ្ដល់ដំណឹងទៅសាច់ញាតិអ្នកជាប់ឃុំឱ្យដឹងពីសុខទុក្ខអ្នកជាប់ឃុំទាំងនោះ និងបញ្ជាក់ប្រាប់សាច់ញាតិរបស់អ្នកជាប់ឃុំឱ្យបានច្បាស់ថា អ្នកជាប់ឃុំទាំងនោះ ពិតជាមានឆ្លងជំងឺកូវីដ១៩ ឬគ្មាន៖ «បើមិនមានព័ត៌មានដែលតម្លាភាពទេ នឹងបង្កផលលំបាកច្រើន ទី១បើអង្គការអន្តរជាតិអង្គការជាតិគេចង់សហការក្នុងការទប់ស្កាត់ និងបង្ការរីករាលដាលនៃការឆ្លងកូវីដ១៩ វាពិបាកដោយសារមិនមានព័ត៌មានប្រកបដោយតម្លាភាពទី២គ្រួសារជនជាប់ឃុំគាត់អាចនឹងមានការព្រួយបារម្ភកាន់តែ»។
ជុំវិញករណីនេះអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា បានទេនៅថ្ងៃទី៣០ ខែឧសភា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន សរសេរលើហ្វេសប៊ុកលោកបែបឌឺដងថា៖ «អត់យល់ មិនដឹងថា UN សង្គមស៊ីវិល និងក្រុមប្រឆាំងមួយចំនួនចង់បានអីឱ្យពិតប្រាកដ»!។ អ្នកនាំពាក្យដដែលលើកឡើងទៀតថា នៅពេលមានការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ពួកគេរិះគន់ថា រំលោភសិទ្ធិមនុស្ស តែពេលនេះបែរជាមកសុំបង្ហាញអត្តសញ្ញាណអ្នកជាប់ឃុំដែលឆ្លងជំងឺកូវីដទៅវិញ។
ការលើកឡើងរបស់លោក ជិន ម៉ាលីន បែបនេះក្រោយពេលអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីថ្មីៗនេះបានចេញសេចក្ដីថ្លែងការណ៍រួមគ្នាក្រោយពួកគេទទួលបានព័ត៌មានសម្ងាត់ថា មានអ្នកជាប់ឃុំនៅពន្ធនាគារប៉េហ្ស៊ី (PJ) ឬពន្ធនាគាររាជធានីភ្នំពេញរាប់រយនាក់បានឆ្លងជំងឺកូវីដ១៩។ អង្គការទាំងពីរចោទថា អាជ្ញាធរបានលាក់ព័ត៌មាននៃការឆ្លងជំងឺកូវីដក្នុងពន្ធនាគារ ដោយបង្ហាញតួលេខអ្នកឆ្លងតិចតួចបំផុត។
មន្ត្រីសិទ្ធិមនុស្ស លោក អំ សំអាត យល់ថា លោក ជិន ម៉ាលីន អាចយល់ច្រឡំនឹងសំណើរបស់អង្គការសង្គមស៊ីវិល។ លោកបញ្ជាក់ថា អង្គការសង្គមស៊ីវិលចង់បានគឺការបង្ហាញតួលេខពិតប្រាកដនៃអ្នកជាប់ឃុំដែលឆ្លងជំងឺកូវីដ១៩ មិនមែនជាការទាមទារឱ្យបង្ហាញអត្តសញ្ញាណបុគ្គលនោះទេ។ ករណីដាច់ដោយឡែកមួយទៀត លោកថា សាច់ញាតិរបស់អ្នកជាប់ឃុំ អាចមានសិទ្ធិទទួលបានព័ត៌មានពិស្ដារពីស្ថានភាព និងសុខភាពនៃសាច់ញាតិពួកគាត់៕
No comments:
Post a Comment