Tuesday, 25 January 2022

កម្ពុជា​​​បាត់បង់​​​គម្រ​ប​​​ព្រៃឈើ​​​ជិត ២ លាន ៥ សែន​ហិកតា ក្នុង​ចន្លោះ​​ឆ្នាំ២០០១ និង​២០២០ ដោយ មាន ឫទ្ធិ


2022-01-24
កម្ពុជា​​​បាត់បង់​​​គម្រ​ប​​​ព្រៃឈើ​​​ជិត ២ លាន ៥ សែន​ហិកតា ក្នុង​ចន្លោះ​​ឆ្នាំ២០០១ និង​២០២០ 

សកម្មភាពកាប់បំផ្លាញ់ព្រៃឈើព្រៃឡង់ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
រូប៖ ប្រជាសហគមន៍ផ្តល់ឱ្យ។

 

កម្ពុជា​បាត់បង់​គម្រប​ព្រៃឈើ​ជិត ២លាន ៥សែន ហិកតា ក្នុងចន្លោះ​ឆ្នាំ២០០១ និង​ឆ្នាំ២០២០ ឬស្មើនឹង​ប្រមាណ ២៨% នៃ​គម្រប​ព្រៃឈើ​សរុប​គិតចាប់តាំង​ពីឆ្នាំ២០០០មក។

ទន្ទឹមនឹង​ការបាត់បង់នេះ កម្ពុជា​បាន​បញ្ចេញ​ឧស្ម័ន​ពុល​កាបូនិក​រហូតដល់ទៅ​ជិត ១ពាន់ ៥រយលាន​តោន (១,៤៥Gt)។ ក្នុងឆ្នាំ២០២០តែមួយ​ឆ្នាំ កម្ពុជា​បាន​បាត់បង់​គម្របព្រៃឈើ​នៅក្នុង​ដែនជម្រកសត្វព្រៃ​រហូតដល់​ទៅជិត ៤ម៉ឺន ៨ពាន់ ហិកតា (៤៨.០០០)។ ក្នុងនោះ ដែនជម្រក​សត្វព្រៃ​ព្រៃឡង់ ព្រៃព្រះរការ និង​ព្រៃសង្ឃរុក្ខវ័ន្ត រងនូវ​ការបំផ្លិចបំផ្លាញ​ច្រើនជាងគេ គឺបាត់បង់​គម្របព្រៃឈើ​ប្រមាណជិត ១ម៉ឺន​ហិកតា ក្នុង​រយៈពេល​ដូចគ្នានេះ។ នេះបើយោងតាម​របាយការណ៍​តាមដាន​អំពីស្ថានភាព​បច្ចុប្បន្នភាព​ព្រៃឡង់ ទើបនឹង​ចេញផ្សាយ​កាលពីថ្ងៃទី២៤ ខែមករា ដោយ​បណ្តាញ​សហគមន៍​ព្រៃឡង់ (PLCN) និង​សាកលវិទ្យាល័យ ខូផេនហេហ្គែន (University of Copenhagen) នៃ​ប្រទេស​ដាណាម៉ាក (Denmark)។

វិទ្យុអាស៊ីសេរី នៅមិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​ការរកឃើញ​ពី​ការបាត់បង់​គម្របព្រៃឈើ​ដ៏សម្បើម​ក្នុងរយៈពេល​ចុងក្រោយ​នេះទេ គិតត្រឹម​ថ្ងៃទី២៤ ខែមករា។


របាយការណ៍​ដដែល​រកឃើញថា សហគមន៍​នានា​ដែល​រស់នៅក្នុង និង​ជុំវិញ​តំបន់​ការពារ​ព្រៃ​ទាំងនេះ គឺជា​អ្នកទទួលរង​នូវ​ផលប៉ះពាល់មុនគេ​បង្អស់​ពី​ការបាត់​បង់​​គម្រប​ព្រៃឈើ​នេះ។ នេះគឺ​ដោយសារតែ​ជីវភាព​រស់នៅ​របស់​ពួកគេ​ពឹងផ្អែក​លើ​អនុផល​ព្រៃឈើ ការប្រមូល​​ជ័រទឹក និង​កត្តាប្រែប្រួល​អាកាសធាតុ​ដែលប៉ះពាល់​ដល់​ដំណាំ​កសិផល​របស់​ពួកគេ ជាដើម។ របាយការណ៍​ក៏​លើកឡើង​ដែរថា ក្រៅពីទទួលរង​នូវ​ផលប៉ះពាល់​ទាំងនេះ សហគមន៍​ក៏រងនូវ​ការរឹតត្បិត​សេរីភាព​នៃ​ការបញ្ចេញមតិ នៅពេល​ដែល​ពួកគេ​ចង់​រាយការណ៍​អំពី​ការបំផ្លិចបំផ្លាញ​ព្រៃឈើ​នេះ​ដល់​អាជ្ញាធរ​រដ្ឋាភិបាល។ ចាប់តាំង​ពីឆ្នាំ២០២០មក សហគមន៍ និង​បណ្តាញ​ឃ្លាំមើល​ព្រៃឈើ​ជាច្រើន​នៅកម្ពុជា ក្នុងនោះ​រួមមាន​ទាំង​បណ្តាញ​សហគមន៍​ព្រៃឡង់​ផង ត្រូវបាន​រដ្ឋាភិបាល​ហាមប្រាម​មិនឱ្យ​ចូលល្បាត​តំបន់​ព្រៃការពារ។ សមាជិក​នៃ​សហគមន៍​ទាំងនេះ ភាគច្រើន​បាន​ទទួលរងនូវ​ការចាប់ខ្លួន រត់ចោល​ផ្ទះសម្បែង​ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ខ្លះទៀត​ត្រូវ​ប្រឈមនឹង​ការគំរាម​សម្លាប់​ជាដើម​ដោយសារ​តែ​សកម្មភាព​ល្បាតព្រៃ​របស់​ពួកគេ។

របាយការណ៍​គូសបញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា និងក្រសួង​បរិស្ថាន​នៅតែបន្ត​បដិសេធ​ភស្តុតាង​អំពីបទល្មើស​ព្រៃឈើ ដូចដែល​បាន​រកឃើញ​ដោយ​ក្រុមអ្នកកាសែត សង្គមស៊ីវិល​ជាតិ និង​អន្តរជាតិ។

កាលពី​ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ សហរដ្ឋអាមេរិក តាមរយៈ​ទីភ្នាក់ងារ​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) របស់​ខ្លួន បាន​ប្រកាស​ផ្តាច់ជំនួយ​ដល់​ស្ថាប័ន​រដ្ឋាភិបាល​ក្រោម​គម្រោង​ព្រៃឡង់​បៃតង ដោយសារតែ​ពិនិត្យ​ឃើញថា មាន​ការកាប់បំផ្លាញ​ព្រៃឈើ និង​ការធ្វើ​ទុកបុក្ខម្នេញ​ឥតស្រាកស្រាន្ត​ពីសំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​មកលើ​សហគមន៍​មូលដ្ឋាន និង​សង្គមស៊ីវិល​ដែល​ចូលរួម​ការពារ​ព្រៃឡង់។

របាយការណ៍​ដដែល​ក៏បាន​គូសបញ្ជាក់​ឡើងវិញ​អំពី​របកគំហើញ​សំខាន់ៗ​មួយចំនួន ដូចដែល​ត្រូវ​បាន​រកឃើញ​តាមរយៈ​ការសិក្សាស្រាវជ្រាវ​ដ៏ធំពីរ របស់​អង្គការ​ស្បៀងអាហារ​ពិភពលោក (FAO) នៃ​អង្គការ​សហប្រជាជាតិ និង​មូលនិធិ​ន័រវេស​សម្រាប់​ព្រៃត្រូពិច​ (Rainforest Foundation Norway) ​កាលពី​ឆ្នាំ២០២១។ ការសិក្សាស្រាវជ្រាវ​ទាំងពីរនេះ បាន​សន្និដ្ឋាន​ជារួមថា ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច គឺជា​អ្នកអភិរក្ស​ព្រៃឈើ​យ៉ាងមាន​ប្រសិទ្ធិភាព។ ដូច្នេះ ការផ្តល់​មូលនិធិ​ដោយ​ផ្ទាល់​ដល់​ពួកគេ​ឱ្យបាន​ច្រើន នឹងជួយ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​អភិរក្ស​ព្រៃត្រូពិច​នៅលើ​ពិភពលោក៕

No comments: