ដោយ ទីន ហ្សាការីយ៉ា
2021-06-02 rfa
គ្រឿងចក្ររបស់ក្រុមហ៊ុនទ្រីភាពបានឈូសឆាយតំបន់ប្រវត្តិសាស្ត្រសន្លុងស្លដែករបស់ជនជាតិភាគតិចកួយ មានផ្ទៃដីជាង ៥ ហិកតារ ឋិតក្នុងភូមិអូរពោរ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
រូប៖ គេផ្ដល់ឱ្យ
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច និងសិទ្ធិមនុស្ស បានចុះស៊ើបអង្កេតរយៈពេលពេញមួយថ្ងៃនៅថ្ងៃទី១ ខែឧសភា នៅតំបន់សន្លុងស្លដែកឬហៅម្យ៉ាងទៀតថា ចង្ក្រានផលិតដែកដែលជាតំបន់ប្រវត្តិសាស្ត្រ និងជាទីកន្លែងគោរពបូជារបស់ជនជាតិភាគតិចកួយ ឋិតក្នុងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ដែលកំពុងរងការបំផ្លិចបំផ្លាញដោយមេការក្រុមហ៊ុនទ្រីភាព។ ក្រុមអង្គការទាំងនោះរួមមាន អង្គការពន្លកខ្មែរ សមាគមអាដហុក និងអង្គការលើកស្ទួយវប្បធម៌កួយ (CIYA) ជាដើម។
នាយកប្រតិបត្តិអង្គការពន្លកខ្មែរ ដែលចុះអង្កេតរឿងនេះលោក ប៉ឹក សោភ័ណ រកឃើញថា ពិតជាមានការឈូសឆាយតំបន់ប្រវត្តិសាស្ត្រជនជាតិដើមកួយ បង្កឱ្យបាត់បង់ព្រៃអាស្រ័យផល ច្បារដំណាំ ព្រៃសមូហភាព និងដីព្រៃពនេចរជាដើម សរុបប្រមាណជិត ៨ រយហិកតារ (៨០០)។ លោកថា សកម្មភាពឈូសឆាយនោះ ធ្វើឱ្យប៉ះពាល់ជីវភាពជនជាតិកួយធ្ងន់ធ្ងរ ដែលក្នុងនោះ មានពលរដ្ឋ ១៧ គ្រួសាររងគ្រោះធ្ងន់ធ្ងរ។ លោកបន្ថែមថា ក្នុងពេលពលរដ្ឋដង្ហោយសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរ មេការក្រុមហ៊ុន នៅតែបន្តសកម្មភាពឈូសឆាយដោយគ្មានការទប់ស្កាត់ឡើយ៖ «ពិតជាមានការឈូសឆាយរំលោភយកតំបន់ស្លដែកហ្នឹងពិតមែន។ មែនទែនអាជ្ញាធរលោកគួរតែមានវិធានការចាត់ការឱ្យទាន់ពេលវេលា។ នៅតែបន្តឈូសឆាយដដែល ខណៈពេលដែលពលរដ្ឋកំពុងតែស្នើសុំអន្តរាគមន៍ពីអាជ្ញាធរ ហើយបើគិតតាមផ្លូវច្បាប់ ផ្លូវតុលាការវិញ តុលាការគួរតែបញ្ឈប់ ឬអាចចោទជាបទល្មើសជាក់ស្តែង »។
មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តព្រះវិហារដែលចុះអង្កេតករណីនេះដែរ គឺលោក ឡោ ចាន់ មានប្រសាសន៍ថា ក្នុងពេលចុះអង្កេតពួកលោកប្រទះឃើញ សំណល់ដែកបុរាណ និងដើមឈើធំៗ ត្រូវគេឈូសឆាយកម្ទេច ដើម្បីយកដីធ្វើកសិកម្ម។ លោកថា ក្រុមពលរដ្ឋអះអាងថា មេការក្រុមហ៊ុនទ្រីភាព នៅតែបន្តឈូសឆាយកម្ទេចតំបន់ប្រវត្តិសាស្ត្រកួយ បើទោះបីជាអ្នកភូមិបានស្រែកតវ៉ាក្តី ក៏ក្រុមហ៊ុននៅតែបំពាន។ រីឯអាជ្ញាធរវិញ ពុំឃើញជួយដោះស្រាយក្តីកង្វល់របស់ពលរដ្ឋនោះទេ។ លោកបន្ថែមថា គោលបំណងនៃការចុះស៊ើបអង្កេតនេះ ដើម្បីរកភស្តុតាងរួច ធ្វើរបាយការណ៍ស្នើឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធចុះដោះស្រាយរឿងនេះ ដោយយុត្តិធម៌ និងតម្លាភាព៖ «ក្រុមហ៊ុនក៏ដោយ ឈ្មួញក៏ដោយ ធ្វើការឈូសឆាយ បើយើងនិយាយផ្លូវច្បាប់ គឺខុសទាំងស្រុងហើយ។ ឧទាហរណ៍មានច្បាប់ក៏ដោយ ក៏ច្បាប់ហ្នឹងក៏គោរពប្រពៃណីខាងជនជាតិដើមភាគតិច មិនអាចទៅរំលោភប្រពៃណីជនជាតិដើមភាគតិចទេ »។
អាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តព្រះវិហារលោក ប្រាក់ សុវណ្ណ និងអ្នកនាំពាក្យសាលាខេត្តនេះលោក យ៉ុង គឹមហឿង បាននៅឡើយទេ នៅថ្ងៃទី១ ខែមិថុនា។ ចំណែកអភិបាលស្រុករវៀងលោក ហោ ប៊ុនហួរ និងមេការក្រុមហ៊ុន ទ្រីភាព ឈ្មោះ សែ លីណា ហៅ តយ ក៏អាស៊ីសេរីមិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
អ្នកភូមិអះអាងថា កាលពីថ្ងៃទី៣១ ខែឧសភា អាជ្ញាធរឃុំ/ស្រុក មន្ត្រីបរិស្ថាន និង អាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យតំបន់សន្លុងស្លដែក ប៉ុន្តែមិនបានហាម និងរារាំងគ្រឿងចក្ររបស់ក្រុមហ៊ុនទ្រីភាពនោះទេ។ អ្នកភូមិថា បើទោះបីជាអ្នកភូមិតវ៉ា ប្តឹង និងស្វែងរកកិច្ចអន្តរាគមន៍បែបណាក្តី ក៏មេការក្រុមហ៊ុននៅតែផ្គើន និងឈូសឆាយព្រៃអាស្រ័យផល ព្រៃសមូហភាព និង ស្រែចម្ការច្បារដំណាំរបស់អ្នកស្រុកអស់ជាបន្តបន្ទាប់។
តំបន់សន្លុងស្លដែកមានផ្ទៃដីជាង ៥ ហិកតារ ឋិតក្នុងភូមិអូរពោរ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ដែលជាកន្លែងអភិរក្សវប្បធម៌យ៉ាងសំខាន់របស់ជនជាតិដើមភាគតិចកួយ ត្រូវបានមេការក្រុមហ៊ុនទ្រីភាព ( TRY PHEAP IMPORT EXPORT CO., LTD. ) ប្រើគ្រឿងចក្រឈូសបំផ្លាញចោលទាំងស្រុង កាលពីខែឧសភាកន្លងទៅ។ ជនជាតិដើមកួយរស់នៅភូមិតាឡែក ខេត្តកំពង់ធំ ជាប់ព្រំដែនខេត្តព្រះវិហារ បានស្រែកទ្រហោយំស្តាយស្រណោះកន្លែងផលិតដែក ដែលបុព្វបុរសកួយបន្សល់ទុក។
តំបន់សន្លុងស្លដែក ឬហៅម្យ៉ាងទៀតថា សន្លុងត្នោត ជាកន្លែងគោរពបូជាយ៉ាងសំខាន់របស់អ្នកស្រុកតាំងពីដើមមក។ លើសពីនេះតំបន់នោះ មានទឹកផុសខួបប្រាំង និងវស្សា អំណោយផលគាប់ប្រសើរឱ្យអ្នកស្រុក ធ្វើស្រែចម្ការគ្រប់រដូវបាន។ ទន្ទឹមនឹងនេះ មានស្រះទឹកបុរាណ ដែលដូនតាកួយកសាង ដើម្បីចម្រាញ់ថ្មឱ្យក្លាយជាដែក អមដោយចង្ក្រាន និងបំពង់បង្ហូរដែកជាដើម។ ជនជាតិដើមកួយថា សំណល់វប្បធម៌ទាំងនេះ ត្រូវបានគេឈូសកម្ទេចចោលទាំងស្រុង។ បន្ថែមពីនេះ តំបន់នោះមានដើមឈើធំៗ ទួលបុរាណ សត្វព្រៃ វល្លិ៍ និងកន្លែងឃ្វាលគោក្របី ដែលអ្នកស្រុកចាត់ទុកថា របស់ជនជាតិកួយ ត្រូវបានបាត់បង់ទាំងស្រុងដែរ៕
No comments:
Post a Comment