Monday, 21 June 2021

មន្ត្រី​បក្ស​ប្រឆាំង​ថា ​​​រដ្ឋាភិបាល​​​​បង្កើត​​ព្រឹត្តិការណ៍​​​ពង្វក់​​ខ្មែរ​​ឲ្យ​ដឹង​​គុណ​​វៀតណាម​​មិន​​ចេះ​ចប់​


ដោយ ជាតិ ចំណាន
2021-06-20 rfa
មន្ត្រី​បក្ស​ប្រឆាំង​ថា ​​​រដ្ឋាភិបាល​​​​បង្កើត​​ព្រឹត្តិការណ៍​​​ពង្វក់​​ខ្មែរ​​ឲ្យ​ដឹង​​គុណ​​វៀតណាម​​មិន​​ចេះ​ចប់​ 

(ឆ្វេង) លោកឧត្តមសេនីយ៍ឯកបម្រុង ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឧបនាយករដ្ឋមន្ត្រីលោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពេលប្រារព្ធខួប ៤៤ ឆ្នាំទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជ សាសន៍ប៉ុល ពត នៅតំបន់ប្រវត្តិសាស្ត្រកោះថ្ម ក្នុងឃុំទន្លូង ស្រុកមេមុត ខេត្តត្បូងឃ្មុំ ។
រូប៖ ក្រសួងការពារជាតិ



មន្ត្រី​បក្ស​ប្រឆាំង​​ មិន​​គាំទ្រ​ចំពោះ​ការ​​បង្កើត​​ព្រឹត្តិការណ៍​​ ២០ ​មិថុនា ​ដើម្បី​ពង្វក់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដឹង​គុណ​វៀតណាម​ត​ទៅ​ទៀតនោះទេ។​

​ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​ និង​អន្តោប្រវេសន្ត​​នៃ​គណបក្ស​សង្គ្រោះ​ជាតិលោក អ៊ុំ សំអាន ហៅ​ការ​ប្រារព្ធ​ទិវា​រំលឹក​ខួប​ ២០ ​មិថុនា ​ឆ្នាំ​១៩៧៧ ​ថា ​ឥត​ប្រយោជន៍​​ដល់​​ជាតិ​ខ្មែរ។ លោក ថា ​ការ​ធ្វើ​បែប​នេះ​ជា​ការ​ដាក់​សម្ពាធ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឲ្យ​ដឹង​គុណ​វៀតណាម​ជា​រៀង​រហូត​ ខណៈ​​វៀតណាម​មិន​មាន​​បំណង​ល្អ​​ក្នុង​ការ​ជួយ​​កម្ពុជា​ទាល់​តែ​សោះ។​​

លោក​ពន្យល់​ថា ​​ព្រឹត្តិការណ៍​ ២០ ​មិថុនា ​ឆ្នាំ​១៩៧៧ ​ជា​ពេល​វេលា​​​​លោក ហ៊ុន សែន និង​ទាហាន​ខ្មែរ​ក្រហម​ផ្សេង​ទៀត​​​ចាប់​ផ្ដើម​ភៀសខ្លួន​គេច​ទៅ​ប្រទេស​វៀតណាម​​​ព្រោះ​របប​​​ប៉ុល ពត ចាប់​ផ្ដើម​សង្ស័យ​​លោក ហ៊ុន សែន ​និង​បក្ខពួក​​ផ្សេង​ទៀត​ថា ​​​​​បាន​ប្រព្រឹត្ត​ខុស​គោលនយោបាយ​ខ្មែរ​ក្រហម។ លោក​ អ៊ុំ សំអាន​ បន្ត​​ទៀត​ថា ​នៅ​ពេល​នោះ​​ខាង​​វៀតណាម ​ក៏​មាន​បំណង​ចង់​ខ្ចី​ដៃ​លោក ហ៊ុន សែន និង​បក្ខ​ពួក​ដើម្បី​ឈ្លាន​ពាន​កម្ពុជា​ដែរ ទើប​យល់​ព្រម​ចិញ្ចឹម​​​ពួកគេ​នៅ​ប្រទេស​វៀតណាម​ច្រើន​ឆ្នាំ​​ទុក​ប្រើការ​​​ឈ្លាន​ពាន​ចូល​កម្ពុជា​ និង​បានលើក​​​បន្តុប​ឲ្យ​ធ្វើ​មេដឹកនាំ​កម្ពុជា​ដល់​សព្វ​ថ្ងៃ​។


​​​​​​មន្ត្រី​បក្ស​ប្រឆាំង​​រូប​នេះ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​ឈប់​បង្កើត​ព្រឹត្តិការណ៍​នានា​ដើម្បី​ពង្វក់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដឹង​គុណ​វៀតណាម​​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ត​ទៅ​ទៀត និង​ត្រូវ​តែ​ចេះ​ទាមទារ​ឲ្យ​វៀតណាម​ដឹង​គុណ​កម្ពុជា​វិញ​ ​ព្រោះវៀតណាម​ជំពាក់​គុណ​កម្ពុជា​​ច្រើន​ណាស់​៖ «រួបរួម​គ្នា​កសាង​ជាតិ​ទៅ​ ហើយ​យើង​កុំ​យក​ប្រទេស​ណា​មួយ​​ជា​មេ​ធំ​ផ្ដាច់​មុខ​អ៊ីចឹង។ ​យើង​ត្រូវ​តែ​មាន​ទំនាក់​ទំនង​អន្តរជាតិ​ស្មើ​គ្នា មាន​ទំនាក់​ទំនង​មិត្តភាព​ស្មើ​គ្នា​​ជាមួយ​ប្រទេស​ទូទៅ​នៅ​លើ​​ពិភព​លោក​។​ កុំ​យក​ចិន ឬ​ក៏​វៀតណាម​ជា​ចៅហ្វាយ​ដូច​សព្វ​ថ្ងៃ​ណា ទើប​យើង​អាច​រក្សា​ប្រទេស​ជាតិ​យើង​ឲ្យ​គង់​វង្ស។​ បើ​មិន​អ៊ីចឹង​ទេ​ កម្ពុជា​យើង​នឹង​ក្លាយ​ទៅ​ជា​កម្ពុជា​ក្រោម​ទី​២​ហើយ​»។

របប​ក្រុង​ភ្នំពេញ ​នៅ​ថ្ងៃ​ទី​២០​ ខែមិថុនា ​បាន​អញ្ជើញ​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​វៀតណាម ​និង​យោធា​វៀតណាម​ច្រើន​នាក់មក​ធ្វើ​ពិធី​​រំលឹក​ខួប ​​​៤៤​​ឆ្នាំ នៃ​ថ្ងៃ​​លោក ហ៊ុន សែន ​ភៀសខ្លួន​​ទៅ​ប្រទេស​វៀតណាម ​កាល​ពី​​ឆ្នាំ​​១៩៧៧​ ដើម្បី​ធ្វើ​ពិធី​រំលឹក​ខួប​នៅ​ទីតាំង​ក្បែរ​ព្រំដែន​​ ស្ថិត​ក្នុង​ភូមិ​កោះ​ថ្ម ឃុំ​ទន្លូង​ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​ ក្នុង​ពិធី​រំលឹក​ខួប​នៅ​​ឆ្នាំ​នេះ រដ្ឋ​​មន្ត្រី​ការពារ​ជាតិ​លោក ទៀ បាញ់ មិន​បាន​ថ្លែង​សុន្ទរកថា​​អ្វី​ទេ ​ដែល​ខុស​ពី​ឆ្នាំ​មុន ​គឺ​ក្នុង​ខួប​ ៤៣​ឆ្នាំ លោក ទៀ បាញ់ ​បាន​ស្នើ​សុំ​​​វៀតណាម​​ចង​ក្រង​ឯកសារ​​​ស្ដីពី​ការ​ភៀស​ខ្លួន​របស់​លោក ហ៊ុន សែន ដើម្បី​កុំ​ឲ្យ​មាន​អ្នក​បំបែក​បំបាក់​មិត្ត​ភាព​កម្ពុជា​-​​វៀតណាម​ និង​ស្នើសុំ​​​ពលរដ្ឋ​ខ្មែរ​​ដឹង​គុណ​​​​​ប្រទេស​វៀតណាម។​ ក្នុង​ខួប ​៤៤​ឆ្នាំ​នេះ ​​​​រដ្ឋាភិបាល​កម្ពុជា ​និង​យោធា​វៀតណាម​ បាន​ប្រើ​ពេល​ខ្ទង់​ ៣​ម៉ោង ​ដើម្បី​ដើរ​មើល​សមិទ្ធផល​នានា ​នៅ​ទី​នោះ​។​ រដ្ឋាភិបាល​​ក៏​ចាប់​​ផ្ដើម​​​​សម្ពោធ​ពិធី​កសាង​អគារ​មិត្តភាព​កម្ពុជា​-វៀតណាម​​នៅ​ទី​នោះ​បន្ថែម​ទៀត​ដែរ។​

ចំណែក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឆ្នាំ​នេះ​បាន​រៀបរាប់​លើ​ហ្វេសប៊ុក​ (facebook) ​​​​​​មិន​ខុស​ពី​​ឆ្នាំ​មុន​​ទេ​​ថា ​លោក​​​​គ្មាន​​ជម្រើស​ណា​ល្អ​ជាង​​ការ​យក​​ប្រថុយ​យក​ជីវិត​ធ្វើ​​ជា​ដើម​ទុន​​ទៅ​សុំ​ការ​ពឹង​ពាក់​ពី​ប្រទេស​វៀតណាម​​ឲ្យ​ជួយ​ជាតិ​ខ្មែរ​ទេ​​​ ព្រោះ​​​​គ្មាន​នរណា​ម្នាក់​អាច​សុំ​ការ​អាណិត​ពី​ពួក​ ប៉ុល ពត​ បាន​ឡើយ។ ​លោក​បន្ត​ថា​ ​ជម្រើស​ដ៏​គ្រោះថ្នាក់​​នៅ​ពេល​នោះ​ បាន​នាំ​មក​នូវ​សេចក្ដី​សុខ និង​ការ​រីក​ចម្រើន​រហូត​សព្វ​ថ្ងៃ​។

បន្ថែម​ពី​នេះ​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាលោក សុខ ឥសាន ​ពន្យល់​ថា​ ការ​មិន​ទទួល​ស្គាល់​ព្រឹត្តិការណ៍​នេះ​​ គឺ​ជា​រឿង​នយោបាយ​ ​តែ​​​ជា​​​សច្ចៈ​ភាព​ប្រវត្តិ​សាស្ត្រ​ គឺ​​ថ្ងៃ​ទី២០ ខែ​មិថុនា ​​​ឆ្នាំ​១៩៧៧ ​​​​ជា​ថ្ងៃ​​​​ចាប់​ផ្ដើម​នៃ​ការ​រំដោះ​ជាតិ និង​សង្គ្រោះ​ប្រជាជន​​កម្ពុជា​៖ «គេ​ធ្វើ​គុណ​ជាមួយ​យើង​ យើង​ដឹង​គុណ។​ ក៏​​ប៉ុន្តែ​យើង​ក៏​មិន​អាច​យក​គុណ​ហ្នឹង​ទៅ​ធ្វើ​ឲ្យ​បាត់បង់​ទឹក​ដី បាត់​បង់​ឯករាជ្យ​ជាតិ​​ បាត់​បង់​កិត្តិយស​សេចក្ដី​ថ្លៃថ្នូរ​​របស់​យើង​ទេ។​ អ៊ីចឹង​ទេ បង​ប្អូន​មួយ​ចំនួន​ដែល​នៅ​ខាង​ក្រៅ​ហ្នឹង ក៏​ដោយសារ​បាន​គុណ​ថ្ងៃ​ ២០​ មិថុនា ​ហ្នឹង​ដែរ»។

ទោះជាយ៉ាងណា អ្នកឃ្លាំមើលយល់ថា ទិវា ​​២០ ​មិថុនា ​ឆ្នាំ​១៩៧៧​ នឹង​មិន​មាន​ឥទ្ធិពល​​ខ្លាំង​ធ្វើ​ឲ្យ​​​​​​​​​យុវជន​ជំនាន់​ក្រោយ​​ដឹង​គុណ​វៀតណាម​ទេ។ ​អ្នក​​ជំនាញ​វិទ្យា​សាស្ត្រ​នយោបាយលោក ឯម សុវណ្ណារ៉ា សង្កេត​ឃើញ​ថា ​ទិវា​មួយ​ចំនួន​​ដែល​ទាក់ទង​នឹង​ ៧ ​មករា មិន​ទទួល​បាន​ការ​ស្វាគមន៍​ពី​គ្រប់​មជ្ឈដ្ឋាន​​ ព្រោះ​ពាក់ព័ន្ធ​នឹង​ការ​លើក​ទ័ព​របស់​វៀតណាម​ចូល​កម្ពុជា។ ​​ទោះ​​ជា​​​លោក​មិន​ជំទាស់​នឹង​​ការ​ប្រារព្ធ​​កម្មវិធី​នានាសំដៅ​ដល់​ការ​ដឹង​គុណ​វៀតណាម​ក្តី តែ​លោកក៏​ចង់​ឲ្យ​ពលរដ្ឋ​ដឹង​ថា វៀតណាម​ជំពាក់​គុណ​កម្ពុជា​ច្រើន​ដែរ​ ទើប​អាច​បង្រួប​បង្រួម​គ្នា និង​រីក​ចម្រើន​ដល់​សព្វ​ថ្ងៃ​៖ «បើ​យើង​និយាយ​ទៅ​ វា ​(២០​មិថុនា)​ ជា​បុព្វ​ហេតុ​​​នៃ​ការ​ឈាន​​ទៅ​រក​​ថ្ងៃ​ ៧​ មករា ហើយ​ ៧​ មករា​ គណបក្ស​កាន់​អំណាច​បាន​ប្រើ​ពាក្យ​ថា​ ថ្ងៃ​កំណើត​ទី​២ ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ទូទៅ។​ ប៉ុន្តែ​បើ​សម្រាប់​យុវជន​ វា​ជា​ថ្ងៃ​កំណើត​ទី​៣ ​ហើយ ព្រោះ​យុវជន​កម្ពុជា នៅ​ក្មេង​កើត​ក្រោយ​ ៧៩។​ មាន​តែ​ឪពុក​ម្ដាយ​គាត់​ទេ​ ដែល​​​អាច​ទាន់ ហើយ​ឪពុក​ម្ដាយ​គាត់​ហ្នឹង​ក៏​នៅ​ក្នុង​វ័យ​មួយ​វា​ គេ​ហៅ​ថា ​ទាំង​ខ្ញុំ​ទាំង​គេ​ហ្នឹង ជ្រេ​ចាស់​ហើយ​ គេ​ហៅ​ថា​ លែង​មាន​សក្តានុពល​ហើយ​»។​​​

ជា​រឿយៗ​ របប​ក្រុង​ភ្នំពេញ និង​បក្ស​កាន់​អំណាច​ តែងតែ​​អំពាវនាវ​ឲ្យ​​ពលរដ្ឋ​ខ្មែរ​ដឹង​គុណ​វៀតណាម​​ជា​និច្ច តែ​មិន​ដែល​ហ៊ាន​ទាមទារ​ឲ្យ​វៀតណាម​ដឹង​គុណ​កម្ពុជា​ទេ​។ ​​​របប​ក្រុង​ភ្នំពេញ ក៏​តែងតែ​​​​​​​​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ពលរដ្ឋ​ខ្មែរ​​ដែល​ហ៊ាន​និយាយ​​​រិះគន់​​​បញ្ហា​ជាមួយ​ប្រទេស​វៀតណាម​ដែរ។​ មិន​តែ​ប៉ុណ្ណោះ របប​នេះ​ក៏​បាន​បង្កើត​​ព្រឹត្តិការណ៍​​សំខាន់ៗ​ជាច្រើន​​ ដើម្បី​រំលឹក​គុណ​វៀតណាម​​ មាន​ដូចជា ទិវា​ជ័យ​ជម្នះ​​ថ្ងៃ​​ទី ​៧​ មករា ទិវា​ចង​​កំហឹង​របប​ប៉ុល​ពល​ថ្ងៃ​ទី ​​​​២០ ​ឧសភា ទិវា​​ចាប់​ផ្ដើម​ចេញ​តស៊ូ​រំដោះ​ប្រទេស​ថ្ងៃ​ទី​​ ២០​ មិថុនា និង​ព្រឹត្តិការណ៍​​កង​ទ័ព​វៀតណាម​លើក​ទ័ព​ចូល​កម្ពុជា ​ថ្ងៃ​ទី ​២ ធ្នូ​ ជាដើម។​

គណបក្ស​ប្រឆាំង​​​ ចាត់​ទុក​​ព្រឹត្តិការណ៍​ទាំង​​អស់​នេះថា ​​គ្មាន​​ប្រយោជន៍​​ទាល់​តែ​សោះ និង​​​​​ប្រារព្ធ​ឡើង​​ដើម្បីកេងចំណេញនយោបាយ និង​អែបអប​​​​​វៀតណាម​ ឲ្យ​ជួយ​​រក្សា​អំណាច​​ដល់​ក្រុម​បក្ខពួក​មេដឹកនាំ​របប​​ក្រុង​ភ្នំពេញ​​​បន្ត​ទៀត​៕

1 comment:

Anonymous said...

uon and Ah Kwack Hun Sen keep strangling Khmer people.

Later on, even Khmer people's laughing are illegal and must be prosecuted.

Who said Ah Kwack Hun Sen is not under Yuon's grip ?

Ah Kwack Hun Sen is Yuon's faithful servant for life.