Friday, 22 October 2021

លោក សម រង្ស៊ី ​អំពាវនាវ​កុំឲ្យ​ពិភពលោក​ ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ដែល​មិន​ស្រប​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស


ដោយ ទីន ហ្សាការីយ៉ា
2021-10-21
លោក សម រង្ស៊ី ​អំពាវនាវ​កុំឲ្យ​ពិភពលោក​ ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ដែល​មិន​ស្រប​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស 

លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្សសង្គ្រោះ​ជាតិ
រូប៖ RFA


លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ដល់​ពិភពលោក​កុំឲ្យ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ ប្រសិនបើ​ការ​បោះ​ឆ្នោត​នោះ​នៅតែ​គ្មាន​វត្តមាន​បក្ស​ប្រឆាំង​ចូលរួម និង​មិន​ស្របតាម​អ្វី​ដែល​បាន​កំណត់​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ តំណាង​បក្ស​កាន់​អំណាច ​ចាត់ទុកថា ​ការ​អំពាវ​នាវ​នេះ ​គ្មាន​ឥទ្ធិពល​អ្វី​ឡើយ។ ប៉ុន្តែ​អ្នកវិភាគ​នយោបាយ​ យល់ថា​ សហគមន៍​អន្តរ​ជាតិ ​នៅតែ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា។

លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​ប្រទេស​បារាំង​គ្មាន​ជំនឿ​ថា ការ​បោះ​ឆ្នោត​នៅ​ពេល​ខាងមុខ​ នឹង​អាច​ប្រព្រឹត្តទៅ​ដោយ​សេរី ​យុត្តិធម៌ និង​បើកចំហ ដូច​អ្វី​ដែល​បាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី២៣​ តុលា​ ឆ្នាំ១៩៩១ នោះ​ទេ។ លោក​ គ្មាន​ជំនឿ​បែប​នេះ ​ដោយសារ​របប​ក្រុងភ្នំពេញ ​កំពុង​បន្ត​គំរាម​កំហែង​ និង​បំបិទ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ ហើយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា គ.ជ.ប ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​របស់​បក្ស​កាន់​អំណាច ​និង​រារាំង​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​ពិត​ប្រាកដ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត។


ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ អំពាវនាវ​ឲ្យ​ពិភពលោក​ទាំងមូល ​ចៀស​វាង​កុំ​ទទួល​ស្គាល់​ការ​បោះឆ្នោត​ខាងមុខ ​ប្រសិន​បើ​ការ​បោះ​ឆ្នោត​​នោះ ​ផ្ទុយ​ពី​អ្វី​ដែល​បាន​កំណត់​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​តម្រូវ​ឲ្យ​កម្ពុជា រៀបចំ​ការ​បោះ​ឆ្នោត ដោយសេរី​ យុត្តិធម៌ និង​បើកចំហ។លោក ​សង្កត់​ធ្ងន់​ថា ​ ប្រសិនបើ​សហគមន៍​អន្តរ​ជាតិ​ ក្រៅពី​ប្រទេស​ចិន ថ្កោលទោស ​និង​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ថា ជា​ការ​បោះ​ឆ្នោត​ពិតប្រាកដ​ និង​ត្រឹមត្រូវ​ទេ​ នោះ​សហគមន៍​អន្តរជាតិ​ក៏​មិន​ត្រូវ​ទទួល​ស្គាល់​រដ្ឋាភិបាល​ណា ឬ​រដ្ឋ​អំណាច​ណា ដែល​កើត​​ចេញ​មក​ពី​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​នោះ​ដែរ។

លោក​ សម រង្ស៊ី ជឿ​ថា ការ​ធ្វើ​ដូច្នេះ នឹង​ធ្វើឲ្យ​លោក​ ហ៊ុន សែន​ ព្រួយបារម្ភ និង​ត្រូវ​តែ​គិត​ពិចារណា​ឡើងវិញ​ឲ្យ​បាន​ស៊ីជម្រៅ​អំពី​លក្ខណៈ​នៃ​ការបោះឆ្នោត​ខាងមុខ​នេះ។

មេ​បក្ស​ប្រឆាំង​ស្ដីទី​រូប​នេះ ​បញ្ជាក់​ថា ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា​ គឺ​ជា​សន្ធិសញ្ញា​អន្តរជាតិ​ដូច្នេះ​​រាល់​សន្ធិសញ្ញា​អន្តរជាតិ​ ត្រូវតែ​គោរព​ឲ្យបាន​ត្រឹមត្រូវ។លោក​ថា បើ​មិន​ដូច្នេះ​ទេ​ វា​នឹង​ផ្តល់​គំរូ​អាក្រក់​សម្រាប់​សន្ធិសញ្ញា​អន្តរជាតិ​ដទៃ​ទៀត និង​ធ្វើឲ្យ​មាន​ការ​បាត់បង់​ជំនឿ​ចំពោះ​ប្រទេស​ជា​ហត្ថលេខី​ទាំងអស់ និង​សហគមន៍​អន្តរជាតិ​ទាំងមូល។

លោក សម រង្ស៊ី ​លើកឡើង​បែបនេះ​ជា​ភាសា​អង់គ្លេស​នៅ​ក្នុង​ឱកាស​ចូលរួម​សន្និសីទ​សារព័ត៌មាន​ស្តីពីខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែល​រៀបចំ​ដោយ​ក្រុម​អ្នកសារព័ត៌មាន​អន្តរជាតិ​នៅ​ប្រទេស​ថៃ ហៅ​កាត់ FCCT កាល​ពី​ថ្ងៃ​ទី១៩ ខែតុលា ឆ្នាំ២០២១ ប៉ុន្តែ​លោក​ទើប​បក​ប្រែ​ជា​ភាសា​ខ្មែរ និង​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) កាល​ពី​យប់​ថ្ងៃ​ទី២០ តុលា។

ទាក់ទង​នឹង​រឿង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន ឆ្លើយ​តប​ថា ការ​បោះឆ្នោត​ដែល​យុត្តិធម៌ ​ត្រឹមត្រូវ ​និង​ឯករាជភាព​របស់ ​គ.ជ.ប ​មិន​​អាស្រ័យ​លើ​ការ​លើកឡើង​របស់​លោក សម រង្ស៊ី នោះ​ទេ។ លោក ​បន្ត​ថា លោក សម រង្ស៊ី លើក​ឡើង​បែប​នេះ ព្រោះ​គាត់​ចង់​ចូលរួម​ការ​បោះ​ឆ្នោត៖ ....

ផ្ទុយ​ពី​ការ​លើកឡើង​របស់​លោក សុខ ឥសាន នេះ សហគមន៍​ជាតិ និង​អន្តរជាតិ​និយម​ប្រជាធិបតេយ្យ រួមមាន​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ផង ធ្លាប់​បាន​ថ្កោល​ទោស​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៨ នោះ​ម្ដង​រួច​ទៅ​ហើយ ដោយសារ​តែ​អវត្តមាន​បក្ស​ប្រឆាំង។សហគមន៍​អន្តរជាតិ​បាន​ចាត់​ទុក​ថា ការ​បោះ​ឆ្នោត​នោះ​ក្លែងក្លាយ និង​ជា​ការ​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយសារ​តែ​គណ​បក្ស​ប្រឆាំង​ធំ​ជាង​គេ គឺ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​របប​លោក ហ៊ុន សែន ​រំលាយ​ចោល​នៅ​មិនដល់​មុន ​១ឆ្នាំ​នៃ​ការ​បោះ​ឆ្នោត​នោះ។ លើស​ពី​នេះ សហភាព​អឺរ៉ុប​ និង​អាមេរិក ​ក៏បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា ​និង​ដាក់​ទណ្ឌកម្ម​ជា​លក្ខណៈ​បុគ្គល​លើ​ក្រុម​មេដឹកនាំ​របប​​ក្រុង​ភ្នំពេញ​ ព្រមទាំង​ផ្ដាច់​ជំនួយ​ដល់​គ.ជ.ប ទៀត​ផង។ មក​ទល់​ពេល​នេះ ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ នៅតែ​បន្ត​ជំរុញ និង​ព្រមាន​ទុកជាមុន​ឲ្យ​របប​ក្រុង​ភ្នំពេញ ​ស្ដារ​ប្រជាធិបតេយ្យ​ និង​ការគោរព​សិទ្ធិមនុស្ស​ ហើយ​រៀបចំ​បោះឆ្នោត​ដោយ​សេរី ​ត្រឹមត្រូវ ​និង​យុត្តិធម៌​ឡើង​វិញ ​ដោយ​មានការ​ចូល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

ជុំវិញ​រឿង​នេះ ​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ បណ្ឌិត សេង សារី ​មើល​ឃើញ​ថា ​សហគមន៍​អន្តរជាតិ ​នៅ​តែ​ដើរ​តួនាទី​សំខាន់ ​និង​នៅ​តែ​ព្យាយាម​ជួយ​ដោះ​ស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​កម្ពុជា​។ ទោះជា​យ៉ាង​ណា ​លោក​ ចង់​ឃើញ​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង ​គួរ​តែ​ថយ​មួយ​ជំហាន​ម្នាក់​ដើម្បី​វិល​ទៅ​ជួប​​ជជែក​គ្នា​បញ្ចប់​ជម្លោះ​​​នយោបាយ​រ៉ាំរ៉ៃ​ឡើង​វិញ ​សម្រាប់​ជា​ប្រយោជន៍​ជាតិ​ និង​ប្រជាពលរដ្ឋ​ទាំងមូល៖ ..

កាល​ពី​ខែកក្កដា​ កន្លង​ទៅ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៦៤ស្ថាប័ន បាន​រួមគ្នា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធានា​ឱ្យ​បាន​នូវ​លក្ខខណ្ឌ​អប្បបរមា ៦ចំណុច ដើម្បី​ឱ្យ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​នៅ​ពេល​ខាង​មុខ។ លក្ខខណ្ឌ​ទាំង​នោះ ​រួមមាន​ការ​បង្កើត​បរិយាកាស​នយោបាយ​សេរី ការធានា​សិទ្ធិ​នយោបាយ​សិទ្ធិ​អ្នក​បោះ​ឆ្នោត សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឯករាជភាព​តុលាការ និង​កងកម្លាំង​ប្រដាប់​អាវុធ​ព្រមទាំង​ធានា​ឲ្យ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ អាច​អនុវត្ត​តួនាទី​ដោយ​សេរី​ជា​ដើម៕



1 comment:

Anonymous said...

Ah Yuon's slave Hun Sen will take the electoral win any way he could, even without the CNRP's participation.

Khmer people need to force Ah Hun Sen to reinstate the CNRP.

Kem Sokha's shutting his fucking mouth up would not help the cause for CNRP's restoration.

It is time for Khmer people to sacrifice their lives for Cambodia's survival.

The peaceful demonstration for Rong Chhun's release and for the CNRP's reinstatement are absolute just causes for Khmer people to strive for.