Tuesday, 8 June 2021

អ្នក​ជំនាញ​សិទ្ធិមនុស្ស​ អ.ស.ប. ជំរុញ​រដ្ឋាភិបាល​ឱ្យ​រៀបចំ​អនុក្រឹត្យ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឹណិត​ជាតិ​ឡើង​វិញ ឱ្យ​ស្រប​តាម​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ


ដោយ មាន ឫទ្ធិ
2021-06-07 rfa

អ្នក​ជំនាញ​សិទ្ធិមនុស្ស​ អ.ស.ប. ជំរុញ​រដ្ឋាភិបាល​ឱ្យ​រៀបចំ​អនុក្រឹត្យ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឹណិត​ជាតិ​ឡើង​វិញ ឱ្យ​ស្រប​តាម​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ 

(ឆ្វេង) លោក ចូហ្សិប កាណាតាស៊ី (Joseph Cannataci) អ្នក​រាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិ​ឯកជន​ភាព នកស្រី អាយរីន ខាន់ (Irene Khan) អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ការ​លើក​កម្ពស់ និង​ការ​ការពារ​សិទ្ធិ​នៃ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ទស្សនៈ និង (ស្ដាំ) អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) អតីត​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា។
រូប៖ UN Human Rights in Cambodia, UN Development Platform និង RFA



 

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ៣រូប ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​ឡើង​វិញ លើ​អនុក្រឹត្យ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឹណិត​ជាតិ និង​រៀបចំ​អនុក្រឹត្យ​នេះ​ឡើង​វិញ ឱ្យ​ស្រប​តាម​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ។

ការ​ជំរុញ​នេះ ធ្វើឡើងក្នុងលិខិតរួមគ្នាមួយចុះថ្ងៃទី៧ ខែមេសា ផ្ញើ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ដោយ​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ៣រូប ក្នុង​នោះ​រួម​មាន អតីត​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) អ្នកស្រី អាយរីន ខាន់ (Irene Khan) អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ការ​លើក​កម្ពស់ និង​ការ​ការពារ​សិទ្ធិ​នៃ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ទស្សនៈ និង​លោក ចូហ្សិប កាណាតាស៊ី (Joseph Cannataci) អ្នក​រាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិ​ឯកជន​ភាព។

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ទាំង​នោះ បាន​លើក​ឡើង​ពី​កង្វល់​របស់​ពួក​គេ ដែល​ថា បទប្បញ្ញត្តិ​នានា ចែង​ក្នុង​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឹណិត​ជាតិ​នេះ មិន​បាន​ចែង​លម្អិត​ពី​វិធានការ​ក្នុង​ការ​ការពារ​សិទ្ធិ​នៃ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​ឯកជន​ភាព​របស់​បុគ្គល ឬ​អ្នក​ប្រើប្រាស់​អ៊ីនធឹណិត។ ពួក​គេ​ព្រួយ​បារម្ភ​ថា កង្វះ​វិធានការ​ការពារ​សិទ្ធិ​ទាំង​នេះ បង្កើត​បាន​ជា​ហានិភ័យ ចំពោះ​សេរីភាព​ជា​មូលដ្ឋាន​របស់​បុគ្គល រួម​មាន​ដូច​ជា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ទស្សនៈ និង​សិទ្ធិ​ឯកជន​ភាព។ លើស​ពី​នេះ​ទៀត ភាព​ខ្វះខាត​នៃ​វិធានការ​ទាំង​នេះ ក៏​អាច​លាត​ត្រដាង​នូវ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​បុគ្គល ដោយ​ពុំ​មាន​ការ​អនុញ្ញាត ដែល​ជា​ការ​ផ្ទុយ​ទៅ​នឹង​លិខិត​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ និង​ច្បាប់​របស់​កម្ពុជា។


អនុក្រឹត្យ​ស្តីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឹណិត​ជាតិ​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ហត្ថលេខា​ជា​ផ្លូវ​ការ កាល​ពី​ថ្ងៃ​ទី១៦ ខែកុម្ភៈ។ អនុក្រឹត្យ​នេះ​តម្រូវ​ឱ្យ​រាល់​ចរាចរណ៍​នៅ​លើ​អ៊ីនធឹណិត​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​រាល់​ទិន្នន័យ​ចូល​ក្នុង​ប្រទេស​ទាំង​អស់ ត្រូវ​ឆ្លង​កាត់​តាម​រយៈ​ស្ថាប័ន​ត្រួត​ពិនិត្យ​ថ្នាក់​កណ្ដាល​របស់​រដ្ឋ ដែល​មាន​ភារកិច្ច​ត្រួត​ពិនិត្យ​សកម្មភាព​តាម​អ៊ីនធឹណិត មុន​នឹង​ទៅ​ដល់​អ្នក​ប្រើប្រាស់។ អនុក្រឹត្យ​នេះ តម្រូវ​ឱ្យ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឹណិត​ទាំង​អស់​នៅ​កម្ពុជា បង្វែរ​ទិស​សេវា​របស់​ខ្លួន​ឲ្យ​ឆ្លង​កាត់​តាម​ច្រក​ទ្វារ​អ៊ីនធឹណិត​ជាតិ​នេះ ឱ្យ​បាន​មុន​ខែកុម្ភៈ ឆ្នាំ២០២២។

មិនខុសពីលើកមុនៗ រដ្ឋាភិបាល​កម្ពុជា បដិសេធ​រាល់​ការ​លើក​ឡើង និង​កង្វល់​របស់​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ទាំង​នេះ។ ក្នុងលិខិតឆ្លើយតបចុះថ្ងៃទី២៤ ឧសភា រដ្ឋាភិបាល​ពន្យល់​ថា ការ​ចោទ​ប្រកាន់​ទាំង​នេះ ផ្ទុយ​ទៅ​នឹង​គោល​បំណង​ពិត​ប្រាកដ​នៃ​អនុក្រឹត្យ​នេះ ដែល​មាន​គោលដៅ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ថវិកា​ជាតិ និង​បង្ការ​ការ​ត​ភ្ជាប់​បណ្ដាញ​អ៊ីនធឹណិត​ឆ្លង​ដែន​ខុស​ច្បាប់ ការ​លេង​ល្បែង​អនឡាញ​ខុស​ច្បាប់ ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ព័ត៌មានវិទ្យា ការ​ចែកចាយ​វីដេអូ ឬ​រូបភាព​អាសអាភាស អំពើ​រំលោភ​បំពាន​លើ​កុមារ​នៅ​តាម​អនឡាញ និង​អំពើ​ឆបោក ព្រមទាំង​បទ​ឧក្រិដ្ឋ​ជាតិ និង​អន្តរជាតិ​ទាំង​អស់។

ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ដដែល គូស​បញ្ជាក់​ថា ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឹណិត​ជាតិ​នេះ ផ្តល់​ឱ្យ​រដ្ឋាភិបាល​នូវ​អំណាច​ក្នុង​ការ​បិទ​ខ្ទប់ និង​កាត់​ផ្ដាច់​គេហទំព័រ ឬ​អាសយដ្ឋាន​អ៊ីនធឹណិត​ជាក់លាក់​ណា​មួយ​បាន​តាម​ទំនើង​ចិត្ត ដោយសារ​តែ​រាល់​ទិន្នន័យ​ទាំង​អស់​ត្រូវ​ឆ្លង​កាត់​តាម​ច្រក​កណ្ដាល​មួយ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ។ លើស​ពី​នេះ​ទៀត ពួក​គេ​ថា អនុក្រឹត្យ​នេះ ក៏​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​កម្ពុជា​តាម​ដាន និង​ឈ្លប​យក​ការណ៍​រាល់​សកម្មភាព​នៅ​លើ​អ៊ីនធឹណិត ស្រង់​យក​ព័ត៌មាន និង​រឹតត្បិត​ការ​ទាក់ទង​តាម​ប្រព័ន្ធ​ឌីជីថល ព្រម​ទាំង​ប្រមូល និង​ចែក​រំលែក​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើប្រាស់​អ៊ីនធឹណិត​ផង​ដែរ៕

1 comment:

Anonymous said...

This absolute Yuon's slave Hun Sen wanted to make sure that Cambodia will become a part of the evil Yuon Vietnam before he goes to hell.