ដោយ មាន ឫទ្ធិ
2021-06-20 rfa
យុវជនបរិស្ថានទាំង ៣ នាក់ រួមមាន កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី និងលោក លី ចាន់ដារ៉ាវុធ ត្រូវបានដឹកតាមរថយន្តមកកាន់តុលាការក្រុងភ្នំពេញ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។
រូប៖ Alejandro Gonzalez Davidson
ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញលោក សេង ហៀង ចោទប្រកាន់ជាផ្លូវការ ស្ថាបនិកនិងសមាជិកចលនាមាតាធម្មជាតិចំនួន ៤នាក់ ពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់ ហើយបានបញ្ជូនសំណុំរឿងបន្តទៅចៅក្រមស៊ើបសួរ។ សកម្មជនបរិស្ថានទាំង ៤នាក់នេះ រួមមាន លោក អាឡិចហាន់ដ្រូ ហ្គន់ស្សាឡេសឌេវីសុន (Alejandro Gonzalez Davidson) ដែលកំពុងរស់នៅក្រៅប្រទេស និងសកម្មជនបរិស្ថានវ័យក្មេង ៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន គឺកញ្ញា ស៊ុន រដ្ឋា លោក លី ចាន់ដារ៉ាវុធ និងលោក យីម លាងហ៊ី។
មេធាវីការពារក្តីឲ្យសកម្មជនបរិស្ថាន ៣រូប គឺលោក សំ សុគង់ ប្រាប់វិទ្យុអាស៊ីសេរីថា ចៅក្រមស៊ើបសួរ មិនទាន់បន្តនីតិវិធីនៅឡើយ ដោយសារតែយប់ ដូច្នេះតុលាការបានបញ្ចូនកូនក្តីរបស់លោកទាំង ៣ នាក់ទៅឃុំខ្លួនបន្តនៅអគ្គស្នងការរដ្ឋាននគរបាលជាតិមួយយប់ទៀត ដើម្បីរង់ចាំបន្តនីតិវិធីនៅថ្ងៃច័ន្ទ។ លោកបន្តថា ចំពោះការចោទប្រកាន់របស់ព្រះរាជអាជ្ញាលើកូនក្តីរបស់លោកនេះ គឺមិនអាចទទួលយកបានទេ ព្រោះពួកគាត់គ្រាន់តែធ្វើសកម្មភាពការងារបរិស្ថានប៉ុណ្ណោះ៖ «ការធ្វើចលានាដើម្បីការពារធនធានធម្មជាតិនេះ ក៏ជាសិទ្ធិរបស់យុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលធានានៅក្នុងកតិការសញ្ញាស្តីពីសិទ្ធិ ពលរដ្ឋនិងសិទ្ធិនយោបាយ ក៏ដូចជារដ្ឋធម្មនុញ្ញផងដែរ ទាក់ទងនឹងសិទ្ធិបង្កើតសមាគម និងចលនាផ្សេងៗ ដើម្បីចូលរួមការពារផលប្រយោជន៍អ្វីមួយរបស់ជាតិ។ ខ្ញុំគិតថា មកដល់ពេលនេះទោះបីព្រះរាជអាជ្ញា ចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់ក៏ដោយ ប៉ុន្តែនៅមានចៅក្រមស៊ើបសួរ នឹងបន្តការស៊ើបអង្កេតពាក់ព័ន្ធនឹងបទចោទនេះបន្ថែមទៀត ដើម្បីស្វែងរកការពិត»។
តាមមាត្រ ៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌចែងថា ការប្រមាថព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ ៥ឆ្នាំនិងពិន័យជាប្រាក់ ២លានរៀលទៅ ១០លានរៀល។ ចំណែកមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ចែងថា អំពើរួមគំនិតក្បត់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំទៅ ១០ឆ្នាំ។
អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិចំនួន ៣នាក់ កាលពីថ្ងៃទី១៦ ខែមិថុនា នៅពេលពួកគេ បានចុះទៅថតទីតាំងបង្ហូរទឹកស្អុយមួយកន្លែងនៅតាមដងទន្លេក្បែរព្រះបរមរាជវាំង។ សកម្មជនបរិស្ថាន ៣នាក់ រួមមាន កញ្ញា ស៊ុន រដ្ឋា លោក លី ចាន់ដារ៉ាវុធ និងលោក យីម លាងហ៊ី។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា សោកស្តាយដែលតុលាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរលើសកម្មជនបរិស្ថានទាំង ៤រូប ខណៈពួកគាត់មានចេតនាល្អក្នុងការជួយការពារបរិស្ថាននិងធនធានធម្មជាតិ។ លោកមើលឃើញថា ការចោទប្រកាន់នេះ មិនឆ្លុះបញ្ចាំងពីការប្រព្រឹត្តរបស់សកម្មជនទាំងនេះឡើយ។ លោកថា អាជ្ញាធររដ្ឋាភិបាលគួរតែលើកទឹកចិត្ត និងបើកលំហឱ្យពួកគេធ្វើសកម្មភាពបានដោយទូលំទូលាយ មិនមែនចាប់ខ្លួន និងចោទប្រកាន់ពួកគេតាមផ្លូវតុលាការបែបនេះទេ៖ «ពួកគាត់ធ្លាប់ធ្វើសកម្មភាពដូចយើងឃើញនៅក្នុងបណ្តាញសង្គមចឹង គឺបកអាក្រាតការបំផ្លាញធនធានធម្មជាតិធ្វើឲ្យប៉ះពាល់បរិស្ថាន ហើយពួកគាត់បង្ហោះជាសាធារណៈ។ ចំណុចទាំងអស់នេះ គឺជាការពិចាណាដែលយើងឃើញថា សាធារណៈជនគាំទ្រចំពោះសកម្មភាពរបស់អ្នកទាំងអស់នេះ មិនមែនជាសកម្មភាពដូចការចោទប្រកាន់របស់តំណាងអយ្យការអញ្ចឹងទេ។ ខ្ញុំគិតថា ចំណុចទាំងអស់នេះ វាមិនមែនជារឿងល្អទេ សម្រាប់អ្នកអនុវត្តច្បាប់ដែលខិតខំរកបទចោទលើអ្នកប្រព្រឹត្តដោយមិនត្រឹមត្រូវតាមអ្វីដែលពួកគេបានធ្វើដើម្បីផលប្រយោជន៍សម្រាប់សង្គមជាតិ»។
កន្លងមក ក្រុមសកម្មជនចលនាមាតាធម្មជាតិ តែងតែផលិតនិងបង្ហោះវីដេអូលើបណ្តាញសង្គមអំពីការបំផ្លិចបំផ្លាញធនធានធម្មជាតិ ការបំពុលបរិស្ថាន និងអំពើពុករលួយជាដើម ដែលករណីមួយចំនួនពាក់ព័ន្ធនឹងអ្នកមានលុយមានអំណាចកំពូលៗ នៅកម្ពុជា។ អាជ្ញាធររបបលោក ហ៊ុន សែន បានធ្វើទុក្ខបុកម្នេញ និងចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិដាក់ពន្ធនាគារជាបន្តបន្ទាប់ ដែលអ្នកឃ្លាំមើលយល់ថា ដើម្បីបិទបាំងនូវទង្វើទុច្ចរិត និងរឿងអាម៉ាស់របស់បក្ខពួករបបលោក ហ៊ុន សែន។ បច្ចុប្បន្ននេះ មានសកម្មជនមាតាធម្មជាតិ ៣នាក់ទៀត គឺយុវជន ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី កំពុងជាប់ឃុំនៅពន្ធនាគារព្រៃសនៅឡើយ។ តុលាការបានចោទប្រកាន់ពួកគេពីបទញុះញង់ បន្ទាប់ពីពួកគេមានគម្រោងធ្វើយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការលុបបឹងធម្មជាតិនៅជាយក្រុងភ្នំពេញ។
កាលពីថ្ងៃទី១៧ ខែមិថុនា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានប្រកាសកាត់ផ្តាច់ជំនួយអភិរក្សព្រៃឡង់ ដែលធ្លាប់ផ្តល់ឲ្យរដ្ឋាភិបាលកម្ពុជាវិញ ដោយសារតែមើលឃើញថា ព្រៃឈើនៅតែបន្តបាត់បង់ខ្លាំងខ្លាដដែល និងការបង្ក្រាបលើអ្នកការពារបរិស្ថានកាន់តែអាក្រក់ឡើងជាលំដាប់។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ក៏ធ្លាប់អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យដោះលែងសកម្មជនបរិស្ថាន ដោយលោកគូសបញ្ជាក់ថា ការហ៊ាននិយាយដើម្បីការពារបរិស្ថានដែលប្រឈមនឹងការគំរាមកំហែង ដោយសារការកាប់ឈើខុសច្បាប់ និងកេងយកប្រយោជន៍ពាណិជ្ជកម្ម គឺជារឿងគួរឱ្យសរសើរទៅវិញទេ៕
1 comment:
Yuon and Ah Kwack Hun Sen keep strangling Khmer people.
Later on, even Khmer people's laughing are illegal and must be prosecuted.
Post a Comment