Wednesday, 2 June 2021

ក្រុម​​​អ្នក​​​ច្បាប់​​​អាមេរិក​​ រក​​ឃើញ​​​ថា​​ តុលាការ​​​កម្ពុជា​​​ គឺជា​​​ឧបករណ៍​​​នយោបាយ​​


ដោយ មួង ណារ៉េត
2021-06-02 rfa
ក្រុម​​​អ្នក​​​ច្បាប់​​​អាមេរិក​​ រក​​ឃើញ​​​ថា​​ តុលាការ​​​កម្ពុជា​​​ គឺជា​​​ឧបករណ៍​​​នយោបាយ​​ 

សាលាដំបូងរាជធានី​ភ្នំពេញ ជា​តុលាការ​ជាន់​ទាប​មួយ កាត់​ក្ដី​ករណី​ទូទៅ ​នៅ​រាជធានី​ភ្នំពេញ ដែល​​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា។
រូប៖ RFA 050217


ក្រុម​អ្នក​​ច្បាប់​អាមេរិក​​នៃ​​កម្មវិធី​​ឃ្លាំមើល​ភាពយុត្តិធម៌​នៃ​ការ​ជំនុំ​ជម្រះ​ក្ដី​ ដែល​ជា​ផ្នែក​មួយ​​នៃ​​មូល​និធិ​ដើម្បី​គម្រោង​​យុត្តិធម៌​​អាមេរិក​ (​Clooney​ Foundation​ for​ Justice​ Initiative​)​ ​និង​​ដែល​ជា​ដៃ​គូ​ជា​មួយ​​គណៈ​មេធាវី​អាមេរិក​​ផង​ បាន​តាម​ដាន​​ដំណើរការ​ក្តី​​នៅ​​កម្ពុជា​។​

ក្រុម​នេះ​​បាន​​ចេញ​របាយការណ៍​កម្រាស់​ ១៨​ ទំព័រ​ កាល​ពី​ចុង​ខែ​ឧសភា​ ដោយ​​រក​ឃើញ​​ការ​រំលោភ​បំពាន​​​សិទ្ធិ​របស់​សកម្មជន​​សង្គម​ និង​​​នយោបាយ​ ដែល​ត្រូវ​តុលាការ​​​កោះ​ហៅ​ឲ្យ​​ឡើង​​តុលាការ​​ជាក្រុម​ ដែល​មាន​​គ្នា​​ជិត​ ៥០​ នាក់​ ពី​​បទ​ញុះញង់​​ឱ្យ​​មាន​​ភាព​​វឹកវរ​​​​ដល់​​​សន្តិសុខ​​​សង្គម​ និង​​​សម​គំ​និត​ក្បត់​។​ ក្នុង​នោះ​ មាន​កញ្ញា​ សេង​ ធារី​ ដែល​ជា​ពលរដ្ឋ​ខ្មែរ​មាន​​សញ្ជាតិ​អាមេរិក​ និង​​​ជា​មេធាវី​​មួយ​​រូប​​​ផងនោះ​។​


បទចោទ​ស្តី​ពី​​ការ​ញុះញង់​ និង​សម​គំនិត​ក្បត់​​នេះ​ ជា​បទចោទ​​ដែល​មាន​​ប្រជាប្រិយ​ជាង​គេ​​នៅ​​កម្ពុជា​ ដែល​តុលាការ​​​យក​​មក​ប្រើ​​ដើម្បី​ចោទ​​ប្រកាន់​​អ្នក​​ហ៊ាន​រិះគន់​​រដ្ឋាភិបាល​។​ ជារឿយៗ​​តុលាការ​ ជ្រើស​រើស​យក​​វិធី​​មិន​ចាំបាច់​​ពន្យល់​​អ្វី​ទាំងអស់​ ហើយ​ចោទ​ និង​​​ចាប់​​មនុស្ស​​ជាក្រុម​​ធំ​​​ថែម​​ទៀត​​ផង​។​

CNRP_In_Prision.jpg
រថយន្តដឹកសកម្មជនគណបក្សសង្គ្រោះជាតិមកឡើងសវនាការកាត់ទោសនៅតុលាការសាលាដំបូងរាជធានីភ្នំពេញនាពេលកន្លងមក។

ក្រុម​អ្នក​​ច្បាប់​​អាមេរិក​រក​ឃើញ​ថា ​​អាជ្ញាធរ​មិន​ខ្វល់ខ្វាយ​ក្នុង​ការ​​ពន្យល់​អំពី​បទចោទ​ទាំងនេះ​ដល់​កញ្ញា​​ សេង​ ធារី​ នោះ​ឡើយ​។​ មិន​តែ​​ប៉ុណ្ណោះ​ តុលាការ​ខក​ខាន​​ក្នុង​ការ​​បំពេញ​​ឲ្យ​បាន​​​ត្រឹម​ត្រូវ​​​តាម​នីតិវិធី​ច្បាប់​ ដោយ​​សូម្បី​តែ​ក្នុង​ដីកា​​បញ្ជូន​រឿង​ទៅ​​ជំនុំជម្រះ​ ក៏​គ្មាន​រៀបរាប់​​អំពី​​អំពើ​ និង​​សកម្មភាព​​រប​ស់​​កញ្ញា​ សេង​ ធារី​ ក្នុង​​សកម្មភាព​ និង​​​អំពើ​​ញុះញង់​ និង​​សម​គំនិត​​ក្បត់​ ដូចការ​​ចោទ​ប្រកាន់​នោះ​​ឡើយ​ គឺ​គ្រាន់​​តែ​​សរសេរ​ឈ្មោះ​​កញ្ញា​ប៉ុណ្ណោះ​។​

ជាងនេះ​ទៅ​ទៀត​ ពួក​គាត់​រក​ឃើញ​ថា​ តុលាការ​កម្ពុជា​​មិន​ត្រឹម​តែ​​រំលោភ​ច្បាប់​​ជាតិ​ទេ​ គឺ​បំពាន​បទដ្ឋាន​​អន្តរជាតិ​ទៅ​ទៀត​ ក្នុង​ការណ៍​​ដែល​​មន្រ្តី​​តុលាការ​​បដិសេធ​​សំណើ​របស់​​កញ្ញា​ សេង​ ធារី​ ដែល​ស្នើ​សុំ​​ឯកសារ​​សំណុំ​រឿង​ ដោយ​​​តុលាការ​​យក​​លេស​​ថា​ កញ្ញា​មិន​​អាច​ការពារ​​ក្តី​ដោយ​​ខ្លួន​​ឯង​ ដោយ​​​គ្មាន​​មេធាវី​ ទើប​តុលាការ​​​មិន​ផ្តល់​​ឯកសារ​​សំណុំរឿង​។

ក្រោយ​​តុលាការ​​កោះហៅ​​លើក​​ដំបូង​អស់​រយៈពេល​ ៦​ ខែ​ ប៉ុន្តែ​កញ្ញា​ សេង​ ធារី​ នៅ​តែ​​គ្មាន​ទទួល​បាន​ឯក​សារ​​​តុលាការ​អំពី​បទចោទ​​ទាំង​នេះ​កញ្ញា​ សេង​ ធារី​ សន្និដ្ឋាន​​ថា​ តុលាការ​ទំនង​​ជា​ចោទ​​ប្រកាន់​​កញ្ញា​ អំពី​ការ​រិះគន់​​លោក​នាយក​ដ្ឋមន្រ្តី​ ហ៊ុន​ សែន​។ ការ​សន្និដ្ឋាន​បែប​​នេះ ​គឺ​យោង​លើ​​អង្គហេតុ​ដែល​​តុលាការ​​​ចោទ​សួរ​​ជន​​ជាប់​ចោទ​​ផ្សេង​​ទៀត​ ដោយ​​គ្រាន់​​តែ​​ពួកគាត់​​បញ្ចេញ​​មតិ​រិះគន់​​រដ្ឋាភិបាល​តាម​បណ្ដាញ​​សង្គម​ហ្វេស​ប៊ុក​ និង​​​ការ​ចុច​ចូល​​ចិត្ត​ ឬ​ likes​ ព័ត៌មាន​អំពី​ប្រធាន​​ស្តី​​ទី​​គណបក្ស​សង្គ្រោះ​ជាតិ​​លោក​ សម​ រង្ស៊ី​។​

CNRP_Court.jpg
 

ទិដ្ឋភាព​ពលរដ្ឋ​តាមដាន​សវនការ​ នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ លើ​សំណុំ​រឿង​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ១០០ នាក់ នៅ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ (Photo courtesy)

តាម​ពិត​សិទ្ធិ​បញ្ចេញ​មតិ​នេះ​ មាន​ធានា​ដោយ​​ច្បាប់​កំពូល​កម្ពុជា​។​ មាត្រា​ ៤១​ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ចែង​ថា ​ប្រជា​ពលរដ្ឋ​​ខ្មែរ​​ មាន​​សេរីភាព​​ខាង​ការ​​បញ្ចេញ​​មតិ​​របស់​​ខ្លួន​​ សេរីភាព​​ខាង​​សារព័ត៌​មាន​​​ សេរីភាព​​ខាង​​ការ​​បោះ​ពុម្ព​​ផ្សាយ​​ សេរីភាព​​ខាង​​ការ​​ជួប​​ប្រជុំ​។​

ទាំង​​​រដ្ឋ​ធម្មនុញ្ញ​​ និង​​​ក្រម​​នីតិ​វិធី​​​ព្រហ្មទណ្ឌ​​​កម្ពុជា​​ សុទ្ធ​តែ​​​មាន​​​ចែង​​ អំពី​​​គោល​ការណ៍​​​នៃ​​​ការ​​ជំនុំ​ជម្រះ​​ក្ដី​​​ដោយ​​​យុត្តិធម៌​​ ដែល​​​រួម​មាន​​​ទាំង​​​សិទ្ធិ​​​ការពារ​​ក្ដី​​។ មាត្រា​ ៣៨​ នៃ​​រដ្ឋធម្មនុញ្ញ​​កម្ពុជា​​ចែង​ថា​ ជន​​គ្រប់​​រូប​​មាន​​សិទ្ធិ​​ការពារ​​ខ្លួន​​តាម​​ផ្លូវ​​តុលាការ​។ សិទ្ធិ​​ការ​ពារ​​ខ្លួន​​នេះ​ ចែក​​ចេញ​​ជា​​ពីរ​​បន្ត​​ទៀត​ គឺ​​សិទ្ធិ​​ការពារ​​ក្ដី​​ដោយ​​ខ្លួន​ឯង​ ដោយ​​មិន​​ចាំបាច់​​មាន​​មេធាវី​​ និង​​សិទ្ធិ​​មាន​​ជំនួយ​​របស់​​មេធាវី​ ដូច​មាន​​ចែង​​ក្នុង​​មាត្រា​ ៣០១​ នៃ​​ក្រម​​នីតិវិធី​​ព្រហ្មទណ្ឌ​​កម្ពុជា​​។​

ក្រុម​អ្នក​ច្បាប់​អាមេរិក​យល់​ថា​ ការណ៍​ដែល​តុលាការ​កម្ពុជា​មិន​ពន្យល់​លម្អិត​អំពី​បទចោទ​ដល់​ជន​ជាប់ចោទ​​ ចោទ​និង​​ចាប់​មនុស្ស​​ជា​ក្រុម​ធំ​ និង​ប្រើ​ច្បាប់​ដែល​មាន​ភាព​ស្រពិច​ស្រពិល​បែប​នេះ​ បង្ហាញ​​ឲ្យ​ឃើញ​នូវ​ប្រព័ន្ធ​តុលាការ​​ដែល​មិន​ឯករាជ្យ​ និង​​គ្មាន​យុត្តិធម៌​។​

ដូច​គ្នា​នេះ​ដែរ​ មន្រ្តី​សង្គម​ស៊ីវិល​ជាតិ​ ដែល​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា​ ក៏​មើល​ឃើញ​អំពី​ភាព​ឆកល្វែង​​ និង​​ការ​អនុវត្ត​​ស្តង់ដា​ពីរ​​របស់​ប្រព័ន្ធ​តុលាការ​​​កម្ពុជា​​នេះ​​ដែរ​។​ អ្នក​នាំ​ពាក្យ​សមាគម​អាដហុក​លោក​ ស៊ឹង​ សែន​ករុណា​ ថា​​រាល់​ករណី​ដែល​ពាក់ព័ន្ធ​នឹង​​អ្នក​បញ្ចេញ​មតិ​​រិះគន់​រដ្ឋាភិបាល​ មិន​ថា​ អ្នក​រិះ​គន់​ជា​សកម្មជន​​បក្ស​​ប្រឆាំង​ មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ ឬ​សកម្មជន​បរិស្ថាន​ និង​​សង្គម​នោះ​ទេ​ គឺ​តុលាការ​​តែង​តែ​ចោទ​ប្រកាន់​ពួកគាត់​​ពី​បទ​ញុះញង់​ ឬ​រួម​គំនិត​​ក្បត់​​នេះ​​៖ «អង្គការ​សង្គម​ស៊ីវិល​​យើង​​ខាង​ក្នុង​​ប្រទេស​ និង​​អង្គការ​​តំបន់​ អង្គការ​​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​បន្តបន្ទាប់​ហើយ​ ថា​ការ​ប្រើប្រាស់​ច្បាប់ ​និង​​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​ការ​ចោទ​ប្រកាន់​ ឬ​បើក​សវនាការ​​លើ​អ្នក​ទាំងអស់​នោះ​  គឺ​ជា​ករណី​ពាក់ព័ន្ធ​នឹង​​រឿង​​នយោបាយ​​ហ្នឹង​​ច្រើន​ជាង​»។

ដូចគ្នា​នេះ​ដែរ​​កញ្ញា​ សេង​ ធារី​ ថា​បើ​តុលាការ​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ត្រឹម​ត្រូវ​ កញ្ញា​មិន​ពិបាក​ក្នុង​ការ​តតាំង​ក្ដី​នោះ​ទេ​ ព្រោះ​កញ្ញា​ជា​មេធាវី​ និង​​បាន​យល់​ដឹង​ច្រើន​អំពី​កិច្ច​ដំណើរការ​នីតិវិធី​តាម​ផ្លូវ​ច្បាប់​ច្រើន​គួរ​សម​ល្មម​អាច​ការពារក្ដី​ដោយ​ខ្លួន​ឯង​ ដោយ​​ចាំ​បាច់​មាន​មេធាវី​ផង​។​

ប៉ុន្តែ​ជា​អកុសល​ កញ្ញា​ថា ​ប្រព័ន្ធ​តុលាការ​​នៅ​ប្រទេស​ផ្តាច់ការ​ គេ​ប្រើ​ស្នៀត​ដដែលៗ​បែប​នេះ​ឯង​ ដើម្បី​ធ្វើ​បាប​ពលរដ្ឋ​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​។​ កញ្ញា​ថា​​ដោយ​សារ​​​តែ​​​តុលាការ​ ក្លាយ​ជា​ឧបករណ៍​នយោបាយ​របស់​បក្ស​កាន់​អំណាច​ ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​សំឡេង​ប្រឆាំង​ កញ្ញា​ត្រូវ​ទប់​ទល់​ប្រព័ន្ធ​តុលាការ​បែប​នេះ​ តាម​រូបភាព​​ពីរ​​បែប​ គឺ​ទី​មួយ​តតាំង​តាម​នីតិវិធី​តុលាការ​ និង​​ទីពីរ​​តតាំងក្តី​តាម​រូបភាព​នយោបាយ​ ព្រោះ​វា​លែង​មាន​យុត្តិធម៌​ហើយ​សម្រាប់​កញ្ញា​៖ «អំពី​យុត្តិធម៌​ វា​ហួស​​ពេល​វេលា​ហើយ​ ពី​​ព្រោះ​រឿង​ហ្នឹង​​វា​អយុត្តិធម៌​តាំងពី​ជំហាន​ទីមួយ​ ក្នុង​ការចោទ​ខ្ញុំ​។ ដូច្នេះ​ពេល​ខ្ញុំ​ឆ្លើយ​តប​ ខ្ញុំ​ឆ្លើយតប​ក្នុង​ការ​លេង​សើច​ម្ខាង​ និង​​ជាក់​ស្ដែង​ម្ខាង​​ដោយ​​​តាម​​នីតិវិធី​ច្បាប់​។​ វា​ជា​ការ​ចាំបាច់​ បើ​គេ​លេង​ល្ខោន​ច្បាប់​ ខ្ញុំ​ត្រូវ​​ការ​ចូល​ក្នុង​ឆាក​ល្ខោន​ច្បាប់​ហើយ​។​ ប៉ុ​ន្តែ​បើ​យើង​មើល​ពី​ចម្ងាយ​ យើង​​ឃើញ​ថា​ រូបភាព​ធំ​ដុំ​ មិន​មែន​ជា​តុលាការ​​ជាក់ស្តែង​ទេ​ វា​គ្រាន់​តែ​ជា​ល្ខោន​នយោបាយ​»។

Seng_Theary_Court.jpg
 

កញ្ញា សេង ធារី មេធាវី​អន្តរជាតិ និង​ជា​ស្ថាបនិក​មជ្ឈមណ្ឌល​អប់រំ​ដើម្បី​ពលរដ្ឋ​ខ្មែរ​ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ (Photo courtesy)

 

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ សំណុំរឿង​របស់​កញ្ញា​ សេង​ ធាវី​ នៅ​ទ្រឹង​មួយ​កន្លែង​ ក្រោយ​តុលាការ​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ​ប្រកាស​​ផ្អាក​សវនាការ​ដោយ​​គ្មាន​កាល​កំណត់​ ដោយសារតែ​ការរីករាលដាល​​នៃ​​ជំងឺ​កូវីដ​-​១៩​។​

ក្រោយ​រដ្ឋាភិបាល​ដក​បម្រាម​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ​កាល​ពី​ខែ​ឧសភា​​ តុលាការ​បាន​ចាប់​ផ្តើម​បើក​សវនាការ​ឡើង​វិញ​ ប៉ុន្តែ​រឿង​ក្តី​របស់​កញ្ញា​ សេង​ ធារី​ នៅតែ​មិន​ទាន់​​លឺ​ដំណឹង​ថា ​នឹង​​ចាប់​ផ្តើម​ឡើង​វិញ​នៅ​ពេល​ណានោះ​ឡើយ​។​

វិទ្យុ​អាស៊ីសេរី​ មិន​អាច​សុំ​ការបំភ្លឺ​រឿង​នេះ​ពី​​អ្នក​នាំ​ពាក្យ​តុលាការ​​ក្រុង​ភ្នំពេញ​លោក​ អ៊ី​ រិន្ទ​ បាន​ទេ​។​ វិទ្យុ​អាស៊ីសេរី​ ក៏​មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​​​យុត្តិធ​ម៌​លោក​ ជិន​ ម៉ាលីន​​ ជុំវិញ​របាយការណ៍​របស់​ក្រុម​អ្នក​ច្បាប់​អាមេរិក​នោះ​បាន​នៅ​ឡើយ​ដែរ​។ ប៉ុន្តែ កន្លង​មកមន្រ្តីក្រសួង​យុត្តិធម៌តែងតែ​អះអាង​ថា តុលាការ​កម្ពុជា ជាតុលាការ​ឯករាជ្យ និង​អនុវត្ត​នីតិវិធី​តាមច្បាប់​កំណត់។

ផ្ទុយពី​ការអះអាង​របស់​មន្រ្តីក្រសួង​យុត្តិធម៌ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​រំលោភច្បាប់​ជាងគេ​បំផុត ឈរ​នៅ​លេខរៀងទី ​១២៧ ជាប់​បាត​តារាង ក្នុងចំណោម​​ប្រទេស​ ១២៨ ​ប្រទេស​នៅ​លើ​ពិភពលោក ក្នុង​សន្ទស្សន៍​នៃ​ការ​គោរព​ច្បាប់​ឆ្នាំ ​២០២០ របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project)។

បើ​ទោះជា​ដឹងថា ប្រព័ន្ធតុលាការ​កម្ពុជា គ្មាន​យុត្តិធម៌ ក៏​កញ្ញា សេង ធារី ថាកញ្ញារីករាយ​នឹង​បន្តកំដរ​តតាំងក្តី និង​តស៊ូមតិ​យូរតទៅ​ទៀត មិនថា​ ត្រូវប្រថុយ​ប្រថាន​​គ្រោះថ្នាក់​ប៉ុនណានោះ​ឡើយ​ ព្រោះ​កញ្ញា​ចង់​ផ្ញើសារ​ដល់​អ្នកដែលរងការរំលោភ​បំពាន​សិទ្ធិ​ទាំងអស់ ឲ្យបាន​ដឹងថា មានតែការ​តស៊ូ​រើបម្រះ​នឹង​អំពើ​អយុត្តិធម៌​​នេះ​​តែ​ប៉ុណ្ណោះ ទើបអាចមាន​ការផ្លាស់​ប្តូ​រ​​ជា​វិជ្ជមាន៖ «ខ្ញុំរីករាយក៍មកពីខ្ញុំយក​ករណីខ្ញុំមិនមែន​គ្រាន់​តែការខ្លួនខ្ញុំ ខ្ញុំចង់​ជះឥទ្ធិពល​ក្នុងការ​ការពារ​បងប្អូនយើង​ផ្សេងទៀត ដែល​អត់​មាន​សំឡេង​​ក្នុងឆាក​អន្តរជាតិ»។

រីឯ​ក្រុម​អ្នក​ច្បាប់​អាមេរិ​ក​វិញ​ ក្រុម​នេះ​ក៏​បាន​រម្លឹក​ឲ្យ​កម្ពុជា​ គួរ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​ឡើង​វិញ​ ដើម្បី​ឲ្យ​តុលាការ​​មាន​ភាព​ឯករាជ្យ​ រួច​ផុត​ពី​ឥទ្ធិពល​នយោបាយ​ ហើយ​ឈប់​ប្រើ​ប្រាស់​ច្បាប់​ស្រពិច​ស្រពិល​ និង​ឈប់​ចាប់​មនុស្ស​ទាំង​ហ្វូង​ឲ្យ​ឡើង​តុលាការ​ ដែល​គ្រាន់​តែ​ពួកគាត់​បញ្ចេញ​មតិ​រិះ​គន់​រដ្ឋា​ភិបាល​បែប​នេះ​តទៅ​ទៀត​ បើ​កម្ពុជា​ចង់​ស្តារ​ប្រព័ន្ធ​យុត្តិធម៌​៕​

1 comment:

Anonymous said...

Don't be so stupid. Ah Yuon Kantorb and Ah Kwack have been using the Khmer judiciary system as their tools to suppress Khmer people since the evil Yuon took over Cambodia in 1979.