Saturday, 25 December 2021

លោក ហ៊ុន ម៉ាណែត ​ជាប់​ឆ្នោត​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច


ដោយ អាស៊ីសេរី
2021-12-24
លោក ហ៊ុន ម៉ាណែត ​ជាប់​ឆ្នោត​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូនប្រុស​ច្បង​ គឹ​លោក ហ៊ុន ម៉ាណែត។
AFP

គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​ជ្រើសរើស​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ឲ្យ​ក្លាយជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ស្នង​តំណែង​ពី​ឪពុក​ដែល​ជា​មេដឹកនាំ​កាន់អំណាច​យូរ​ជាងគេ​មួយ​ក្នុង​ពិភពលោក​។ អ្នកវិភាគ​នយោបាយ និង​មេ​បក្ស​ប្រឆាំង ថា លោក ហ៊ុន ម៉ាណែត មិន​ទាន់​មាន​ស្នាដៃ​ធ្វើជា​មេដឹកនាំ​ជាតិ​នោះ​ទេ ហើយ​លោក ហ៊ុន សែន កំពុងតែ​លេងល្បែង​បម្រើ​ប្រយោជន៍​សម្រាប់​តែ​ក្រុម​គ្រួសារ​គាត់​ប៉ុណ្ណោះ​។​

គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​ជា​ឯកច្ឆន្ទ​ជ្រើសតាំង​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត តាម​ផែនការ​និង​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន​។ សេចក្ដី​សម្រេច​នេះ ធ្វើឡើង​ក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​របស់​គណបក្ស​នេះ នៅ​ព្រឹក​ថ្ងៃទី ២៤ ធ្នូ ដោយ​សំឡេង​គាំទ្រ​លោក ហ៊ុន ម៉ាណែត មាន​ចំនួន​៧៧៥ ក្នុង​ចំណោម​សមាជិក​គណៈកម្មាធិការ​កណ្ដាល​សរុប​ចំនួន​៨៦៥ នាក់​។​នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​ស្ដីពី​លទ្ធផល​សន្និបាត​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

 

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សួស យ៉ារ៉ា ថ្លែង​ក្នុង​សន្និសីទ​កាសែត​បន្ថែម​ថា បេក្ខភាព​ដែល​ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី គឺ​មាន​តែ​លោក ហ៊ុន ម៉ាណែត ម្នាក់​គត់​ដោយ​មិន​មាន​បេក្ខភាព​ផ្សេងទៀត​ប្រគួត​ប្រជែង​នោះ​ទេ​។ លោក បន្តថា មូលហេតុ​ដែល​មានតែ​បេក្ខភាព​លោក ហ៊ុន ម៉ាណែត នេះ​ព្រោះ​គណបក្ស បាន​ឯកភាព​គ្នា​ជា​ធ្លុង​មួយ និង​មើលឃើញ​គុណសម្បត្តិ​របស់​លោក ហ៊ុន ម៉ាណែត កន្លងមក​ក្នុង​ការ​ការពារ​ជាតិ និង​ដោះស្រាយ​បញ្ហា​ជំងឺ​កូ​វីដ​-១៩៖«​លើកដៃ​បោះឆ្នោត​គាំទ្រ​ជា​ឯកច្ឆន្ទ​នេះ មូលហេតុ​សំខាន់​គឺ​ម្នាក់ៗ​បាន​ស្គាល់​ពី​គុណសម្បតិ្ត​និង​គុណ​វុទ្ឍិ​ជាក់ស្តែង​របស់​ឯកឧត្តម ហ៊ុន ម៉ាណែត ហើយ​។ ក្រៅពី​ភារកិច្ច​ធំៗ​ដែល​លោក​ទទួល​បាន​នៅក្នុង​ការបម្រើ​ជាតិ ក្នុង​ផ្នែក​កិច្ចការ​ការពារ​ជាតិ ។ យើង​បាន​ដឹង​​ហើយ​ថា លោក​គឺជា​អគ្គមេបញ្ជាការ​រង​នៃ កងយោធពល​ខេមរៈភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ហើយ​លោក​ក៏​ជា​អ្នក ទទួលខុសត្រូវ​មួយ​រូប​ក្នុងពេល​ដែល​វិបត្តិ​កូវីដ​កំពុងតែ​រីក​សាយភាយ​ជាមួយ​ឧត្តម​ភរិយា​របស់​លោក គឺ​លោក​បាន​ចូលរួម​យ៉ាងសកម្ម និង​ចូលរួម​ស្តារ​សង្គម និង​ចូល រួម​ទប់ស្កាត់​ជំងឺ​កូវីដ និង​ការ​ព្យាបាល និង​ការបង្កើត​មន្ទីរពេទ្យ សង្គ្រោះ​ប្រជាពលរដ្ឋ យើង​ពេល​វ៉ាក់សាំង​មិនទាន់​មកដល់​។ មន្ទីរពេទ្យ​យើង​ជាច្រើន មនុស្ស​ឆ្លង​ជំងឺ​រាប់​ម៉ឺន​នាក់ ត្រូវ​បាន​សង្គ្រោះ»

អង្គសន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ក៏បាន​បោះឆ្នោត​ជ្រើសតាំង​សមាជិក​គណៈអចិន្ត្រៃយ៍​ពីររូប គឺ លោក ទៀ បាញ់ និង អ្នកស្រី ម៉ែន សំអន ឱ្យ​ធ្វើ​ជា​អនុប្រធាន​គណបក្ស​ផង​ដែរ​។ ក្នុង​ជួរ​រដ្ឋាភិបាល លោក ទៀ បាញ់ ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ខណៈ​អ្នកស្រី ម៉ែន សំអន ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច។

ការរៀបចំ​សន្និបាត​បក្ស​ដើម្បី​បោះឆ្នោត​ជ្រើសរើស​លោក ហ៊ុន ម៉ាណែត នៅ​ពេល​នេះ គឺ​បន្ទាប់ពី​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស និង​កាន់អំណាច​ជិត​៤០​ឆ្នាំ បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​គាំទ្រ​កូនប្រុស​របស់​លោក​ពេញទំហឹង​ឲ្យ​ក្លាយជា​អ្នក​បន្តវេន​ពី​លោក​។ លើស​ពី​នេះ នៅមុន​សេចក្តី​សម្រេច​នេះ​ប៉ុន្មាន​ថ្ងៃ មេដឹកនាំ​ប្រទេស​វៀតណាម ដែល​មាន​ប្រវត្តិ​គាំទ្រ​លោក ហ៊ុន សែន ឲ្យ​កាន់​ដំណែង​កំពូល ក៏​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដោយ​បាន​ជួបពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន យ៉ាង​ស្និទ្ធស្នាល​ផង​ដែរ។

ជុំវិញ​រឿង​នេះ អ្នកវិភាគ​នយោបាយ ដែល​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​ហ្វាំងឡង់ (Finland) លោក គឹម សុខ ថ្លែង​ថា ការបោះឆ្នោត​នៅក្នុង​សន្និបាត​បក្ស​កាន់អំណាច​នេះ គ្រាន់តែ​ធ្វើឡើង​ដើម្បី​បង្គ្រប់កិច្ច​ប៉ុណ្ណោះ បន្ទាប់ពី​លោក ហ៊ុន សែន បាន​លួងលោម​ផ្តល់​ប្រយោជន៍​និង​គំរាម​ផ្ទៃក្នុង​បក្ស​ឲ្យ​ទទួលស្គាល់​កូនប្រុស​របស់​គាត់​ជា​បេក្ខភាព​នាយ​រដ្ឋមន្ត្រី​។ លោក​បន្ត​ថា លោក ហ៊ុន ម៉ាណែត នៅ​មិនទាន់​មាន​ស្នាដៃ​គ្រប់គ្រាន់ ដើម្បី​ក្លាយជា​មេដឹកនាំ​ជាតិ​នោះ​ទេ ព្រោះ​ការគ្រប់គ្រង​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​កន្លង​មក គ្មាន​ប្រសិទ្ធភាព និង​មាន​ចំណុច​ខ្វះចន្លោះ​ជាច្រើន ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​រងគ្រោះ​។ អ្នកវិភាគ​នយោបាយ​រូប​នេះ បន្ថែម​ថា លោក ហ៊ុន ម៉ាណែត ក៏​គ្មាន​ស្នាដៃ​ការពារជាតិ ជាពិសេស​មិន​ហ៊ាន​តតាំង​នឹង​ការឈ្លានពាន​របស់​ប្រទេស​វៀតណាម​ឡើយ​៖ «បើ​តាម​ខ្ញុំ​មើល លោក ហ៊ុន ម៉ា​ណែ​ត ដើរ​តាម​គន្លង​ឪពុក​របស់​គាត់​ដដែល ។ ឪពុក​ប្លន់​អំណាច​តាំងពី​ផ្ទៃក្នុង​រហូតដល់​ថ្នាក់​ជាតិ ដើម្បី​ធ្វើជា​នាយករដ្ឋមន្ត្រី ។ ចំណែក លោក ហ៊ុន ម៉ា​ណែ​ត ក៏​ឡើង​កាន់​តំណែង​ក្នុង​រូបភាព ដូចគ្នា​ដែរ គឺ​បន្ទាប់ពី​ឪពុក​របស់​គាត់​គំរាម​បំបាក់​ផ្ទៃក្នុង​ហើយ​បង្ខំ​ឲ្យ​ផ្ទៃក្នុង​ទទួលយក ហើយ​បន្ទាប់មក​ប្រធាន​រដ្ឋ​យួន ទៅ​ប្រថាប់ត្រា​ដល់​ផ្ទះ​លោក ហ៊ុន សែន ក្នុង​ពិធី​បាយទឹក​ជាមួយ​ក្រុម​គ្រួសា​រលោក ហ៊ុន សែន»

តាមរយៈ​ការ​ជួយជ្រោមជ្រែង​ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក លោក ហ៊ុន ម៉ាណែត ដែល​មាន​វ័យ​ត្រឹម​៤៤ ឆ្នាំ កំពុង​កាន់​តំណែង គ្រាក់ៗ​នៅក្នុង​ជួរ​កងទ័ព រដ្ឋាភិបាល និង​ក្នុង​ជួរ​បក្ស​។ លោក​គឺជា​ឧត្តមសេនីយ៍​ផ្កាយ​៣ កាន់​តួនាទី​ជា​អគ្គមេបញ្ជាការ​រង​កង​យោពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កងទ័ពជើងគោក ជា​មេបញ្ជាការ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជាការ​រង​កង​អង្គរក្ស​លោក ហ៊ុន សែន​។ ក្រៅ​ពី​នេះ លោក​ជា​ប្រធាន​គ្រប់គ្រង​សន្តិសុខ និង​សណ្ដាប់ធ្នាប់​នៅតាម​គោលដៅ និង​តំបន់​ច​ត្តា​ឡី​ស័ក ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ របស់​រដ្ឋាភិបាល​ទៀត​ផង​។ រីឯ​ក្នុង​ជួរ​បក្ស លោក ហ៊ុន ម៉ាណែត ជា ប្រធាន​ចលនា​យុវជន និង​ជា​សមាជិក​គណៈអចិន្ត្រៃយ៍ ស្ថិត​ក្នុង​ចំណោម​មនុស្ស ៣៤​នាក់ ដែល​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស​កាន់អំណាច ហើយ​ពេលនេះ​លោក​បាន​ក្លាយជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ថែម​ទៀត។

ទាក់ទង​ករណី​នេះ​ដែរ លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​លើកឡើង​ក្នុង​លិខិត​ចំហ​ចុះ ថ្ងៃទី ២៤ ធ្នូ​ជូន​ចំពោះ​សមាជិក​សមាជិកា​គណៈកម្មាធិការ​កណ្តាល​បក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ថា លោក ហ៊ុន សែន កំពុងតែ​បបួល​សមាជិក​គណៈកម្មាធិការ​កណ្តាល​ឲ្យ​លេងល្បែង ដើម្បី​គ្រាន់តែ​បម្រើ​ផលប្រយោជន៍​ឯកជន​របស់​ក្រុម​គ្រួសារ​គាត់​តែប៉ុណ្ណោះ​។ លោក​សរសេរ​ថា ដោយសារ​លោក ហ៊ុន សែន មាន​វ័យ​កាន់តែ​ចាស់​ដែល​មិនអាច​នៅ​កាន់អំណាច​បាន​យូរ​តទៅ​ទៀត ទើប​គាត់​ចង់​ឲ្យ​កូន​ឡើង​មក​កាន់​តំណែង​ជំនួស​គាត់ ដើម្បី​ឲ្យ​កូន​ជួយ​ថែរក្សា​លាភសក្ការៈ​សម្រាប់​ក្រុម​គ្រួសារ និង​ធានា​និទ្ទណ្ឌភាព​ឲ្យ​ខ្លួន​គាត់​ផ្ទាល់​។ លោក សម រង្ស៊ី បន្ថែម​ថា លោក ហ៊ុន សែន កំពុងតែ​ប្រើ​ល្បិច​ដ៏​ពិសពុល​មួយ ដោយ​សណ្ដោង​ក្រុម​គ្រួសារ ឥស្សរជន​នៅ​ជុំវិញ​គាត់​មួយចំនួន ឲ្យ​មក​ភ្ជាប់​វាសនា​ជាមួយ​ក្រុម​គ្រួសារ​គាត់​។ ទោះជា​យ៉ាងណា លោក សម រង្ស៊ី យល់​ថា ជនរួមជាតិ​ភាគច្រើន​លើសលប់ មិន​គួរ​គាំទ្រ​ផែនការ​បន្តវេន រៀបចំ​ដោយ​លោក ហ៊ុន សែន ទេ ព្រោះ ផែនការ​នេះ គឺជា​រឿង​អយុត្តិធម៌​ជាទីបំផុត​ចំពោះ​ក្រុម​គ្រួសារ​ខ្មែរ​ជាច្រើន​ដទៃ​ទៀត និង​ចំពោះ​យុវជន​ខ្មែរ​រាប់​ម៉ឺន​រាប់​សែន​នាក់​ទៀត ដែល​មាន​សមត្ថភាព​ដឹកនាំ​ប្រទេស៕

1 comment:

Anonymous said...

To confuse and shift Khmer people's attention from the real problem of the Yuonization of Cambodia, Ah Yuon's slave Hun Sen "acts" angrily when people speculated that Ah Hun Sen is not his biological son.

Why don't you (Ah Chos Kauot Hun Sen) check DNA to scientifically prove that Ah Yuon Hun Sen is your real son?

People should never underestimate Ah devil Hun Sen's act of treason. So far, he has given in to all Yuon's demands in exchange for his stay in power.

Just this week, the evil Vietnam's President assertively asking Ah Hun Sen to legalize all illegal Yuon in Cambodia.