ដោយ មាន ឫទ្ធិ
2021-06-11 rfa
សកម្មជនបរិស្ថានសង្ស័យថា ការប្រកាសពីជោគជ័យលើអាជីវកម្មរ៉ែមាសជាលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចជាល្បិចបង្វែរស្ថានការណ៍ក្រោយរដ្ឋាភិបាលរងភាពអាម៉ាស់ និងបរាជ័យលើវិស័យប្រេង។ ការលើកឡើងនេះ កើតមានឡើងក្រោយលោក ហ៊ុន សែន ប្រកាសកាលពីថ្ងៃទី១០ មិថុនា ថា កម្ពុជាអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូរខ្វាវ នៅខេត្តមណ្ឌលគិរី។
នេះមិនមែនជាលើកទីមួយទេ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អួតអាងពីជោគជ័យបានមកពីវិស័យរុករករ៉ែនៅកម្ពុជា។ កាលពីចុងឆ្នាំ២០២០ លោកបាន ធ្វើយុទ្ធនាការប្រកាសក្តែងៗអួតអាងពីមោទនភាពនៃជោគជ័យដែលកម្ពុជាសម្រេចបានពីវិស័យប្រេងពីឈូងសមុទ្រខ្មែរ។ ក៏ប៉ុន្តែ មិន បានកន្លះឆ្នាំស្រួលបួលផង ជោគជ័យនេះបានសាបរលាបក្លាយទៅជាបរាជ័យទៅវិញ បន្ទាប់ពីក្រុមហ៊ុនបូមប្រេងដែលទទួលបានសិទ្ធិវិនិយោគបានប្រកាសក្ស័យធន ខណៈបរិមាណផលិតកម្មប្រេងមានទាបខុសឆ្ងាយពីការរំពឹងទុក។ របបលោកបានប្រញាប់ប្រញាល់ធ្វើពិធីប្រគល់ទទួលកែវផ្ទុកដំណក់ប្រេងលើកដំបូងរបស់កម្ពុជាយកទៅទុកនៅវិមានដែលលោកប្រសិទ្ធនាមថា «ឈ្នះ-ឈ្នះ» ប្រជែងគ្នាឱ្យបានមុនការប្រកាសក្ស័យធនរបស់ក្រុមហ៊ុនបូមប្រេងនេះ។
មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី១០ មិថុនា លោក ហ៊ុន សែន បានបញ្ចេញសារដ៏គួរឲ្យភ្ញាក់ផ្អើលដោយម្តងនេះ លោកលែងនិយាយរំឭកដល់រឿងជោគជ័យលើវិស័យប្រេងទៀតហើយ តែនិយាយពីរឿងជោគជ័យលើវិស័យរ៉ែមាសវិញម្តង។ លោកថា កម្ពុជាអាចផលិតមាសសុទ្ធជាលក្ខណៈឧស្សាហកម្មប្រមាណ ៣តោន ក្នុងមួយឆ្នាំ ពីជម្រករ៉ែតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ លោកថា ផលិតកម្មមាសនេះ អាចផ្តល់ចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារក្នុងមួយឆ្នាំ ហើយរដ្ឋអាចរកចំណូលចូលថវិកាជាតិបានពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ ៤០លានដុល្លារក្នុងមួយឆ្នាំ។ លោក ហ៊ុន សែន នៅមិនទាន់បញ្ជាក់ឱ្យដឹងថា តើលោកគ្រោងនឹងយកដំណក់មាសសុទ្ធដែលកម្ពុជាចាប់ផ្តើមផលិតបាននេះ យកទៅតម្កល់នៅវិមាន «ឈ្នះ-ឈ្នះ» របស់លោក ដូចដំណក់ប្រេងដែរឬយ៉ាងណានោះទេ។ ទោះយ៉ាងណា លោកឱ្យដឹងថា ដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មជាលើកដំបូងនេះ នឹងចាប់ផ្តើមពីថ្ងៃទី២១ ខែមិថុនា តទៅ ដោយក្រុមហ៊ុនឈ្មោះ រ៉ឺនេសង់ មីនើរ៉ល Renaissance Minerals (Cambodia) ដែលជាក្រុមហ៊ុនអូស្ត្រាលី។
ជុំវិញការប្រញាប់ប្រញាល់ប្រកាសពីជោគជ័យពីវិស័យរ៉ែមាសនេះ សកម្មជនបរិស្ថាន និងជាស្ថាបនិកអង្គការចលនាមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្កន់ហ្សាឡេស ដេវីដសុន (Alejandro Gonzalez-Davidson) សង្ស័យថា អាចជាល្បិចរបស់របបលោក ហ៊ុន សែន ដើម្បីបង្វែរស្ថានការណ៍ និងស្តាមុខមាត់ក្រោយពីរងភាពអាម៉ាស់ធ្ងន់ធ្ងររឿងមិនអាចបូមប្រេងបានដូចតាមការរំពឹងទុក៖ «វាចម្លែកពីព្រោះបើយើងមើលគេហទំព័ររបស់ក្រុមហ៊ុនអូស្ត្រាលីនេះ យើងមិនឃើញគេប្រកាសថា ចាប់ផ្តើមដំណើរការ។ មិនឃើញព័ត៌មានអីទាំងអស់។ អ៊ីចឹង អាចនឹងជាល្បិចកល ឬក៏ជាយុទ្ធសាស្ត្ររបស់របបលោក ហ៊ុន សែន ក្រោយតែពីអាម៉ាស់បំផុតក្នុងរឿងប្រេងកាតហ្នឹង មកបង្វែរស្ថានការណ៍ បង្វែរអារម្មណ៍របស់បងប្អូនខ្មែរឱ្យគិតពីរឿងក្រុមហ៊ុនអូស្ត្រាលីនឹងចាប់ផ្តើមធ្វើអាជីវកម្មមាសវិញ»។
វិទ្យុអាស៊ីសេរី កំពុងព្យាយាមទាក់ទងក្រុមហ៊ុន អេមើរលដ៍ រីហ្សូសស៊ីស (Emerald Resources) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ចុះបញ្ជីនៅលើទីផ្សារភាគហ៊ុននៃប្រទេសអូស្ត្រាលី ដើម្បីសុំការពន្យល់បន្ថែមជុំវិញការប្រកាសអំពីដំណើរការចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មនៅកម្ពុជានេះ។ ក៏ប៉ុន្តែ ពុំទាន់ទទួលបានការឆ្លើយតបនៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
ប៉ុន្តែអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល លោក យស មុនីរ៉ាត់ ពន្យល់ប្រាប់ វិទ្យុអាស៊ីសេរី ថា សក្ដានុពលនៃផលិតកម្មមាសដែលក្រុមហ៊ុនអូស្ត្រាលីនេះរំពឹងថា ផលិតបានអាចចាត់ទុកថាជាលក្ខណៈឧស្សាហកម្ម តែមិនមែនជាទ្រង់ទ្រាយធំដូចនៅប្រទេសធំៗឡើយ៖ «និយាយទៅសក្ដានុពល ខ្ញុំចង់ជម្រាបជូន capacity ផលិតកម្មនេះ វាមិនមែនជាខ្នាតធំណាស់ណាទេធៀបជាមួយប្រទេសគេធំៗ ប៉ុន្តែគ្រាន់តែថា នៅកម្ពុជាយើង វាជាខ្នាតឧស្សាហកម្មលើកដំបូងរបស់យើងដែរ។ អ៊ីចឹង ផលិតកម្មដែលចេញហ្នឹង វាប្រហែលជាមធ្យម ១០ម៉ឺនអោនស៍ (ounce) មាសក្នុងមួយឆ្នាំ...។ យើងអាចនិយាយវាយតម្លៃជាលក្ខណៈឧស្សាហកម្មបានពីព្រោះសមត្ថភាពផលិតក្នុង១ឆ្នាំ ដប់ម៉ឺនអោនស៍អ៊ីចឹងហើយ វាចូលជាលក្ខណៈឧស្សាហកម្មហើយ មិនមែនជាទ្រង់ទ្រាយសិប្បកម្មតូច ជាលក្ខណៈគ្រួសារនោះទេ»។
លោក យស មុនីរ៉ាត់ បញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនអូស្ត្រាលីនេះកំពុងដំណើរការជាប្រក្រតីដើម្បីឈានទៅចម្រាញ់ និងផលិតមាសដូចតាមការគ្រោងទុកចាប់ពីថ្ងៃទី២១ ខែមិថុនា ខាងមុខនេះ ដោយមិនមានឧបសគ្គណាមួយរាំងស្ទះនោះទេ៖ «លើកលែងតែមានឧបសគ្គអីរារាំងរបៀបដូចជាលក្ខណៈយើងហៅថា Force Majeure នោះទេ។ បើអត់មាន Force Majeure ទេ វាអត់មានអីរាំងស្ទះទេ។ ពាក្យថា Force Majeure នោះ ឧទាហរណ៍ថា យើងមានព្យុះ ភ្លៀង ទឹកជំនន់ បណ្តាលឱ្យលិចលង់អីជាដើម ដែលយើងមិនអាចគ្រប់គ្រងបាន នោះទើបអាចមានការប្រែប្រួល។ បើសិនជាអត់មានបញ្ហាអីអស់ហ្នឹងទេ យើងគិតថា វាអត់មានអីប្រែប្រួលនោះទេ គឺយើងនឹងអាចផលិតដុំមាសទីមួយនៅថ្ងៃនោះបាន»។
បើតាមមន្ត្រីជំនាញរដ្ឋាភិបាលរូបនេះ បច្ចុប្បន្នមានក្រុមហ៊ុនជាង ៤០ ទទួលបានអាជ្ញាប័ណ្ណសិក្សាស្រាវជ្រាវរុករករ៉ែមាសនៅទូទាំងប្រទេស។
ទោះយ៉ាងណា សកម្មជនបរិស្ថាន លោក អាឡិច យល់ថា ចំណូលបានមកពីអាជីវកម្មរ៉ែមាសនេះនៅតិចតួចនៅឡើយទេ ហើយលោកសង្ស័យថា រដ្ឋាភិបាលកំពុងលាក់បាំងអាជីវកម្មរ៉ែមាសនៅតំបន់ដទៃទៀត ដែលលោកថា អាចជាប់ពាក់ព័ន្ធនឹងត្រកូលហ៊ុន៖ «អាជីវកម្មរ៉ែមាសនៅប្រទេសកម្ពុជាមានយូរហើយ មាននៅក្នុងខេត្តផ្សេងជាពិសេសដូចខ្ញុំធ្លាប់និយាយពីមុន សកម្មជនមាតាធម្មជាតិធ្លាប់ទៅមើលផ្ទាល់ គឺមានអាជីវកម្មពេញទំហឹងនៅស្រុករវៀង ខេត្តព្រះវិហារ ហើយឮថា លោក ហ៊ុន សែន នៅពីក្រោយ។ ហេតុអីមិននិយាយទោះបីជាធ្វើអាជីវកម្មពេញទំហឹងឡើង១០ឆ្នាំកន្លងមក។ តាមយើងយល់ អាជីវកម្មរ៉ែមាសធំបំផុតនៅប្រទេសកម្ពុជាមិនមែនរបស់ រ៉ឺនេសសង់ ទេ គឺអាជីវកម្មរបស់ក្រុមហ៊ុន ដេលខំ (Delcom) ដែលហាក់បីដូចជាក្រុមហ៊ុនដែលពាក់ព័ន្ធនឹងត្រកូលហ៊ុន។ ឃើញទេ ដូច្នេះ យើងមានមន្ទិលសង្ស័យខ្លាំងមែនទែននៅក្នុងរឿងហ្នឹង»។
លោក អាឡិច មិនរំពឹងថា ចំណូលបានមកពីវិស័យរ៉ែមាសនេះ អាចនឹងធ្លាក់ដល់ដៃពលរដ្ឋក្រីក្រឱ្យទទួលបានប្រយោជន៍នោះទេ ពីព្រោះអាចមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើពុករលួយ បើទោះជាលោក ហ៊ុន សែន អះអាងថា ចំណូលថវិកាប្រមូលបានមកពីវិស័យនេះនឹងយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ លោកជំរុញឲ្យរដ្ឋាភិបាលបង្ហាញនូវតម្លាភាព និងធានាថា មិនមានផលប៉ះពាល់បណ្តាលមកពីឧស្សាហកម្មចម្រាញ់មាសនេះទៅលើបរិស្ថាន និងប្រជាពលរដ្ឋមូលដ្ឋានដែលជាជនជាតិដើមភាគតិច។
កាលពីឆ្នាំ២០១៨ មានពលរដ្ឋរស់នៅខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ជិត ២០នាក់ បានស្លាប់ និងជាង ៤០០នាក់បានធ្លាក់ខ្លួនឈឺ ដោយសារពុលទឹកអូរ និងទឹកព្រែក ដែលសង្ស័យថា បង្កមកពីការបង្ហូរកាកសំណល់គីមីហ្សានីត ពីសំណាក់ក្រុមហ៊ុនរុករករ៉ែមាសរបស់ចិនមួយឈ្មោះ រ៉ុង ឆេង ដែលធ្វើអាជីវកម្មរ៉ែមាសក្នុងឃុំឆ្នួល ស្រុកស្នួល ខេត្តក្រចេះ ជាប់ភូមិសាស្ត្រស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល បានសិក្សាស្វែងរុករករ៉ែមាសនៅកម្ពុជាអស់រយៈពេលជាង ១៤ឆ្នាំមកហើយ។ ក្រុមហ៊ុននេះ បានចុះបញ្ជីពាណិជ្ជកម្មកាលពីឆ្នាំ២០០៦ បន្តពីក្រុមហ៊ុន Oz Minerals។ ក្រុមហ៊ុន រ៉ឺនេសង់ នេះគឺជាកម្មសិទ្ធិផ្ដាច់មុខ ១០០% របស់ក្រុមហ៊ុនមេឈ្មោះ អេមើរលដ៍ រីហ្សូសស៊ីស ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ហើយចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនអូស្ត្រាលី ASX។ កន្លងទៅ ក្រុមហ៊ុនខ្នាតយក្សរបស់អូស្ត្រាលីមួយឈ្មោះ ប៊ីអេហ្យភី ប៊ីលីថុន (BHP Billiton) ធ្លាប់ធ្វើអាជីវកម្មរុករករ៉ែបុកស៊ីត នៅខេត្តមណ្ឌលគិរី។ ក្រុមហ៊ុននេះ បានបង្ខំចិត្តចាកចេញឈប់ធ្វើអាជីវកម្មនៅកម្ពុជាវិញ ក្រោយពីរងការចោទប្រកាន់ជុំវិញរឿងអាស្រូវថា បានសូកប៉ាន់លុយទឹកតែទៅឱ្យមន្ត្រីក្នុងជួររដ្ឋាភិបាលលោក ហ៊ុន សែន ចំនួន ២លាន ៥សែនដុល្លារ៕
2 comments:
Whatever relation Ah Kwack Hun Sen has with China, he is still a Yuon's slave. Yuon controls every Hun Sen's move and steps.
Yuon has tricked China in the past and is highly likely to trick the US in the future.
Hun Sen’s Samkok diversion style can only hide his face but his rear end is exposed.
Post a Comment