Friday, 28 May 2021

កម្មករ​​ទទូច​​ឱ្យ​​​លោក ហ៊ុន សែន គិត​ពី​​ប្រយោជន៍​​ពួកគាត់​​ឱ្យ​​ដូច​ការ​​អះអាង​


ដោយ សុជីវី
2021-05-26 rfa
កម្មករ​​ទទូច​​ឱ្យ​​​លោក ហ៊ុន សែន គិត​ពី​​ប្រយោជន៍​​ពួកគាត់​​ឱ្យ​​ដូច​ការ​​អះអាង​ 

រូបភាពកម្មកររោងចក្រកាត់ដេរនៅក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១។
រូប៖ គេ​ផ្ដល់​ឱ្យ

 

កម្មករ​មួយ​ចំនួន​មាន​អារម្មណ៍​តូច​ចិត្ត និង​សោកស្តាយ​ចំពោះ​រដ្ឋាភិបាលលោក ហ៊ុន សែន ដែល​ហាក់​មិ​ន​បាន​គិត​គូរ​ប្រយោជន៍​ពួកគាត់​ជា​សំខាន់​ទៀត​ឡើយ នៅ​​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ២០១៨ និង​​អំឡុង​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។

កម្មករ​មួយ​រូប​នៅ​រាជធានី​ភ្នំពេញលោកស្រី សយ គន្ធា ថ្លែង​ថា សំឡេង​របស់​កម្មករ​កាត់​ដេរលាន់លឺខ្លាំង​តែ​នៅ​ពេល​ជិត​បោះឆ្នោត​ប៉ុណ្ណោះ ហើយ​​ផុត​ពី​នោះ​ទៅ រដ្ឋាភិបាល​លែង​សូវ​រវល់​នឹង​កម្មករ​ទៀត​ហើយ។ លោកស្រី​បន្ត​ថា លោកស្រីនិង​កម្មករ​ដទៃ​ទៀតអន់​ចិត្ត​ខ្លាំង​នឹង​រដ្ឋាភិបាល ព្រោះ​ធ្វើ​ការ​យូរៗ​ទៅ ផល​ប្រយោជន៍​កាន់​តែ​ថយ​ចុះ។ ម្យ៉ាងវិញទៀតលោកស្រី​ថា​ អំឡុង​ពេល​បិទ​ខ្ទប់ អាជ្ញាធរ​មិន​បាន​ផ្តល់​ស្បៀង​អាហារ​គ្រប់គ្រាន់​ដល់​កម្មករ​ឡើយ ស្រប​ពេល​​ថ្លៃ​ទឹក​ភ្លើង និង​បន្ទប់​ជួល កម្មករ​ភាគ​ច្រើន​​នៅ​តែ​បង់​ពេញ​ថ្លៃ​ដោយ​គ្មាន​ការ​លើក​លែង ឬ​បន្ធូរបន្ថយ​ឡើយ៖ «មាន​អារម្មណ៍​ថា អន់​ចិត្ត​ណាស់ ព្រោះ​ពេល​ដែល​យើង​ស្រែក​ទៅ​សុំ​ជំនួយ​ម្តងៗ គេ​ឆ្លើយ​ឱ្យ​យើង​ចាំ​រហូត ដល់​ពេល​អ៊ីចឹង​មាន​អារម្មណ៍​ថា​អន់​ចិត្ត។ ធ្វើ​ការ​យូរៗ​លែង​សូវ​មាន​ថ្ងៃ​បុណ្យ​អស់​តែ​ម្តង លុប​ចោលអស់​ហើយ គិត​ជា​ថ្ងៃ​ធម្មតា​ចង់​អស់​ទៅ​ហើយ។ គាត់​មិន​ទៅ​យកចិត្តទុកដាក់​អ្វី​ទេ។ ជិត​ដល់​បោះឆ្នោត​ទៀត​ហើយ ក្រែង​គាត់​យកចិត្តទុកដាក់ តែ​បើ​ផុត​ទៀត​ហើយ ផុត​ដូច​តែ​គេ​ថា​ហ្នឹង»។


កម្មករ​កាត់​ដេរ​មួយ​រូប​ទៀតលោក​ស្រី ហ៊ាង សាំងម៉េង ថ្លែង​ថា លោកស្រី​ក៏​មាន​អារម្មណ៍​អាក់អន់​ចិត្ត​នឹង​រដ្ឋាភិបាល​ដែរ។ លោកស្រី​បញ្ជាក់​ថា ​អំឡុង​ពេល​បិទ​ខ្ទប់​ដោយ​សារ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ នេះ កម្មករ​គ្មាន​ប្រាក់​ចំណូល​នោះ​ទេ ប៉ុន្តែ​ពួក​គាត់​នៅ​តែ​ត្រូវ​បង់​ថ្លៃ​ទឹក​ភ្លើង និង​បន្ទប់​ជួល​ពេញ​ថ្លៃ។ លោកស្រី​សោកស្តាយ​ដែល​ប្រមុខ​រដ្ឋាភិបាល​បាន​តែ​ប្រកាស តែ​គ្មាន​ការ​អនុវត្ត​ជាក់ស្តែង​ចំពោះ​ការ​បន្ធូរបន្ថយ​ថ្លៃ​ទឹក​ភ្លើង និង​បន្ទប់​ជួល​នេះ។ ជាង​នេះ​ទៅ​ទៀត កម្មករ​ទទួល​បាន​ជំនួយ​ជា​ស្បៀង​អាហារ​តែ​ម្តង​គត់​ពី​អាជ្ញាធរ ខណៈ​ការ​បិទ​ខ្ទប់​អូស​បន្លាយ​ពេល​យូរ​ថ្ងៃ៖ «ជួនកាល​ចំណូល​ប្រចាំ​ខែ​ក្នុង​មួយ​ខែ​បាន ២០០ដុល្លារ តែ​ចំណាយ​ហ្នឹង​វា​លើស​ពី ២០០ដុល្លារ​ហ្នឹង​ទៀត ដោយសារ​ការ​ហូប​ចុក ការ​ស្នាក់នៅ ឬ​ក៏​បញ្ហា​អ្វី​ផ្សេងៗ​ទៀត វា​ច្រើន​ជាង​ចំណូល​ដែល​យើង​ចូល។ អ៊ីចឹង​ក៏​ស្នើ​សុំ​ឱ្យ​គាត់​ជួយ​មើល ជួយ​យកចិត្តទុកដាក់​ទៅ​លើ​កម្មករ​ឱ្យ​បាន​ច្រើន​ជាង​ហ្នឹង»។

កម្មករ​មួយ​ចំនួន​ទៀត​ឱ្យ​ដឹង​ថា ពួកគាត់​មិន​ហ៊ាន​និយាយ​រឿង​នេះ​ជា​សាធារណៈ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ទេ ព្រោះ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព និង​ខ្លាច​ប៉ះពាល់​ដល់​ការងារ។ ប៉ុន្តែ​ពួក​គាត់​​ប្រាប់​ថា ពួក​គាត់​ដឹង​ច្បាស់​អំពី​ស្ថានភាព​បច្ចុប្បន្ន ដែល​រដ្ឋាភិបាល​ហាក់​មិន​សូវ​បាន​គិត​គូរ​ពី​ប្រយោជន៍ និង​សុខ​ទុក្ខ​របស់​កម្មករ​​នោះ​ទេ។ ក្រុម​កម្មករ​នាំ​គ្នា​បញ្ចេញ​មតិ​​បែប​នេះ បន្ទាប់​ពី​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​របស់​លោក​នៅ​តែ​​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ចំពោះ​ការ​បង្កើត​ការងារ ការ​លើកកម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ ការ​អភិវឌ្ឍ​របប​សន្តិសុខ​សង្គម​ និង​ការ​ឧបត្ថម្ភ​ដល់​កម្មករ ជាដើម។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ក្នុង​លិខិត​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ ១ឧសភា​ថា លោក​បាន​ចុះ​ជួប​កម្មករ​ចំនួន ៧៧លើក ដោយ​មាន​កម្មករ​ចូលរួម​សរុប​ជិត ១លាន​នាក់ ចាប់​តាំង​ពី​ឆ្នាំ២០១៧ ដល់​ឆ្នាំ២០១៩។ លោក​បញ្ជាក់​ថា តាម​រយៈ​ជំនួប​ទាំងនេះ លោក​បាន​​យល់​ដឹង​អំពី​បញ្ហា​របស់​កម្មករ និង​ដាក់​ចេញ​នូវ​គោល​នយោបាយ​នានា ដើម្បី​លើក​កម្ពស់​ជីវភាព​ និង​សុខុមាលភាព​របស់​កម្មករ។ លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​បន្ត​ចុះ​ជួប​កម្មករ​បែប​នេះ​ជា​បន្ត​ទៀត​នៅ​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី។ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ២០២១ នេះ លោក​បាន​សុំ​ការ​យោគយល់​ពី​កម្មករ ករណី​ដែល​ការ​ជួប​ជុំ​គ្នា​មិន​អាច​រៀប​ចំ​ទៅ​បាន ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​កម្មករ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន អះអាង​ថា រដ្ឋាភិបាល​មិន​មែន​គិតគូរ​ពី​សុខ​ទុក្ខ​របស់​កម្មករ​តែ​នៅ​ពេល​ជិត​បោះឆ្នោត​នោះ​ទេ។ លោក​ថា ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ផ្អាក​​ចុះ​ជួប​កម្មករ ដោយសារ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ ។ មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា ថ្វីបើ​មិន​បាន​ចុះ​ជួប​កម្មករ​ក៏​ដោយ ក៏​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​បន្ត​គិត​គូរ​ពី​សុខ​ទុក្ខ​របស់​កម្មករ តាម​រយៈ​ការ​ចាត់​ចែង​ស្បៀងអាហារ​ដល់​កម្មករ​នៅ​តំបន់​បិទ​ខ្ទប់ និង​វិធានការ​ដទៃ​ទៀត​ដែល​ផ្តល់​ប្រយោជន៍​ដល់​កម្មករ​ដែរ៖ «សម្តេច​តេជោ រាល់​ថ្ងៃ​នេះ គាត់​នៅ​ជា​អគ្គមេបញ្ជាការ​កំពូល​របស់​ជាតិ​ហ្នឹង ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​អស់​ជូន​ប្រជាពលរដ្ឋ និង​កម្មករ​និយោជិត​របស់​យើង​ហ្នឹង។ ឃើញ​ទេ បង​ប្អូន​ទទួល​បាន​អំណោយ ទទួល​បាន​ការ​ជួយ​សង្គ្រោះ​ជា​ស្បៀង ជា​ស្អី។ល។ ដោយសារ​សម្តេច​តេជោ ហ៊ុន សែន លោក​ចាត់​ចែង​ហ្នឹង​តើ។ មិនមែន​ថា​មិន​យកចិត្តទុកដាក់​ទេ ទោះបី​ថា​មិន​បាន​ទៅ​ជួប ក៏​នៅ​តែ​យកចិត្តទុកដាក់​ចំពោះ​បង​ប្អូន​កម្មករ​និយោជិត​របស់​យើង»។

ទោះជាយ៉ាងណាក៏ដោយ ការ​អះអាង​របស់​លោក ហ៊ុន សែន និង​អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច​នេះ ​ហាក់​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​ទាំង​ស្រុង​​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ចំណុច​ទាំង​នេះ មាន​លាយ​ឡំ​ដោយ​​ធាតុ និង​ប្រយោជន៍​នយោបាយ​ច្រើន​ជាង។

ការ​ដែល​លោក ហ៊ុន សែន ចុះ​ជួប​កម្មករ​ស្ទើរ​រាល់​ថ្ងៃ​ដោយ​ផ្តល់​លុយ​ឱ្យ​ពួកគាត់​ម្នាក់​ពីរ​ម៉ឺន​រៀល​នៅ​ពេល​​នោះ គឺ​ទំនង​ជា​ដើម្បី​យក​ចិត្ត​កម្មករ កុំ​ឱ្យ​ផ្ទុះ​ការ​តវ៉ា​នៅ​ពេល​របប​របស់​លោក​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​និង​លួង​លោម​ឱ្យ​កម្មករ​ចេញ​ទៅ​បោះឆ្នោត​គាំទ្រ​របប​ឯកបក្ស​របស់​លោក។ នៅ​ពេល​ក្រសោប​យក​អំណាច​ផ្តាច់​មុខ​នៅ​ខែ កក្កដា ឆ្នាំ២០១៨ ហើយ​នោះ លោក ហ៊ុន សែន ចុះ​ជួប​កម្មករ​កាន់​តែ​រង្វើល ហើយ​ចាប់​ពី​ខែឧសភា ឆ្នាំ២០១៩ មក លោក​ឈប់​ចុះ​ជួប​កម្មករ​តែ​ម្តង ទោះបី​ជា​ពេល​នោះ មិន​ទាន់​មាន​ជំងឺ​កូវីដ-១៩ ក្តី ។

នៅ​ពេល​ចុះ​ជួប​កម្មករ​នោះ​ទៀត​សោត លោក ហ៊ុន សែន តែង​ចំណាយ​ពេល​ច្រើន​និយាយ​អួតអាង​ពី​សមិទ្ធផល​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ជាង ៣០ឆ្នាំ និង​វាយ​ប្រហារ​គណបក្ស​ប្រឆាំង​ជាដើម ដើម្បី​កេង​ចំណេញ​ផល​ប្រយោជន៍​នយោបាយ។ ក្រៅពីនោះ លោក ហ៊ុន សែន តែង​ចំណាយ​ពេល​តិច​បំផុត​និយាយ​ដល់​ផល​ប្រយោជន៍​របស់​កម្មករ ដូចជា ការ​សន្យា​បញ្ចុះ​តម្លៃ​ទឹក​ភ្លើង សន្យា​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ​ជា​ទៀង​ទាត់ និង​ស្នើ​ឱ្យ​ម្ចាស់​ផ្ទះ ឬ​បន្ទប់​ជួល​កុំ​ដំឡើង​ថ្លៃ​ឈ្នួល ជាដើម។ ចំណុច​ទាំង​នោះ លោក​បាន​លើក​យក​មក​និយាយ​ដដែលៗ​អំឡុង​វិបត្តិ​ជំងឺ​កូវីដ-១៩ ជាពិសេស​ក្នុង​ពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ប៉ុន្តែ​កម្មករ​ជា​ច្រើន​នៅ​តែ​អះអាង​ថា ពួកគាត់​ត្រូវ​បង់​ពេញ​ថ្លៃ ទាំង​ថ្លៃ​ទឹក​ភ្លើង និង​បន្ទប់​ជួល។ ពួកគាត់​ថា បើ​មាន​ការ​បន្ធូរបន្ថយ​មែន នោះ​គឺ​ជា​ទឹកចិត្ត​​សន្ដោស​របស់​ម្ចាស់​ផ្ទះ​ទៅ​វិញ​ទេ មិនមែន​ចេញ​មក​ពី​វិធានការ​របស់​រដ្ឋាភិបាល​ឡើយ។ រីឯ​ប្រាក់​ខែ​គោល​របស់​កម្មករ​វិញ កើន​ឡើង​បន្តិច​បន្តួច មិន​សមាមាត្រ​ទៅ​នឹង​តម្លៃ​ទំនិញ​លើ​ទីផ្សារ​នោះ​ទេ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ម្យ៉ាងវិញទៀត អំឡុង​វិបត្តិ​កូវីដ-១៩ នេះ រដ្ឋាភិបាល​​លោក ហ៊ុន សែន បាន​ដាក់​ចេញ​វិធាន​ការ​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​ខាត​​ប្រយោជន៍​កម្មករ។ ក្នុង​នោះ មាន​ជាអាទិ៍ ការ​លុប​ចោល​ថ្ងៃឈប់​សម្រាក​៦ ថ្ងៃ​ចេញ​ពី​ប្រតិទិន​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ ការ​អនុញ្ញាត​ឱ្យ​ម្ចាស់​រោងចក្រ​ពន្យារពេល​បើក​ប្រាក់​បំណាច់​អតីតភាព​ការងារ និង​ការ​អនុញ្ញាត​ឱ្យ​ថៅកែ​មិន​បាច់​ទូទាត់​ប្រាក់​សំណង​ជំងឺចិត្ត និង​ប្រាក់​ជូន​ដំណឹង​ជា​មុន​នៅ​ពេល​បិទ​រោងចក្រ ព្រម​ទាំង​ការ​ពន្យារ​បើក​ប្រាក់​ឈ្នួល​ឱ្យ​​កម្មករ​ក្រោម​លេស​ជំងឺ​កូវីដ-១៩ ជាដើម។ លើស​ពី​នេះ ក្រសួង​ការងារ​កំពុង​រៀប​ចំ​កែ​ប្រែ​ច្បាប់​ការងារ ដើម្បី​បន្ថយ​ប្រាក់​ឈ្នួល​ធ្វើ​ការ​វេន​យប់​ឱ្យ​ស្មើនឹង​វេន​ថ្ងៃ និង​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​ចំ​ថ្ងៃ​អាទិត្យ​ផង​ដែរ។

ការ​មិន​គិតគូរ​ពី​ប្រយោជន៍​កម្មករ​នេះ ហាក់​ស្តែង​ឡើង​កាន់​តែ​ច្បាស់​តាម​រយៈ​សេចក្តី​សម្រេច​ចិត្ត​ផ្ទាល់​របស់​លោក ហ៊ុន សែន។ លោក​បាន​ប្រកាស​ជា​ឱឡារិក​ថា លោក​មិន​ទាមទារ​យក​ឋានៈ​អនុគ្រោះ​ពន្ធ២០% ដែល​សហភាព​អឺរ៉ុប​បាន​ដក​ហូត​ពី​កម្ពុជា ដោយសារ​តែ​ករណី​​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ប្រព័ន្ធ​នោះ​ទេ។ លោក​​ថែម​ទាំង​ធ្លាប់​ផ្គើន​ឱ្យ​សហភាព​អឺរ៉ុប​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ពី​កម្ពុជា​ទៀត​ផង បើ​ទោះ​ជា​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​បាន​ទទួល​ផល​ប្រយោជន៍​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​យ៉ាង​ណា​ក្តី។

ជុំវិញ​រឿង​នេះ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មាន​ប្រសាសន៍​ថា ទោះបី​ជា​រដ្ឋាភិបាល​ប្រកាស​ថា​គិតគូរ​ពី​សុខ​ទុក្ខ និង​ផល​ប្រយោជន៍​កម្មករ​យ៉ាង​ណា​ក្តី ក៏​វិធានការ​ជា​បន្ត​បន្ទាប់​របស់​រដ្ឋាភិបាល​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឱ្យ​ផល​ប្រយោជន៍​ដែល​កម្មករ​ធ្លាប់​តែ​ទទួល​បាន​នោះ កាន់​តែ​រួម​តូច​ទៅៗ។ អ្នកស្រី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់ និង​គិតគូរ​ពី​ប្រយោជន៍​កម្មករ​ឱ្យ​បាន​ច្រើន ដូច​ការ​ប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​​យ៉ាង​ដូច្នេះ​ដែរ។ ​  

H052521PR-A4៖ «វា​អត់​អ្វី​ជា​ជាង​ការ​យល់​ឃើញ​របស់​បង​ប្អូន​កម្មករ ប្រជាពលរដ្ឋ​ជាទូទៅ​វិញ​ទេ លោក​គិត​ទៅ​ថា លោក​ជា​ម្ចាស់​ឆ្នោត លោក​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​គ្រប់គ្រាន់។ ធម្មតា​ បើ​រដ្ឋ​មួយ​ជួយ​គាំទ្រ​ទៅ​ដល់​ប្រជាពលរដ្ឋ ឬ​ក៏​មិន​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ស្លាប់​ទេ ដរាបណា​យើង​មាន​គោល​នយោបាយ​ក្នុង​ការ​គាំទ្រ​ដល់​ពួកគាត់ ឬ​ក៏​ជួយ​គាត់​នៅ​ក្នុង​ដំណាក់កាល​ដែល​គាត់​ពិបាក​ទាំង​អស់​ហ្នឹង ដោយ​មិន​ចាំបាច់​មាន​លក្ខខណ្ឌ​ភ្ជាប់​មក​ជាមួយ​ដើម្បី​តែ​ល្អ​មើល ដើម្បី​ថា​ធ្វើ​ទៅ​ឱ្យ​​ដឹង​ថា​ធ្វើ»។

តួលេខ​របស់​​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បង្ហាញថា ក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ២០២១ នេះ កម្ពុជា​នាំ​ចេញ​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង និង​របស់របរ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស គិត​ជា​ទឹក​ប្រាក់​ជាង ២ពាន់ ៤រយលាន​ដុល្លារ​អាមេរិក (២.៤១០ ប៊ីលាន)។ តួលេខ​នេះ​ថយ​ចុះ​ជាង៦% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ២០២០ ដែល​កម្ពុជា​នាំ​ចេញ​ផលិតផល​ទាំងនោះ គិត​ជា​ទឹក​ប្រាក់​ជាង ២ពាន់ ៥រយលាន​ដុល្លារ (២.៥៧៧ ប៊ីលាន)។

ដោយ​ឡែក​នៅ​ឆ្នាំ២០១៩ វិញ កម្ពុជា​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ គិត​ជា​ទឹក​ប្រាក់​ជាង ១ ម៉ឺន ៧ពាន់​លាន​ដុល្លារ (១៧.២១៥ ប៊ីលាន) ក្នុង​នោះ​ជិត ១ ម៉ឺន​លាន​ដុល្លារ គឺ​ជា​ផលិតផល​សម្លៀកបំពាក់ ស្បែក​ជើង និង​របស់របរ​ធ្វើ​ដំណើរ។ ទិន្នន័យ​ទាំង​នេះ បង្ហាញ​ថា វិស័យ​កាត់ដេរ​នៅ​តែ​ជា​ក្បាល​ម៉ាស៊ីន​​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​​កម្ពុជា ទោះ​ស្ថិត​ក្នុង​វិបត្តិ​ជំងឺ​កូវីដ-១៩ ក៏ដោយ។

សហជីព និង​កម្មករ​នៅ​តែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា រក​ដំណោះស្រាយ​យ៉ាង​ណា​ឱ្យ​កម្ពុជា​ទទួល​បាន​ឋានៈ​អនុគ្រោះ​ពន្ធ​ពី​ទីផ្សារ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​បន្ត​ទៀត ពីព្រោះ​កម្ពុជា​ត្រូវការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ នៅ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ-១៩។ ជាពិសេស ករណី​នេះ​នឹង​អាច​វាស់វែង​បាន​​​ថា តើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពិត​ជា​គិតគូរ​ដល់​ប្រយោជន៍​កម្មករ​មែន ឬក៏​គ្រាន់​តែ​ផ្ញើរ​សារ​នយោបាយ​បែប​ប្រជាភិថុតិ​ទៅកាន់​កម្មករ​​នៅពេល​ជិត​បោះឆ្នោត​​៕ PR

1 comment:

Anonymous said...

Why don't they know that Ah Kwack Hun Sen is a liar ?