Khmer Circle:
Well, since when has 'competence' or lack of competence ever stopped all the political appointees in all the political, military, judiciary and administrative positions under the CPP regime from being appointed? Did Hun Sen himself ever possess any competence for any of the posts he was appointed to fill by his Vietnamese bosses? Beside tripping up his rivals and adversaries by all the foul means necessary?
🔺🔺🔺
ដោយ មាន ឫទ្ធិ
2021-06-15 rfa
លោកប្រាជ្ញ ច័ន្ទ ជាសមាជិករដ្ឋសភា និងជាអតីតអភិបាលខេត្តបាត់បំដង ដែលជាបេក្ខជនម្នាក់ក្នុងចំណោមពីរនាក់ឈរឈ្មោះជាប្រធាន គ.ជ.ប ថ្មីជំនួសលោក ស៊ិក ប៊ុនហុក។
គណៈអចិន្ត្រៃយ៍នៃរដ្ឋសភាឯកបក្ស សម្រេចបញ្ជូនឈ្មោះបេក្ខជន ២ នាក់ទៅឲ្យបក្សកាន់អំណាច ដើម្បីជ្រើសរើសជាប្រធាន គ.ជ.ប ជំនួស លោក ស៊ិក ប៊ុនហុក ដែលបានលាលែងពីតំណែង។ អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ប្រាប់អាស៊ីសេរីថា នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណិតនៅថ្ងៃទី១៥ ខែមិថុនា គណៈអចិន្ត្រៃយ៍យល់ថា បេក្ខជន ២ នាក់ដែលស្របតាមលក្ខន្តិកៈប្រធាន គ.ជ.ប គឺម្នាក់ជាសមាជិករដ្ឋសភា និងជាអតីតអភិបាលខេត្តបាត់បំដង លោក ប្រាជ្ញ ច័ន្ទ និងម្នាក់ទៀត ជាអតីតអភិបាលរងខេត្តព្រះវិហារលោក ការ លាន។
លោកអះអាងថា អ្នកទាំង ២ សុទ្ធតែធ្លាប់មានបទពិសោធន៍ការងារច្រើនជាង ១០ ឆ្នាំ និងមានសមត្ថភាពគ្រប់គ្រាន់។ លោកបន្តថា តាមនីតិវិធី ក្រោយការសម្រេចនេះហើយ រដ្ឋសភានឹងបញ្ជូនឈ្មោះបេក្ខជនទាំង ២ ឲ្យគណបក្សប្រជាជនកម្ពុជាដែលមាននីតិសម្បទាស្នើសុំបេក្ខជនប្រធាន គជប ជ្រើសរើសម្នាក់ ហើយបញ្ជូនឈ្មោះមករដ្ឋសភាវិញ ដើម្បីអនុម័តសម្រេចតែម្ដង៖ «តាមច្បាប់យើងរើសជាសាធារណៈបើកចំហ តម្លាភាព គឺថាអ្នកណាក៏អាចដាក់ពាក្យបានដែរឲ្យតែមានសមត្ថភាពគ្រប់គ្រាន់តាមលក្ខខណ្ឌនៃច្បាប់ គឺមាត្រា ៥ នៃច្បាប់ស្ដីពីការរៀបចំការប្រព្រឹត្តិទៅរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ អ៊ីចឹង ២នាក់ហ្នឹង គាត់បានដាក់ពាក្យតាមលក្ខខណ្ឌ គាត់មានលក្ខណៈគ្រប់គ្រាន់ហើយ»។
រដ្ឋសភាបានប្រកាសឲ្យសាធារណជនទូទៅដាក់ពាក្យធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោយពេល លោក ស៊ិក ប៊ុនហុក បានដាក់ពាក្យសុំលាលែងក្រោមហេតុផលមានបញ្ហាសុខភាព កាលពីដើមខែមិថុនា។ ក្រោយមកមានបេក្ខជន ៤ នាក់ បានដាក់ពាក្យ។ តែលោក ឡេង ប៉េងឡុង មិនដឹងហេតុនៃការបាត់ឈ្មោះបេក្ខជន ២ នាក់ផ្សេងទៀតទេ។
ទោះជាយ៉ាងណា គណបក្សប្រឆាំង និងសង្គមស៊ីវិលហាក់គ្មានជំនឿថា សមាសភាពបេក្ខជនប្រធាន គជប ថ្មីនេះ អាចជួយឲ្យកិច្ចការបោះឆ្នោតវិវត្តន៍មកភាព ល្អប្រសើរវិញបានទេ។
ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញលោក ម៉ន ផល្លា ដែលសកម្មក្នុងកិច្ចការបោះឆ្នោត យល់ថា បេក្ខជនថ្មីទាំង ២ នាក់របស់គណបក្សប្រជាជនកម្ពុជា មិនមានសមត្ថភាពគ្រប់គ្រាន់លើផ្នែកកិច្ចការងារបោះឆ្នោតទេ។ បន្ថែមពីនេះ លោកសង្កេតឃើញថា សមាជិកបក្ស និងជាអតីតមន្ត្រីរដ្ឋបាលខេត្តទាំង ២ នាក់នេះ ច្រើនតែចេញមុខសម្លុតពលរដ្ឋនិងការពារប្រយោជន៍បក្សច្រើនជាងប្រយោជន៍សាធារណៈ។
លោក ម៉ន ផល្លា បន្តថា គណបក្សកាន់អំណាចគួរតែបើកឱកាសឲ្យមន្ត្រីសង្គមស៊ីវិលដែលមានភាពឯករាជ្យ និងមានជំនាញច្បាស់លាស់ ឲ្យទទួលតំណែងជាប្រធាន គ.ជ.ប ទើបអាចជួយដល់កិច្ចការបោះឆ្នោតបាន។ ជាងនេះទៅទៀត មន្ត្រីបក្សប្រឆាំងរូបនេះនៅតែទាមទារឲ្យមានវត្តមានគណបក្សសង្គ្រោះជាតិនៅកម្ពុជាទើបការបោះឆ្នោតអាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស៖ «ឥស្សរជននយោបាយមាននៅក្នុងប្រទេសក៏ដូចជាអង្គការសង្គមស៊ីវិលដែលមានបទពិសោធន៍នៅក្នុងកិច្ចការបោះឆ្នោតជាតិនិងអន្តរជាតិដើម្បីក្លាយទៅជាមេដឹកនាំនៅក្នុងស្ថាប័ននៅក្នុងការរៀបចំបោះឆ្នោត។ អ៊ីចឹងសមាសភាពទាំងអស់នោះ ខ្ញុំគិតថា នៅស្រុកខ្មែរយើងពិតជាមានតែអ្វីដែលសំខាន់ គឺឆន្ទៈរបស់មេដឹកនាំរបស់របបក្រុងភ្នំពេញបច្ចុប្បន្នគាត់មិនមានឆន្ទៈនូវការធ្វើបែបនេះពីព្រោះគាត់បារម្ភថា មិនអាចធានាបាននូវការជោគជ័យរបស់គាត់»។
លោក ប្រាជ្ញ ច័ន្ទ ធ្លាប់មានរឿងអាស្រូវច្រើនជាងស្នាដៃ ក្នុងពេលលោកកាន់តំណែងជាមន្ត្រីរដ្ឋបាលសាធារណៈ ដូចជាការដោះដូរដី និងលក់ដី អគាររបស់រដ្ឋ ស្រះទឹកបូរាណច្រើនកន្លែង ដោយពុំបានដេញថ្លៃជាសាធារណៈ ក្នុងពេលលោកកាន់តំណែងជាអភិបាលខេត្តបាត់ដំបង ជាង ១០ ឆ្នាំ (២០០១ ដល់២០១៤)។ បន្ថែមពីនេះ លោក ប្រាជ្ញ ច័ន្ទ បានរៀបចំរចនាសម្ព័ន្ធដាក់បក្សពួក និងសាច់ញាតិនៅក្នុងតួនាទីសំខាន់របស់រដ្ឋបាលខេត្តបាត់ដំបងទៀតផង។ សាច់ញាតិរបស់លោកទៀតសោត ក៏ជាអាជីវករមានភាគហ៊ុនច្រើនលើសលប់ លើទ្រព្យសម្បត្តិរដ្ឋ និងឯកជននៅខេត្តបាត់ដំបង។
ជុំវិញករណីបេក្ខជនប្រធានគជបថ្មីនេះ អាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានទេ នៅថ្ងៃទី១៥ខែមិថុនា។
អ្នកសម្របសម្រួលនិងអង្កេតនៃអង្គការខុមហ្វ្រ៊ែលលោក កន សាវាង្ស មិនទាន់អាចវាយតម្លៃពីសមត្ថភាព និងប្រសិទ្ធភាពបេក្ខជនថ្មីទាំង ២ នេះទេ ដោយសារលោករង់ចាំមើលសកម្មភាពការងារសិន។ ទោះយ៉ាងណា សង្គមស៊ីវិលរូបនេះ សង្កេតឃើញថា ក្រោយបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧មក គ.ជ.ប ខុសពីទម្រង់ដើម ព្រោះសមាសភាពនៃស្ថាប័ននេះ មិនមែនជាបុគ្គលដែលជ្រើសតាំងដោយគណបក្សមានអាសនៈក្នុងរដ្ឋសភា ដែលទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋតាមរយះការ បោះឆ្នោតថ្នាក់ជាតិនោះទេ។
លោក កន សាវាង្ស បន្តថា ការប្រកាសជ្រើសរើសសមាសភាព គជប ជាសាធារណៈគ្រាន់តែជានីតិវិធី តែចុងក្រោយគឺគណបក្សនយោបាយជាអ្នកសម្រេចដដែល។ លោកយល់ថា ដើម្បីឲ្យសមាសភាពគជបមានលក្ខណៈល្អប្រសើរ រដ្ឋសភាត្រូវកែប្រែរូបមន្តជ្រើសតាំងសមាសភាពគ.ជ.បឡើងវិញ ដោយត្រូវទទួលយកគំនិត យោបល់ពីគ្រប់ភាគីពាក់ព័ន្ធ៖ «ទោះបីថា នៅក្នុងច្បាប់មានថា កាលណាចូលជាបេក្ខភាព គជប ត្រូវលាលែងពីគណបក្សនយោបាយឬក៏ថាត្រូវតែមិនមាននិន្នាការគណបក្សនយោបាយយ៉ាងណាក៏ដោយ ក៏ប៉ុន្តែចង់មិនចង់នៅតែមើលឃើញថាបក្សជាធំដដែលទេ»។
រដ្ឋសភាបានកែប្រែលក្ខន្តិកៈជ្រើសរើសប្រធាននិងសមាជិករបស់គជបឡើងវិញ កាលឆ្នាំ២០១៥ ក្រោយពេលអតីតប្រធានស្ថាប័ននេះ គឺលោក អ៊ឹម សួស្ដី រងការរិះគន់ថា ធ្វើការមិនឯករាជ្យ និងបានលួចបន្លំសន្លឹកឆ្នោតឲ្យបក្សកាន់អំណាច។ បន្ទាប់មកគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានជ្រើសរើសសមាសភាពគជបតាមរូបមន្ត ៤-៤-១ វិញ។
តែនៅឆ្នាំ២០១៧ ក្រោយការរំលាយបក្សប្រឆាំងភ្លាម ថ្នាក់ដឹកនាំ គ.ជ.ប ៣ រូបនៃកូតាគណបក្សសង្គ្រោះជាតិបានលាលែងតំណែងដោយអះអាងថា ការអវត្តមានបក្សប្រឆាំង មិនអាចធ្វើឲ្យ គជប ក្លាយជាស្ថាប័នឯករាជ្យបានទេ។ ទន្ទឹមគ្នានោះ ប្រទេសម្ចាស់ជំនួយនៃលោកសេរីទាំងអស់បានផ្ដាច់ជំនួយទាំងស្រុងភ្លាមៗពីគជបរហូតដល់បច្ចុប្បន្ន។រដ្ឋសភាឯ៑កបក្សក៏បានលើកបន្តុបអ្នកមាននិន្នាការគាំទ្របក្សប្រជាជនឲ្យមកជំនួសវិញ៕
No comments:
Post a Comment