Tuesday, 21 December 2021

ក្រុម​កម្មករ​ណាហ្គាវើលដ៍​បន្ត​ធ្វើ​កូដកម្ម​ថ្ងៃ​ទី៣ ខណៈ​អាជ្ញាធរ​ប្រើ​ហិង្សា​ដាក់​ស្ត្រី​ម្នាក់


ដោយ ឡេង ម៉ាលី
2021-12-20
ក្រុម​កម្មករ​ណាហ្គាវើលដ៍​បន្ត​ធ្វើ​កូដកម្ម​ថ្ងៃ​ទី៣ ខណៈ​អាជ្ញាធរ​ប្រើ​ហិង្សា​ដាក់​ស្ត្រី​ម្នាក់ 

កម្មករ​និយោជិត​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គាវើលដ៍ ​ជិត ២ពាន់​នាក់ នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​​ទាមទារ​ឲ្យ​ភាគី​ថៅកែ​​ទទួល​យក​ថ្នាក់​ដឹកនាំ​សហជីព​ និង​បុគ្គលិក​ជាង ៣រយ​នាក់​ ចូល​ធ្វើ​ការ​វិញ នៅ​ថ្ងៃ​ទី២០ ខែធ្នូ ឆ្នាំ២០២១។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

 

ក្រុម​កម្មករ​និយោជិត​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ជិត ២ពាន់​នាក់ នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​ដដែល ដើម្បី​ទាមទារ​ឲ្យ​ភាគី​ថៅកែ​ចូល​តុ​ចរចា ហើយ​ទទួល​យក​ថ្នាក់​ដឹកនាំ​សហជីព​ និង​បុគ្គលិក​នៅ​សល់​ជាង ៣រយ​នាក់​ ចូល​ធ្វើ​ការ​វិញ។ នៅ​ថ្ងៃ​ទី៣ នៃ​ការ​ធ្វើ​កូដកម្ម​នេះ អាជ្ញាធរ​ប្រើ​ហិង្សា​ដាក់​ស្ត្រី​កម្មករ​ដែល​ទៅ​ចូល​រួមការ​តវ៉ា។

អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បន្ត​រឹត​បន្តឹង​ ដាក់​រនាំង​ដែក​ អម​ដោយ​កង​កម្លាំង​ប្រចាំការ​ជា​ច្រើន​នាក់ ដើម្បី​ទប់​ស្កាត់​ក្រុម​កូដករ​មិន​ឲ្យ​ដើរ​ទៅ​ស្រែក​តវ៉ា​រក​ដំណោះស្រាយ​ការងារ ​នៅ​ម្ដុំ​សួន​ច្បារ​ខាង​អគារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទី១។


អាជ្ញាធរ​បង្គាប់​ឲ្យ​ក្រុម​កម្មករ​និយោជិត​ជួប​ជុំ​គ្នា​ ត្រឹម​ទីតាំង​ខាង​មុខ​អគារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទី២ ទល់​មុខ​គ្នា​នឹង​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ។ សហជីព​ថា ការ​កំណត់​ទីតាំង​តូច​ចង្អៀត​បែប​នេះ ធ្វើ​ឲ្យ​ក្រុម​កម្មករ ​មិន​អាច​រក្សា​គំលាត​ឆ្ងាយ​ពី​គ្នា​បាន​ទេ ហើយ​ប៉ះពាល់​ដល់​ក្រុម​ស្ត្រី​មាន​ផ្ទៃ​ពោះ​ប្រមាណ ៤០នាក់ ដែល​បន្ត​ចូលរួម​ការ​តវ៉ា​នេះ។

ក្នុង​ពេល​តវ៉ា​នៅ​ថ្ងៃ​ទី២០ ធ្នូ ដែល​ត្រូវ​ជា​ថ្ងៃ​ទី៣ នៃ​ការ​ធ្វើ​កូដកម្ម​នេះ សហជីព​ឲ្យ​ដឹង​ថា មាន​មន្ត្រី​សមត្ថ​កិច្ច​ស្លៀក​ពាក់​ស៊ីវិល​ម្នាក់ ប្រើ​វិទ្យុ​ទាក់ទង លោត​ទៅ​វាយ​ស្ត្រី​កម្មករ​ម្នាក់ ប៉ុន្តែ​មិន​បង្ក​ជា​របួស​ស្នាម​អ្វី​ទេ។

សកម្មជន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការ​ងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) កញ្ញា ណុប ទិត្យបូរ៉ាវី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ហេតុការណ៍​នេះ កើត​ឡើង​នៅ​ផ្លូវ​ក្បែរ​ស្ថានទូត​រុស្សី ​ ខណៈ​កម្មករ​ជា​ច្រើន​នាក់ ​ចង់​លើក​រនាំង​ដែក​នៅ​តាំង​នោះ​ចេញ ដើម្បី​ដើរ​ទៅ​ជួប​ជុំ​ជាមួយ​ក្រុម​កូដករ​ផ្សេងទៀត។

កញ្ញា ទិត្យ​បូរ៉ាវី ចាត់​ទុក​ទង្វើ​ហិង្សា​នេះ​ថា ជា​ការ​គំរាម​កំហែង​មក​លើ​ក្រុម​កូដករ​ ដែល​ធ្វើ​ការ​តវ៉ា​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​ដែល​មាន​ចែង៖ «ការ​ធ្វើ​បែប​នេះ គឺ​រំលោភ​សិទ្ធិ​លើ​កម្មករ។ កម្មករ​ប្រើ​សិទ្ធិ​របស់​ខ្លួន​ដើម្បី​តវ៉ា​សោះ ហេតុ​អ្វី​អាជ្ញាធរ​ប្រើ​អំពើ​ហិង្សា​មក​លើ​កម្មករ​ ដែល​ពួក​យើង​អត់​មាន​រឿង​ពាក់​ព័ន្ធ​ជាមួយ​អាជ្ញាធរ​សោះ។ គ្រាន់​តែ​យើង​ស្នើ​សុំ​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​សិទ្ធិ​ចូល​ធ្វើ​ការ​របស់​យើង​។ យើង​គ្រាន់​តែ​ត្រូវ​ការ​តំណាង​សហជីព​ចូល​ធ្វើ​ការ​វិញ​សោះ ក៏​អាជ្ញាធរ​ប្រើ​អំពើ​ហិង្សា​លើ​ពួក​យើង»។

ត្បិត​មាន​ការ​រារាំង​និង​គំរាមកំហែង​យ៉ាង​នេះ​ក្ដី ក្រុម​កម្មករ​ណាហ្គាវើលដ៍​ជិត ២ពាន់​នាក់ នៅ​តែ​ប្ដេជ្ញា​រួម​គ្នា​បន្ត​ការ​តវ៉ា​របស់​ពួក​គេ​ទៀត ដើម្បី​ឲ្យ​ភាគី​ក្រុមហ៊ុន​បើក​កិច្ច​ចរចា​ព្រម​ទទួល​យក​តំណាង​សហជីព​និង​បុគ្គលិក​ជាង​៣​រយ​នាក់​ ចូល​ធ្វើ​ការ​វិញ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បកស្រាយ​រឿង​នេះ ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្តី បាន​ទេ នៅ​ថ្ងៃ​ទី២០ ធ្នូ ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

ចំណែក អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី ២០ ធ្នូ ថា ក្រសួង​នឹង​បន្ត​ដោះស្រាយ​វិវាទ​នេះ តាម​នីតិវិធី​ច្បាប់៖ «បើ​ទោះ​បី​សំណើ​របស់​កម្មករ​និយោជិត​លើស​ទៅ​នឹង​សំណើ​ក៏​ដោយ ក៏​យើង​ខិតខំ​ស្នើ​សុំ​ឲ្យ​ក្រុម​ហ៊ុន​ពិចារណា។ ហើយ​ក្រសួង​នៅ​បន្ត​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​ធ្វើ​ការ​ផ្សះផ្សា​វិវាទ​នេះ។ ប៉ុន្តែ​ក៏​សូម​ឲ្យ​ភាគី​ទាំង​អស់​ជ្រើសរើស​យក​ការ​ចរចា​។ បើ​សិន​ជា​កំពុង​តែ​កូដកម្ម ហើយ​ស្នើ​ឲ្យ​ចរចា ខ្ញុំ​ក៏​មិន​ដឹង​យ៉ាង​ម៉េច​ដែរ​ទេ។ ក្រសួង​គឺ​មាន​តំណាង​របស់​ខ្លួន​បាន​ទៅ​ទទួល​យក​ញត្តិ​ ហើយ​ក៏​បាន​ពិនិត្យ​ឃើញ​សំណើ​ទាំង​អស់​នោះ ហើយ​ក៏​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ជួប​ពិភាក្សា​គ្នា។ ប្រសិន​បើ​ភាគី​ទាំង​ពីរ​វិល​មក​តុចរចា​ឡើង​វិញ»។

ក្រោយ​ពី​ក្រុម​កម្មករ​និយោជិត​ធ្វើ​កូដ​កម្ម​រយៈពេល ៣ថ្ងៃ​មកនេះ សាលា​រាជធានី​ភ្នំពេញ​ចេញ​លិខិត​អញ្ជើញ​ថ្នាក់​ដឹកនាំ​សហជីព​ និង​ភាគី​ក្រុមហ៊ុន​ណាហ្គាវើលដ៍ រួម​នឹង​ស្ថាប័ន​ពាក់ព័ន្ធ ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ស្ដី​អំពី​ការ​ដោះស្រាយ​វិវាទ​ការងារ​នេះ នៅ​ថ្ងៃ​ទី​២១ ធ្នូ ស្អែក​នេះ។

ទន្ទឹម​គ្នា​នេះ ​បណ្ដា​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៥៩ស្ថាប័ន ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ លើក​ឡើង​ថា វិវាទ​នេះ​អាច​ដោះស្រាយ​បាន​លុះ​ត្រាតែ​ក្រុមហ៊ុន​ ចូល​តុ​ចរចា​ជាមួយ​តំណាង​កម្មករ​និយោជិត ដោយ​ភាព​ស្មោះ​ត្រង់ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដែល​ភាគី​ទាំង​ពីរ​អាច​ទទួល​យក​បាន។ សង្គម​ស៊ីវិល ​ស្នើ​ដល់​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ក្រសួង​ការងារ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់​ បន្ត​ដោះស្រាយ​វិវាទ​ការងារ​នេះ​ដោយ​សន្តិវិធី៕

No comments: