ដោយ ទីន ហ្សាការីយ៉ា
2021-06-14 rfa
ក្រុមអ្នកវិភាគនៅតែមានសុទិដ្ឋិនិយមថា គណបក្សសង្គ្រោះជាតិនៅតែរឹងមាំដដែល ទោះបីជាលោក ហ៊ុន សែន ព្យាយាមបំបែកបំបាក់ និងកម្ទេចយ៉ាងណាក៏ដោយ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គមបណ្ឌិត សេង សារី ឲ្យដឹងកាលពីថ្ងៃទី១៣ ខែមិថុនាថា លោក ហ៊ុន សែន ប្រើយុទ្ធសាស្រ្តទាំង ៥ របស់ខ្លួន ដើម្បីកម្ទេចបក្សប្រឆាំងក៏ដោយ ក៏មិនអាចទៅអាចរួចដែរ។ លោកបានលាតត្រដាងពីយុទ្ធសាស្រ្តទាំង ៥ នោះ គឺ «សំឡុត, ចរចា, ទិញទឹកចិត្ត, បំបែក, និងកម្ទេច»។ ទោះបីជាបែបនេះក្ដី បណ្ឌិត សេង សារី អះអាងថា យុទ្ធសាស្រ្តទាំង ៥ នេះ នឹងមិនបានជោគជ័យឡើយ៖ «តាំងពីឆ្នាំ១៩៩៥ មកគណបក្សប្រឆាំងអស់ស្រាយហើយ នៅតែសល់តែខ្លឹម។ ហើយបើសិនជាគណបក្សប្រឆាំងឆ្លងកាត់ដំណាក់កាលនះទៀត ដំណាក់កាលកម្ទេចនោះ គឺគណបក្សប្រឆាំង នឹងបានដឹកនាំរដ្ឋាភិបាលនៅពេលខាងមុខជាមិនខាន»។
ការលើកឡើងនេះ នៅក្រោយពីព្រះមហាក្សត្រព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងអ្នកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ជារដ្ឋលេខាធិការនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ ការតែងតំាងនេះ នៅបន្ទាប់ពីអ្នកស្រី បានវិលចូលកម្ពុជាវិញកាលពីថ្ងៃទី ១៤ឧសភា ក្រោយពីប្រមុខរដ្ឋស្តីទីលោក សាយ ឈុំ ចេញព្រះរាជក្រឹត្យលើកលែងទោសកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ តាមសំណើពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកស្រី ថាក់ ឡានី បាននិរទេសខ្លួនទៅប្រទេសស៊ុយអែត តាំងពីឆ្នាំ២០១៦ ភ្លាមៗក្រោយពីលោក ហ៊ុន សែន ដាក់ពាក្យប្តឹងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងការចោទថា លោកសម្លាប់អ្នកវិភាគឥតសំចៃមាត់ គឺបណ្ឌិត កែម ឡី។ បន្ទាប់មកសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសកំបាំងមុខ ផ្ដន្ទាទាទោសអ្នកស្រី ថាក់ ឡានី ឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ និង ៦ ខែ និងពិន័យ ៨ លានរៀល ព្រមទាំងសងសំណងជំងឺចិត្តលោក ហ៊ុន សែន ចំនួន ១០០ រៀលថែមទៀតកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកស្រី ថាក់ ឡានី ដើម្បីសួរអំពីបញ្ហានេះ បន្ថែមបានទេ កាលពីថ្ងៃទី១៣ ខែមិថុនា។
ទាក់ទងនឹងបញ្ហានេះបណ្ឌិត សេង សារី លើកឡើងថា គណបក្សកាន់អំណាចផ្ដល់តួនាទីឲ្យអ្នកស្រី ថាក់ ឡានី នេះ ដោយប្រើយុទ្ធសាស្រ្តទី៣ គឺការទិញទឹកចិត្ត ផ្ដល់ឋានៈតួនាទី ដើម្បីឲ្យមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះចុះចូលបំរើឆន្ទៈនយោបាយរបស់ខ្លួន ក្នុងទិសដៅបំបែកបំបាក់និងធ្វើឲ្យគណបក្សប្រឆាំងចុះខ្សោយ៖ «អ្នកស្រីមិនឆ្លងកាត់ការទិញទឹកចិត្តផ្ដល់តួនាទីទ្រព្យសម្បត្តិទេ បើសិនជាមនុស្សប្រុសគេអូសទាញតាមរយៈស្រីស្រាអីចឹងទៅ ហើយគណបក្សប្រឆាំងប្រជាជនកម្ពុជាមិនប្រើប្រាស់អ្វីក្រៅពីយុទ្ធសាស្រ្តទាំង ៥ នេះទេ»។
ករណីអ្នកស្រី ថាក់ ឡានី ជាមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំង ដែលចុះចូលជាមួយគណបក្សកាន់អំណាចនេះ មិនមែនជាមនុស្សទី១ទេ។ កន្លងមកក៏មានឱពុក និងកូន ដែលជាមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាដែរ គឺលោក គង់ គាំ ជាមន្រ្តីជាន់ខ្ពស់គណបក្សសម រង្ស៊ី កាលពីមុន សព្វថ្ងៃបានប្ដូរឈ្មោះជាគណបក្សភ្លើងទៀនវិញ។ លោក គង់ ប៉ូរ៉ា ជាកូនប្រុសរបស់លោក គង់ គាំ ដែលជាតំណាងរាស្រ្តជាប់ឆ្នោតគណបក្សសង្រ្គោះជាតិមណ្ឌលព្រៃវែង ក៏ចុះចូលជាមួយគណបក្សកាន់អំណាចដែរ កាលពីឆ្នាំ២០១៩។ លោក គង់ បូរ៉ា ត្រូវបានព្រះមហាក្សត្រតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។
នៅមានមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិជាង ២០ នាក់ទៀត បានសុំសិទ្ធិធ្វើនយោបាយឡើងវិញជាបន្តបន្ទាប់។ អ្នកខ្លះក្នុងចំណោមអ្នកទាំងនោះ បានបង្កើតគណបក្សថ្មី និងអ្នកខ្លះទៀតមកទល់ពេលនេះ មិនទាន់ប្រកាសថា ទៅចូលរួមធ្វើនយោបាយជាមួយគណបក្សណាមួយនៅឡើយ។
អនុប្រធានគណបក្សសង្រ្គោះជាតិលោក អេង ឆៃអ៊ាង កំពុងរស់នៅភៀសខ្លួននៅសហរដ្ឋអាមេរិកមានប្រសាសន៍ថា សមាជិកគណបក្សប្រឆាំងដែលចាកចេញពីបក្ស ឬទៅសុំសិទ្ធិធ្វើនយោបាយពីរបបលោក ហ៊ុន សែន នោះ គឺជារឿងបុគ្គលទេ។ ប៉ុន្តែលោកអះអាងថា សមាជិកគណបក្សប្រឆាំងណាដែលទៅចុះចូលជាមួយគណបក្សកាន់អំណាច ជាការបំផ្លាញជីវិតនយោបាយខ្លួនឯងទៅវិញទេ៖ «បើសហការីណាទៅចាកចេញពីបក្សជាសិទ្ធិ ខ្ញុំមិនអាចទៅរារាំងពួកគេទេ តែចំពោះខ្ញុំនឹងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិដទៃទៀតនឹងបន្តបេសកម្មគណបក្សសង្រ្គោះជាតិទៅមុខទៀត»។
ទាក់ទងនឹងបញ្ហានេះ អ្នកវិភាគនយោបាយនិរទេសខ្លួននៅក្រៅប្រទេសលោក គឹម សុខ លើកឡើងថា ដំណាក់កាលនេះគណបក្សប្រឆាំងនៅមិនទាន់ហួសពេលឡើយ។ លោកបន្ថែមថា គណបក្សប្រឆាំងត្រូវតែបញ្ឈប់ការវាយប្រហារគ្នា និងស្វះស្វែងរកផ្លូវរួបរួមគ្នាឡើងវិញ ដើម្បីទប់ទល់នឹងផែនការរបស់លោក ហ៊ុន សែន ដែលបំបែកបំបាក់នេះ៖«គ្មានអ្វីក្រៅពីអនុគ្រោះគ្នាទេ គឺទោះជាអ្នកមិនសុំសិទ្ធិក៏ដោយត្រូវរកច្រករួមកម្លាំងគ្នាឡើងវិញដើម្បីទប់ទល់នឹងការបំបែកបំបាក់នេះ»។
ក្រុមអ្នកវិភាគអះអាងថា ទោះបីជាលោក ហ៊ុន សែន ប្រើប្រាស់យុទ្ធសាស្រ្ត សំឡុត គំរាមគំហែង បំបែក ទិញទឹកទឹកចិត្ត និងគម្ទេច យ៉ាងណាក៏ដោយក៏ទីបំផុតទៅនៅតែមិនអាចសំរេចគោលដៅរបស់ខ្លួនបានដែរ ពីព្រោះថា មកទល់ពេលនេះ មេដឹកនាំគណបក្សប្រឆាំងនៅតែអះអាងថា កឹម សុខា សម រង្ស៊ី នៅតែជាមនុស្សតែមួយដដែល។ រីឯសកម្មជនមូលដ្ឋានក្រុមប្រឹក្សា ឃុំ សង្កាត់ ស្រុក ខណ្ឌ រាជធានីខេត្ត ក៏មិនទៅចុះចូលជាមួយគណបក្សកាន់អំណាចច្រើនដែរ ទោះបីជាកន្លងមកលេចចេញសារបែកធ្លាយរបស់លោក ហ៊ុន សែន តាមកម្ទេចបណ្ដាញគណបក្សប្រឆាំងតាមមូលដ្ឋាន ថាងើបមួយវាយមួយក៏ដោយ៕
1 comment:
It is time for Khmer people to make a move for the CNRP's reinstatement.
The CNRP will not come back by itself, it requires sacrifice from Khmer people.
Kem Min Sok Kha should lead the move by opening his mouth denouncing the unconstitutional dissolution of the CNRP.
Post a Comment