ដោយ មួង ណារ៉េត
2021-06-28 rfa
(ឆ្វេង) លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនៃសិទ្ធិមនុស្ស លីកាដូ និងយុវជនចូលរួមក្នុងយុទ្ធនាការទាមទារដោះលែងយុវជនបរិស្ថានកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។
រូប៖ លីកាដូ
ការទាមទារនូវការដោះលែងយុវជនការពារបរិស្ថាននេះ ធ្វើឡើងខណៈរដ្ឋាភិបាលលោក ហ៊ុន សែន បង្កើនការចាប់ខ្លួនសកម្មជនស្រឡាញ់បរិស្ថានដាក់ពន្ធនាគារ។ យុវជន និងមន្ត្រីសង្គមស៊ីវិល បានកាន់បដានិងបង្ហោះរូបថតរបស់ពួកគេលើបណ្ដាញសង្គមហ្វេសប៊ុក ដោយសរសេរឃ្លាដំបូងថា «ខ្ញុំស្រឡាញ់បរិស្ថាន»។ ឃ្លាបន្ទាប់ពួកគាត់សរសេរឈ្មោះសកម្មជនបរិស្ថានដែលត្រូវច្បាប់ខ្លួនម្នាក់មួយៗដោយទាមទារឱ្យដោះលែងសកម្មជនទាំងនោះ។
មជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជាបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកខ្លួនថា «ភាពសកម្មនិយមក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ មិនមែនជាសកម្មភាពខុសច្បាប់ទេ»។
ដូចគ្នានេះដែរ អង្គការសិទ្ធិមនុស្ស លីកាដូ ក៏បង្ហោះសារទាមទារនេះដែរ។ អង្គការលីកាដូ ស្នើឱ្យមានការចូលរួមក្នុងកិច្ចការពារបរិស្ថាន និងជួយគាំទ្រដល់អ្នកការពារបរិស្ថានដែលកំពុងជាប់ឃុំ។
អ្នកសម្របសម្រួលគម្រោងតស៊ូមតិ និងចងក្រងនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) ម៉ើ ចាន់ដារ៉ា សរសរលើហ្វេសប៊ុកលោកទាមទារទៅតុលាការឱ្យទម្លាក់ការចោទប្រកាន់ចំពោះសកម្មជនទាំងអស់ ដែលពួកគេបានចំណាយ សាច់ស្រស់ ឈាមស្រស់ បូជា និងពលី ដើម្បីដែនដីសុវណ្ណភូមិមួយនេះ។ យុវជនរូបនេះ ឱ្យអាស៊ីសេរីដឹងថា ការបំពេញការងាររបស់យុវជនពិតជាតម្លៃ និងជាការបំពេញភាពចន្លោះប្រហោងរបស់អាជ្ញាធរមូលដ្ឋានក្នុងកិច្ចការពារបរិស្ថាន។ លោករំពឹងថា រដ្ឋាភិបាលឬតុលាការគួរសម្រេចចិត្តឡើងវិញដោយទម្លាក់ការចោទលើក្រុមយុវជនទាំងនេះ៖ «បើ សិនយើងមើលឃើញថា នៅតែមានការបង្អាកសកម្មភាពរបស់ពួកគាត់ (សកម្មជនបរិស្ថាន) តើការប្ដេជ្ញាចិត្តមន្ត្រីរដ្ឋាភិបាលហើយហ្នឹងច្បាប់ដែលយើងផ្ដល់សច្ចាប័នសម្រាប់មកអនុវត្តន៍តើច្បាប់ទាំងហ្នឹងយើងអនុវត្តមានប្រសិទ្ធភាពដែរឬអត់»។
ជុំវិញការទាមទារនេះ អាស៊ីសេរីមិនអាចសុំការបំភ្លឺពីប្រធានតុលាការក្រុងភ្នំពេញលោក តាំង ស៊ុនឡាយ បានទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួលនៅថ្ងៃទី២៨ ខែមិថុនា។ ចំណែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន អះអាងថា សកម្មជនបរិស្ថានដែលត្រូវបានចាប់ខ្លួនទាំងនោះមិនបានធ្វើសកម្មភាពបម្រើសង្គមនោះទេ ប៉ុន្តែអ្នកទាំងនោះបំពានច្បាប់។ លោកថា អ្នកទាមទារឱ្យដោះលែងយុវជនទាំងនោះ គ្មានសិទ្ធិមកសម្លុតរដ្ឋាភិបាលឱ្យដោះលែងសកម្មជនបរិស្ថានទាំងនោះឡើយ៖ «មិនបាច់អំពាវឱ្យដោះលែងទេ ហើយមិនដឹងមានសិទ្ធិអំណាចអីបង្ខំឱ្យរដ្ឋាភិបាលត្រូវដោះលែងជាបន្ទាន់និងឥតលក្ខណ្ឌនោះវាអត់ប្រយោជន៍ទេ»។
សមត្ថកិច្ចរដ្ឋាភិបាលលោក ហ៊ុន សែន បានបង្កើនការចាប់ខ្លួនអ្នកធ្វើការងារបរិស្ថានជាបន្តបន្ទាប់ ហើយសកម្មជនបរិស្ថានចុងក្រោយគេ ដែលត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារនោះ គឺសមាជិក នៃចនលាមាតាធម្មជាតិ៣រូបរួមមាន៖ កញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និងយុវជន លី ចាន់ដារ៉ាវុធ ដោយចោទប្រកាន់ពីរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ។ នៅមុនពេលការចាប់ខ្លួននេះ របបលោកហ៊ុន សែន ក៏បានចាប់សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិបីនាក់ផ្សេងទៀត រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដែលអ្នកទាំងអស់នោះកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ។ ក្រៅពីយុវជនទាំងនោះ ក៏នៅមាន សកម្មជននយោបាយ សង្គម និងបរិស្ថានប្រមាណ ៨០ នាក់ទៀតកំពុងជាប់ឃុំនៅពន្ធនាគារដែរ ដោយភាគច្រើន ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ និងរួមគំនិតក្បត់ ដោយសារការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគាត់។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនៃសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត និយាយថា បញ្ហាបរិស្ថានជាបញ្ហារួមរបស់សង្គមជាតិ ដូច្នេះទើបមានការទាមទារពីអង្គការសង្គមស៊ីវិល អង្គទូត និងអ្នកធ្វើការងារផ្នែកបរិស្ថានឱ្យដោះលែងពួកគេ ។ លោក អំ សំអាត ដែលបានចូលរួមក្នុងការទាមទារនេះដែរយល់ថា ការឃុំខ្លួនសកម្មជនបរិស្ថានពេលនេះ ហាក់បីដូចជួយផ្ដល់ឱកាសដល់ជនខិលខូច ឱ្យបន្តបំផ្លាញបរិស្ថាន ឬបំផ្លិចបំផ្លាញព្រៃឈើតទៅទៀត៖ «បញ្ហាបរិស្ថានជាបញ្ហារួមរបស់ពិភពលោកនិងបណ្ដាប្រទេសនីមួយៗ អ៊ីចឹងអ្នកការពារបរិស្ថានត្រូវបានលើកទឹកចិត្តចូលរូមមិនមែនអ្នកការពារបរិស្ថានត្រូវបានចាប់ឬក៏ផ្ដន្ទាទោសនោះទេ»។
នេះមិនមែនជាលើកទី១ទេដែលមានការទាមទារទៅរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យដោះលែងសកម្មជនបរិស្ថាន។ កាលពីពេលថ្មីៗនេះ អ្នកការពារបរិស្ថានល្បីឈ្មោះលំដាប់ពិភពលោក កញ្ញា ហ្គ្រែតា ធុនប៊ែរ៍ហ្គ (Greta Thunberg) បានចេញមុខអំពាវនាវឱ្យមនុស្សគ្រប់គ្នាប្រឆាំងនឹងការចាប់ខ្លួនសកម្មជនបរិស្ថាន ៣នាក់នៅកម្ពុជា។ ចំណែកស្ថានទូតអាមេរិក និងស្ថានទូតប្រទេសលោកសេរីមួយចំនួនក៏ទាមទារឱ្យដោះលែងសកម្មជនបរិស្ថានដែលកំពុងជាប់ឃុំនោះដែរ៕
No comments:
Post a Comment