Tuesday, 15 June 2021

WHO​ ជំរុញ​អោយ​កម្ពុជា​​រក​មធ្យោបាយ​​មាន​​ប្រសិទ្ធភាព​​ជាងមុន​​ទប់ស្កាត់​​ការ​ឆ្លងរាលដាល​​ជំងឺ​កូវីដ-១៩​


ដោយ អាស៊ីសេរី
2021-06-15

WHO​ ជំរុញ​អោយ​កម្ពុជា​​រក​មធ្យោបាយ​​មាន​​ប្រសិទ្ធភាព​​ជាងមុន​​ទប់ស្កាត់​​ការ​ឆ្លងរាលដាល​​ជំងឺ​កូវីដ-១៩​  
អ្នកស្រី លី អៃឡេន (Li Ailan) តំណាង​អង្គការ​​សុខភាព​​ពិភពលោក​​ប្រចាំ​នៅ​​កម្ពុជា​។
រូប៖ WHO in Cambodia

 

អង្គការ​សុខភាព​ពិភពលោក (WHO) ជំរុញ​ឱ្យ​​កម្ពុជា​​រក​មធ្យោបាយ ដែល​មាន​​ប្រសិទ្ធភាព​​ជាង​មុន និង​​អំពាវនាវ​​ឱ្យ​​មាន​ការ​ចូលរួម​​ឱ្យ​​បាន​​ច្រើន​​​ពី​​សហគមន៍​​ ដើម្បី​​ទប់​ស្កាត់​​ការចម្លង​​ជំងឺ​កូវីដ-១៩។​

តំណាង​អង្គការ​​សុខភាព​​ពិភពលោក​​ប្រចាំ​នៅ​​កម្ពុជា​អ្នកស្រី លី អៃឡេន (Li Ailan ) លើកឡើង​​នៅ​ក្នុង​​សេចក្ដី​ថ្លែងការណ៍​​កាល​ពី​ថ្ងៃទី១៣ ខែមិថុនា​ ថា៖ «យើង​ត្រូវ​ធ្វើ​អ្វីៗ ទាំងអស់​តាម​ដែល​អាចធ្វើ​ទៅ​បាន ដើម្បី​ការពារ​ការរីករាលដាល​នៃ​មេរោគ និង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព សង្គម និង​សេដ្ឋកិច្ច»

អ្នកស្រីគូសបញ្ជាក់ថា ចាំបាច់​ណាស់ ដែលត្រូវ​ស្វែងរក​មធ្យោបាយ​មាន​ប្រសិទ្ធភាព​ជាងមុន ដើម្បី​ធានា​ការអនុវត្ត និង​គោរព​តាម​វិធានការ​សុខភាព​សាធារណៈ និង​សង្គម ជាពិសេស​តាមរយៈ​ការចូលរួម​ឱ្យ​បាន​ច្រើន​ជាង​មុន​របស់​សហគមន៍​គ្រប់គ្នាៗ។

ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​នេះ​ បន្ទាប់​ពីអង្គការ​នេះ​បាន​ទទួល​ព័ត៌មាន​ពីការ​កើនឡើង​ចំនួន​អ្នក​ឆ្លង និង​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុង​ពេល​ថ្មីៗនេះ។

 

អង្គការ​នេះ​ព្រមាន​ថា ​ប្រសិនបើ​ជំងឺនេះ​រាលដាល​ពាសពេញ​សហគមន៍នោះ វិធានការ​បិទខ្ទប់ និង​ការរឹតបន្តឹង​ទ្រង់ទ្រាយ​ធំ​អាច​នឹង​ត្រូវ​ដាក់​ចេញ ហើយ​នឹង​ប៉ះពាល់​ដល់​គ្រប់​វិស័យ រួមទាំង​ផ្នែកអាជីវកម្ម សកម្មភាពសាសនា និងការងារផងដែរ។ ការឆ្លង​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ នឹង​ធ្វើ​ឱ្យ​មន្ទីរពេទ្យ និង​មូលដ្ឋាន​សុខាភិបាល​ទ្រទ្រង់​លែង​បាន ដែល​នឹង​ធ្វើឱ្យ​​ទាំង​អ្នកជំងឺកូវីដ-១៩ និង​អ្នកជំងឺ​ផ្សេងៗ​ទៀត មិនអាច​ទទួល​បាន​ការថែទាំ​តាម​តម្រូវការ។

អង្គការ​សុខភាព​ពិភពលោក​រម្លឹក​ពី​ការណែនាំ​របស់​ខ្លួន ទាំង​វិធានការ​រៀបចំទុក​មុន និង​ឆ្លើយតប​ចំពោះ​ការរាតត្បាត​ជំងឺ​កូវីដ-១៩ ក្នុង​នោះ ​គឺការធានា​អោយ​បាន​ការមិនចេញ​ក្រៅ​ផ្ទះ​បើមិនចាំបាច់ មិនជួបប្រជុំ​មនុស្ស​ច្រើន រក្សាគម្លាត ចៀសវាង​ការជួបជុំ​នៅ​ក្នុង​ទីតាំង​បិទជិត រក្សាអនាម័យ និង​ពាក់ម៉ាស់​ជាដើម។ បន្ថែម​ពី​នេះ​គឺ​បង្កើន​ការចាក់​ថ្នាំ​បង្ការ ទៅ​ដល់​ក្រុម​មនុស្ស ដែល​ងាយរងគ្រោះ។

ទាក់ទង​នឹង​រឿង​ថ្នាំ​បង្ការ​ជំងឺកូវីដ-១៩នេះ ក្រសួងសុខាភិបាល​អោយដឹង​ថា​ចំនួន​ពលរដ្ឋ ដែលបាន​ចាក់​វ៉ាក់សាំង ​មាន​ចំនួន ៣ លាននាក់ហើយ​គិតត្រឹម​ថ្ងៃទី១៤ ខែមិថុនា គឺស្មើនឹង​ ៣០ ភាគរយ​នៃ​គោលដៅ​ ដែលគ្រោង​នឹង​ចាក់អោយ​​ពលរដ្ឋ​សរុប​ចំនួន​ ១០ លាន​នាក់។

​ក្រសួងសុខាភិបាល ​ប្រកាសកាលពីថ្ងៃទី១៤ ខែមិថុនា ​ថា​ មាន​អ្នកជំងឺកូវីដ​ចំនួន​ ១៣ ​នាក់ បន្ថែមទៀត​បានស្លាប់ ​និង​រកឃើញ​ករណី​ឆ្លងថ្មី​ជាង ៥​រយ (៥៤២) នាក់​ ភាគច្រើន​ជា ករណី​ឆ្លង​ក្នុង​សហគមន៍។ រីឯ​អ្នកជាសះស្បើយវិញ​ ក្រសួង ​អះអាថា​ មានចំនួនជាង​១​ពាន់ (១.១០៩) ​នាក់ ​នៅថ្ងៃ​ដដែល​នេះ។

គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមិថុនា កម្ពុជា​មាន​អ្នក​កើត​ជំងឺកូវីដ-១៩ មាន​ជាង​៣ម៉ឺន៨​ពាន់​ (៣៨.៩៦៩) ​នាក់ ក្នុង​នោះ អ្នក​ជា​សះ​ស្បើយ​មាន​ជាង ៣ ម៉ឺន​២ពាន់ (៣២.៩៦៧) ​នាក់ ​និង មាន​អ្នក​ស្លាប់​កើន​ដល់​ ៣៤៨ ​នាក់​។

ដោយឡែក​សាលារាជធានី​ភ្នំពេញ​សម្រេច​អនុញ្ញាតិ​អោយ​គ្រប់អាជីវកម្ម ការលក់ដូរ​ទាំងឡាយ​អាច​ដំណើរការ​ជាប្រក្រតី​ឡើងវិញ​នៅ​តាម​ក្របខណ្ឌ​ផ្សាររដ្ឋទាំងអស់​ដោយគិត​ចាប់​ពីថ្ងៃទី១៥ ខែមិថុនា​តទៅ។ បើទោះជា​យ៉ាងណា​សេចក្ដី​សម្រេច​នោះ​បាន​​ណែនាំ​ឱ្យ​អនុវត្ត​ជាចាំបាច់ និង​ម៉ឺងម៉ាត់​វិធានការ​សុខាភិបាល មានជាអាទិ៍​ពាក់ម៉ាស់ រក្សាគម្លាត រក្សាអនាម័យ និង​ការស្កេន QR Code៕

No comments: