Khmer Circle:
It's no coincidence that all three countries and their regimes - Laos, Cambodia and Vietnam - sing from the same song book when it comes to denying their peoples basic freedom and dignity as humans.
🔺🔺🔺
ដោយ មួង ណារ៉េត
2021-06-08 rfa
(ឆ្វេង) លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ និងលោក Phil Robertson នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)។
រូប៖ RFA
មន្រ្តីសិទ្ធិមនុស្សអន្តរជាតិ ថាលេសដោះសារមិនចេះចប់មិនចេះហើយ ដែលមន្រ្តីរដ្ឋាភិបាលលោក ហ៊ុន សែន យកមកប្រើដើម្បីគេចពីការដោះលែងអ្នកជាប់ឃុំ ដែលកំពុងប្រឈមគ្រោះថ្នាក់ធំនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នោះ គឺការលាបពណ៌អ្នកស្នើសុំឲ្យដោះលែងអ្នកជាប់ឃុំ ថាមានចេតនានយោបាយជាដើម។
នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំអាស៊ី លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) អស់សំណើចដែលមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន លើកអួតខុសទំនង ថាតុលាការកម្ពុជាមានភាពឯករាជ្យ ដែលគ្មាននរណាអាចបង្គាប់បញ្ជា ឲ្យដោះលែងអ្នកជាប់ឃុំបាន។ លោកថា ការដោះលែងអ្នកជាប់ឃុំ ក្នុងគ្រាអាសន្ននៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺជាស្មារតីទទួលខុសត្រូវ និងការគោរពសិទ្ធិមនុស្សមួយ ដែលសូម្បីតែអង្គការសុខភាពភិពលោក (WHO) ក៏លើកទឹកចិត្តឲ្យធ្វើដូច្នេះដែរ។ ជាងនេះទៅទៀត ប្រទេសជិតខាងកម្ពុជា ដូចជា ប្រទេសថៃ បានគិតគូដោះលែងអ្នកជាប់ឃុំរហូតដល់ទៅ ៥ ម៉ឺននាក់ ដើម្បីសម្រាលបន្ទុកពន្ធនាគារ និងបង្ការការឆ្លងនៃជំងឺនេះ។ លោកថា នេះគឺជាការអនុវត្តល្អៗ ដែលកម្ពុជាគួរយកតម្រាប់តាម និងមិនគួរណា កម្ពុជាជ្រើសរើសវិធីយកលេសដោះសារ គេចពីការទទួលខុសត្រូវ ទាំងអាម៉ាស់បែបនេះ រួចបែរជាអួតថា ខ្លួនឯងជាប្រទេសនីតិរដ្ឋ ប្រកាន់ប្រជាធិបតេយ្យ និងមានតុលាការគួរឲ្យជឿទុកចិត្តជាដើមនោះ៖ «នរណាក៏ដឹងដែរ ថានៅពេលលោក ហ៊ុន សែន គ្រាន់តែក្អកមួយឃឹះ តុលាការគ្រប់ជាន់ថ្នាក់នៅស្រុកខ្មែរ នឹងធ្វើតាមអ្វីដែលលោក ហ៊ុន សែន ចង់បានគ្រប់យ៉ាង។ តាមពិតតុលាការកម្ពុជា ធ្លាក់ដល់បាតកន្រ្តក នៃតុលាការដែលអន់បំផុត មិនខុសពីតុលាការនៅប្រទេសឡាវ និងវៀតណាមដែរ។ ខ្ញុំទប់សំណើចមិនបានទេ ពេលឮនរណាអះអាងថា តុលការកម្ពុជាមានភាពឯករាជ្យ ឬគួរឲ្យទុកចិត្តបាននោះ។ ក្នុងតំបន់អាស៊ាន មានតុលាការកម្ពុជាមួយនឹងគេដែរ ដែលជាគំរូតុលាការបែបបាយឡុកបាយឡ »។
ប្រតិកម្មរបស់មន្រ្តីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិរូបនេះ ធ្វើឡើងក្រោយអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ចោទសេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលចំនួន ២០ ដែលអំពាវនាវឲ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំ ដែលមានទោសស្រាលៗ និងអ្នកទោសមនសិការទាំងអស់ ថាមានចរិតនយោបាយ និងបង្គាប់បញ្ជាតុលាការ។ លោក ជិន ម៉ាលីន ថានៅកម្ពុជាមិនមានអ្នកទោសនយោបាយ ឬអ្នកទោសមនសិការទេ គឺមានតែអ្នកនយោបាយដែលមានទោស។
ផ្ទុយទៅនឹងការលើកឡើងនេះលោក ហ្វីល រ៉ូប៊ើតសុន ថាដោយសារតែតុលាការកម្ពុជាមិនឯករាជ្យនេះហើយ ទើបអាជ្ញាធរចាប់មនុស្សដាក់ពន្ធនាគារតាមតែអំពើចិត្ត។ លោកថា មានអ្នកជាប់ឃុំច្រើនណាស់ ដែលជាប់ឃុំបណ្តោះអាសន្ន ដោយសារមូលហេតុនយោបាយ និងការចោទប្រកាន់ទាំងបំពាន និងដែលរង់ចាំសវនាការ ដែលគួរដោះលែង ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ និងបង្ការជំងឺកូវីដ-១៩។
តំណាងទូតអាមេរិកប្រចាំនៅកម្ពុជា ក៏បង្ហាញនូវកង្វល់ជាខ្លាំង អំពីការកាត់ទោសដាក់ពន្ធនាគារ នូវសកម្មជនបរិស្ថានមួយចំនួន ដែលគ្រាន់តែពួកគាត់បញ្ចេញមតិរឿងសង្គម និងបរិស្ថាន។ ពេលជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង កាលពីថ្ងៃទី៧ ខែមិថុនា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោក ផែទ្រិក មើហ្វ៊ី (Patrick Murphy) អំពាវនាវឱ្យដោះលែងអ្នកទាំងនោះ។ លោកថា សេរីភាពបញ្ចេញមតិ គឺជាសិទ្ធិមនុស្សជាមូលដ្ឋាន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ ហើយថា ការហ៊ាននិយាយដើម្បីការពារបរិស្ថាន និងសម្បត្តិធនធានធម្មជាតិរបស់រដ្ឋ គឺជារឿងគួរឱ្យកោតសរសើរទៅវិញទេ។
តាំងពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រហូតមកដល់ពេលនេះ ជំងឺកូវីដ-១៩ បានឆ្លងចូលដល់ពន្ធនាគារចំនួន ៦ និងអ្នកជាប់ឃុំរាប់រយនាក់ឆ្លងជំងឺនេះ ក្នុងនោះអ្នកជាប់ឃុំពីរនាក់បានស្លាប់ដោយសារជំងឺនេះ។ ពន្ធនាគារដែលមានផ្ទុះករណីឆ្លងជំងឺនេះ រួមមាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ បន្ទាយមានជ័យ និងខេត្តស្វាយរៀង។ ដោយឡែក អង្គការសិទ្ធិមនុស្សអន្តរជាតិ ថាខ្លួនមានព័ត៌មានសំងាត់ ថាពន្ធនាគារប៉េហ្ស៊ី (PJ) ឬពន្ធនាគាររាជធានីភ្នំពេញ មានអ្នកជាប់ឃុំរាប់រយនាក់ ឆ្លងជំងឺនេះដែរ ប៉ុន្តែរដ្ឋាភិបាលលាក់ព័ត៌មាននេះ។
មន្រ្តីសិទ្ធិមនុស្សជាតិ ព្រួយបារម្ភអំពីការគេចពីការទទួលខុសត្រូវរបស់រដ្ឋាភិបាលនៅក្នុងរឿងនេះ។ មន្រ្តីនាំពាក្យសមាគមអាដហុកលោក ស៊ឹង សែន ករុណា ថាពេលនេះ គួរល្មមដល់ពេលដែលមន្រ្តីរដ្ឋាភិបាល ចេះទទួលស្គាល់ការពិត និងស្ដាប់តាមសំណូមពររបស់អង្គការសង្គមស៊ីវិល ដើម្បីដោះស្រាយបញ្ហារួមរបស់ជាតិ។ លោកថា មន្រ្តីរដ្ឋាភិបាល គួរឈប់ចោទមន្រ្តីសង្គមស៊ីវិល ថាមិនយល់ច្បាប់ ដោយគ្រាន់តែស្នើរកដំណោះស្រាយសមស្របបែបនេះ៖ «មិនមែនយើងមិនយល់ច្បាប់ មិនមែនមិនដឹងពីច្បាប់នោះទេ។ ដូច្នេះហើយបានជាយើងដាក់សំណើយើងទៅរដ្ឋាភិបាល ដាក់ទៅតុលាការដែលមានសមត្ថកិច្ចក្នុងការដោះស្រាយអស់ហ្នឹង។ បើយើងពិនិត្យទៅបណ្តាប្រទេសក្នុងតំបន់មួយចំនួន គេមានដោះលែង រហូតដោះលែងក្រៅឃុំមេដឹកនាំនយោបាយប្រឆាំងទៀត។ ប្រទេសថៃ ដោះលែងមេដឹកនាំនយោបាយបក្សប្រឆាំងរដ្ឋាភិបាល បាននៅក្រៅឃុំ។ ចំណុចនេះ យើងត្រូវពិនិត្យមើល ថាកម្ពុជាបានគិតគូដល់ពួកគាត់ឬអត់?»។
ទាំងមន្រ្តីសិទ្ធិមនុស្សជាតិ និងអន្តរជាតិ យល់ស្របគ្នាថា រដ្ឋាភិបាលត្រូវទទួលខុសត្រូវក្នុងការការពារសុវត្ថិភាព សុខុមាលភាព និងអាយុជីវិតរបស់អ្នកជាប់ឃុំទាំងអស់។ ប៉ុន្តែពួកគេថា គួរឲ្យសោកស្ដាយ រហូតមកដល់ពេលនេះ រដ្ឋាភិបាលលោក ហ៊ុន សែន បានបរាជ័យក្នុងរឿងនេះ៕
2 comments:
This absolute Yuon's slave Hun Sen wanted to make sure that Cambodia will become a part of the evil Yuon Vietnam before he goes to hell.
Rong Chhun has put his life on the line to protect Khmer workers and the teachers' interest.
Where are those workers and teachers during this Rong Chhun's horrible time ?
In addition, Kem Ley has sacrificed his life for KHmer people. Did Khmer people made any massive protest against Ah Yuon's slave Hun Sen ??
The so called apathetic behavior must be changed if Khmer people wanted to have a country to live.
Post a Comment