Friday, 28 May 2021

អ្នក​ទោស​នយោបាយ​មួយ​ចំនួន​ឆ្លង​ជំងឺ​កូវី១៩ នៅ​ក្នុង​ពន្ធនាគារ


ដោយ សុជីវី
2021-05-27
អ្នក​ទោស​នយោបាយ​មួយ​ចំនួន​ឆ្លង​ជំងឺ​កូវី១៩ នៅ​ក្នុង​ពន្ធនាគារ 

(រូបតំណាង) រូប​ស្ថានភាព​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី១៤ ខែមីនា ឆ្នាំ២០១៣។
រូប៖ RFA


អ្នកទោស​នយោបាយ​មួយ​ចំនួន​ឆ្លង​ជំងឺ​កូវី១៩ នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស (ម១)។ មន្ត្រី​សង្គម​ស៊ីវិល ថា​​គ្រួសារ​អ្នក​ជាប់​ឃុំ​មាន​សិទ្ធិ​ដឹង​អំពី​សុខ​ទុក្ខ​សាច់​ញាតិ​ពួក​គាត់​ពី​ពន្ធនាគារ ដូច្នេះ​អាជ្ញាធរ​ពន្ធនាគារ​គួរ​រក​មធ្យោបាយ​ជូនដំណឹង​ឱ្យ​គ្រួសារ​អ្នក​ជាប់​បាន​ដឹង ដើម្បី​ឱ្យ​ពួក​គាត់​បាន​ដឹង​ពី​សុខ​ទុក្ខ​គ្នា​ផង​ដែរ។

ប្រពន្ធ​អ្នក​ទោស​នយោបាយ​ព្រួយ​បារម្ភ​ប្ដី​ដែល​កំពុង​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ពន្ធនាគារ​ព្រៃស (ម១)។​ ពួក​គាត់​ស្នើ​ឱ្យ​អាជ្ញាធរ​ពន្ធនាគារ​យក​ប្ដី​ទៅ​ព្យាបាល​​និង​ថែ​ទាំង​នៅ​មន្ទីរ​ពេទ្យ​ខាង​ក្រៅ​ពន្ធនាគារ ។ ពួក​គាត់​ក៏​ទទូច​ឱ្យ​មន្ត្រី​ពន្ធនាគារ​អនុញ្ញាត​អ្នក​ជាប់​ឃុំ​អាច​ខល​ទំនាក់​ទំនង​មក​គ្រួសារ ព្រោះ​ពេល​នេះ​ពួក​គាត់​កំពុង​ខ្វាយ​ខ្វល់​ពី​សុខ​ទុក្ខ​ប្ដី អំឡុង​ពេល​រីក​រាល​ដាល​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ពន្ធនាគារ​នេះ។


ប្រពន្ធ​​សកម្ម​ជន​​បក្ស​​ប្រឆាំង​ ខេត្ត​កណ្ដាល លោក តុន​ និមល គឺ លោក​ស្រី ជ័យ ស្រីវី ​អះអាង​​ថា​មន្ត្រី​ពន្ធនាគារ​បាន​ប្រាប់​ថា​ប្ដី​លោក​ស្រី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ពន្ធនាគារ​ព្រៃស (ម១)។ លោក​ស្រី​ចោទ​មន្ត្រី​ពន្ធនាគារ​ថា ធ្វេស​ប្រហែស​ដែល​ធ្វើ​ឱ្យ​ប្ដី​លោកស្រី និង​អ្នក​ជាប់​ឃុំ​មួយ​ចំនួន​ទៀត​ឆ្លង​ជំងឺ​កូវីដ១៩ ហើយ​ក៏​រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​ផង​ដែរ​ជុំវិញ​រឿង​នេះ ព្រោះ​អ្នកទោស​នយោបាយ​ទាំង​នោះ មិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ឡើយ។

ប្រពន្ធ​សកម្ម​ជន​បក្ស​ប្រឆាំង​រូប​នេះ បញ្ជាក់​ថា​លោក​ស្រី និង​គ្រួសារ​សកម្មជន​បក្ស​ឆាំង​ផ្សេង​ទៀត​នឹង​ទៅ​ជួប​មន្ត្រី​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ទី​ក្រុងភ្នំពេញ​នៅ​ថ្ងៃ​ស្អែក​នេះ ហើយ​លោក​ស្រី​នឹង​ចេញ​តវ៉ា​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​ប្ដី​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ ទោះ​បី​ស្ថាន​ភាព​រីក​រាល​ដាល​ជំងឺ​កូវីដ១៩ ក៏​ដោយ​ចុះ ព្រោះ​ប្តី​លោក​ស្រី​កំពុង​ជាប់​ឃុំ​ដោយ​អយុត្តិធម៌៖ «គ្រាន់​តែ​ចេញ​សម្ដែង​មតិ​ទៅ​ចាប់​គាត់​ទៅ​ដាក់​ឃុំ ខ្ញុំ​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង​ហ្មង ខ្ញុំ​ជឿ​ចិត្ត​ដែល​ប្ដី​ខ្ញុំ​គ្មាន​កំហុស​យក​ទៅ​ដាក់​គាត់ បែក​ពី​ប្រពន្ធ​កូន​យំ​រាល់​ថ្ងៃ​ចង់​ជួប​ឪពុក មិន​សុខ​ចិត្ត​ទេ​ដាក់​យក​ទៅ​ឃុំ​ឃាំង​ហើយ​ឥឡូវ​ឆ្លង​ពី​ជំងឺ​ហ្នឹង​ហើយ ខ្ញុំ​ចង់​សូម​ឱ្យ​រដ្ឋាភិបាល​ត្រូវ​តែ​គិត​ឡើង​វិញ ត្រូវ​តែ​យក​ប្ដី​ខ្ញុំ​ចេញ​មក​ក្រៅ​ឃុំ​មក​ព្យាបាល​ជំងឺ​ព្រោះ​អី​មិន​ឆ្លង​តិច​ទេ​ឆ្លង​ច្រើន»។

ចំណែក​ប្រពន្ធ​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ គឺ​លោក​ស្រី ហង្ស ផារី ប្រាប់​ថា លោក​ស្រី​បាន​ទទួល​ដំណឹង​ថា នៅ​ក្នុង​ពន្ធនាគារ​ឆ្លង​ផ្ទុះ​ជំងឺកូវីដ១៩ ដែល​ធ្វើ​ឱ្យ​លោកស្រី​ព្រួយ​បារម្ភ​ពី​សុខ​ទុក្ខ​របស់​ប្ដី​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​បន្ទប់​តូច​ចង្អៀត ពុំ​មាន​អនាម័យ​ជាដើម។ ស្ត្រី​វ័យ ៣៣ឆ្នាំ​រូប​នេះ​ប្រាប់​បន្ត​ថា រយៈ​ពេល​បី​ខែ​មក​ហើយ មន្ត្រី​ពន្ធនាគារ​មិន​ដែល​ផ្តល់​ដំណឹង​ណា​មួយ​ពី​សុខទុក្ខ​ប្ដី​របស់​លោក​ស្រី​ឡើយ។ លោក​ស្រី​ស្នើ​ឱ្យ​មន្ត្រី​ពន្ធនាគារ​គួរ​ឱ្យ​ប្តី​លោកស្រី​អាច​ទូរស័ព្ទ​មក​គ្រួសារ​អំឡុង​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​ក្នុង​ពន្ធនាគារ​នេះ ហើយ​លោក​ស្រី​ទទូច​ឲ្យ​តុលាការ​ដោះ​លែង​ប្ដី និង​អ្នក​ទោស​នយោបាយ​ទាំង​អស់ ដើម្បី​កុំ​ឱ្យ​ពួក​គាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩៖ «ប្រសិន​បើ​ជា​មាន​អ្នក​ឆ្លង​នៅ​ក្នុង​ហ្នឹង សូម​ឱ្យ​គាត់​ទាក់ទង​មក​ខាង​ក្រុម​គ្រួសារ​ប្រាប់​ព័ត៌មាន​ឱ្យ​បាន​ដឹង​ផង កុំ​ឱ្យ​អ្នក​នៅ​ក្នុង​នឹង​ឆ្លង​ក៏​ឆ្លង​ទៅ អី​ក៏​អី​ទៅ ក្រុម​គ្រួសារ​នេះ​អត់​បាន​ដឹង អ៊ីចឹង​មាន​សាច់​ញាតិ​មាន​បង​ប្អូន មាន​ប្រពន្ធ​គឺ​គាត់​អត់​បាន​ដឹង ចង់​ដឹង​ចង់​​សួរ​សុខ​ទុក្ខ​ប៉ុន្តែ​ខ្ញុំ​អត់​ដឹង​សួរ​សុខ​ទុក្ខ​ទៅ​តាម​ណា»។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា ដើម្បី​សុំ​ការ​បញ្ជាក់​បាន​ទេ នៅ​ថ្ងៃ​ទី២៧ ឧសភា​ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ទោះ​ជា​យ៉ាង​ណា​ការ​ផ្ទុះ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ពន្ធនាគារ​នេះ គ្រួសារ​ដែល​ឆ្លង​ជំងឺ​កូវីដ១៩ កំពុង​រង់ចាំ​ដំណឹង​សាច់​​ញាតិ​របស់​ពួក​គេ​ ដោយ​ទន្ទឹង​រង់​ចាំ​យ៉ាង​​អន្ទះសា ព្រោះ​​ពួក​គាត់​បាត់​​ដំណឹង​ពី​សាច់​ញាតិ​ច្រើន​ខែ​មក​ហើយ​។ ពួក​គាត់ បារម្ភ​​ថា​អ្នក​ជាប់​ឃុំ​​អាច​ប្រឈម​នឹង​ឆ្លង​និង​​​ស្លាប់​ដោយ​សារ​ជំងឺ​កូវិដ១៩ ព្រោះ​ពន្ធនាគារ​ចង្អៀត​ណែន ពុំ​មាន​អនាម័យ សុខ​ភាព​អ្នក​ជាប់​​ឃុំ​ទ្រុឌ​ទ្រោម និង​ជំងឺ​រាំរ៉ៃ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ​លោក​មិន​ទាន់​ទទួល​បាន​តួលេខ​ពិត​ប្រាកដ ឬ​ឈ្មោះ​អ្នក​ជាប់​ឃុំ​ដែល​ឆ្លង​ជំងឺ​កូវីដ១៩ ពី​ពន្ធនាគារ​ផ្លូវ​ការ ព្រោះ​ខាង​​ពន្ធនាគារ​មិន​អនុញ្ញាត​ឱ្យ​មន្ត្រី​សង្គម​ស៊ីវិល​ចូល​ឡើយ។ លោក​ថា សង្គម​ស៊ីវិល​បារម្ភ​ជា​ខ្លាំង​ចំពោះ​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ ហើយ​លោក​យល់​ថា គ្រួសារ​អ្នក​ជាប់​ឃុំ​ក៏​បារម្ភ​ផង​ដែរ ព្រោះ​ពួកគាត់​មិន​ទាន់​ទទួល​ដំណឹង​ពី​សាច់​ញាតិ​នៅ​ឡើយ។ លោក​ថា​អាជ្ញាធរ​ពន្ធនាគារ​គួរ​រក​វិធី​ឱ្យ​ពួកគាត់​អាច​សួរ​សុខ​ទុក្ខ​គ្នា។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ត​ទទូច​ឲ្យ​អាជ្ញាធរ​ពន្ធនាគារ ដោះ​លែង​អ្នក​ជាប់​ឃុំ ក្នុង​កម្រិត​ទោស​ស្រាល និង​អ្នក​ជាប់​ឃុំ​បណ្ដោះអាសន្ន ដើម្បី​កាត់​បន្ថយ​បញ្ហា​ប្រឈម​ការ​ឆ្លង​ចូល​ក្នុង​ពន្ធនាគារ៖ «ទៅ​លើ​បញ្ហា​ហ្នឹង​ហើយ បាន​យើង​ទាម​ទារ​ឱ្យ​ដោះ​ស្រាយ​បញ្ហា​ភាព​ចង្អៀត​ណែន​ហ្នឹង​ពី​ព្រោះ​ទី​មួយ​ភាព​ចង្អៀត​ណែន​នឹង​វា​អត់​អាច​អនុវត្ត​តាម​វិធាន​ការ​សុខាភិបាល​បាន​ទេ រឿង​គម្លាត​សង្គម​អី​វា​អត់​ទៅ​រួច​ទេ ទីពីរ​ទាក់​ទង​នឹង​បរិយាកាស អនាម័យ ឬ​ក៏​បញ្ហា​ផ្សេងៗ ទៀត ក៏​វា​ជា​បញ្ហា​ដែរ ហើយ​កាល​ណា​ចង្អៀត​ណែន ឆ្លង​តែ​មួយ​វា​ងាយ​ណាស់​បន្ត​គ្នា​នោះ»។

បច្ចុប្បន្ន​កម្ពុជា​មាន​អ្នក​ជាប់​ឃុំ សរុប​តាម​ពន្ធនាគារ​ទូទាំង​ប្រទេស ប្រមាណ​បួន​ម៉ឺន (៤០.០០០) នាក់។ តួ​លេខ​​នេះ នៅ​តែ​ជា​ចំនួន​ខ្ពស់ ដែល​បង្ហាញ​ពី​ភាព​ចង្អៀត​ណែន​តាម​ពន្ធនាគារ។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) និង​អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ (Amnesty International) បាន​អះអាង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា​កាល​ពី​ពេល​ថ្មីៗ នេះ​ថា ពួក​គេ​ទទួល​បាន​ព័ត៌មាន​សំងាត់​ថា មាន​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ប៉េហ្ស៊ី (PJ) ឬ​ពន្ធនាគារ​រាជធានី​ភ្នំពេញ រាប់​រយ​នាក់​បាន​ឆ្លង​ជំងឺ​កូវីដ១៩។ អង្គការ​ទាំង​ពីរ​ចោទ​ថា អាជ្ញាធរ​បាន​លាក់​ព័ត៌មាន​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​ពន្ធនាគារ ដោយ​បង្ហាញ​តួ​លេខ​អ្នក​ឆ្លង​តិច​តួច​បំផុត។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២៧ ឧសភា កម្ពុជា​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​ដល់ ១៩៤នាក់​ហើយ បន្ទាប់​ពី​អ្នក​ជំងឺ ៤នាក់​ទៀត បាន​ស្លាប់។ ចំណែក​តួ​លេខ​ឆ្លង​ថ្មី​វិញ មាន ៦៤៩នាក់​បន្ថែម​ទៀត ក្នុង​នោះ​ភាគ​ច្រើន​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។ រីឯ​អ្នក​ជា​សះ​ស្បើយ​វិញ មាន ៦២៦នាក់ នៅ​ថ្ងៃ​ដដែល​នេះ។ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ២ម៉ឺន ៧ពាន់នាក់ (២៧.៦៣៨) ក្នុង​នោះ អ្នក​ជា​សះ​ស្បើយ​មាន​ជាង ២០.៣៩៨​នាក់៕

No comments: