Sunday, 6 June 2021

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដាក់ពាក្យស្នើទៅ Facebook ដើម្បីទាមទារសិទ្ធិគ្រប់គ្រងទំព័រហ្វេសប៊ុក ទូរទស្សន៍ព្រះអាទិត្យកម្ពុជាមកវិញ


ដោយ សន ចាន់រដ្ឋា
2021-06-05 rfa
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដាក់ពាក្យស្នើទៅ Facebook ដើម្បីទាមទារសិទ្ធិគ្រប់គ្រងទំព័រហ្វេសប៊ុក ទូរទស្សន៍ព្រះអាទិត្យកម្ពុជាមកវិញ 

ទំព័រហ្វេសប៊ុក ទូរទស្សន៍ព្រះអាទិត្យកម្ពុជា
Photo: RFA


អ្នក​គ្រប់គ្រង​កម្មវិធី​ទូរទស្សន៍​ព្រះអាទិត្យ​ របស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រះតេជព្រះគុណ​ ប៊ុត ប៊ុនតិញ បាន​ដាក់​ស្នើ​ទៅ​កាន់​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ដើម្បី​ ទាមទារ​សិទ្ធិ​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​ទូរទស្សន៍​ព្រះអាទិត្យ​មក​វិញ​ បន្ទាប់​ពី​ក្រុម​ចោរ​បច្ចេកវិទ្យា​បាន​លួច​ទំព័រ​នេះ​ទៅ​គ្រប់គ្រង​ កាល​ពី​ថ្ងៃទី ០៤ ខែមិថុនា និង​បាន​ដក​អ្នក​គ្រប់គ្រង​ផេក (Page) ​នេះ​ទាំង​អស់​ចេញ​ពី ទំព័រ​ហ្វេសប៊ុក​ ទូរទស្សន៍​ព្រះអាទិត្យ​។ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បាន​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ព្រះ​អង្គ​ថា​ ខាង​ក្រុមហ៊ុន​ហ្វេសប៊ុក​នៅ​មិន​ទាន់​ឆ្លើយតប​យ៉ាង​ណា​នៅ​ឡើយ​ទេ។

ស្រប​ពេល​ដែល​ទាមទារ​សិទ្ធិ​គ្រប់គ្រង​មក​វិញ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ក៏​បាន​ប្រកាស​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី ០៤ ខែមិថុនា ដោយ​បដិសេធ​ជា​មុន​ ប្រសិន​បើ​ក្រុម​ចោរ​បច្ចេកវិទ្យា​ចាប់​ផ្តើម​ប្រើប្រាស់​ឈ្មោះ​ព្រះ​តេជ​ព្រះគុណ​ ឬ​ឈ្មោះ​ទូរទស្សន៍ព្រះអាទិត្យ​ ទៅ​ធ្វើ​សកម្មភាព​ទាំង​ឡាយ​ណា​ទុច្ចរិត ឬ​ផ្ទុយ​ពី​បេសកកម្ម​របស់​ទូរទស្សន៍​ព្រះអាទិត្យ។


"បើ​សិន​ជា​មាន​បញ្ហា​យក​ឈ្មោះ​ទូរទស្សន៍​ព្រះ​អាទិត្យ​កម្ពុជា​ ឬ​ឈ្មោះ​អាត្មា​ទៅ​ប្រើ​ក្នុង​គោល​បំណង​ រក​លុយ​រកកាក់​ គោល​បំណង​គំរាម​កំហែង​ គោលបំណង​បំបែក​ឆន្ទៈ​នយោបាយ សូម​ញាតិញោម​មេត្តា​កុំ​ទទួល រួច​ចូល​រួម​បដិសេធ​ជា​មួយ​ក្រុម​ការងារ​ទូរទស្សន៍​ព្រះអាទិត្យ។ ហើយ​អាត្មា​បដិសេធ​ពី​ម៉ោង ០៩ និង​១៥នាទី​ព្រឹក​ ថ្ងៃទី០៤ ខែមិថុនា រហូត​ដល់​ថ្ងៃ​ណា​មួយ​ដែល​យើង​មាន​សិទ្ធិ​គ្រប់​គ្រង​។ យើង​បដិសេធ​ក្នុង​អន្តរកាល​នោះ​ទាំង​សារ​ ទាំង​អត្ថបទ​ ទាំង​សំឡេង​ ទាំង​វីដេអូ។ ហើយ​ខ្លឹមសារ​ដែល​ឆ្លុះ​បញ្ចាំង​ផ្ទុយ​ពី​ខ្លឹមសារ​ និង​គោលដៅ​របស់​អ្នក​គ្រប់គ្រង​ទូរទស្សន៍​ព្រះអាទិត្យ​ យើង​បដិសេធ​ទាំង​ស្រុង​"

ទោះ​យ៉ាង​ណា​ព្រះតេជព្រះគុណ​ ប៊ុត ប៊ុនតិញ ប្ដេជ្ញា​ថា​នឹង​ព្យាយាម​ទាមទារ​សិទ្ធិ​គ្រប់គ្រង​ ផេក​ហ្វេសប៊ុក​ទូរទស្សន៍​ព្រះ​អាទិត្យ​ត្រឡប់​មក​វិញ។ ព្រះតេជព្រះគុណ​មាន​ដីកា​បន្ថែម​ថា​ប្រសិន​បើ មិន​អាច​ទាមទារ​មក​វិញ​បាន​ទេ ព្រះតេជព្រះគុណ​ នឹង​ពិភាក្សា​ជាមួយ​ក្រុម​ការងារ​របស់​ទូរទស្សន៍​ព្រះ​អាទិត្យ​ ឱ្យ​ងាក​ទៅ​ប្រើ​ផេក​របស់​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​ជំនួស​វិញ ​ដើម្បី​អាច​បន្ត​បេសកកម្ម​ និង​បម្រើ​ឆន្ទៈ​អ្នក​នយោបាយ​ ដែល​ព្រះតេជព្រះគុណ​ចាត់​ទុក​ថា​ ជា​អ្នក​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​។

កាល​ពី​ថ្ងៃទី ០៤ ខែមិថុនា អ្នក​ដែល​បាន​លួច​ទំព័រ​ហ្វេសប៊ុក​ទូរទស្សន៍​ព្រះអាទិត្យ​ទៅ ​បាន​ចាប់​ផ្តើម​ផុស​រូប​នារី​ក្នុង​សម្លៀក​បំពាក់​មិន​សមរម្យ​ និង​ភ្ជាប់​ជា​មួយ​នឹង​អាសយដ្ឋាន​ទៅ​កាន់ ​វែបសាយ (Website) បរទេស​មួយ​ដែល​មាន​ឈ្មោះ​ថា Da Million។

ទាក់ទង​នឹង​បញ្ហា​នេះ​ អ្នក​សិក្សា​ផ្នែក​បច្ចេកវិទ្យា​ លោក ង៉ែត ម៉ូសេ សង្កេត​ឃើញ​ថា​ការ​បាត់​បង់​ផេក​ហ្វេសប៊ុក​នេះ កើត​ចេញ​ពី​ការ​ខ្វះ​ចន្លោះ​របស់​អ្នក​គ្រប់គ្រង​ផេក​ ដែល​ផ្តល់​ឱកាស​ឱ្យ​ក្រុម​ចោរ​បច្ចេកវិទ្យា​អាច​ឆ្លៀត​ឱកាស​ដណ្ដើម​យក​ផេក​ហ្វេសប៊ុក​ទៅ​គ្រប់គ្រង​បាន។ ទោះ​យ៉ាង​ណា លោក ង៉ែត ម៉ូសេ មាន​សង្ឃឹម​ថា​ក្រុមហ៊ុន​ហ្វេសប៊ុក​នឹង​អាច​លូក​ដៃ​ចូល​ដោះស្រាយ​បញ្ហា​នេះ​ជូន​ដល់​ម្ចាស់​ផេក​ ប្រសិន​បើ​ម្ចាស់​ផេក​ដែល​បាន​បាត់​បង់​សិទ្ធិ​នោះ មាន​ឯកសារ​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់​អំពី​ទំនាក់​ទំនង​ជាមួយ​នឹង​ផេក​ហ្វេសប៊ុក​ដែល​បាន​បាត់​បង់​នេះ។

“ជា​បទពិសោធន៍​របស់​ខ្ញុំ​គឺថា ប្រសិនបើ​ជា​យើង​មាន​ឯកសារ​គ្រប់គ្រាន់​ តឹកតាង​គ្រប់គ្រាន់​ផ្តល់​ទៅកាន់​ហ្វេសប៊ុក​ ហើយ​យើង​ឆ្លើយ​សំនួរ​របស់​គេ​បាន​ល្អ ប្រគល់​ឯកសារ​ដើម្បី​ឱ្យ​គេ​ធ្វើការ​ Investigate (ស៊ើបអង្កេត) ទៅ​លើ​រឿង​ហ្នឹង​ ប្រហែលជា​គេ​អាច​ទាញ​យក​ផេក​ហ្នឹង​មក​អោយ​យើង​គ្រប់គ្រង​វិញ​។ អីចឹង​សំខាន់​លើ​ការ​រៀបរាប់​ សំខាន់​លើ​ឯកសារ​ដែល​យើង​ Provide (ផ្តល់) ឱ្យ​គេ នៅពេល​ដែល​គេ​ស្នើ​សុំ​ហ្នឹង​ យើង​ផ្តល់​ឱ្យ​គេ​ហ្នឹង​គ្រប់​សាច់​រឿង​ដែល​គេ​ចង់​បាន​ដែរ ឬទេ? ដើម្បី​ឱ្យ​គេ​មើល​ឃើញ​ពី​ចេតនា​របស់​យើង ថា​យើង​ពិត​ជា​ជនរងគ្រោះ​នៅ​ក្នុង​ការ​វាយ​ប្រហារ​ ដោយ​ការ​ថ្លោះធ្លោយ​ក្នុង​ការគ្រប់គ្រង​របស់​យើង”

បន្ថែម​ពី​លើ​នេះ​លោក ង៉ែត ម៉ូសេ​ ផ្តល់​យោបល់​ដល់​អ្នក​គ្រប់គ្រង​ផេក​ទាំង​អស់​ ឱ្យ​​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​បន្ថែម​សុវត្ថិភាព​សម្រាប់​ គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ របស់​អ្នក​គ្រប់គ្រង​ផេក​ស្ថាប័ន​ឱ្យ​បាន​ល្អ​ប្រសើរ​ដូចជា​ការ ជ្រើសរើស​ពាក្យ​សម្ងាត់​ដែល​ល្អ និង​បន្ថែម​សោ​សុវត្ថិភាព​ពីរ​ជាន់ (Two-Factor Authentication)។ ក្រៅពី​នេះ​លោក​ក៏​ស្នើ​ដល់​អ្នក​គ្រប់គ្រង​ផេក​ទាំង​អស់​ ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ចុច​លើ​តំណ​ភ្ជាប់​ ឬ Link ដែល​មាន​ការ​សង្ស័យ​ បើ​ទោះបី​ជា​តំណ​ភ្ជាប់​នោះ ​ផ្ញើ​មក​ពី​អ្នក​ដែល​យើង​ស្គាល់​ក៏​ដោយ៕

No comments: