Sunday, 6 June 2021

មេធាវី​គ្រោង​ដាក់​លិខិត​ទៅ​តុលាការ​ស្នើ​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​លោក កឹម សុខា


ដោយ ខែ សុណង
2021-06-05 rfa
មេធាវី​គ្រោង​ដាក់​លិខិត​ទៅ​តុលាការ​ស្នើ​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​លោក កឹម សុខា 

ជំនួប​រវាង​ប្រធានគណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា (ឆ្វេង) និង​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) កាល​ពីថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​២០២១។
រូប​ពី​ហ្វេសប៊ុក​លោក កឹម សុខា


មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា ឱ្យ​ដឹង​ថា ក្រុម​មេធាវី​គ្រោង​ដាក់​លិខិត​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ។ គម្រោង​នេះ​ក្រោយពេល​ក្រុម​មេធាវី​បាន​ជួប​ជជែក​គ្នា​ដើម្បី​ពិនិត្យមើល​ពី​អត្ថបទ​ច្បាប់​ទ្រឹស្ដី ឬក៏​មាត្រា​ខ្លះ​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​លោក កឹម សុខា។

មេធាវី​ការពារ​ឱ្យ​លោក កឹម សុខា គឺ​លោក ផែង ហេង ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃទី៥ ខែមិថុនា ថា ក្រុម​មេធាវី​នឹង​ជួប​កូនក្ដី​ជា​មុន​សិន មុន​នឹង​សម្រេច​ដាក់​សំណើ​ទៅ​តុលាការ​ស្នើ​ឱ្យ​ទម្លាក់​ចោល​បទ​លើ​លោក កឹម សុខា។ លោក ផែង ហេង ថា សំណើ​នេះ​គ្រោង​នឹង​ធ្វើ​ក្នុង​ពេល​ឆាប់ៗ​នេះ​។ លោក​មេធាវី​លើកឡើង​ទៀត​ថា មតិ​ជាតិ​និង​មតិ​អន្តរជាតិ​នៅតែ​ចាត់ទុកថា​លោក កឹម សុខា ជា​បុគ្គល​ស្អាតស្អំ និង​ចាត់ទុក​ករណី​ចោទប្រកាន់​លើ​លោក កឹម សុខា ថា​ជា​រឿង​នយោបាយ​។ លោក​ថា សូម្បី​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) ក៏​នៅតែ​ហៅ​លោក កឹម សុខា ថា ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ៖ «យើង​ជជែក​ទាក់ទង​ការ​ទាមទារ​ឱ្យ​ទម្លាក់​ចោល​បទ ដូច្នេះ​យើង​រក​អត្ថបទ​ច្បាប់ ឬក៏​ទ្រឹស្ដី ឬក៏​មាត្រា​ខ្លះ​រំលេច​ចូល​ក្នុង​អត្ថបទ​ដែល​យើង​ស្នើ​សុំ​ឱ្យ​ទម្លាក់​ចោទ»។


ការ​ឱ្យ​ដឹង​ពី​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ពេល​នេះ ក្រោយ​ពេល​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក អ្នកស្រី វិនឌី ហ្សឺមែន បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ថ្ងៃទី១ ខែមិថុនា​។ អ្នកស្រី​បាន​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មាន​ជំនួប​ដាច់​ដោយ​ឡែក​ជាមួយ​មេ​បក្ស​ប្រឆាំង លោក កឹម សុខា និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​។ ក្នុង​ជំនួប​ជាមួយ​លោក កឹម សុខា អ្នកស្រី​បាន​ពិភាក្សា​អំពី​បញ្ហា​មួយចំនួន ដែល​មាន​សារៈសំខាន់​រួមគ្នា​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​នោះ​រួម​ទាំង​ការ​ធានា​បាន​សន្តិភាព វិបុលភាព និង​ប្រជាធិបតេយ្យ​នា​ពេល​អនាគត​សម្រាប់​ប្រទេស​កម្ពុជា​។ អ្នកស្រី​បញ្ជាក់​ថា សហរដ្ឋអាមេរិក​គាំទ្រ​ប្រជាពលរដ្ឋ​ខ្មែរ គាំទ្រ​ក្តី​បំណង​ចង់​ឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ និង​គាំទ្រ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ។

មេធាវី​ការពារ​ឱ្យ​លោក កឹម សុខា គឺ​លោក ផែង ហេង យល់​ថា លោក កឹម សុខា បាន​លើក​ឡើង​ពី​ការ​ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​រូបលោក និង​ការ​ស្ដារ​នីតិសម្បទា​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ដំណើរការ​ឡើងវិញ​។ លោក​មេធាវី​បន្ត​ថា ការ​ជជែក​ស៊ីជម្រៅ​បែប​ណា​ទៀត មាន​តែ​រង់ចាំ​មើល​រដ្ឋាភិបាល​អាច​សម្របសម្រួល​បែប​ណា?

ជុំវិញ​ករណីនេះ អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ប្រធាន​សាលាដំបូង​រាជធានី ភ្នំពេញ លោក តាំង ស៊ុន ឡាយ អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បានទេ​នៅ​ថ្ងៃទី​០៥ ខែ​មិថុនា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

ទោះ​យ៉ាងណា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន តែង​ឆ្លើយតប​ដដែលៗ​ថា សំណុំ​រឿង​នេះ​ផុត​ពី​ដៃ​រដ្ឋាភិបាល​ហើយ និង​កំពុង​ស្ថិត​ក្រោម​សមត្ថកិច្ច​តុលាការ ដូច្នេះ​រដ្ឋាភិបាល​មិន​អាច​ធ្វើ​អ្វី​បាន​ទេ។

រីឯ​មន្ត្រី​ស្និទ្ធ​នឹង​លោក កឹម សុខា រំពឹង​ថា នឹង​មាន​ដំណោះស្រាយ​នយោបាយ​ឆាប់ៗ​នេះ ខណៈ​អាមេរិក​កំពុង​ជួយ​អន្តរាគមន៍​ជំរុញ​ឱ្យ​មេ​បក្ស​ប្រឆាំង និង​គណបក្ស​ប្រឆាំង​អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ។

មន្ត្រី​បក្ស​ប្រឆាំង​ស្និទ្ធ​នឹង​លោក កឹម សុខា គឺ​លោក មាជ សុវណ្ណារ៉ា យល់​ថា ពេល​នេះ​អាមេរិក​កំពុង​ធ្វើ​នយោបាយ​ការទូត​ស្រាយចំណង​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ហើយ​។ លោក​ថា ករណី​កម្ពុជា​ជំពាក់​បំណុល​អាមេរិក​ជាង​៥០០​លាន​ដុល្លារ​ក្នុង​សម័យ​សេនាប្រមុខ លន់ ណុល និង​ការ​បន្ត​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​GSP​អាច​នឹង​ត្រូវ​យក​ទៅ​និយាយ ដើម្បី​ឱ្យ​មានការ ទម្លាក់​បទ​ចោទ​លោក កឹម សុខា ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ចូលរួម​ការបោះឆ្នោត និង​ដោះលែង​អ្នក​ជាប់ឃុំ ឬ​អ្នកទោស​មនសិការ៖ «កម្ពុជា​ត្រូវការ​អី​ពី​អាមេរិក​អាមេរិក​ត្រូវការ​អី​ពី​កម្ពុជា​តើ​សេចក្ដីថ្លែងការណ៍​ដោះដូរ​គ្នា​ក្នុង​កម្រិត​ណា​គឺ​ទាំង​ក្រសួង​ការបរទេស អាមេរិក ឬ​កម្ពុជា​ក្ដី​ទាំង​ស្ថានទូត​កម្ពុជា​ប្រចាំ​អាមេរិក​ក្ដី​ទាំង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ក៏​គេ​កំពុង​ធ្វើ​ពិធីសារ​ថា​តើ​ត្រូវ​ជជែក​គ្នា​ក្នុង​កម្រិត​ណា​ៗ?»។

ចំណែក អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា វិញ លោក​យល់​ថា បើ​អាមេរិក ឬ​សហគមន៍​អន្តរជាតិ​មិន​បន្ថែម​ទម្ងន់​ណាមួយ លើ​រដ្ឋាភិបាល​កម្ពុជា​ទេ គឺ​ភាគី​កម្ពុជា​នៅតែ​និយាយ​ថា សំណុំ​រឿង​នេះ​ជា​កិច្ចការ​តុលាការ​។ ទោះ​យ៉ាង​ណា​លោក​ថា ដំណើរការ​នៃ​ការ​ចោទប្រកាន់​លើ​លោក កឹម សុខា និង​សកម្មជន បក្ស​ប្រឆាំង ឬ​សកម្មជន​បរិស្ថាន​របស់​តុលាការ​កម្ពុជា មិន​ត្រូវ​ស្ថាប័ន​អន្តរជាតិ​ផ្ដល់​តម្លៃ​នោះ​ទេ៖ «ដំណើរការ ឬ​នីតិវិធី​ហ្នឹង​ប្រព្រឹត្តិ​ទៅ​តាម​គោលការណ៍​ច្បាប់​មាន​តុលាការ​ជា​ធរមាន មាន​ខ្លឹមសារ​ត្រឹមត្រូវ​ដែល​អន្តរជាតិ​ផ្ដល់​តម្លៃ​យើង​អត់​អាច​មាន​ស្តង់ដារ​ច្បាប់​ពីរ​បី​នោះ​ទេ ព្រោះ​អី​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​មានតែ​មួយ​ទេ»។

វិបត្តិ​នយោបាយ​បាន​ជាប់​គាំង​អស់​ជាច្រើន​ឆ្នាំក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧​។ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ កាលពី​ឆ្នាំ​២០១៧ ហើយ​សិទ្ធិ​នយោបាយ​របស់​លោក​ត្រូវ​បាន​ដកហូត​នៅ​ពេល​របប​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ទោះ​យ៉ាងណា​សំណុំ​រឿង​នេះ​មិនទាន់​ត្រូវ​បាន​បញ្ចប់​ការ​ជំនុំជម្រះ​នៅឡើយ​ទេ ទោះ​មាន​សំណើ​ពី​មេធាវី​លោក កឹម សុខា សុំ​ឱ្យ​តុលាការ​បន្ត ជម្រះក្ដី​នេះ​ជា​ច្រើនដង​មក​ហើយ​ក៏ដោយ​។ ហេតុផល​របស់​តុលាការ គឺ​សំណុំរឿង​ដ៏​កក្រើក​មួយ​នេះ មិនមែន​ជា​អាទិភាព​នោះ​ទេ ដែល​ហេតុផល​នេះ​ស្រប​ទៅ​នឹង​ការ​ចង់​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចង់ឱ្យ​បន្ត​សំណុំ​រឿង​នេះ​នៅ​ក្រោយ​ការបោះឆ្នោត​ឃុំ​សង្កាត់​២០២២ និង​បោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ ខាងមុខ។

ទោះជា​យ៉ាងនេះ​ក្តី អំឡុង​ពេល​ជួប​ជាមួយ​លោក ហ៊ុន សែន អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក អ្នកស្រី វិនឌី ហ្សឺមែន បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​ទម្លាក់​ចោល​បទចោទប្រកាន់​ដែល​មាន​ចរិត​នយោបាយ​លើ​អ្នកនយោបាយ​ប្រឆាំង អ្នកសារព័ត៌មាន និង​សកម្មជន​ជាបន្ទាន់​។ ជាង​នេះ​ទៅ​ទៀត មន្ត្រីជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​រូប​នេះ ក៏​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា​បើក​លំហ​នយោបាយ និង​ពលរដ្ឋ​ឡើង​វិញ នៅ​មុន​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២ និង​ការបោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ ខាងមុខ​ផង​ដែរ៕

No comments: