ដោយ សុជីវី
2021-12-23
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូបពីហ្វេសប៊ុកលោក ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានជាថ្មីថា លោកនឹងចាប់ដាក់គុកអ្នកដែលរិះគន់លោកខុសទំនង។ ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិលលើកឡើងថា សង្គមប្រជាធិបតេយ្យរដ្ឋាភិបាល ឬអ្នកដឹកនាំគួរបើកឲ្យមានការរិះគន់គ្រប់បែបយ៉ាងដើម្បីកែលំអការអភិវឌ្ឍ ឬកំហុសឆ្គងនៃការដឹកនាំរបស់រដ្ឋាភិបាល។
អ្នកបញ្ចេញមតិរិះគន់លោក ហ៊ុន សែន នឹងប្រឈមការចោទប្រកាន់ និងចាប់ខ្លួនពីសំណាក់អាជ្ញាធរ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមួយចំនួន នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ លោក ហ៊ុន សែន ព្រមានថា ការបញ្ចេញមតិមួយចំនួនដែលជាការជេរខុសរឿងមានតែត្រូវបញ្ជូនទៅឃុំនៅពន្ធនាគារ៖ «លោកឯងជេរខ្ញុំក៏ជេរទៅគ្មានអ្នកណាថា អី ប៉ុន្តែជេរខុសទំនង មានតែទៅមួយកន្លែងទុកម្តុំហើយកុំឆ្ងល់ពេក ជេរខុសរឿងហើយជាមានលក្ខណៈជាការញុះញង់បង្កចលាចលគឺត្រូវទៅមួយកន្លែងព្រោះគេបង្កើតគុកមកគេមិនដែលមកអ្នកល្អទៅដាក់គេយកអ្នកខូច»។
ការថ្លែងបែបនេះរបស់លោក ហ៊ុន សែន ខណៈពលរដ្ឋ និងសកម្មជននយោបាយមួយចំនួនកំពុងជាប់ពន្ធនាគារពីបទញុះញង់ ដោយអ្នកទាំងនោះភាគច្រើនបង្ហោះសាររិះគន់វិធានការរបស់រដ្ឋាភិបាលក្នុងទប់ស្កាត់ជំងឺកូវីដ១៩ និងអ្នកខ្លះទៀតចូលទៅបញ្ចេញមតិរិះគន់លោក ហ៊ុន សែន លើទំព័រហ្វេសប៊ុករបស់ លោក ហ៊ុន សែន ជាដើម។
ករណីជាក់ស្ដែង កាលពីខែតុលាកន្លងទៅ ម្ចាស់ហ្វេសប៊ុកគ្រញូងព្រៃឡង់ គឺលោក វឿន វាសនា បានចូលទៅបញ្ចេញមតិ(Comment)លើហ្វេសប៊ុកលោក ហ៊ុន សែន ដោយសរសេរកំណាព្យរិះគន់ថា លោក ហ៊ុន សែន កែច្បាប់បំផ្លាញជាតិនិងដឹកនាំប្រទេសធ្វើឲ្យរលាយបាត់បង់ទឹកដីព្រៃឈើ។
ពេលនោះលោកហ៊ុន សែន បានឆ្លើយតបសំណេរនោះដោយចោទប្រកាន់ថា ជាការបញ្ចេញមតិពោរពេញដោយហិង្សា។ លោកបន្តថា ត្រូវតែផ្ដាច់ប្ដូរបំបាត់ចោលទ្រឹស្ដីនិងសកម្មភាពជ្រុលនិយមនេះឲ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ។ លោកបញ្ជាឲ្យខាងនគរបាលស្វែងរកលោក វឿន វាសនា តើនៅក្នុងប្រទេសឬក្រៅប្រទេស។
នៅទីបំផុត លោក វឿន វាសនា ហៅគ្រញូងព្រៃឡង់ ដែលជាជនភៀសខ្លួននយោបាយទទួលស្គាល់ដោយទីភ្នាក់ងារអង្គការសហប្រជាជាតិផ្នែកជនភៀសខ្លួន UNHCR នៅប្រទេសថៃ ក៏ត្រូវបានសមត្ថកិច្ចខ្មែរសហការជាមួយអាជ្ញាធរថៃ បានចាប់បញ្ជូនលោក ទៅដាក់ពន្ធនាគារនៅប្រទេសកម្ពុជា កាលពីខែវិច្ឆិកា។ តុលាការបានចោទប្រកាន់លោកពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ និងរារាំងដល់ការអនុវត្តវិធានការ តមមាត្រា១១ នៃច្បាប់ស្ដីពីការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ជុំវិញសាររបស់គំរាមរបស់លោក ហ៊ុន សែន នេះ អ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេតឃើញថា អ្នកដែលហ៊ានរិះគន់រដ្ឋាភិបាល ឬរិះគន់លោក ហ៊ុន សែន ខ្លាំងៗ តែងប្រឈមមុខនឹងផ្លូវច្បាប់។ លោកបន្ត លោកមិនគាំទ្រការរិះគន់បែបជេរប្រមាថនោះទេ។ ទោះយ៉ាងណាលោកថា បុគ្គលសាធារណៈក្នុងសង្គមប្រជាធិបតេយ្យគួរបើកចិត្តទូលាយទទួលយកការរិះគន់គ្រប់បែបយ៉ាងពីពលរដ្ឋ៖ «បើប្រទេសគេជឿនលឿនគឺគេអត់ខ្លាចទទួលយកការរិះគន់គ្រប់បែបយ៉ាងដោយឡែកប្រទេសយើងហាក់ដូចជាអត់ទាន់ទទួលយកនូវអ្វីដែលជាការរិះគន់បែបឈឺចាប់អីនោះទេ គឺតែងតែប្រើប្រាស់នូវមធ្យោបាយផ្សេងៗចាត់វិធានការលើការបញ្ចេញមតិទាំងហ្នឹង»។
ស្រដៀងគ្នានេះដែរ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទិ្ធមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត យល់ថា ការបញ្ចេញមតិក្នុងសង្គមប្រជាធិបតេយ្យជារឿងល្អដើម្បីចូលរួមក្នុងកែលំអការអភិវឌ្ឍដែលជាការរិះគន់ដើម្បីស្ថាបនា។ លោកកត់សម្គាល់ឃើញថា អ្នកបញ្ចេញមតិមួយចំនួនដែលភាគច្រើនប្រើពាក្យអសុរោះ ព្រោះអ្នកនោះទទួលព័ត៌មានមិនគ្រប់ជ្រុងជ្រោយ៖ «ក្នុងមានមន្ត្រីសាធារណៈរបស់រាជរដ្ឋាភិបាលទោះបីមន្ត្រីកម្រិតក៏ដោយក៏ជៀសមិនផុតទេ ការទិតៀន ការរិះគន់លើបញ្ហាមួយចំនួនព្រោះការរិះគន់ទាំងអស់មិនមែនសុទ្ធតែអាក្រក់ទេការរិះគន់ខ្លះគឺការល្អដើម្បីធ្វើការកែលំអក្នុងការងារក៏ដូចជាការកែលំអដើម្បីស្ថាបនាក្នុងការអភិវឌ្ឍប្រទេសជាតិ»។
សិទ្ធិសេរីបញ្ចេញមតិ ត្រូវបានធានាដោយច្បាប់ជាតិ និងសន្ធិសញ្ញាអន្តជាតិ។ ជនគ្រប់រូបមានសិទ្ធិសំដែងកង្វល់ និងទស្សនៈរបស់ខ្លួនដោយសេរីដោយគ្មានការជ្រៀតជ្រែកពីរដ្ឋាភិបាល។ ទោះយ៉ាងណា អង្គការលីកាដូ រកឃើញថា នៅរយៈពេលចុងក្រោយនេះ មនុស្សជាង១០០នាក់ត្រូវចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារ និងខ្លះទៀតត្រូវបានអាជ្ញាធរព្រមានឲ្យធ្វើកិច្ចសន្យាទាក់ទងការបញ្ចេញមតិរបស់ពួកគេ៕
1 comment:
This is another provision from Hanoi masters to Hun Sen to arrest anyone in Cambodia and throw into jail. Hun Sen did not stop to be faithful to his Vietnamese/Yuon masters. It is very sad to see such the animal Hun Sen made and trained in Vietnam/Srok Yuon to continue to stay in power and mislead Cambodian people and country.
The world is watching over Hun Sen and his Vietnamese military masters.
China is thinking in the opposite that Vietnamese/Yuon masters or leaders are hypocrite. China can spank Vietnam in order to learn the lessons. China knows that Vietnamese or Yuon leaders and followers are manipulators and game players.
Post a Comment