ដោយ ទីន ហ្សាការីយ៉ា
2021-10-21
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ
រូប៖ RFA
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិអំពាវនាវដល់ពិភពលោកកុំឲ្យទទួលស្គាល់លទ្ធផលបោះឆ្នោតនៅពេលខាងមុខ ប្រសិនបើការបោះឆ្នោតនោះនៅតែគ្មានវត្តមានបក្សប្រឆាំងចូលរួម និងមិនស្របតាមអ្វីដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ តំណាងបក្សកាន់អំណាច ចាត់ទុកថា ការអំពាវនាវនេះ គ្មានឥទ្ធិពលអ្វីឡើយ។ ប៉ុន្តែអ្នកវិភាគនយោបាយ យល់ថា សហគមន៍អន្តរជាតិ នៅតែមានតួនាទីសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាជាប់គាំងនយោបាយនៅកម្ពុជា។
លោក សម រង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំងគ្មានជំនឿថា ការបោះឆ្នោតនៅពេលខាងមុខ នឹងអាចប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងបើកចំហ ដូចអ្វីដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ នោះទេ។ លោក គ្មានជំនឿបែបនេះ ដោយសាររបបក្រុងភ្នំពេញ កំពុងបន្តគំរាមកំហែង និងបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ស្ថិតក្រោមការត្រួតត្រារបស់បក្សកាន់អំណាច និងរារាំងមិនឲ្យគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងដ៏ធំពិតប្រាកដចូលរួមប្រកួតប្រជែងការបោះឆ្នោត។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះ អំពាវនាវឲ្យពិភពលោកទាំងមូល ចៀសវាងកុំទទួលស្គាល់ការបោះឆ្នោតខាងមុខ ប្រសិនបើការបោះឆ្នោតនោះ ផ្ទុយពីអ្វីដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលតម្រូវឲ្យកម្ពុជា រៀបចំការបោះឆ្នោត ដោយសេរី យុត្តិធម៌ និងបើកចំហ។លោក សង្កត់ធ្ងន់ថា ប្រសិនបើសហគមន៍អន្តរជាតិ ក្រៅពីប្រទេសចិន ថ្កោលទោស និងមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជាថា ជាការបោះឆ្នោតពិតប្រាកដ និងត្រឹមត្រូវទេ នោះសហគមន៍អន្តរជាតិក៏មិនត្រូវទទួលស្គាល់រដ្ឋាភិបាលណា ឬរដ្ឋអំណាចណា ដែលកើតចេញមកពីការបោះឆ្នោតក្លែងក្លាយនោះដែរ។
លោក សម រង្ស៊ី ជឿថា ការធ្វើដូច្នេះ នឹងធ្វើឲ្យលោក ហ៊ុន សែន ព្រួយបារម្ភ និងត្រូវតែគិតពិចារណាឡើងវិញឲ្យបានស៊ីជម្រៅអំពីលក្ខណៈនៃការបោះឆ្នោតខាងមុខនេះ។
មេបក្សប្រឆាំងស្ដីទីរូបនេះ បញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា គឺជាសន្ធិសញ្ញាអន្តរជាតិដូច្នេះរាល់សន្ធិសញ្ញាអន្តរជាតិ ត្រូវតែគោរពឲ្យបានត្រឹមត្រូវ។លោកថា បើមិនដូច្នេះទេ វានឹងផ្តល់គំរូអាក្រក់សម្រាប់សន្ធិសញ្ញាអន្តរជាតិដទៃទៀត និងធ្វើឲ្យមានការបាត់បង់ជំនឿចំពោះប្រទេសជាហត្ថលេខីទាំងអស់ និងសហគមន៍អន្តរជាតិទាំងមូល។
លោក សម រង្ស៊ី លើកឡើងបែបនេះជាភាសាអង់គ្លេសនៅក្នុងឱកាសចូលរួមសន្និសីទសារព័ត៌មានស្តីពីខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលរៀបចំដោយក្រុមអ្នកសារព័ត៌មានអន្តរជាតិនៅប្រទេសថៃ ហៅកាត់ FCCT កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ប៉ុន្តែលោកទើបបកប្រែជាភាសាខ្មែរ និងបានបង្ហោះនៅលើទំព័រហ្វេសប៊ុក (Facebook) កាលពីយប់ថ្ងៃទី២០ តុលា។
ទាក់ទងនឹងរឿងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ឆ្លើយតបថា ការបោះឆ្នោតដែលយុត្តិធម៌ ត្រឹមត្រូវ និងឯករាជភាពរបស់ គ.ជ.ប មិនអាស្រ័យលើការលើកឡើងរបស់លោក សម រង្ស៊ី នោះទេ។ លោក បន្តថា លោក សម រង្ស៊ី លើកឡើងបែបនេះ ព្រោះគាត់ចង់ចូលរួមការបោះឆ្នោត៖ ....
ផ្ទុយពីការលើកឡើងរបស់លោក សុខ ឥសាន នេះ សហគមន៍ជាតិ និងអន្តរជាតិនិយមប្រជាធិបតេយ្យ រួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផង ធ្លាប់បានថ្កោលទោសការបោះឆ្នោតឆ្នាំ២០១៨ នោះម្ដងរួចទៅហើយ ដោយសារតែអវត្តមានបក្សប្រឆាំង។សហគមន៍អន្តរជាតិបានចាត់ទុកថា ការបោះឆ្នោតនោះក្លែងក្លាយ និងជាការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយសារតែគណបក្សប្រឆាំងធំជាងគេ គឺគណបក្សសង្គ្រោះជាតិ ត្រូវបានរបបលោក ហ៊ុន សែន រំលាយចោលនៅមិនដល់មុន ១ឆ្នាំនៃការបោះឆ្នោតនោះ។ លើសពីនេះ សហភាពអឺរ៉ុប និងអាមេរិក ក៏បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា និងដាក់ទណ្ឌកម្មជាលក្ខណៈបុគ្គលលើក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ព្រមទាំងផ្ដាច់ជំនួយដល់គ.ជ.ប ទៀតផង។ មកទល់ពេលនេះ ក្រុមប្រទេសប្រជាធិបតេយ្យធំៗ នៅតែបន្តជំរុញ និងព្រមានទុកជាមុនឲ្យរបបក្រុងភ្នំពេញ ស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ហើយរៀបចំបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើងវិញ ដោយមានការចូលរួមពីគណបក្សសង្គ្រោះជាតិ។
ជុំវិញរឿងនេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី មើលឃើញថា សហគមន៍អន្តរជាតិ នៅតែដើរតួនាទីសំខាន់ និងនៅតែព្យាយាមជួយដោះស្រាយបញ្ហាជាប់គាំងនយោបាយកម្ពុជា។ ទោះជាយ៉ាងណា លោក ចង់ឃើញគណបក្សកាន់អំណាច និងគណបក្សប្រឆាំង គួរតែថយមួយជំហានម្នាក់ដើម្បីវិលទៅជួបជជែកគ្នាបញ្ចប់ជម្លោះនយោបាយរ៉ាំរ៉ៃឡើងវិញ សម្រាប់ជាប្រយោជន៍ជាតិ និងប្រជាពលរដ្ឋទាំងមូល៖ ..
កាលពីខែកក្កដា កន្លងទៅក្រុមអង្គការសង្គមស៊ីវិលចំនួន ៦៤ស្ថាប័ន បានរួមគ្នាទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ធានាឱ្យបាននូវលក្ខខណ្ឌអប្បបរមា ៦ចំណុច ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌នៅពេលខាងមុខ។ លក្ខខណ្ឌទាំងនោះ រួមមានការបង្កើតបរិយាកាសនយោបាយសេរី ការធានាសិទ្ធិនយោបាយសិទ្ធិអ្នកបោះឆ្នោត សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឯករាជភាពតុលាការ និងកងកម្លាំងប្រដាប់អាវុធព្រមទាំងធានាឲ្យសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ អាចអនុវត្តតួនាទីដោយសេរីជាដើម៕
1 comment:
Ah Yuon's slave Hun Sen will take the electoral win any way he could, even without the CNRP's participation.
Khmer people need to force Ah Hun Sen to reinstate the CNRP.
Kem Sokha's shutting his fucking mouth up would not help the cause for CNRP's restoration.
It is time for Khmer people to sacrifice their lives for Cambodia's survival.
The peaceful demonstration for Rong Chhun's release and for the CNRP's reinstatement are absolute just causes for Khmer people to strive for.
Post a Comment