ដោយ សុជីវី
2021-06-15 rfa
យុវជន គា សុគន្ធ តារាចម្រៀងរែបនៅខេត្តសៀមរាប ដែលត្រូវបានតុលាការខេត្តសៀមរាបកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ កាលពីចុងខែធ្នូ ឆ្នាំ២០២០។
ក្រុមអ្នកច្បាប់មកពីមជ្ឈមណ្ឌលសិទ្ធិមនុស្សនៃគណៈមេធាវីអាមេរិក (ABA) ពិនិត្យឃើញថា សំណុំរឿងរបស់យុវជន គា សុគន្ធ ដែលច្រៀងរែបរិះគន់បញ្ហាសង្គមនោះ គឺជាករណីរំលោភសិទ្ធិមនុស្ស និងបំពានទៅលើនីតិវិធីច្បាប់ទាំងទិដ្ឋភាពច្បាប់ជាតិ និងអន្តរជាតិ។
ក្រុមអ្នកច្បាប់នៃគណៈមេធាវីអាមេរិកបានលើកឡើងយ៉ាងលម្អិតនៅក្នុងរបាយការណ៍ចេញផ្សាយ កាលពីថ្ងៃទី១៤ ខែមិថុនាថា យុវជន គា សុគន្ធ មិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ ផ្ទុយទៅវិញតុលាការកម្ពុជាបែរជាបកស្រាយច្បាប់ក្នុងន័យយ៉ាងទូលាយ ដើម្បីផ្តន្ទាទោសរូបគេពីបទញុះញង់។ ក្រុមអ្នកជំនាញដដែលពិនិត្យឃើញថា ចម្រៀងរែបរបស់យុវជនរូបនេះអំពីរឿងអយុត្តិធម៌ក្នុងសង្គម និងរឿងព្រំដែននោះ គឺជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ ការច្រៀងរែបនោះទៀតសោត គឺជាអាជីពរបស់យុវជន គា សុគន្ធ ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារដែលមានជីវភាពក្រីក្រ។ ក្រុមអ្នកច្បាប់ដដែលបន្តថា យុវជនរូបនេះ គ្មានចេតនាធ្វើចម្រៀងទាំងនោះ ដើម្បីញុះញង់ឱ្យមានភាពវឹកវរនៅក្នុងសង្គមនោះទេ ហើយក៏គ្មានបទល្មើសណាមួយបានកើតឡើង ក្រោយរូបគេចេញផ្សាយបទចម្រៀងរែបទាំងនោះដែរ។
ក្រុមអ្នកជំនាញដដែលគូសបញ្ជាក់ថា ការដែលតុលាការសម្រេចផ្តន្ទាទោស យុវជន គា សុគន្ធ ឱ្យជាប់ពន្ធនាគារ ១៨ខែ ដោយគ្មានភស្តុតាងរឹងមាំនោះ បង្ហាញថា ទាំងចៅក្រម និងតំណាងអយ្យការដែលកាន់សំណុំរឿងនេះ បានខកខានបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់របស់ខ្លួន ក្នុងការស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនពលរដ្ឋ ស្របតាមច្បាប់កម្ពុជា និងកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
ក្រុមអ្នកច្បាប់នៃគណៈមេធាវីអាមេរិក ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងយុវជនរូបនេះវិញ និងត្រូវពិនិត្យមើលឡើងវិញចំពោះការប្រើប្រាស់យ៉ាងទូលំទូលាយ និងដ៏ច្រើនហួសហេតុនៃក្រមព្រហ្មទណ្ឌមាត្រា ៤៩៥ ស្តីពីបទ «ញុះញង់» ដើម្បីបំបិទមាត់សកម្មជនសិទ្ធិមនុស្ស សិល្បករ និងតន្ត្រីករវ័យក្មេង ព្រមទាំងសមាជិកបក្សប្រឆាំង។
ឆ្លើយតបនឹងរបាយការណ៍នេះ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោក កត្តា អ៊ន ថ្លែងថា ក្រុមអ្នកច្បាប់មកពីគណៈមេធាវីអាមេរិកគួរតែជួយជ្រោមជ្រែងផ្នែកច្បាប់ដល់ជនជាប់ចោទ ជាជាងការចេញរបាយការណ៍បែបនេះ។ លោកថា តុលាការកម្ពុជាអនុវត្តតាមនីតិវិធី និងច្បាប់របស់កម្ពុជា មិនមែនធ្វើតាមក្បួនច្បាប់របស់អាមេរិកនោះទេ៖ «បើគាត់មានចេតនាចង់ជួយជនជាប់ចោទហ្នឹងពិតប្រាកដមែន គាត់មិនមែនធ្វើសេចក្តីថ្លែងការណ៍ពីចំងាយក្នុងចេតនានយោបាយអ្វីមួយទេ។ គាត់គួរតែចាត់តាំងក្រុមមេធាវី ឬអ្នកច្បាប់មួយជួយ។ ជួយទាំងការប្រឹក្សាយោបល់ ជួយទាំងការវិភាគសំណុំរឿង ឬមួយក៏ជួយលក្ខណៈជាមេធាវីដើម្បីតតាំងក្តីនៅតុលាការ ហើយស្វែងរកយុត្តិធម៌ជូនគាត់។ នេះបានជាគេហៅថា ជាអាជីពមេធាវី»។
ផ្ទុយពីតំណាងស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាល អង្គការសង្គមស៊ីវិលក្នុងស្រុកគាំទ្ររបាយការណ៍របស់ក្រុមអ្នកច្បាប់នៃគណៈមេធាវីអាមេរិក ដែលលើកទាំងទិដ្ឋភាពច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ យកមកវែកញែកករណីនេះ។ អង្គការសង្គមស៊ីវិលទាំងនោះ មើលឃើញថា សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងយុវជន គា សុគន្ធ គឺជាករណីរំលោភសិទ្ធិមនុស្ស និងខ្វះមូលដ្ឋានច្បាប់។ ដោយសារតែបែបនេះហើយ ទើបអង្គការសង្គមស៊ីវិលមួយចំនួនក្នុងនោះរួមទាំងអង្គការលីកាដូផង បានផ្តល់មេធាវីដើម្បីជួយរកយុត្តិធម៌ជូនយុវជនរូបនេះ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ស្របទៅនឹងរបាយការណ៍របស់ក្រុមអ្នកច្បាប់នៃគណៈមេធាវីអាមេរិក។ លោកសង្កេតឃើញថា ការចាប់ឃុំខ្លួន និងផ្តន្ទាទោសយុវជន គា សុគន្ធ នោះ គឺជាការរំលោភបំពានសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ និងជាការបំបាក់ស្មារតីយុវជនដែលហ៊ានរិះគន់បញ្ហាសង្គម៖ «ទាំងអស់ហ្នឹង វាមិនមែនជាបទល្មើសញុះញង់បង្កឱ្យមានចលាចលអ្វីនោះទេ ពីព្រោះបទចម្រៀងដែលគាត់ច្រៀង គាត់និពន្ធហ្នឹង វាយូរហើយ។ ប៉ុន្តែនៅពេលដែលស្ថានភាពនយោបាយតានតឹង ហើយត្រូវបានអ្នកនយោបាយមួយចំនួនយកបទចម្រៀងគាត់ទៅប្រើប្រាស់ បែរជាមកចោទប្រកាន់គាត់ទៅវិញ។ អាហ្នឹង បើអំណះអំណាងផ្លូវច្បាប់ វាអត់ជាការត្រឹមត្រូវទេ»។
អាជ្ញាធរខេត្តសៀមរាបបានចាប់ខ្លួនយុវជន គា សុគន្ធ កាលពីដើមខែកញ្ញា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការនិពន្ធ និងច្រៀងចម្រៀងរែប បង្ហោះតាមបណ្ដាញសង្គមយូធូប (YouTube) និងហ្វេសប៊ុក (Facebook)។ បទចម្រៀងទាំងនោះ រៀបរាប់ពីរឿងរ៉ាវឈឺចាប់នៅក្នុងសង្គមដូចជា អំពើអយុត្តិធម៌ បញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ កំណើនពលរដ្ឋធ្វើចំណាកស្រុក និងពលរដ្ឋក្រីក្រដើរសុំទាន បញ្ហាព្រំដែន អំពើពុករលួយ និងការធ្លាក់ចុះគុណធម៌ជាដើម។ វីដេអូចម្រៀងចុងក្រោយរបស់ គា សុគន្ធ ដែលមានចំណងជើងថា «ដីខ្មែរ» មានអ្នកចូលទស្សនារាប់លានដង និងចែករំលែកយ៉ាងច្រើនតាមបណ្ដាញសង្គម។ តុលាការខេត្តសៀមរាបបានផ្តន្ទាទោសយុវជនរូបនេះឱ្យជាប់ពន្ធនាគារចំនួន ១៨ខែ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ កាលពីចុងខែធ្នូ ឆ្នាំ២០២០។
ក្រុមអ្នកច្បាប់របស់គណៈមេធាវីអាមេរិក និងអង្គការសង្គមស៊ីវិលមួយចំនួន បានរាប់បញ្ចូលករណីរបស់យុវជន គា សុគន្ធ នេះ ទៅក្នុងការបង្ក្រាបជាប្រព័ន្ធរបស់រដ្ឋាភិបាលលោក ហ៊ុន សែន លើអ្នកមានទស្សនៈផ្ទុយ និងអ្នករិះគន់រដ្ឋាភិបាល។ នេះគឺដោយសារតែនៅអំឡុងឆ្នាំ ២០២០នោះ អាជ្ញាធរបានចាប់ខ្លួនសកម្មជននយោបាយ សកម្មជនសង្គម សកម្មជនបរិស្ថាន អ្នកសារព័ត៌មាន និងអ្នករិះគន់រដ្ឋាភិបាល ដាក់ពន្ធនាគារជាបន្តបន្ទាប់ ដោយភាគច្រើនអាជ្ញាធរប្រើប្រាស់បទចោទតែមួយ គឺ «បទញុះញង់»។
គិតត្រឹមពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២១ នេះ យុវជន គា សុគន្ធ បានជាប់ពន្ធនាគារអស់រយៈពេលជាង ៩ ខែមកហើយ។
ឪពុករបស់ គា សុគន្ធ គឺលោក ផល គា ចាត់ទុកការចាប់ឃុំខ្លួន និងផ្តន្ទាទោសកូនប្រុសរបស់លោកនេះថា ជារឿងអយុត្តិធម៌ ព្រោះរូបគេមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។ លោកបញ្ជាក់ថា កូនរបស់លោកនិពន្ធ និងច្រៀងចម្រៀងរែប បង្ហោះតាមបណ្តាញសង្គម ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ហើយបទចម្រៀងទាំងនោះ គឺស្របទៅតាមគំនិតរបស់គេផ្ទាល់៖ «ការដែលកូនខ្ញុំសរសេរ ឬក៏រ៉ាយរ៉ាប់នូវរឿងរ៉ាវនៅក្នុងន័យបទចម្រៀងនោះ វាមិនមែនជារឿងញុះញង់ទេ ជារឿងរ៉ាវនៅក្នុងសង្គមពិតៗហ្នឹងឯង។ បើគិតនៅក្នុងផ្លូវច្បាប់ វាជាសេរីភាពក្នុងការបញ្ចេញមតិ ក៏ប៉ុន្តែឥឡូវគេដាក់ទៅជាបទញុះញង់។ នេះជារឿងអយុត្តិធម៌មែនហ្នឹងឯង វាមិនត្រឹមត្រូវ»។
សាលាឧទ្ធរណ៍ខេត្តបាត់ដំបង បានបើកការជំនុំជម្រះបណ្ដឹងឧទ្ធរណ៍របស់យុវជន គា សុគន្ធ កាលពីថ្ងៃទី៣ ខែមិថុនា រួចហើយ ហើយគ្រោងប្រកាសសាលដីកាសំណុំរឿងនេះនៅថ្ងៃទី១៦ ខែមិថុនានេះ។
ទាំងមន្ត្រីសិទ្ធិមនុស្ស និងគ្រួសាររបស់យុវជន គា សុគន្ធ ស្នើយ៉ាងទទូចដល់សាលាឧទ្ធរណ៍ ឱ្យទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងយុវជនរូបនេះ ឱ្យមានសេរីភាពវិញ៕
1 comment:
Thank You Kea Sokun for your heroic acts to protect Cambodia.
Cambodia needs more people like you.
Post a Comment