Thursday, 24 June 2021

ប្រមុខ​ការ​ទូតអង់គ្លេស​បារម្ភពី​ការចាប់ខ្លួន​​សកម្មជន​​បរិស្ថាន និង​ករណី​ប្រធាន​​បក្សប្រឆាំង​​លោក កឹម ​សុខា ពេលជួប​​ប្រមុខ​​ការទូត​​កម្ពុជា​


ដោយ សុជីវី
2021-06-23 rfa
ប្រមុខ​ការ​ទូតអង់គ្លេស​បារម្ភពី​ការចាប់ខ្លួន​​សកម្មជន​​បរិស្ថាន និង​ករណី​ប្រធាន​​បក្សប្រឆាំង​​លោក កឹម ​សុខា ពេលជួប​​ប្រមុខ​​ការទូត​​កម្ពុជា​ 

លោក ដូមីនិក​ ​រ៉ា​អាប់​ (​Dominic Raab) រដ្ឋ​មន្ត្រីការ​បរទេស​ និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស (Great Britain) ពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន នៅឯក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។
រូប៖ ក្រសួងការបរទេសកម្ពុជា

 

បញ្ហាចម្រូងចម្រាស់​មួយចំនួន​ទាក់ទង​នឹងការបន្តឃុំខ្លួន​មេបក្ស​ប្រឆាំង លោក​ កឹម សុខា ការចាប់ឃុំខ្លួន​សកម្មជន​មាតាធម្មជាតិ ​ការធ្លាក់ចុះ​ សិទ្ធិ​មនុស្ស នយោបាយ សេរីភាព​បញ្ចេញ​មតិ ការរឹតត្បិតលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺ​ជាប្រធានបទ​សំខាន់​មួយដែល​លោករដ្ឋ​មន្ត្រីការ​បរទេស​ និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស (Great Britain) លោក ដូមីនិក​ ​រ៉ា​អាប់​ (​Dominic Raab) បាន​លើកទៅពិភាក្សា​ជាមួយ​​មន្រ្តី​ជាន់ខ្ពស់​កម្ពុជា​​​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​រយៈពេល​ ១ ថ្ងៃ​​របស់​​លោកនៅកម្ពុជា។

ក្នុង​ដំណើរមក​កាន់​កម្ពុជា ដោយផ្តោត​សំខាន់​ទៅលើ​ការពង្រឹង​ទំនាក់​ទំនង​ទ្វេភាគីរវាង​ចក្រភពអង់គ្លេស និង​កម្ពុជា​ លោកបានជួប​ជាមួយ​រដ្ឋ​មន្ត្រីការ​បរទេស​​កម្ពុជាលោក ប្រាក់ សុខុន និង​រដ្ឋ​មន្ត្រីបរិស្ថាន លោក សាយ សំអាល់។


លោក ដូមីនិក​ ​រ៉ា​អាប់ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថ្មីៗ ( cambodianess ) នៅក្រោយ​ជំនួប​ទាំង​នោះ​ថា លោក​បាន​លើកឡើង​ពី​ក្ដីបារម្ភពី​ការចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ ការឃុំខ្លួន​​ជាពិសេស​ គឺ​ករណី​ប្រធានគណបក្ស​​ប្រឆាំង​ លោក​ កឹម សុខា និង​សកម្មជនបរិស្ថាន​អង្គការ​មាតាធម្មជាតិ។ លោកបន្ត​ថា ​លោកបាន​បញ្ជាក់​​ច្បាស់ៗ​ថា មតិរិះគន់​ពី​ក្រុមប្រឆាំង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​សារៈសំខាន់ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា។ លោក​ថា​ ភាគីទាំងពីរ​បានជជែកវែកញែកពីបញ្ហា​នេះ នៅពេល​ដែល​គ្រប់គ្នា​ទទួលស្គាល់​ថា​ មតិរិះគន់ប្រឆាំង​​ និង​ការរិះគន់​របស់​ប្រព័ន្ធ​ផ្សព្វ​ធ្វើ​អោយ​ប៉ះពាល់​ ប៉ុន្តែ​​បាន​ផ្ដល់វិភាគ​ទាន​ដល់​ការពង្រឹង និង​កែលម្អ​រដ្ឋាភិបាល​។ លោក​​បញ្ជាក់ទៀតថា ​ការកែលម្អ​ស្ថានភាព​សិទ្ធិមុស្ស​ នឹង​ក្លាយ​ជាមូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ​គោលនយោបាយ​សេដ្ឋកិច្ច និងផែនការទាក់ទាញ​អ្នកវិនិយោគ។ លោកបន្ត​ថា ​ចក្រភពអង់គ្លេស​នៅ​ទីនេះ ដើម្បី​ជួយ​ដល់​កំណែទម្រង់​របស់​កម្ពុជា ហើយ​រដ្ឋាភិបាល​កំពុង​ព្យាមយាម​ធ្វើឱ្យបាន​ស​ម្រេច។

Dominic_Raab_in_Cambodia_23_06_2021_02.jpg

(ឆ្វេង) ភាគីអង់គ្លេស ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន នៅឯក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ (រូប៖ ក្រសួងការបរទេស)

 

ក្នុង​រឿង​នេះ​ដែរលោក ដូមីនិក​ ​រ៉ា​អាប់ បណ្ដាញ​ធ្វីតធ័រ​ (Twitter) ថា លោក​បានពិភាក្សា​ជាមួយ​សមភាគីលោក ប្រាក់ សុខុន អំពី​វិស័យ​អាទិភាព​រួម​គ្នា​ដូចជា ពាណិជ្ជកម្ម សិទ្ធិមនុស្ស និង​វិបត្តិនៅប្រទេស​មីយ៉ាន់ម៉ា ឬភូមា និង​​ថា ចក្រភពអង់គ្លេស​រង់ចាំ​ធ្វើ​ការកាន់​តែ​​ជិតស្និទ្ធ​ជាមួយ​កម្ពុជា អំឡុង​ពេល​កម្ពុជា​ដើរ​តួនាទី​ដ៏​សំខាន់​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ២០២២ ខាងមុខ។

ចំណែក​ក្រសួង​ការ​បរទេស​កម្ពុជា​វិញ ​បានបញ្ជាក់​ក្នុង​សេចក្ដីប្រកាសព័ត៌មាន​កាលពីយប់ថ្ងៃទី២៣​ ខែមិថុនា​ថា ភាគីទាំងពីរ​​បាន​ពិភាក្សា​លើ​ការពង្រីក​ទំនាក់ទំនង​លើវិស័យ​មួយចំនួនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ការបោសសំអាតមីន សុខាភិបាល និង​បរិស្ថាន។ ក្នុង​នោះរួមទាំង​ការ​ទាក់ទាញ​អ្នកវិនិយោ​ និង​ការបង្កើតក្របខណ្ឌច្បាប់​ពាក់ព័ន្ធ​ផ្សេងៗ។ ប្រភពដដែល​ឱ្យដឹង​ទៀតថា​ ភាគីទាំងពីរ​បានផ្លាស់ប្ដូរ​យោបល់គ្នា​ពីបញ្ហា​តំបន់​ និងអន្តរជាតិ​ពាក់ព័ន្ធ​ការ​ធ្វើ​ជាប្រធាន​អាស៊ាន​របស់​កម្ពុជា ដូចជា​សេចក្ដីព្រៀង​ប្រតិបត្តិ​របស់​បណ្ដាភាគី​នៅសមុទ្រ​ចិនខាងត្បូង បញ្ហាប្រទេសនៅ​មីយ៉ាន់ម៉ា ឬភូមា ​និង​ការប្រែប្រួលអាកាសធាតុ។

ងាក​ទៅជំនួបដាច់ដោយឡែកមួយ​ទៀត​​រវាង​លោក ដូមីនិក​ ​រ៉ា​អាប់ ជាមួយ​រដ្ឋ​មន្ត្រីក្រសួង​បរិស្ថានវិញ ស្ថាន​ទូត​ចក្រភពអង់គ្លេស​ប្រចាំកម្ពុជាឱ្យ​ដឹងនៅ​លើទំព័រ​​ហ្វេសប៊ុករបស់​ខ្លួន​ថា លោក ដូមីនិក​ ​រ៉ា​អាប់ បាន​ពិភាក្សា​ជាមួយលោក សាយ សំអាល់​ អំពី​មហិច្ឆតា​ស្ដីពីអាកាស​ធាតុ​របស់​កម្ពុជា នៅមុន​ការ​មក​ដល់នៃកិច្ច​ប្រជុំ​​កំពូល​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ​របស់​អង្គការ​សហប្រជាជាតិ (COP26)។ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​គ្នា​ផង​ដែរ​ អំពីបញ្ហា​អាទិភាព​រួម​គ្នា​មួយ​ចំនួន ដូចជា ការងារ​ឆ្ពោះទៅកាន់​ការ​កំណត់​ការ​បំភាយ​ឧស្ម័ន​ត្រឹម​សូន្យ (NetZero) ការ​ដាំដើម​ឈើឡើងវិញ បញ្ហា​ជីវៈចម្រុះ និង​ពាណិជ្ជកម្ម​សត្វព្រៃខុស​ច្បាប់ជាដើម។

រីឯក្រសួង​បរិស្ថាន​វិញ ក្រសួង​ឱ្យដឹង​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) ថា លោករដ្ឋ​មន្ត្រី សាយ សំអាល់ បាន​ប្រាប់​ទៅ​ប្រមុខ​ការទូត​ចក្រភព​អង់គ្លេសថា ចក្រភព​អង់គ្លេស​អាច​ជួយ​កម្ពុជា​បាន​ច្រើន​ក្នុង​វិស័យ​បរិស្ថាន ដូច​ជា​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្សក្នុងកិច្ច​ការ​បរិស្ថាន និង​ធនធាន​ធម្មជាតិ បង្កើន​ភាព​ជាដៃគូ​ផ្នែក​ពាណិជ្ជកម្ម​ និង​ទិញ​ផលិត​ផល​ពី​ប្រទេសកម្ពុជា។ លោក សាយ សំអាល់ ថ្លែង​ទៀតថា ចក្រភព​អង់គ្លេស​អាច​ទិញ​ឥណទានកាបូន​ពីកម្ពុជា ហើយ​ថវិកា​នោះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បម្រើ​ឱ្យ​ការ​អភិរក្ស​ព្រៃឈើ សត្វព្រៃ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចមូលដ្ឋាន។

Dominic_Raab_in_Cambodia_23_06_2021_03.jpg

លោក ដូមីនិក​ ​រ៉ា​អាប់​ (​Dominic Raab) គោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបខ្មែរក្រហម ក្នុងពេលទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ (រូប៖ ស្ថានទូតអង់គ្លេស)

 

ប្រធានផ្នែក​កម្មវិធីស្រាវជ្រាវ និង​តស៊ូមតិនៃ​សមាគម​បណ្ដាញ​យុវជនកម្ពុជា​ (CYN) លោក ហេង គឹមហុង មាន​ប្រសាសន៍ថា ចក្រភព​អង់គ្លេស​ក៏​គួរ​ធ្វើការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល សកម្មជន និង​សហគមន៍​មូលដ្ឋានលើការងារ​ការពារបរិស្ថានដែរ៖ «ទាំង​សង្គម​ស៊ីវិល ទាំងប្រជាពលរដ្ឋ​ ទាំង​ទីភ្នាក់ងារ​អង្គការ​អន្តរជាតិ​ផ្សេងៗ​ដែល​នៅកម្ពុជា​ហ្នឹង គួរ​តែ​ជា​ចំណែក​មួយ​នៃកិច្ច​សហប្រតិបត្តិការ​ក្នុងការ​ប្រតិបត្តិការ​ការងារ​របស់ខ្លួន (ចក្រភពអង់គ្លេស) ជាជាង​តែ​ការធ្វើ​កិច្ច​សហប្រតិបត្តិការជាមួយរដ្ឋាភិបាល​​តែម្យ៉ាង ហើយ​ទទួល​បាន​ព័ត៌មាន​តែ​ពីរដ្ឋាភិបាល​តែម្យ៉ាង។ កន្លងមក​យើង​ដឹង​ហើយថា រដ្ឋាភិបាល​តែងតែ​ព្យាយាម​បង្ហាញ​តែចំណុច​ល្អ មិន​ហ៊ាន​បង្ហាញពី​ចំណុច​អាក្រក់។ បើ​អង់គ្លេស​ធ្វើ​បែបនេះ ហាក់​បីដូចជា គ្រាន់​តែ​មក​ធ្វើកិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋ និង​រដ្ឋ ប៉ុន្តែ​មិន​បាន​យក​ចិត្ត​ទុកដាក់​ចំពោះជន​រងគ្រោះ ចំពោះប្រជាពលរដ្ឋ និង​ចំពោះ​អនាគត​ធនធាន​ធម្មជាតិ និង​បរិស្ថាន​របស់​ប្រទេស​កម្ពុជា​នោះទេ»។

កាល​នៅ​ជាសមាជិក​សហភាពអឺរ៉ុប ចក្រភពអង់គ្លេស ​គឺ​ជា​ប្រទេស​ឈាន​មុខ​គេ​មួយ ដែល​តែង​រិះគន់​ករណី​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ការ​បំផ្លាញ​ប្រជាធិប​តេយ្យ​នៅកម្ពុជា ប្រព្រឹត្តដោយ​របបលោក ហ៊ុន សែន។ ​ប៉ុន្តែ​ក្រោយ​ការ​ចាក​ចេញ​ពីសហភាពអឺរ៉ុប (Brexit) ចក្រភពអង់គ្លេសហាក់​ផ្លាស់​ប្តូរជំហរ​​ខ្លះ​វិញលើករណី​កម្ពុជា។ ជាឧទាហរណ៍ ចក្រភព​អង់គ្លេស​ប្រកាស​មិន​ផ្តាច់​ឋានៈអនុគ្រោះពន្ធ​ពី​កម្ពុជាទៅ​តាម​ចំណាត់​ការ​របស់​សហភាពអឺរ៉ុប​នោះឡើយ។ ជាមួយគ្នានេះ ស្ថាន​ទូត​ចក្រភពអង់គ្លេស​ប្រចាំកម្ពុជាក៏មិន​សូវ​រិះគន់​រដ្ឋាភិបាល​កម្ពុជា​អំពីករណីរំលោភសិទ្ធិមនុស្ស ដូច​ស្ថាន​ទូត​ប្រទេស​លោក​សេរីដទៃទៀតដែរ។ ផ្ទុយទៅវិញ ប្រទេស​អង់គ្លេសហាក់ផ្តោតខ្លាំងលើបញ្ហាពាណិជ្ជកម្ម និងបំណងចង់ធ្វើជាភាពជាដៃគូកិច្ចសន្ទនាជាមួយអាស៊ាន។

មន្ត្រីបណ្ដាញ​យុវជនកម្ពុជាលោក ហេង គឹមហុង ដែល​ជា​អ្នក​តាម​ដាន​ព្រឹត្តិការណ៍​អន្តរជាតិដែរនោះ មើល​ឃើញថា ចក្រភពអង់គ្លេស​កំពុង​ស្វះស្វែង​រក​ការគាំទ្រ​ និង​ពង្រឹងទំនាក់​ទំនង​​របស់​ខ្លួនជាមួយ​ប្រទេស​នានា​លើ​ពិភពលោក ក្រោយ​ការ​ចាក​ចេញ​ពីសហភាពអឺរ៉ុប។ ប៉ុន្តែលោកថា បើចក្រភពអង់គ្លេស​គិតតែ​ពី​ប្រយោជន៍ផ្នែក​​ទំនាក់​ទំនង​អន្តរជាតិជាធំ ហើយផាត់ចោល​បញ្ហា​​សិទ្ធិមនុស្ស នោះមហាអំណាច​ប្រជាធិបតេយ្យ​មួយ​នេះ​នឹងដើរ​តាម​គន្លង​របស់​ប្រទេសចិននៅថ្ងៃណាមួយ​ជាក់ជាមិន​ខាន៕

1 comment:

Anonymous said...

Khmer people start feeling the pain from the Yuonization of Cambodia.

The apathetic behavior of Khmer must be changed if they want to derail the Yuonization of Cambodia.

Khmer people need to follow Rong Chhun's courage, these young activists, and others environmentalists who have been imprisoned unjustly by Ah Chker Chkuot Hun Sen.