Saturday, 25 December 2021

មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ថា ការ​គាស់​រំលើង​ស្លាក​ស្នាក់​ការ​គណបក្ស​ខេត្ត​ទាំងយប់ ជា​ទង្វើ​ខុស​ច្បាប់


ដោយ ជាតិ ចំណាន
2021-12-24
មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ថា ការ​គាស់​រំលើង​ស្លាក​ស្នាក់​ការ​គណបក្ស​ខេត្ត​ទាំងយប់ ជា​ទង្វើ​ខុស​ច្បាប់ 

ស្លាក​គណបក្ស​ភ្លើង​ទៀន ដែល​ត្រូវ​អាជ្ញាធរ​ដក​ចោល នៅ​ខេត្ត​សៀមមរាប។
រូប​ពី​ហ្វេសប៊ុក Sok Kimseng

 

មន្ត្រីជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​ចាត់ទុក​ទង្វើ​របស់​អាជ្ញាធរ​ក្រុង​សៀមរាប​ដែល​កាត់​និង​គាស់​រំលើង​ស្លាក​ទីស្នាក់ការ​គណបក្ស​ខេត្ត​នេះ​ទាំងយប់ ដោយ​មិនបាន​បញ្ជាក់​មូលហេតុ​ឱ្យ​បាន​ច្បាស់លាស់​ជា​ការ​រំលោភបំពាន​ច្បាប់ និង​រើសអើង​និន្នាការ​នយោបាយ​។ ប៉ុន្តែ​អាជ្ញាធរ​ក្រុង​សៀមរាប​អះអាង​ថា ស្លាក​ដែល​លើក​នោះ​គឺ​ខុស​ច្បាប់ ពីព្រោះ​ពួកគេ​មិន​បាន​ជូន​សុំ​ច្បាប់​អនុញ្ញាត ឬ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន។

អាជ្ញាធរ​បាន​ចុះ​កាត់​ផ្ដួល​ស្លាក​ទីស្នាក់ការ​គណបក្ស​ភ្លើងទៀន​ខេត្តសៀមរាប​មួយ​ផ្ទាំង​ស្ថិត​នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប បន្ទាប់ពី​សមាជិក​គណ​បក្ស​នេះ​បាន​លើក​ស្លាក​នោះ​កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែ​ធ្នូ។


ប្រធាន​ក្រុម​ការងារ​ខេត្តសៀមរាប និង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ភ្លើងទៀន​លោក សុខ គឹមសេង ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី២៤ ធ្នូ ថា មុន​ពេល​លើក​ស្លាក​គណបក្ស ខាង​លោក​បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​ខេត្ត​ទាក់ទង​ទៅ​នឹង​ការ​ជួបជុំ​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ សមាជិក​របស់​ខ្លួន និង​លើកស្លា​កនៅ​ស្នាក់​ការ​បក្ស​ខេត្ត​នេះ​។ ប៉ុន្តែ​អាជ្ញាធរ​ក្រុង​សៀមរាប​ជាច្រើន​នាក់​បែរជា​ចុះ​កាត់ និង​គាស់​រំលើង​ស្លាក​ទីស្នាក់ការ​គណបក្ស​ខេត្ត​ទាំងយប់ កាល​ពី​ថ្ងៃទី ២៣ ធ្នូ ដោយ​មិន​បាន​បញ្ជាក់​មូលហេតុ​។ លោក​ចាត់ទុក​ទង្វើ​របស់​អាជ្ញាធរ​បែបនេះ គឺ​ការ​រំលោភបំពាន​ច្បាប់ និង​បង្កើត​បរិយាកាស​មិនល្អ​មុន​ការបោះឆ្នោត​ដែល​មិនអាច​ទទួល​យក​បាន​ឡើយ។ «»

ឆ្លើយតប​រឿង​នេះ អភិបាលរង​ក្រុង​សៀមរាប​លោក ប៊ូ ទ្រីម៉េង លើកឡើង​ថា តំណាង​គណបក្ស​ភ្លើងទៀន​ពិតជា​បាន​ដាក់​សំណើ​ទៅ​ខេត្ត ហើយ​អភិបាល​ខេត្ត​បាន​ឯកភាព​ឱ្យ​ជួបជុំ​សកម្មជន ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​លើក​ស្លាក​នោះ​ទេ ដោយ​តម្រូវ​ឱ្យ​គណបក្ស​នេះ​ត្រូវ​សុំ​ការអនុញ្ញាត ឬ​ជូនដំណឹង​ពី​អាជ្ញាធរ​មូលដ្ឋាន​ជាមុន​សិន​។ លោក​ចោទប្រកាន់​ថា ស្លាក​ដែល​លើក​នៅមុខ​ទីស្នាក់ការ​គណបក្ស​ខេត្ត​នោះ​ធ្វើឡើង​ដោយ​ខុសច្បាប់ ដូច្នេះ​អាជ្ញាធរ​មាន​សិទ្ធិ​រុះរើ​ទាំងយប់ បើ​ទោះ​បី​ក្រៅ​ម៉ោង​រដ្ឋបាល​ក៏ដោយ។

ទោះជា​យ៉ាងណា លោក សុខ គឹមសេង អះអាង​ថា លោក​បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​ខេត្ត​រួចហើយ ហើយ​គ្មាន​ច្បាប់​ណា​តម្រូវ​ឱ្យ​បក្សនយោបាយ​លើកស្លាក​នៅ​ទីតាំង​ឯកជន​របស់​ខ្លួន ហើយ​ត្រូវ​ជូន​ដំណឹង ឬ​សុំច្បាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​នោះ​ទេ​។ លោក​ថា បើ​សិន​អាជ្ញាធរ​យល់ថា​ការ​លើក​ស្លាក​ទីស្នាក់ការ​បក្ស​នេះ​ខុសច្បាប់ អាជ្ញាធរ​គួរ​ចេញ​លិខិត​ជូនដំណឹង​ដោយ​បញ្ជាក់​អំពី​មូលហេតុ​ផ្លូវច្បាប់​ឱ្យ​បាន​ច្បាស់លាស់ ដោយ​មិន​ត្រូវធ្វើ​ទង្វើ​បែបនេះ​ទេ។

ក្រៅពី​អាជ្ញាធរ​ខេត្ត​សៀមរាប​ចុះ​រុះ​រើស​ស្លាក​សញ្ញា​គណបក្ស​ភ្លើងទៀន ខេត្ត​សៀមរា កាលពី​ថ្មីៗ​នេះ សមត្ថកិច្ច​ខេត្ត​ឧត្តរមានជ័យ ក៏​ចាប់ខ្លួន​សមាជិក​បក្ស​សង្គ្រោះជាតិ​លោក សុខ វិល ដែល​ត្រៀម​ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន​ដែរ។

ទាក់ទិន​រឿង​នេះ មន្ត្រី​សម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស យល់​ថា ការ​ប្រកួតប្រជែង​ដែល​ទទួល​យក​បាន​ទាំងអស់គ្នា គឺ​អាស្រ័យ​លើ​បរិយាកាស​នយោបាយ ដោយ​គ្មាន​ការរើសអើង​មុន​ពេល​បោះឆ្នោត ពេល​ឃាសនា​បោះឆ្នោត ថ្ងៃ​បោះឆ្នោត និង​ផ្ទេរអំណាច​ដោយ​សន្តិវិធី។ លោក​ថា បើ​ការ​លើ​ស្លាក​នៅ​ទីស្នាក់ការ​គណបក្ស​នយោបាយ និង​មិន​ប៉ះពាល់​ដល់​តាំង​សាធារណៈ គឺ​មិន​ខុសច្បាប់​នោះ​ទេ ហើយ​ពួកគេ​អាច​ដាក់​ពាក្យ​ប្តឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​ឆ្លើយតប និង​បកស្រាយ​ជុំវិញ​រឿង​នេះ​។ លោក​មើល​ឃើញ​ថា ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​អាជ្ញាធរ​មួយចំនួន​នៅតែ​រើសអើង ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ដោយ​អាជ្ញាធរ​ហាក់​បែងចែក​តួនាទី​ភារកិច្ច​មិនទាន់​ច្បាស់លាស់​អំពី​អព្យាក្រិត​របស់​ខ្លួន​។ «»

មន្ត្រី​គណបក្ស​ភ្លើងទៀន​ខេត្តសៀមរាប​បញ្ជាក់​ថា ពួកគេ​សម្រេច​មិន​ប្តឹងផ្តល់​អាជ្ញាធរ​ដែល​កាត់​ស្លាក​នោះ​ទេ ប៉ុន្តែ​គណបក្ស​នេះ​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​វិនិច្ឆ័យ​លើ​ទង្វើ​របស់​អាជ្ញាធរ​ទាំង​នោះ​វិញ។

មុន​នឹង​មាន​ឈ្មោះថា ជា​គណបក្ស​ភ្លើងទៀន គណបក្ស​នេះ​បាន​ប្ដូរ​ឈ្មោះ​ពីរ​លើក​រួច​មក​ហើយ ដោយ​ពី​ដំបូង​មាន​ឈ្មោះថា គណបក្ស​ជាតិខ្មែរ និង​ក្រោយ​មក​ជា​គណបក្ស សម រង្ស៊ី។ ការ​ប្ដូរ​ឈ្មោះ​ពីរ​លើក​មកនេះ គឺ​ដោយសារ​រដ្ឋាភិបាល ហ៊ុន សែន បាន​កែប្រែ​ច្បាប់​ចាប់បង្ខំ​ឲ្យ​បក្ស​នេះ​ប្ដូរ​ឈ្មោះ ដែល​ទំនងជា​ការប៉ុនប៉ង​លុបឈ្មោះ និង​មរតក​លោក សម រង្ស៊ី ចេញពី​គណបក្ស​នេះ ត្បិត​បក្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ១៩៩៥៕

No comments: