Monday, 14 June 2021

រដ្ឋាភិបាល​ច្រាន​ចោល​ព័ត៌មាន​ថា ចិន​គ្រប់គ្រង​ករណី​កូវីដ​នៅ​កម្ពុជា


ដោយ មាន ឫទ្ធិ
2021-06-13 rfa
ពលរដ្ឋ​ម្នាក់​កំពុង​ស្កែន ឃ្យូអ័រ កូដ (QR Code) ដែល​ជា​ប្រព័ន្ធ​ឆ្លើយតប​រហ័ស ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ របស់​រដ្ឋាភិបាល។
 AFP




ក្រសួង​ប្រៃសណីយ៍ និង​ក្រសួងសុខាភិបាល​ច្រានចោល​ការផ្សាយ​ព័ត៌មាន​របស់​សារព័ត៌មាន Asia Times ដែល​ចុះផ្សាយ​ថា ចិន​គាបសង្កត់​កម្ពុជា ដើម្បី​ទទួល​បាន​ទិន្នន័យ​ពី​ប្រព័ន្ធ QR Code ទប់ស្កាត់​កូវីដ​១៩ Stop Covid​។ មន្ត្រី​សិទ្ធិមនុស្ស​បារម្ភ​ថា បើ​ដូច​ការ​ផ្សាយ​ព័ត៌មាន​របស់​សារព័ត៌មាន Asia Times ពិតមែន នោះ​ការណ៍​នេះ អាច​ប៉ះពាល់​ដល់​អធិបតេយ្យ​​កម្ពុជា និង​សិទ្ធិ​ឯកជន​របស់​ពលរដ្ឋ​កម្ពុជា។

ក្រសួង​ប្រៃសណីយ៍​និង​ក្រសួងសុខាភិបាល​ចោទ​ប្រកាន់​ថា ការផ្សាយ​ព័ត៌មាន​របស់​សារព័ត៌មាន Asia Times ទាក់ទង​រឿង​ចិន​គ្រប់គ្រង​ករណី​កូវីដ​នៅ​កម្ពុជា​ជា​ការ​បំពុលសង្គម ញុះញង់​ក្នុង​គោល​បំណង​រារាំង​ការចូលរួម​របស់​ពលរដ្ឋ​ក្នុង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា។ សេចក្ដី​បំភ្លឺ​ចុះ​កាលពី​ថ្ងៃទី​១២ ខែមិថុនា របស់​ក្រសួង​ក្រសួង​ប្រៃសណីយ៍​ឱ្យ​ដឹង​ថា ក្រសួង​ប្រៃសណីយ៍​និង​ក្រសួង​សុខាភិបាល​ច្រាន​ចោល​ទាំងស្រុង​នូវ​ព័ត៌មាន​នេះ និង​ថ្កោលទោស​ដល់​ជន​មួយចំនួន​ដែល​ក្រសួង​ចោទ​ប្រកាន់​ថា ប្រឌិត​ព័ត៌មាន​មិន​ពិត។

ប្រតិកម្ម​បែបនេះ​ក្រោយពេល​សារព័ត៌មាន Asia Times ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង កាលពី​ថ្ងៃទី​១០ ខែមិថុនា ចុះផ្សាយ​អត្ថបទ​ជា​ភាសា​អង់គ្លេស​ថា ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាង វិនធៀន (Wang Wentian) បាន​ជួប​ជាមួយ​មន្ត្រី​កម្ពុជា ដើម្បី​ស្នើសុំ​ទិន្នន័យ​ឯកជន​របស់​ប្រជាពលរដ្ឋ​ដែល​កម្ពុជា​ប្រមូល​បាន​តាមរយៈ​ប្រព័ន្ធ QR Code។


ទោះ​យ៉ាងណា សេចក្ដី​បំភ្លឺ​ដដែល​បដិសេធ ថា ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ក្រសួង​សុខាភិបាល រហូត​មក​ដល់​ពេល​នេះ មិន​ធ្លាប់​ជួប ឬ​ទទួល​សំណើ​សុំ​យក​ទិន្នន័យ​ពី​ប្រព័ន្ធ QR Code ពី​សំណាក់​ឯកអគ្គរដ្ឋទូត​ចិន​នោះ​ទេ​។ ក្រសួង​ទាំងពីរ​ចោទ​ថា នេះ​គឺជា​ការ​មួលបង្កាច់ ប្រឌិត​រឿង និង​បំផ្លើស​ការ​ពិត​ទាំងស្រុង​។ ក្រសួង​ឱ្យ​ដឹង​ទៀត​ថា ប្រព័ន្ធ QR Code នេះ កត់ត្រា​លេខ​ទូរស័ព្ទ​តែមួយគត់​ដោយ​មិន​ប្រមូល​ទិន្នន័យ​ឯកជន​ផ្ទាល់ខ្លួន ឬ​គន្លង​ធ្វើ​ដំណើរ​របស់​អ្នកប្រើប្រាស់​នោះ​ទេ​ហើយ​ប្រព័ន្ធ​នេះ​ក៏​ប្រទេស​ផ្សេងៗ​ទៀត​ក៏​បាន​ប្រើប្រាស់​ដែរ។

ទាក់ទង​បញ្ហា​នេះ​វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌី​ន បានទេ​ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

រីឯ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​នៃ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត យល់ ថា បើ​ដូច​ការផ្សាយ​ព័ត៌មាន​របស់​សារព័ត៌មាន Asia Times មែន នោះ​ការណ៍​នេះ​អាច​ប៉ះពាល់​ដល់​អធិបតេយ្យ​កម្ពុជា និង​សិទ្ធិ​ឯកជន​របស់​ពលរដ្ឋ​កម្ពុជា​។ ប៉ុន្តែ លោក​ជឿជាក់​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ផ្ដល់​ទិន្នន័យ​ឯកជន​ភាព​របស់​ពលរដ្ឋ​ខ្លួន​ឱ្យទៅ​រដ្ឋ​បរទេស​នោះ​ទេ៖ «មិនអាច​ប្រទេស​ផ្សេង​មក​គ្រប់​គ្រង់​ប្រជាជន​ផ្សេង​គឺ​ប៉ះពាល់​អធិបតេយ្យភាព ហើយ​និង​ឯកជន​ភាព​របស់​គេ​ហើយ​បាទ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា គ្រាន់តែ​ព័ត៌មាន​មិន​ច្បាស់លាស់ ខ្ញុំ​ជឿ​ថា រដ្ឋាភិបាល​កម្ពុជា​ក៏​មិន​ព្រម​ដែរ​មាន​អ៊ីចឹង​នោះ​បាទ»។

ទោះ​យ៉ាងណា នេះ​មិនមែន​ជា​លើក​ទី​១​ដែល​សារព័ត៌មាន​អន្តរជាតិ​ចុះផ្សាយ​ពី​ការ​ជ្រៀតជ្រែក​នៃ​ឥទ្ធិ​ចិន​មក​លើ​កម្ពុជា​។ កន្លងទៅ​ក៏​មាន​សារព័ត៌​អន្តរជាតិ​ចុះផ្សាយ​ថា កម្ពុជា​ផ្ដល់​មូលដ្ឋាន​យោធា​រាម​ក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យ​កងទ័ព​ចិន​ឈរជើង ហើយ​មន្ត្រី​កម្ពុជា​រួម​ទាំង​មេ​ដឹក​រដ្ឋាភិបាល​តែង​ច្រានចោល​ការ​ចុះផ្សាយ​នោះ។ រីឯ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ទទួល​ស្គាល់​ថា​រដ្ឋាភិបាល​លម្អៀង​ទៅ​រក​ចិន។

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ បាន​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ QR Code ឈ្មោះ​ថា «​ទប់ស្កាត់​កូវីដ Stop Covid» ស្រប​ពេល​ដែល​មាន​ការ​ផ្ទុះ​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ចូលក្នុង​សហគមន៍​ជា​លើក​ទី​បី។ ក្រសួង​អះអាង​ថា តាមរយៈ​ប្រព័ន្ធ​នេះ សាធារណជន​អាច​ស្កេន​នៅ​ពេល​ចេញចូល​ទីតាំង​ដែល​មាន​មនុស្ស​ច្រើន ហើយ​អាច​ទទួល​បាន​ដំណឹង​ឆាប់រហ័ស ប្រសិនបើ​ទីតាំង​នោះ​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩។

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ថ្មីៗ​នេះ បាន​លើក​ឡើង​ពី​កង្វល់​របស់​ពួកគេ ជុំវិញ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ QR Code នៅ​កម្ពុជា ក្រោម​ហេតុផល​ថា ដើម្បី​តាមដាន​រក​ប្រភព​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩។ ពួកគេ​បារម្ភ​ថា វិធានការ​នេះ​អាច​បង្ក​ជា​ហានិភ័យ​ដល់​ព័ត៌មាន​ឯកជន​ភាព​របស់​ពលរដ្ឋ​កម្ពុជា ហើយ​អាច​ធ្វើ​ឲ្យ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ពួកគេ​ត្រូវ​បាន​លាតត្រដាង​ដោយ​គ្មាន​ការយល់ព្រម​ជាមុន ដែល​គឺជា​ការរំលោភ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ជាពិសេស​សិទ្ធិ​ឯកភាព​។ លើស​ពី​នេះ​ទៀត ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​ដដែល ក៏បាន​លើកឡើង​ពី​កង្វល់​របស់​ពួកគេ​បន្ថែម​ថា ការ​រក្សាទុក​ទិន្នន័យ​ប្រមូល​បាន​ពី​ប្រព័ន្ធ QR Code នេះ ទៅ​ក្នុង​ប្រព័ន្ធ​មូលដ្ឋាន​ទិន្នន័យ​មជ្ឈិម​របស់​រដ្ឋាភិបាល អាច​នឹង​ងាយ​ទទួលរង​គ្រោះ​ពី​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Cyber-attacks) ការ​លួច​ចូល​ទៅ​អាន​ទិន្នន័យ​ដោយ​គ្មាន​ការអនុញ្ញាត ឬ​ការ​តាម​ដាន​ឈ្លបយកការណ៍​ពី​សំណាក់​រដ្ឋាភិបាល​ជាដើម៕

No comments: