Tuesday, 29 June 2021

លោក សម រង្ស៊ី​ ថា​​បក្ស​​កាន់​អំណាច​​​​បិទ​បាំង និង​បំភ្លៃ​ប្រវត្តិ​​​ខ្លួន​ឯង ព្រោះ​​ខ្លាច​ពលរដ្ឋ​​ដឹង​​​រឿង​អាស្រូវ​ក្បត់​ជាតិ


ដោយ ជាតិ ចំណាន
2021-06-28 rfa
លោក សម រង្ស៊ី​ ថា​​បក្ស​​កាន់​អំណាច​​​​បិទ​បាំង និង​បំភ្លៃ​ប្រវត្តិ​​​ខ្លួន​ឯង ព្រោះ​​ខ្លាច​ពលរដ្ឋ​​ដឹង​​​រឿង​អាស្រូវ​ក្បត់​ជាតិ​​​​​​
​​​​​​លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
រូប៖ ហ្វេសប៊ុក Sam Rainsy

 

លោក​ សម រង្ស៊ី អះអាង​ថា ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ ​បិទ​បាំង​ការ​ពិត​​​របស់​​ខ្លួន​ ព្រោះ​​​​​ស្ថាបនិក​​នៃ​គណបក្ស​នេះ​ឈ្មោះ សឺង ង៉ុកមិញ ហៅ​អាចារ្យ​​មៀន ​ដែល​​ក្លែង​ធ្វើ​ជា​អាចារ្យ ​​​គឺ​ជា​ជន​​ក្បត់​ជាតិ​។ ពិសេស​គណបក្ស​នេះ​បាន​បិទ​បាំង​ការពិត ២៤ឆ្នាំ​ ​នៅ​ចន្លោះ​ឆ្នាំ​​១៩៥១ ដល់​ឆ្នាំ​១៩៧៥។

លោក ​​សម រង្ស៊ី ​រៀបរាប់​​លម្អិត​ក្នុង​វីដេអូ​​​ដែល​បង្ហោះ​ក្នុង​ហ្វេសប៊ុក​ (Facebook) ​​​​របស់​លោក​​ថា ​ដើម​កំណើត​នៃ​​គណបក្ស​ប្រជាជន​កម្ពុជា​​​ឈ្មោះ​បក្ស​ប្រជាជន​​បដិវត្តន៍​​ខ្មែរ​​​បង្កើត​ឡើង​​នៅ​ឆ្នាំ​១៩៥១ ​ដើម្បី​រណប​​​​បក្ស​កុម្មុយនិស្ត​​​វៀតណាម​ ហើយ​​​ចាំ​ស្ដាប់​បញ្ជា​ពី​​​បរទេស​។​ លោក​សរសេរ​​សំណេរ​បន្ថែម​ទៀត​ថា ​នៅ​ពេល​បង្កើត​រួច​ ​​គណបក្ស​​​​​​នេះ ​បាន​​ដឹកនាំ​កង​កម្លាំង​វៀតមិញ (Vietminh) ​​​​ប្រយុទ្ធ​គ្នា​ច្រើន​លើក​ច្រើន​សា​ជាមួយ​កង​​កម្លាំង​ខេមរភូមិន្ទ​របស់​សម្ដេច​ព្រះ​បាទ ​នរោត្តម សីហនុ។​

លោក សម រង្ស៊ី បន្ត​ថា​ ​​​ក្រោយ​សន្និសីទ​អន្តរជាតិ​ទីក្រុង​ហ្សឺណែវ​ (Genève)​ ខែ​កក្កដា ឆ្នាំ​១៩៥៤​​ អន្តរជាតិ​បាន​បង្ខំ​ឲ្យ​​វៀតមិញ​ដកទ័ព​របស់​ខ្លួន​ទាំងអស់​ចេញ​ពី​កម្ពុជា ដោយ​​នាំ​​កម្មាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​​ត្រឡប់​​ទៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​​​ខាង​ជើង​ផង​ដែរ​​។


លោក​​​បន្ត​អះអាង​ទៀត​ថា​​ បក្ស​កាន់​អំណាច​បាន​បំផ្លើស​ព្រឹត្តិការណ៍​ក្លែងក្លាយ​​ជា​ច្រើន​​ ព្រោះ​​​ខ្លាច​ការ​ពិត​ដែល​បង្ហាញ​ថា​ គណ​បក្ស​នេះ​​ក្បត់ជាតិ​ ហើយ​បង្កើត​ឡើង​ដោយ​បរទេស​ឈ្លាន​​ពាន ដើម្បី​លេប​ត្របាក់​ទឹកដី​ខ្មែរ៖ «ក្នុង​​សម័យ​អាណានិគម​បារាំង​​ ចលនា​កុម្មុយនិស្ត​យៀកមិញ​​ដឹកនាំ​ដោយ​ ហូ ជីមិញ ជា​អ្នក​​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​​ ដែល​ពេល​នោះ​មាន​ឈ្មោះ​ថា​ គណបក្ស​ប្រជាជន​បដិវត្តន៍​​កម្ពុជា​ ក្រោម​លេស​មក​ដេញ​បារាំង​ពី​ប្រទេស​កម្ពុជា​។​ បំណង​ពិត​ពួក​យួន​កុម្មុយនិស្ត​ គឺ​គ្រាន់​តែ​ចង់​គ្រប់គ្រង​កម្ពុជា​ជំនួស​បារាំង​តែ​ប៉ុណ្ណោះ​»។

ការ​លើក​ឡើង​នេះ ​ក្នុង​​ពេល​គណបក្ស​កាន់​អំណាច ​កំពុង​អបអរ​សាទរ​ខួប ​៧០ ​ឆ្នាំ​នៃការបង្កើត​គណបក្ស​​។ ​ឆ្នាំ​នេះ​​គណបក្ស​ប្រជាជន​កម្ពុជា​មិន​រៀបចំ​ពិធី​ជួប​ជុំ​រំលឹក​ខួប​បក្ស​ទេ​ ដោយសារ​​ស្ថានភាព​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ​(Covid-19)។ តែ​ទោះជា​យ៉ាង​ណា​ក៏ដោយ ក៏​​ប្រធាន​​គណបក្ស​ប្រជាជន​កម្ពុជាលោក ហ៊ុន សែន បាន​​ចេញ​សារ​លិខិត​ដើម្បី​រំលឹក​ខួប​៧០​ឆ្នាំ​ នៅ​ថ្ងៃ​ទី​២៨​ ខែមិថុនា ឆ្នាំ២០២១ នេះ។

ប្រធាន​គណបក្ស​រូប​នេះ​​ មិន​បាន​រៀបរាប់​លម្អិត​ពី​​​ប្រវត្តិ​គណបក្ស​នេះ​ទេ ដោយ​​គ្រាន់​តែ​បញ្ជាក់​ថា ​​ឈ្មោះ​ដើម ​គឺ​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​ មាន​ប្រភព​​​ពី​ចលនា​តស៊ូ​​ស្នេហា​​ជាតិ​របស់​ប្រជាជន​កម្ពុជា​ប្រឆាំង​ពួក​អាណានិគម​និយម ​ដើម្បី​ឯករាជ្យ​ជាតិ​។ លោក ហ៊ុន សែន បន្ត​ថា ​​គណបក្ស​នេះ បាន​ដឹកនាំ​ប្រជាជន​តស៊ូ​ប្រយុទ្ធ​​យ៉ាង​អង់អាច​ ដើម្បី​រំដោះ​ប្រទេស​ពី​ការ​ឈ្លានពាន​ត្រួតត្រា​របស់​បរទេស ផ្ដួល​រំលំ​របប ​ប៉ុល ពត ​និង​​កសាង​មាតុភូមិ​ឲ្យ​មាន​សន្តិភាព បង្រួប​បង្រួម​ជាតិ ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍន៍​។ លើសពីនេះ លោក ហ៊ុន សែន អះអាងថា គណបក្សប្រជាជនកម្ពុជា បានលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ធ្វើឲ្យ​ប្រជា​ពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង​ ហើយកំពុងរួមរស់ជាមួយគ្នាយ៉ាងសុខុដុមរនាម។

ផ្ទុយពីការអះអាងរបស់លោក ហ៊ុន សែន នេះ ក្រុមអង្គការជាតិ-អន្តរជាតិ រួមទាំងប្រទេស​ប្រជាធិបតេយ្យធំៗ រិះគន់ជាបន្តបន្ទាប់ថា រដ្ឋាភិបាលដឹកនាំ​គណបក្ស​ប្រជា​ជនកម្ពុជា បំផ្លាញគោលការណ៍ប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជា​ប្រព័ន្ធ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដែល​រួម​មាន​ការ​បង្ក្រាប​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលមានឥទ្ធិពលក្នុងការឈ្នះឆ្នោត ការ​កៀប​សង្កត់​លើ​អង្គ​ការ​មិនមែនរដ្ឋាភិបាល​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យជាដើម ដើម្បីបន្តក្តោបក្តាប់​អំណាច​​តវង្សត្រកូលរបស់លោក ហ៊ុន សែន។ មកទល់ពេលនេះ របបលោក ហ៊ុន សែន នៅតែបន្តធ្វើទុក្ខបុកម្នេញឥតឈប់ឈរទៅលើក្រុម​អ្នកប្រជាធិ​បតេយ្យ​។ ដោយសារតែបែបនេះ សហគមន៍​អន្តរជាតិ បានដាក់ទណ្ឌកម្មបន្ទាប់លើសេដ្ឋកិច្ចកម្ពុជា និងបុគ្គលកំពូលៗ របស់គណបក្សកាន់អំណាច ក្នុងនោះដូចជា​ សហភាព​អឺរ៉ុប​​សម្រេចដកប្រព័ន្ធ​អនុ​គ្រោះពន្ធ EBA ២០ភាគរយ​ជាដើម។

ឆ្លើយតបចំពោះការលើកឡើងរបស់មេបក្សប្រឆាំងវិញ អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ​អះអាង​ថា​​​ ​លោក សម រង្ស៊ី មានចេតនា​មួល​បង្កាច់​លើ​​គណបក្ស​កាន់​អំណាច។ លោក សុខ​ ឥសាន​ បាន​ចោទ​លោក សម រង្ស៊ី​ វិញ​​ថា ​តែង​តែ​​​​​ប្រឌិត​រឿង​នានា​​ ដើម្បី​ចោទ​ប្រកាន់​ចំពោះ​ក្រុម​មនុស្ស​ ដែលលោកមិន​ពេញ​ចិត្ត៖ «គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​យល់​ដូច​គាត់​អ៊ីចឹង​ទេ។ គាត់​ទេ​​ដែល​យល់​អ៊ីចឹង​ណា ព្រោះ​គាត់​តាំង​ខ្លួន​ជា​អ្នក​ប្រឆាំង​រួច​ទៅ​ហើយ​។ អ៊ីចឹង​អា​ចំណុច​វិជ្ជមាន​គាត់​មិន​និយាយ។ គាត់​និយាយ​រក​តែ​ចំណុច​អវិជ្ជមាន ហើយ​បំផ្លើស​ការ​ពិត​ទៅ​ទៀត។ គាត់​ហ្នឹង​គេ​ហៅ​ថា​ សតិ​អារម្មណ៍​​របស់​គាត់ ក៏​ដូចជា​មនោគម​វិជ្ជា​របស់​គាត់ វប្បធម៌​របស់​គាត់ គឺ​តែងតែ​និយាយ​លាប​ពណ៌​ទៅ​លើ​ដៃ​គូ​ប្រកួត​ប្រជែង​​ជានិច្ច​ជា​កាល​អ៊ីចឹង​»។

ទោះ​ជា​យ៉ាង​ណា អ្នក​​ស្រាវជ្រាវ​យល់​​ថា ​ពលរដ្ឋ​ខ្លះ​​អាច​មិន​ដឹង​ការពិតតែ​​​គ្មាន​នរណា​ម្នាក់ អាច​​បិទបាំង ​ឬ​បំភ្លៃ​ប្រវត្តិ​សាស្ត្រ​បាន​ឡើយ​។ អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គមបណ្ឌិត មាស នី មិន​​ចង់​​​បកស្រាយ​បន្ថែម​ពី​លើ​អ្នក​នយោបាយ​ទេ ​តែ​លោក​ថា​ ចំពោះ​​​​អ្នក​សិក្សា​​​អាច​ដឹង​ច្បាស់​ពី​ប្រវត្តិ​និង​គោល​បំណង​​នៃ​ការ​បង្កើត​គណ​បក្ស​ប្រជាជន​កម្ពុជា​​តាម​រយៈ​ការ​​ស្រាវជ្រាវ​ និង​ការ​​អាន​​សៀវភៅ​។

លោកបន្ថែម​ថា ​​​កម្លាំង​ខ្មែរ​វៀតមិញ​​របស់​​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ស្ងប់ស្ងាត់​​​​និង​ត្រូវ​បាន​វៀតណាម​យក​ទៅ​រក្សា​ទុក​តាំង​ពី​​​ពេល​កម្ពុជា ​ទទួល​បាន​ឯករាជ្យ​ពី​​​​បារាំង។ លោក​បន្ត​​ថា ​លុះ​​​ចុង​ទសវត្សរ៍​​​ឆ្នាំ​៧០ ​ទើប​​កម្លាំង​គណបក្ស​នេះ​​ត្រូវ​បាន​​វៀតណាម​រៀប​ចំ​​ឡើងវិញ​ ដោយ​មតិ​ខ្លះ​លើក​ឡើង​ថា​ ដើម្បី​​​រំដោះ​កម្ពុជា ឯ​មតិ​ខ្លះ​ថា ​ដើម្បី​​ឈ្លាន​ពាន​កម្ពុជា​៖ «នៅ​ក្នុង​គូរ​បដិបក្ខ​នយោបាយ​ខ្មែរ​ហ្នឹង គេ​តែងតែ​ចង់​បានប្រៀប ​ទោះ​បី​អា​ហ្នឹង​គេ​លាក់លៀម​​ ឬ​ក៏​បង្ហាញ​ត្រង់​យ៉ាង​ម្ដេច​អា​ហ្នឹង​វា​ជា​កាតព្វកិច្ច ជា​សិទ្ធិ​របស់​គេ។​ តែ​ខ្ញុំ​សុំ​មិន​អត្ថាធិប្បាយ​​ថា​ តើ​លាក់​ប៉ុណ្ណា​ ឬ​ប៉ុណ្ណា​ទេ។​ ប៉ុន្តែ​ប្រវត្តិសាស្ត្រ​គេ​បាន​ប្រាប់​ការពិត​ហើយ​ថា​ ដំណើរ​នេះ​ បាន​ចេញ​ពី​ណា​មក ហើយ​ប្រសិន​បើ​មាន​គូរ​បដិបក្ខ​ណា​មួយ​ព្យាយាម​លាក់ ក៏​លាក់​មិន​ជិត​ដែរ​»។

ជាមួយ​គ្នា​នេះ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​នាំ​គ្នា​បង្ហោះ​សារ​អបអរ​​ខួប​ទី ៧០​ឆ្នាំ។ ពួកគេ​មួយ​ចំនួន ​​បាន​​​បង្ហោះ​​សារ​តាម​គ្នា ​និង​​ខ្លះ​ទៀត​មិន​​​ដឹង​ពី​ប្រវត្តិ​គណ​បក្ស​នេះ​​ទេ។​ ចំណែក​ក្រុម​​មេដឹកនាំ​​របស់​គណបក្ស​​កាន់​អំណាច​ និង​កូន​របស់​ពួកគេ​​​​​បាន​បន្ត​ការ​បង្អួត​​ទ្រឹស្ដី​ការ​​​អភិវឌ្ឍ​​ និង​ទាមទារ​ឲ្យ​ពលរដ្ឋ​ដឹង​គុណ​គណបក្ស​កាន់​អំណាច​​។

ប៉ុន្តែ​ ​លោក សម រង្ស៊ី អះអាង​ថា ​​បក្ស​​កាន់​អំណាច​​​មិន​មែន​ជា​អ្នក​កសាង​ ឬ​អភិវឌ្ឍន៍​ជាតិ​ទេ​។ ផ្ទុយ​ទៅ​វិញ លោកថា ​​គណ​បក្ស​​នេះ​​​ហ៊ាន​​​​​បំភ្លៃ​​​​​ថា ​ការ​​​​​ទាមទារ​ឯករាជ្យ​ពី​បារាំង​ ថា​ជា​​​ស្នាដៃ​បក្ស​ខ្លួន​ឯង​ទៅ​ទៀត។ លោកអះអាង​ថា ​​​ការ​​ដណ្ដើម​បាន​ឯករាជ្យ​​នេះ​ ​គឺជា​ស្នាព្រះហស្ត​របស់​ព្រះ​បាទ​ នរោត្តម សីហនុ​ ឯ​​​បក្ស​កាន់​អំណាច​​​​វិញ គ្រាន់​តែ​ចេះ​សូត្រ​​ទ្រឹស្ដី​សន្តិភាព​ក្លែងក្លាយ ឬ​សន្តិភាព​អ្នក​ទោស​ក្នុង​គុក​ឥត​ជញ្ជាំង​​ដូច​សម័យ​ខ្មែរ​ក្រហម​ប៉ុណ្ណោះ​៕​​​​​​

2 comments:

Anonymous said...

It is good that Sam Rainsy shows up to reveal the CPP's history to strengthen Khmer's spirit.

Anonymous said...

Hun Sen is illegitimate. Sam Rainsy must call for Khmer nationalism. If they don't speak out against the evil Yuon and their puppet Hun Sen like before when the CNRP grew in strength, I fear the CNRP will be nothing and useless. Too much time has been wasted. Any means necessary to get rid of the evil Yuon and their puppet Hun Sen.