Monday, 21 June 2021

តុលាការ​សម្រេច​ចោទ​​សកម្មជន​​បរិស្ថាន ​៤ ​នាក់​ពី​បទ​ប្រមាថ​​ព្រះមហាក្សត្រ ​និង​​រួម​គំនិត​ក្បត់


ដោយ មាន ឫទ្ធិ
2021-06-20 rfa
តុលាការ​សម្រេច​ចោទ​​សកម្មជន​​បរិស្ថាន ​៤ ​នាក់​ពី​បទ​ប្រមាថ​​ព្រះមហាក្សត្រ ​និង​​រួម​គំនិត​ក្បត់  

យុវជនបរិស្ថានទាំង ៣ នាក់ រួមមាន កញ្ញា ស៊ុន រដ្ឋា ​លោក យីម លាងហ៊ី និងលោក លី ចាន់ដារ៉ាវុធ ត្រូវបានដឹកតាមរថយន្តមកកាន់តុលាការក្រុងភ្នំពេញ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។
រូប៖ Alejandro ​Gonzalez Davidson



ព្រះរាជអាជ្ញា​​សាលា​ដំបូង​​រាជធានីភ្នំពេញលោក សេង ហៀង ​ចោទប្រកាន់​ជាផ្លូវការ ​ស្ថាបនិក​និង​សមាជិក​ចលនាមា​តាធម្មជាតិចំនួន​ ៤នាក់ ​ពីបទ​ប្រមាថ​ព្រះ​មហាក្សត្រ​ និងរួម​គំនិត​ក្បត់​ ហើយ​បាន​បញ្ជូន​សំណុំរឿង​បន្តទៅ​ចៅក្រម​ស៊ើបសួរ។ សកម្មជន​បរិស្ថាន​ទាំង ៤នាក់​នេះ ​រួមមាន ​លោក អាឡិច​ហាន់​ដ្រូ ហ្គន់​ស្សា​ឡេសឌេវីសុន  (Alejandro ​Gonzalez Davidson)​ ដែល​កំពុងរស់នៅក្រៅប្រទេស​ និង​សកម្មជន​បរិស្ថានវ័យ​ក្មេង ៣នាក់ ដែល​ត្រូវបាន​​សមត្ថកិច្ច​ចាប់​ខ្លួន​ ​គឺ​កញ្ញា ស៊ុន រដ្ឋា ​លោក លី ចាន់ដារ៉ាវុធ​ និង​លោក យីម លាងហ៊ី។

មេធាវីការពារក្តីឲ្យ​សកម្មជនបរិស្ថាន ​៣រូប​ គឺលោក សំ សុគង់ ​ប្រាប់​វិទ្យុអាស៊ីសេរី​ថា​ ចៅក្រមស៊ើបសួរ ​មិនទាន់​បន្តនីតិវិធី​នៅឡើយ​ ដោយសារតែយប់​ ដូច្នេះតុលាការ​​បានបញ្ចូន​កូនក្តីរបស់លោកទាំង ៣ នាក់ទៅឃុំខ្លួនបន្តនៅអគ្គស្នងការ​រដ្ឋាន​នគរបាលជាតិ​មួយយប់ទៀត ​ដើម្បីរង់ចាំបន្តនីតិវិធី​នៅថ្ងៃច័ន្ទ។​ លោក​បន្តថា ​ចំពោះ​​ការ​​ចោទ​​ប្រកាន់​​​របស់​​ព្រះរាជ​​អាជ្ញា​​លើ​​កូន​​ក្តី​​របស់​​លោក​​នេះ​ គឺ​​មិន​​អាច​ទទួល​យក​បាន​ទេ ​ព្រោះពួក​គាត់​គ្រាន់តែ​ធ្វើសកម្មភាព​ការងារ​បរិស្ថាន​ប៉ុណ្ណោះ៖ «ការធ្វើចលានាដើម្បីការពារធនធានធម្មជាតិនេះ ក៏ជាសិទ្ធិរបស់យុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលធានានៅក្នុងកតិការសញ្ញាស្តីពីសិទ្ធិ ពលរដ្ឋនិងសិទ្ធិនយោបាយ ក៏ដូចជារដ្ឋធម្មនុញ្ញផងដែរ ទាក់ទងនឹងសិទ្ធិបង្កើតសមាគម និងចលនាផ្សេងៗ ដើម្បីចូលរួមការពារផលប្រយោជន៍អ្វីមួយរបស់ជាតិ។ ខ្ញុំគិតថា មកដល់ពេលនេះទោះបីព្រះរាជអាជ្ញា ចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់ក៏ដោយ ប៉ុន្តែនៅមានចៅក្រមស៊ើបសួរ នឹង​បន្ត​ការស៊ើ​ប​អង្កេត​ពាក់ព័ន្ធ​នឹង​បទចោទ​នេះ​បន្ថែម​ទៀត ដើម្បីស្វែងរកការពិត»។


តាមមាត្រ ៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌចែងថា ការប្រមាថព្រះមហាក្សត្រ ត្រូវផ្តន្ទា​ទោសដាក់ពន្ធនាគារ​ពី ១ឆ្នាំទៅ ៥ឆ្នាំនិងពិន័យជាប្រាក់ ២លានរៀល​ទៅ ១០​លានរៀល។ ចំណែក​មាត្រា​ ៤៥៣ នៃក្រម​ព្រហ្ម​ទណ្ឌ​ ចែងថា​ អំពើរួមគំនិត​ក្បត់ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ឆ្នាំ​ទៅ ១០ឆ្នាំ។​

អាជ្ញាធរ​របប​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​សកម្មជនចលនាមាតាធម្មជាតិចំនួន​ ៣​នាក់ កាល​ពី​ថ្ងៃទី​១៦ ខែ​មិថុនា នៅពេលពួកគេ ​បាន​ចុះទៅ​ថត​ទីតាំង​បង្ហូរ​ទឹក​ស្អុយ​មួយ​កន្លែង​នៅ​តាម​ដង​ទន្លេ​ក្បែរ​ព្រះបរមរាជវាំង។ សកម្មជន​បរិស្ថាន ៣នាក់ ​រួមមាន ​កញ្ញា ស៊ុន រដ្ឋា ​លោក លី ចាន់ដារ៉ាវុធ និង​លោក យីម លាងហ៊ី។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (ADHOC) ​លោក ស៊ឹង សែន​ករុណា ​សោកស្តាយ​ដែល​តុលាការចោទ​ប្រកាន់​ដ៏ធ្ងន់ធ្ងរលើសកម្មជន​បរិស្ថានទាំង ​៤រូប ​ខណៈ​ពួកគាត់​មានចេតនា​ល្អក្នុង​ការជួយ​ការពារ​បរិស្ថាន​និង​ធនធាន​ធម្មជាតិ។ លោកមើលឃើញថា​ ការចោទប្រកាន់នេះ ​មិនឆ្លុះបញ្ចាំង​ពីការប្រព្រឹត្ត​របស់​សកម្មជន​ទាំងនេះ​ឡើយ។ លោក​ថា ​អាជ្ញាធរ​​រដ្ឋាភិ​បាល​​គួរ​តែ​​លើក​​ទឹក​ចិត្ត​ និង​​បើក​លំហ​​ឱ្យ​ពួក​គេ​ធ្វើ​​សកម្មភាព​​បាន​​ដោយ​​ទូលំ​ទូលាយ ​មិន​​មែន​​ចាប់​​ខ្លួន​ និង​​​ចោទ​​ប្រកាន់​​ពួក​គេ​​តាម​​ផ្លូវ​​តុលាការ​​បែប​នេះទេ៖​ «​ពួកគាត់​ធ្លាប់​ធ្វើ​សកម្មភាព​ដូច​យើង​ឃើញ​នៅក្នុង​បណ្តាញ​សង្គម​ចឹង គឺ​បក​អាក្រាត​ការ​បំផ្លាញ​ធន​ធាន​​ធម្មជាតិធ្វើឲ្យ​ប៉ះពាល់​បរិស្ថាន ហើយ​ពួកគាត់​បង្ហោះ​ជាសា​ធារណៈ។ ចំណុចទាំងអស់​នេះ គឺ​ជាការ​ពិចាណាដែ​ល​យើង​ឃើញ​ថា សាធារណៈជន​គាំទ្រ​ចំពោះសកម្មភាព​​របស់​អ្នក​ទាំង​អស់​នេះ មិន​មែនជា​សកម្មភាព​ដូចការ​ចោទ​ប្រកាន់​របស់​តំណាងអយ្យការ​អញ្ចឹង​ទេ។ ខ្ញុំគិត​ថា ចំណុច​ទាំង​អស់​នេះ វាមិនមែន​ជា​រឿងល្អ​ទេ សម្រា​ប់​អ្នក​អនុវត្តច្បាប់​ដែល​ខិតខំរ​ក​បទចោទ​លើ​អ្នក​ប្រព្រឹត្តដោយ​មិន​ត្រឹមត្រូវ​តាម​​អ្វីដែល​ពួកគេ​បាន​ធ្វើដើម្បី​ផល​ប្រយោជន៍​សម្រាប់​សង្គម​ជាតិ»។

កន្លងមក ​ក្រុមសកម្មជន​ចលនា​មាតាធម្មជាតិ ​តែងតែ​ផលិតនិង​បង្ហោះវីដេអូលើ​បណ្តា​ញ​សង្គម​អំពីការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ ​ការ​បំពុល​បរិស្ថាន និង​អំពើពុក​រលួយ​ជា​ដើម​ ដែល​ករណី​មួយចំនួន​​ពាក់ព័ន្ធនឹង​អ្នកមាន​លុយ​មានអំណាច​កំពូលៗ​ នៅ​កម្ពុជា។ អាជ្ញាធរ​របប​លោក ហ៊ុន សែន ​បានធ្វើទុក្ខបុកម្នេញ និង​​ចាប់​ខ្លួនសកម្ម​ជន​ចលនាមាតាធម្មជាតិ​ដាក់​​ពន្ធនាគារ​ជា​បន្ត​បន្ទាប់ ​ដែល​អ្នក​ឃ្លាំមើល​​យល់​ថា ​ដើម្បី​​បិទ​​បាំង​​នូវ​​ទង្វើ​ទុច្ចរិត ​និង​​រឿង​​អាម៉ាស់​​របស់​​បក្ខពួក​​​របប​​​លោក ហ៊ុន សែន។ បច្ចុប្បន្ន​នេះ មាន​សកម្មជន​​មាតាធម្មជាតិ​ ៣នាក់ទៀត​ គឺ​យុវជន ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី កំពុង​ជាប់ឃុំ​នៅ​​ពន្ធនាគារ​ព្រៃស​នៅឡើយ។ តុលាការ​បាន​ចោទ​ប្រកាន់​ពួក​គេពី​បទ​ញុះញង់​ បន្ទាប់ពី​ពួកគេ​មានគម្រោងធ្វើ​យុទ្ធនាការ​ទាម​ទារឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​លុប​បឹង​ធម្មជាតិ​នៅ​ជាយក្រុង​ភ្នំពេញ។

កាលពីថ្ងៃទី១៧ ​​ខែមិថុនា ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំកម្ពុជា ​បានប្រកាស​កាត់​ផ្តាច់​ជំនួយ​អភិរក្សព្រៃឡង់ ​ដែលធ្លាប់​ផ្តល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជាវិញ ​ដោយ​សារ​តែ​​មើល​​ឃើញ​ថា ​ព្រៃឈើ​នៅតែ​បន្តបាត់បង់​ខ្លាំង​ខ្លាដដែល​ និង​ការ​បង្ក្រាប​លើ​អ្នក​ការពា​រ​បរិស្ថាន​កាន់​តែ​អាក្រក់​ឡើង​ជា​លំដាប់។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ​កម្ពុជា ក៏ធ្លាប់អំពាវ​នាវ​ដល់រដ្ឋាភិបាល​កម្ពុជា​ឱ្យដោះលែងសកម្មជនបរិស្ថាន ដោយលោកគូសបញ្ជាក់ថា ការហ៊ាន​និយាយ​ដើម្បី​ការពារបរិស្ថាន​ដែល​ប្រឈម​នឹងការគំរាមកំហែង ដោយសារ​ការកាប់ឈើខុសច្បាប់ និង​កេងយកប្រយោជន៍​ពាណិជ្ជកម្ម គឺជារឿងគួរឱ្យសរសើរទៅវិញទេ៕

1 comment:

Anonymous said...

Yuon and Ah Kwack Hun Sen keep strangling Khmer people.

Later on, even Khmer people's laughing are illegal and must be prosecuted.