Tuesday, 25 January 2022

ទំនិញ​ខូច​គុណ​ភាព និង​ប៉ះពាល់​សុខភាព​ពលរដ្ឋ​ជិត​១៣​តោន ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទីផ្សារ​ទូទាំង​ប្រទេស​ក្នុង​ខែ​មករា


ដោយ មួង ណារ៉េត
2022-01-24
ទំនិញ​ខូច​គុណ​ភាព និង​ប៉ះពាល់​សុខភាព​ពលរដ្ឋ​ជិត​១៣​តោន ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទីផ្សារ​ទូទាំង​ប្រទេស​ក្នុង​ខែ​មករា 

មន្រ្តីជំនាញ ក.ប.ប. ខេត្តកំពតបានបន្តរកឃើញ និងរឹបអូសបង្គាមានចាក់បញ្ចូលសារធាតុ​ CMC (ចាហួយ) ប្រមាណ ១តោនជាងតាមមាត់ច្រកព្រំដែនចូលមកខេត្តកំពត កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។
រូប៖ ក.ប.ប

 

ទំនិញ​​ខូចគុណ​ភាព​​ជិត​ ១៣ ​តោន (១២.៤២ តោន) ត្រូវ​បាន​រក​ឃើញ​នៅ​តាម​ទីផ្សារ​ទូទាំង​ប្រទេស​ នៅ​ក្នុង​ខែ​ មករានេះ។

បើតាម​សេចក្តីរាយការណ៍​ប្រចាំថ្ងៃ​របស់​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​ កិច្ច​ប្រកួតប្រជែង​ និង​បង្ក្រាប​ការក្លែងបន្លំ (កបប) ទំនិញ​ដែល​ខូច​គុណភាព​ទាំង​នោះ​ ភាគច្រើន​ជា​ចំណី​អាហារ​គ្រឿង​សមុទ្រ​ដែល​ចាក់​បញ្ជូល​សារធាតុ​គីមី និង​ឡេលាប​ស្បែក។ ទំនិញ​ខូចគុណភាព​ទាំង​នេះ អាជ្ញាធរ​រក​ឃើញ ភាគច្រើន​នៅ​ជាប់ព្រំដែន​វៀតណាម ដូចជា តាកែវ កំពត និង ស្វាយរៀង។

ក្នុងនោះ​អាជ្ញាធរ កបប ពីថ្ងៃទី ១៧ ដល់ ២១ ខែ មករា បានរកឃើញ​បង្គា​ស្រស់​ដែលនាំ​ចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រកព្រំដែន​ព្រែកចាក​ខេត្តកំពត ជាងជិត ៨ តោន (៧,៧៥២ គីឡូក្រាម) មាន​ចាក់​បញ្ចូល​សារធាតុគីមី​ដូចចាហួយ​ ចាក់ចូល​ទៅក្នុង​ក្បាល​បង្គា ដែល​អាជ្ញាធរ​នេះ​ថា​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ និង​អ្នកប្រើប្រាស់​យ៉ាង​ខ្លាំង។


នៅ​ខេត្តស្វាយរៀង​ឯណោះ កាលពី​ដើមខែ​មករា អាជ្ញាធរ​ដដែល រកឃើញ​ទំនិញ​ខូចគុណភាព​ជាង​ ៣ តោន (៣,២៤៣.២៨ គីឡូក្រាម) ដែលលក់​នៅតាម​ទីផ្សារ​ក្នុង​ខេត្ត​នេះ។ ទំនិញ​ខូចគុណភាព​ ក៏មាន​រកឃើញ​នៅ​ក្រុង​ភ្នំពេញ ខេត្តកណ្តាល ត្បូងឃ្មុំ កំពង់ឆ្នាំង​ កំពង់ស្ពឺ កោះកុង ក្រចេះ បាត់ដំបង​ ឧត្តរមានជ័យ​ និង​រតនគិរី​ជាដើម។

អាជ្ញាធរ កបប អះអាងថា ទំនិញ​ដែល​ខូចគុណភាព​ទាំង​នេះ ត្រូវ​បាន​រឹបអូស និង​ដុតកម្ទេចចោល​ និង​ម្ចាស់​ទំនិញ​ត្រូវរង​ការ​ផាក​ពិន័យ។

ក្នុងពេល​ជាមួយ​គ្នា ខាង​ក្រសួង​សុខាភិបាល​ឯណោះ​វិញ ក្រសួង​នេះ នៅក្នុង​ខែ​មករា ដូចគ្នា បាន​ហាម​ឃាត់​ការ​លក់ដូរ ឬចែកចាយ​ផលិត​ផល​ចំនួន ១៦ មុខ ដែល​គ្មាន​លេខ​បញ្ជិកាពី​ក្រសួង​សុខាភិបាល ប៉ុន្តែ​កំពុង​ដាក់​លក់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ផលិតផល​ទាំង​នោះ មាន​ដូចជា គ្រឿង​សម្អាង ឱសថ ផលិតផល​បំប៉នសុខភាព ផលិតផលចំណី​អាហារ និង​ថ្នាំបាញ់​បំបាត់​ឈឺ​សន្លាក់​ជា​ដើម។

ក្រសួង​សុខាភិបាល​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់ ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​ ឬ​ទិញ​ផលិតផល​ចំណី​អាហារ​ ដែល​ផ្សព្វផ្សាយ​គ្មាន​លក្ខណៈ​វិទ្យាសាស្រ្ត តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​គ្មានការ​អនុញ្ញាត​ពីក្រសួង​សុខាភិបាល។ ក្រសួង​ព្រមានថា ការប្រើប្រាស់​របស់​អស់ទាំង​នេះ នឹង​ប៉ះពាល់​ដល់​សុខភាព​ផង និង​ខាតបង់​ប្រាក់​កាស​ផង។

កន្លងទៅ​ពលរដ្ឋ​ព្រួយបារម្ភ​អំពី​អាហារ​ដែល​មាន​ជាតិ​គីមី និង​កំពុង​ដាក់លក់​នៅ​តាម​ទីផ្សារ​ ដែល​ពលរដ្ឋ​មិន​អាច​ដឹង​បាន​ថា អាហារ​ណាមាន​ជាតិ​គីមី ឬ​គ្មាន​ ពោល​គឺទាល់​តែអាជ្ញាធរ​មាន​សមត្ថកិច្ច​ជំនាញ​ផ្នែក​ត្រួត​ពិនិត្យ​គុណភាព​ចំណីអាហារ ទើប​ដឹង​បាន។ ប៉ុន្តែ​ជាការ​ឆ្លើយតប​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ស្តីបន្ទោស​ពលរដ្ឋ ថា​មិនចេះ​មើល​ខ្លួន​ឯង ចាំ​តែ​ជេរ​ ឬ​ស្តី​បន្ទោស​រដ្ឋាភិបាល៕

1 comment:

Anonymous said...

Yuon will kill Khmer whatever way it can.