ដោយ សន ចាន់រដ្ឋា
2021-06-23 rfa
(រាប់ពីឆ្វេងជួរខាងលើមកក្រោម) លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុធ កញ្ញា ស៊ុន រដ្ឋា និងលោក យឹម លាងហ៊ី សកម្មជនបរិស្ថានទាំង ៦នាក់ ដែលកំពុងជាប់ពន្ធនាគារព្រៃសរ។
រូប៖ ហ្វេសប៊ុកពួកគាត់ និង Mother Nature
យុវជនការពារបរិស្ថានទាំង ៦នាក់ ដែលកំពុងជាប់ពន្ធនាគាររួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី កញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និងលោក លី ចាន់ដារ៉ាវុធ។ ពួកគេទាំង ៦នាក់ មានខ្លះរងបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងខ្លះរងបទចោទ «រួមគំនិតក្បត់ និង ប្រមាថព្រះមហាក្សត្រ»។ ក្នុងនោះ មាន ៣ នាក់ គឺលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២០ ហើយត្រូវតុលាការកាត់ទោសឱ្យជាប់គុកពី ១៨ខែ ទៅ ២០ខែ និងពិន័យជាប្រាក់ម្នាក់ ៤លានរៀល។ ឯយុវជន ៣នាក់ទៀត នគរបាលបានចាប់ខ្លួន កាលពីថ្ងៃទី១៦ មិថុនាសប្ដាហ៍មុន ហើយបច្ចុប្បន្នកំពុងជាប់ឃុំបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស រង់ចាំសវនាការអង្គសេចក្ដី។
យុវតីម្នាក់ រស់នៅខេត្តបាត់ដំបងកញ្ញា គឹម លក្ខ ទាមទារឲ្យរដ្ឋាភិបាល និងតុលាការដោះលែងសកម្មជនបរិស្ថានទាំង ៦នាក់ ឲ្យមានសេរីភាពវិញ។ កញ្ញា ចាត់ទុកការចោទប្រកាន់យុវជនបរិស្ថានពីបទក្បត់ជាតិ និងប្រមាថព្រះមហាក្សត្រថា ជារឿងអស់សំណើច ព្រោះអាជ្ញាធរចាប់អ្នកធ្វើការងារដើម្បីប្រយោជន៍សង្គម។ ទោះយ៉ាងណា យុវតីរូបនេះអះអាងថា ការចាប់ខ្លួនសកម្មជនបរិស្ថានជាបន្តបន្ទាប់ មិនបានធ្វើឲ្យយុវជនបាក់ទឹកចិត្តទេ តែបែរជាជំរុញឲ្យកញ្ញាប្ដេជ្ញាចិត្តចូលរួមសកម្មភាពសង្គម ឬសកម្មភាពបរិស្ថានទៅវិញ៖ «ខ្ញុំជាយុវជនមួយរូបដែរខ្ញុំត្រូវតែដឹងពីប្រទេសកម្ពុជាដែលកំពុងតែជិតវិនាសហិនហោចអស់ហើយ។ អ៊ីចឹងបែរជាខាងយុវជនគាត់មានគំនិតការពារ បែរជាចោទគាត់ថា ជាភេរវកម្ម។ អ៊ីចឹងខ្ញុំវាអស់ជំនឿថា និយាយទៅថា យើងនិយាយតែម្នាក់ឯង ក៏វាមិនអាចទេ។ សុំអំពាវនាវដល់យុវជនខ្មែរគ្រប់រូបដែលរស់នៅប្រទេសកម្ពុជាឲ្យមានការឈឺចាប់ផង ដល់អំពើរបស់គាត់ធ្វើឡើងលើយុវជន ដែលកំពុងជាប់ក្នុងពន្ធនាគារ»។
ដូចគ្នានេះដែរយុវជនម្នាក់ទៀតរស់នៅរាជធានីភ្នំពេញលោក ពុធ កុលកា សោកស្ដាយចំពោះការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងយុវជនការពារបរិស្ថាន។ លោកយល់ថា រដ្ឋាភិបាលគួរតែលើកសរសើរដល់យុវជនទាំង ៦នាក់ ជាជាងការចាប់ពួកគាត់ដាក់ពន្ធនាគារទេ។ យុវជនរូបនេះ ស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធពិចារណាឡើងវិញ ក្នុងការដោះលែងយុវជនបរិស្ថានទាំង ៦នាក់ និងស្នើឲ្យជួយជ្រោមជ្រែងដល់យុវជនទាំងអស់ ដើម្បីឲ្យពួកគេអាចសម្ដែងមតិ បញ្ចេញយោបល់ និងធ្វើសកម្មភាពការពារបរិស្ថានឲ្យបានទូលំទូលាយ ព្រមទាំងគ្មានការធ្វើទុក្ខបុកម្នេញតទៅទៀត៖ «សម្រាប់ខ្ញុំ បើខ្ញុំជារដ្ឋាភិបាលវិញ ខ្ញុំនឹងលើកជាលិខិតសរសើរ ឬក៏ផ្ដល់គ្រឿងឥស្សរិយយសជូនដល់សកម្មជនទាំងអស់នោះពីព្រោះការចូលរួមរបស់ពួកគាត់នេះ មិនមែនមានន័យថា គាត់ធ្វើឡើងដើម្បីប្រយោជន៍ខ្លួនគាត់ទេ គឺដើម្បីប្រយោជន៍រួមរបស់ប្រទេសកម្ពុជា ប្រជាជនកម្ពុជាយើង តែបែរជានៅពេលរងការចាប់ខ្លួន ឬក៏ឃាត់ខ្លួន ឬក៏ការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរ បែរជាគាត់រងទុក្ខតែឯង។ ប៉ុន្តែនេះជារឿងប្រយោជន៍រួម។ វាហាក់ដូចជារឿងអយុត្តិធម៌សម្រាប់សកម្មជនទាំងអស់នោះ»។
ចំណែកអ្នកការពារព្រៃឡង់ គឺយុវតី ឈាង លី ហៅការចាប់ខ្លួនយុវជនទាំង ៦នាក់នេះថា ជាការបំបាក់ស្មារតីនិងជាការធ្វើទុក្ខបុកម្នេញដល់អ្នកហ៊ានការពារធនធានធម្មជាតិ។ កញ្ញាសង្កេតឃើញថា ការចាប់ខ្លួនយុវជនទាំង ៦នាក់ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សកម្មភាពការពារបរិស្ថាននិងព្រៃឈើ។ កញ្ញាក៏បារម្ភថា យុវជនផ្សេងទៀត នឹងខ្លបខ្លាចលែងហ៊ានចូលរួមការពារធនធានធម្មជាតិហើយពេលនោះធនធានធម្មជាតិរបស់កម្ពុជានឹងត្រូវវិនាសទាំងស្រុង៖ «ប្រហែលជាបាក់ស្បាតដែរ ដោយសារតែឃើញសកម្មភាពអ៊ីចឹងៗ ទៅ យុវជនក្រោយៗ គាត់មិនសូវជាហ៊ានចូលរួមការពារលើវិស័យធនធានធម្មជាតិហ្នឹងទេ ដោយសារគាត់ខ្លាចគេចាប់ គេអ្វីហ្នឹងទៀត»។
ដោយឡែកប្រធានសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អ៊ុល វ៉ាន់ សង្កេតឃើញថា យុវជនបរិស្ថានទាំង ៦នាក់ មានសក្ដានុពលក្នុងការការពារបរិស្ថាន។ លោកបន្តថា ពួកគេក៏ជាយុវជនមានចំណេះដឹង មានជំនាញផ្នែកបរិស្ថាននិងមានបេះដូងស្រលាញ់ធនធានធម្មជាតិ។ លោកក៏សង្កេតឃើញថា សកម្មភាពរបស់ពួកគេកន្លងមកជាផ្នែកមួយជួយដល់កិច្ចការងារបរិស្ថានឲ្យមានភាពប្រសើរនៅកម្ពុជា។ អ្នកឃ្លាំមើលសិទ្ធិរូបនេះ ជំរុញឲ្យមានការដោះលែងយុវជនទាំងអស់ឲ្យមានសេរីភាពវិញ។ លោកក៏មានបំណងចង់ឲ្យអាជ្ញាធររដ្ឋលើកតម្កើងពួកគេ ឲ្យសាកសមនឹងសកម្មភាពជួយសង្គមដើម្បីលើកទឹកចិត្តយុវជនផ្សេងទៀត ឲ្យមានភាពសកម្មក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិ៖ «ព្រោះសកម្មភាពរបស់ពួកគាត់ ជាសកម្មភាពលើកឡើងពីបញ្ហាបរិស្ថាន ហើយលើកឡើងពីចំណុចខ្វះខាតរបស់រដ្ឋាភិបាល ទាមទារឲ្យមានការដោះស្រាយហើយនិងវិធានការសមស្របពីអ្នកទទួលខុសត្រូវ ជាពិសេសពីរដ្ឋាភិបាល ហើយដែលជាបញ្ហាដូចការចោទប្រកាន់ មិនមែនជាការក្បត់ជាតិ ឬក៏មានការប្រមាថណាមួយនោះទេ»។
ក្រៅពីយុវជនទាំងនេះ ក៏មានពលរដ្ឋទូទៅ រួមទាំងអ្នកច្បាប់ អ្នកនយោបាយ អ្នកឃ្លាំមើលសង្គម អ្នកការពារធនធានធម្មជាតិនៅលើពិភពលោក អង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ និងតំណាងស្ថានទូតប្រទេសលោកសេរី សុទ្ធតែបង្ហាញការគាំទ្រដល់សកម្មភាពរបស់យុវជនការពារបរិស្ថាន។ ពួកគេស្ដីបន្ទោសចំពោះទង្វើចាប់ចង និងការចោទប្រកាន់មិនសមទំនងប្រឆាំងនឹងសកម្មជនបរិស្ថានទាំង ៦នាក់។ ពួកគេក៏ទទូចឲ្យរបបក្រុងភ្នំពេញ អនុវត្តច្បាប់ដោយចាប់ខ្លួនឈ្មួញរកស៊ីកាប់ឈើខុសច្បាប់យកទៅដាក់ពន្ធនាគារ ជាជាងការធ្វើទុក្ខបុកម្នេញលើសកម្មជនបរិស្ថាន៕
1 comment:
Khmer people start feeling the pain from the Yuonization of Cambodia.
The apathetic behavior of Khmer must be changed if they want to derail the Yuonization of Cambodia.
Khmer people need to follow Rong Chhun's courage, these young activists, and others environmentalists who have been imprisoned unjustly by Ah Chker Chkuot Hun Sen.
Post a Comment