2021-12-20
បុគ្គលិក កម្មករក្រុមហ៊ុនណាហ្គាវើលដ៍ បន្តការរកដំណោះស្រាយរឿងវិវាទការងារ នៅកាស៊ីណូណាហ្គាវើលដ៍ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
សហជីព និងអ្នកការពារសិទ្ធិមនុស្សហួសចិត្ត ដែលមន្ត្រីក្រសួងការងារផ្ញើសារចោទប្រកាន់ថា ការតវ៉ារបស់ក្រុមបុគ្គលិកកម្មករនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) ជាទម្រង់នៃការធ្វើបដិវត្តពណ៌។ ពួកគេទទូចឱ្យអាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុនផ្ដល់ដំណោះស្រាយត្រឹមត្រូវ ដើម្បីបញ្ចប់ការតវ៉ានេះជាជាងគំរាមកំហែង និងចោទប្រកាន់កម្មករមិនសមហេតុផលតាមអំពើចិត្ត។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីរដ្ឋលេខាធិការក្រសួងការងារ លោក ហេង សួរ បានសរសេរនៅលើហ្វេសប៊ុក (Facebook) ចោទប្រកាន់ ការតវ៉ារបស់បុគ្គលិក កម្មករនៅក្រុមហ៊ុនណាហ្គាវើលដ៍ មានការចូលរួមពីអនីតិជន ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនខ្ចី ជាទម្រង់នៃបដិវត្តពណ៌។
សហជីព និងអ្នកសិទ្ធិមនុស្សអះអាងថា ការតវ៉ារបស់ក្រុមបុគ្គលិក កម្មករ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីទាមទារដំណោះស្រាយត្រឹមត្រូវពីភាគីពាក់ព័ន្ធ ជាពិសេស ពីភាគីក្រុមហ៊ុន ពុំមានបំណងធ្វើបដិវត្តដូចការចោទប្រកាន់នោះឡើយ។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ លើកឡើងថា កម្មករតវ៉ាទាមទារនៅពេលនេះ ជាការឆ្លើយតប និងបង្ហាញទៅក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធថាពួកគេកំពុងរងអយុត្តិធម៌ ពួកគេជួបការលំបាកក្នុងជីវភាពរស់នៅ ដោយសារការបញ្ឈប់ពួកគេពីការងារ និងការទូទាត់ប្រាក់មិនត្រឹមត្រូវ។ កញ្ញាបន្តថា ពួកគេទាមទារដំណោះស្រាយ មិនមែនតវ៉ាប្រឆាំងរដ្ឋាភិបាលទេ។ ស៊ីថរ បញ្ជាក់ថា ការចោទប្រកាន់ ការលាបពណ៌ការតវ៉ារបស់កម្មករបានត្រឹមបន្ថែមការឈឺចាប់ ហើយមិនអាចបញ្ចប់ការតវ៉ារបស់ពួកគេបានឡើយ៖ «យើងមិនមើលឃើញភាពឈឺចាប់ហ្នឹង ភាពអយុត្តិធម៌កើតឡើងចំពោះគាត់ យើងបែរជាព្យាយាមបកស្រាយរឿងហ្នឹងទៅជារឿងអីផ្សេង។ វាអាក្រក់ខ្លាំង និងពិបាកទទួលយកបានក្នុងនាមយើងជាមន្ត្រីរបស់រាជរដ្ឋាភិបាល។ យើងនិយាយខ្លួនយើងថា យើងបម្រើរាស្ត្រ។ ប៉ុន្តែការនិយាយស្ដី ការគិតរបស់យើង ទោះឥឡូវអត់ទាន់មានសកម្មភាពមែន តែវាបង្ហាញពីចេតនាអត់ល្អ វាអត់មានសីលធម៌ អត់មានគុណធម៌អីសោះហ្មង។ មិនមាននរណាម្នាក់ចង់ឱ្យពួកគាត់មានបញ្ហាអីទេ។ ការចេញទាមទាររបស់ពួកគាត់នេះគឺ ដោយសារពួកគាត់ឈឺចាប់ គាត់ចង់បានយុត្តិធម៌ គាត់ចង់ឱ្យមានសហជីពនៅកន្លែងការងាររបស់គាត់។ ប៉ុន្តែមិនឃើញភាពឈឺចាប់របស់គាត់ទៅជាបកស្រាយទៅជារឿងអីផ្សេង។ តាមបទពិសោធន៍រឿងនេះយើងមើលឃើញច្បាស់ថា យើងនៅក្នុងសង្គមអី? ប៉ុន្តែទោះយ៉ាងណា សមាជិក និងបុគ្គលិកនៅក្នុងក្រុមហ៊ុនខ្ញុំស្ដាប់ទៅគាត់នៅតែមានទឹកចិត្ត នៅតែមានសុទិដ្ឋិនិយមថា ពិសេសសម្ដេចនឹងដោះស្រាយបញ្ហាឱ្យពួកគាត់។ ប៉ុន្តែយើងនៅតែមិនទាន់ដឹងថា ពួកគេនឹងព្យាយាមលាបពណ៌ជនរងគ្រោះ ឱ្យទៅជាជនរងគ្រោះយ៉ាងណាទៀត យើងអត់ដឹង។ អត់មានយុទ្ធនាការដោះស្រាយ មានតែយុទ្ធនាការលាបពណ៌»។
ការលើកឡើងរបស់សហជីពនេះបន្ទាប់ពីរដ្ឋលេខាធិការក្រសួងការងារ លោក ហេង សួរ បានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៩ ខែធ្នូថា ការប្រើប្រាស់អនីតិជន ឬស្ត្រី ពិសេសស្ត្រីមានកូនខ្ចី ឬស្ត្រីមានផ្ទៃពោះ ដើម្បីចូលរួមការតវ៉ាអ្វីមួយជាតាក់ទិចមួយ ដែលមានសរសេរនៅក្នុងក្បួនរបស់អ្នករៀបចំចលនាបដិវត្តពណ៌នៅប្រទេសណាមួយ។ អ្នករៀបចំផែនការតែងតែបន់ស្រន់ឱ្យមានគ្រោះថ្នាក់ដោយចៃដន្យណាមួយកើតឡើងលើអនីតិជន ឬលើស្រ្តី ដើម្បីទាក់ទាញសមានចិត្ត និងបញ្ឆេះកំហឹងមហាជន។ លោក ហេង សួរ ដែលធ្លាប់គម្រាមតាមរយៈសារបែកធ្លាយ កាលពីឆ្នាំ២០១៨ ថា សម្លាប់ពលករខ្មែរពីប្រទេសជប៉ុន នៅពេលណាពួកគេវិលត្រឡប់មកកម្ពុជាវិញនោះ សរសេរបន្តទៀតថា តាក់ទិចនេះពួកគេ អាចប្រើបាននៅដើមឆ្នាំ២០០០ និង២០១០ ប៉ុន្តែចំពោះមុខតាក់ទិចនេះ តែងតែត្រូវបានអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសនានាចាត់ការទៅលើមេក្លោង និងជនដៃដល់ ដែលអនុវត្តផែនការនេះបានទាន់ពេល។
ក្រុមកម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍បានធ្វើកូដកម្ម២ថ្ងៃហើយ ដើម្បីទាមទារឲ្យថៅកែបនល្បែងកាស៊ីណូនៅកណ្ដាលទីក្រុងភ្នំពេញ គោរពសិទ្ធិការងារ និងទទួលយកបុគ្គលិកជាង ៣រយនាក់ឲ្យចូលធ្វើការវិញ។ ចំនួនកូដករបាកើនឡើងដល់ជាង ២.០០០នាក់ ក្នុងថ្ងៃកូដកម្មថ្ងៃទី២ ប៉ុន្តែអាជ្ញាធរបានដាក់រនាំងដែក អមដោយកម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់ ឈររារាំងក្រុមកម្មករមិនឲ្យធ្វើដំណើរ ទៅស្រែកតវ៉ានៅទីធ្លាសួនច្បារខាងមុខក្រុមហ៊ុន។ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនខ្ចី ព្រមទាំងកូនៗ របស់ពួកគេជាច្រើននាក់បានចូលរួមកូដកម្មនេះ។
បុគ្គលិកបម្រើការផ្នែកកាស៊ីណូម្នាក់ ដែលចូលរួមកូដកម្មនេះ គឺលោកស្រី ហោ ម៉ាលីស ស្នើសុំរដ្ឋាភិបាល ជួយអន្តរាគមន៍ទៅភាគីក្រុមហ៊ុនឲ្យទទួលយកបុគ្គលិកជាង ៣រយនាក់ រួមនឹងថ្នាក់ដឹកនាំសហជីពចូលធ្វើការវិញ ព្រោះសហជីពអាចជួយដោះស្រាយបញ្ហាទូទៅឲ្យកម្មករជាមួយថៅកែ នៅកន្លែងធ្វើការបាន៖ «ខ្ញុំរួមទាំងកម្មករនិយោជិកទាំងអស់ហ្នឹង ចង់ឲ្យប្រធានសហជីពនិងសកម្មជន បុគ្គលិកដែលមានឈ្មោះកាត់ ៣៦៥នាក់ ចូលធ្វើការវិញ។ ហើយនឹងឲ្យបុគ្គលិកកម្មសិក្សាហ្នឹង ចូលពេញសិទ្ធិវិញ។ ហើយនឹងឲ្យក្រុមហ៊ុនហ្នឹង គិតគូរគុណឲ្យបានត្រឹមត្រូវដល់បុគ្គលិកណាដែលមានឈ្មោះកាត់»។
បើតាមសហជីពក្នុងចំណោមអ្នក ដែលត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារមានស្រ្តីមានផ្ទៃពោះប្រមាណ២០នាក់។
ទាក់ទងនឹងការធ្វើកូដកម្មនេះ សាលារាជធានីភ្នំពេញ ចេញលិខិតមួយជូនទៅថ្នាក់ដឹកនាំសហជីព កាលពីថ្ងៃទី១៨ ធ្នូ ដោយចាត់ទុកសកម្មភាពនេះថា ជាការធ្វើបាតុកម្មខុសច្បាប់ទៅវិញ។ អភិបាលរាជធានីភ្នំពេញរាជធានីភ្នំពេញ លោក ឃួង ស្រេង តម្រូវឲ្យខាងសហជីពបញ្ឈប់ការតវ៉ានេះជាបន្ទាន់ ហើយត្រូវអនុវត្តតាមនីតិវិធី។ លោក ឃួង ស្រេង ព្រមានថា ក្នុងករណីក្រុមសហជីពនៅតែបន្តធ្វើសកម្មភាពខុសច្បាប់នេះទៀត នោះពួកគេនឹងត្រូវទទួលខុសត្រូវចំពោះច្បាប់។
វិទ្យុអាស៊ីសេរីមិនអាចសុំការបកស្រាយបន្ថែមអំពីរឿងនេះ ពីអភិបាលរាជធានីភ្នំពេញរាជធានីភ្នំពេញ លោក ឃួង ស្រេង បានទេ នៅថ្ងៃទី១៩ ខែធ្នូ ដោយហៅទូរស័ព្ទចូលតែពុំមានអ្នកទទួល។
បើទោះជាយ៉ាងណា អង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្ស និងសិទ្ធិការងារ យល់ផ្សេងពីនេះ។
មន្ត្រីផ្នែកសិទ្ធិការងារនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរត្រូវអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ផ្ដល់សិទ្ធិឱ្យកម្មករនិយោជិតទាំងឡាយ រួមទាំងស្ត្រីមានផ្ទៃពោះផង បានធ្វើកូដកម្មទាមទារដំណោះស្រាយទៅតាមអ្វី ដែលមានចែងក្នុងច្បាប់។ លើសពីនេះលោកថា អាជ្ញាធរគួរបញ្ឈប់រាល់ការលាបពណ៌ពលរដ្ឋខ្លួនឯង និងចេញមុខដោះស្រាយនេះ ដោយការចរចា ដែលគិតគូរពីផលប្រយោជន៍របស់កម្មករ៖ «សហជីព បងប្អូន កម្មករនិយោជិតបានចាប់ផ្ដើមនីតិវិធីក្នុងកាជូនដំណឹងធ្វើកូដកម្ម ក្នុងការបោះឆ្នោតសម្ងាត់ក្នុងការធ្វើកូដកម្ម និងមានការឯកភាព។ ទាំងអស់ហ្នឹងហើយដែលមានចែងក្នុងច្បាប់ស្ដីពីការងារ មានចែងក្នុងច្បាប់ស្ដីពីសហជីព ហើយក៏ជាលក្ខខណ្ឌការពារ ដោយអនុសញ្ញាស្នូលរបស់អង្គការអន្តរជាតិខាងការងារដែរ ទាក់ទងទៅនឹងសិទ្ធិផ្នែកអង្គការវិជ្ជាជីវៈការងារស្ដីពីកូដកម្មដោយសន្តិវិធីហ្នឹងហើយ។ អ៊ីចឹងគាត់បានបំពេញតាមនីតិវិធីហើយ គាត់ត្រូវទទួលបានការការពារ ដើម្បីឱ្យគាត់អនុវត្តសិទ្ធិរបស់ពួកគាត់»។
លោក ថារ៉ូ បន្តថា កូដកម្មមិនគួរត្រូវរាប់បញ្ចូលទៅក្នុងច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធីឡើយ ព្រោះមាត្រា២នៃច្បាប់នេះ ចែងថា រាល់ការប្រមូលផ្ដុំគ្នា ឬការដង្ហែក្បួនធ្វើបាតុកម្មដោយសន្តិវិធី នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនត្រូវអនុវត្តចំពោះការប្រមូលផ្ដុំគ្នាខាងក្នុង និងខាងក្រៅអែបប្របរបងរោងចក្រ ឬសហគ្រាស ឬស្ថាប័ននានា ពាក់ព័ន្ធនឹងវិវាទការងារ ដែលត្រូវដាក់បញ្ចូលក្នុងដែនអនុវត្តនៃច្បាប់ការងារ។
ការសម្រេចធ្វើកូដកម្មរបស់បុគ្គលិក កម្មករក្រុមហ៊ុនណាហ្គាវើលដ៍នៅពេលនេះធ្វើឡើងបន្ទាប់ពីពួកគេព្យាយាមស្វែងរកដំណោះស្រាយពីក្រសួងការងារ អធិការកិច្ចការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្ដាល គ្រប់នីតិវិធី អស់រយៈពេលជាង៨ខែហើយ ប៉ុន្តែស្ថាប័នរដ្ឋទាំងនោះនៅតែមិនអាចដោះស្រាយវិវាទការងារនេះបាន។
ក្រុមកូដករបញ្ជាក់ជំហរ ថាពួកគេនៅបន្តធ្វើកូដកម្មនេះតទៅទៀត លុះត្រាភាគីថៅកែព្រមទទួលយកបុគ្គលិកនៅសេសសល់ជាង៣រយនាក់ ឲ្យចូលធ្វើការវិញ៕
No comments:
Post a Comment