ដោយ ទីន ហ្សាការីយ៉ា
2021-06-18 rfa
សកម្មជនចលនាមាតាធម្មជាតិ។
Photo Courtesy
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលជាតិ អះអាង ថា សកម្មជនបរិស្ថានទាំង៣នាក់ កំពុងស្ថិតក្រោមការឃុំខ្លួននៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយមិនទាន់បញ្ជូនទៅតុលាការនៅឡើយនៅថ្ងៃសុក្រ ទី១៨ ខែមិថុនានេះ។ សាច់ញាតិ និងសង្គមស៊ីវិល ថ្កោលទោសអាជ្ញាធរចំពោះការចាប់ខ្លួនសកម្មជនទាំងនេះ និងទាមទារឲ្យប្រគល់សេរីភាព និងកិត្តិយសជូនពួកគាត់វិញ។
អាជ្ញាធររបបក្រុងភ្នំពេញ កំពុងបន្តឃុំខ្លួន និងសាកសួរសកម្មជនបរិស្ថានវ័យក្មេង៣នាក់ ទោះបីមានការរិះគន់ពីសង្គមស៊ីវិលនិងពលរដ្ឋក្តី។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរីនៅល្ងាចថ្ងៃទី១៨ មិថុនា ថា សមត្ថកិច្ច មិនទាន់បញ្ជូនសកម្មជនទាំង៣នាក់ទៅតុលាការនៅឡើយ ដោយសារមិនទាន់បញ្ចប់ការសាកសួរនៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ។ ទោះជាយ៉ាងណា លោកអះអាងថា សមត្ថកិច្ច ចាប់ខ្លួនយុវជនការពារបរិស្ថានតែ ៣នាក់ប៉ុណ្ណោះតាមដីកាបង្គាប់របស់ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង ដែលចោទពីបទបង្កឲ្យអសន្តិសុខសង្គម។ លោក បញ្ជាក់ថា យុវជនទាំងបីនាក់នោះរួមមានកញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី និងលោក លី ចាន់ដារ៉ាវុធ ចំណែកយុវជន សិដ្ឋ ឈីវលីម៉េង មិនមានដីកាចាប់ខ្លួននោះទេ។ លោក ឆាយ គឹមខឿន អះអាងថា ការចាប់ខ្លួនយុវជនទាំង៣នាក់ ដោយសារពួកគេ ធ្វើការសកម្មភាពការពារបរិស្ថាន ក្រោមអង្គការចាត់តាំងខុសច្បាប់ និងប្រើប្រាស់ហិរញ្ញប្បទានភេរវកម្ម ក្រោមការដឹកនាំរបស់ស្ថាបនិកចលនាមាតាធម្មជាតិដែលជាជនជាតិអេស្ប៉ាញ(Spain) គឺលោក អាឡិចហាន់ដ្រូ ហ្គន់ស្សាឡេស ឌេវីសុន (Alejandro Gonzalez Davidson)។ លោកចោទប្រកាន់ថា គ្រប់សកម្មភាពរបស់យុវជនទាំងនេះ គឺជ្រកក្រោមស្លាកបរិស្ថាន ប៉ុន្តែក្នុងបំណងញុះញង់ដល់សាធារណជនឲ្យងើបឡើងប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល៖ «ដោយសារតែនីតិវិធីមិនទាន់បញ្ចប់បានហើយដោយសារបទចោទប្រកាន់នេះជាបទឧក្រិដ្ឋ ដូច្នេះតុលាការអនុញ្ញាតឲ្យយើងបន្តនីតិវិធី២៩ម៉ោងបន្ថែមទៀត ហើយឥឡូវនេះពួកគាត់នៅក្រោមការឃុំគ្រងរបស់នគរបាល»។
ជុំវិញរឿងនេះ អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមទៀតពីអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានទេ ដោយទូរស័ព្ទចូលជាច្រើនដងតែពុំមានអ្នកទទួល។
ទោះជាយ៉ាងណា ក្រុមគ្រួសារ និងមន្ត្រីសង្គមស៊ីវិល ហួសចិត្តចំពោះអាជ្ញាធររបបលោក ហ៊ុន សែន ដែលរកនឹកបទចោទប្រកាន់ដ៏ធ្ងន់ធ្ងរលើយុវជនការពារបរិស្ថានទាំង ៣នាក់។
ម្តាយរបស់កញ្ញា ស៊ុន រដ្ឋា គឺលោកស្រី ដួង រី ថ្លែងថា លោកស្រី មិនទាន់ទទួលដំណឹងផ្លូវការពីអាជ្ញាធរជុំវិញការចាប់ខ្លួនកូនស្រីនោះទេ។ ម្តាយរបស់សកម្មជនបរិស្ថានរូបនេះ រៀបរាប់ទាំងក្តុកក្តួលថា លោកស្រី មិនអាចទទួលយកបានទេចំពោះ ការចោទប្រកាន់ដ៏ធ្ងន់ធ្ងរ និងទាមទារឲ្យអាជ្ញាធរដោះលែងកូនស្រីឡើងវិញ៖ «ខ្ញុំទទួលយកមិនបានទេ ព្រោះកូនខ្ញុំមិនដែលធ្វើខុសផង គ្រាន់តែចូលរួមការពារបរិស្ថាន»។
ជាមួយគ្នានេះ ម្តាយរបស់យុវជន លី ចាន់ដារ៉ាវុធ ថ្លែងថា ទោះបីជាអាជ្ញាធរចោទប្រកាន់កូនប្រុសរបស់លោកស្រីបែបណាក្តី ក៏លោកស្រីជឿជាក់ថា កូនប្រុសលោកស្រី ជាមនុស្សចេះដឹង មានភាពស្អាតស្អំ ព្រមទាំងមានទឹកចិត្តស្រលាញ់សង្គមជាតិ និងបរិស្ថាន មិនដែលធ្វើអ្វីខុសច្បាប់ ឬធ្វើឲ្យអ្នកដទៃឈឺចាប់នោះទេ។ លោកស្រីអំពាវនាវដល់រដ្ឋាភិបាល និងអាជ្ញាធរ ប្រគល់សេរីភាពជូនសកម្មជនបរិស្ថានឡើងវិញ និងគួរតែការពារនិងលើកទឹកចិត្តដល់ពួកគាត់ដែលលះបង់ក្តីសុខផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកការពារបរិស្ថានសម្រាប់ផលប្រយោជន៍សាធារណៈ៖ «តាំងពីគាត់កើតមក គាត់មិនដែលធ្វើអីដែលខុសច្បាប់ ឬខុសទាល់ចិត្តជាមួយអ្នកណាទេ។ អារឿងពាក់ព័ន្ធក្បត់ជាតិអីនេះ មិនអាចយក ពាក្យនេះមកប្រើលើកូនខ្ញុំបានទេ ព្រោះអីកូនខ្ញុំរស់នៅថ្លៃថ្នូរណាស់ សូម្បីតែការងារដែលគាត់ប្រឹងធ្វើខាងបរិស្ថាននេះ គាត់ខ្លាចទឹកលិចផ្ទះប្រជាជន គាត់ខ្លាចបាត់បង់សម្បត្តិធម្មជាតិ គាត់ខ្លាចប៉ះពាល់សុខភាពប្រជាជន ដូចថា មិនដែលឃើញកូនខ្ញុំទៅធ្វើអីឲ្យប៉ះពាល់ដល់អ្នកដទៃផង សូម្បីតែប៉ុនក្រចកដៃ។ ការចោទលើកូនខ្ញុំនេះធ្ងន់ធ្ងរណាស់ ដែលខ្ញុំមិនអាចនឹងទទួលយកបានទេ»។
អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនសកម្មជនបរិស្ថានចំនួន៤នាក់ កាលពីថ្ងៃទី១៦ ខែមិថុនា។សកម្មជនបីនាក់ រួមមានកញ្ញា ស៊ុន រដ្ឋា លោក សិដ្ឋ ឈីវលីម៉េង និងលោក លី ចាន់ដារ៉ាវុធ ត្រូវបានអាជ្ញាធរចាប់ខ្លួននៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីពួកគាត់ បានចុះទៅថតទីតាំងបង្ហូរទឹកស្អុយមួយកន្លែងនៅតាមដងទន្លេក្បែរព្រះបរមរាជវាំង។ សកម្មជនមួយរូបផ្សេងទៀត លោក យីម លាងហ៊ី ត្រូវបានចាប់ខ្លួននៅក្នុងស្រុកកោះធំ ខេត្តកណ្តាល ហើយបញ្ចូនទៅសួរចម្លើយនៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ អ្នកទាំងបួននាក់នេះ គឺជាសមាជិកចលនាមាតាធម្មជាតិ។ សកម្មភាពរបស់ចលនាមាតាធម្មជាតិ គឺតែងតែផលិត និងបង្ហោះវីដេអូលើបណ្តេញសង្គមអំពីការបំផ្លិចបំផ្លាញធនធានធម្មជាតិ ការបំពុលបរិស្ថាន និងអំពើពុករលួយជាដើម ដែលសុទ្ធសឹងតែពាក់ព័ន្ធនឹងក្រុមអ្នកមានលុយ និងមានអំណាចកំពូលៗនៅកម្ពុជា។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត ឲ្យដឹងថា តាមព័ត៌មានក្រៅផ្លូវការ គឺសមត្ថកិច្ច បានសម្រេចដោះលែងសកម្មជនម្នាក់វិញ គឺលោក សិដ្ឋ ឈីវលីម៉េង ដោយសារយុវជនរូបនេះ ពុំមានដីកាចាប់ខ្លួនដូចយុវជន៣នាក់ផ្សេងទៀត។ លោកយល់ថា ការចោទប្រកាន់របស់សមត្ថកិច្ចទៅលើយុវជនទាំង ៣នាក់ មានលក្ខណៈធ្ងន់ធ្ងរដោយមិនដឹងថា សមត្ថកិច្ចសំអាងលើភស្តុតាងអ្វីនោះទេ ។ ប៉ុន្តែលោកថា តាមការមើលឃើញរបស់ក្រុមអង្គការសង្គមស៊ីវិល និងសាធារណជន គឺក្រុមយុវជនទាំងនេះ គ្រាន់តែចូលរួមក្នុងកិច្ចការពារបរិស្ថានស្របទៅតាមច្បាប់ ដោយពុំមានបទល្មើសដូចការចោទប្រកាន់នោះទេ៖ «បើយើងមើលទៅ សកម្មជនការពារបរិស្ថាន នៅតែស្ថិតនៅក្នុងភាពប្រឈមដដែលព្រោះឃើញហើយថា ការចាប់ខ្លួនមានជាបន្តបន្ទាប់ ដូច្នេះវាជាការប្រឈមនិងការជាការគំរាមកំហែងសម្រាប់អ្នកដែលចូលរួមការពារបរិស្ថាននេះ។ អ៊ីចឹងចំណុចនេះយើងឃើញថា ហាក់ដូចជាការស្នើសុំរបស់ឯកអគ្គរដ្ឋទូតអាមេរិកកន្លងមកនេះ ទាក់ទងនឹងការស្នើសុំដោះលែងនេះ អត់ទាន់មាននៅឡើយទេ តែផ្ទុយទៅវិញមានការចាប់ខ្លួនបន្តទៀត ។យើងព្រួយបារម្ភខ្លាចមានការរិះគន់បន្តទៀតទាក់ទងការធ្វើទុក្ខបុកម្នេញនិងការគំរាមកំហែងលើសកម្មជនការពារបរិស្ថាន»។
កាលពីខែកញ្ញា ឆ្នាំ២០២០ សកម្មជនបរិស្ថានចំនួន៣នាក់រួមមានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដែលជាសមាជិកមាតាធម្មជាតិកម្ពុជាដែរនោះ ត្រូវបានអាជ្ញាធររបបក្រុងភ្នំ ចាប់ខ្លួននៅរាជធានីភ្នំពេញពាក់ព័ន្ធនឹងគម្រោងធ្វើយុទ្ធនាការ ស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់លុបបឹងតាមោក ដែលជាបឹងចុងក្រោយដែលនៅសល់ក្នុងរាជធានីភ្នំពេញ។ តុលាការ ក្រុងភ្នំពេញ បានផ្ដន្ទាទោសអ្នកទាំង៣នាក់ដាក់ពន្ធនាគារចន្លោះពី១៨ខែ ទៅ២០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួនបួនលានរៀល កាលពីខែឧសភា ឆ្នាំ២០២១កន្លងទៅ ដោយចោទពីបទញុះញង់។ បច្ចុប្បន្នសកម្មជនទាំងបីនាក់កំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស។
កាលពីពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ហើយបានស្នើសុំឲ្យដោះលែងសកម្មជនបរិស្ថានទាំង ៣នាក់ឡើងវិញ ដោយសម្អាងថា សេរីភាពបញ្ចេញមតិជាសិទ្ធិមូលដ្ឋានមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងថា ការហ៊ាននិយាយដើម្បីការពារបរិស្ថានជារឿងគួរឱ្យកោតសរសើរ៕
1 comment:
Thank You so much for your sacrifice and your courage to save Cambodia from the evil Vietnam and its slave Ah Chker Chkuot Hun Sen.
Post a Comment