Saturday, 15 January 2022

លោក កឹម សុខា ថា ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ចង់​ឃើញ​កម្ពុជា​មាន​ដំណោះស្រាយ​នយោបាយ


​ដោយ ខែ សុណង
2022-01-14

លោក កឹម សុខា ថា ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ចង់​ឃើញ​កម្ពុជា​មាន​ដំណោះស្រាយ​នយោបាយ

ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា។
RFA


ប្រធាន​គណបក្ស​ប្រឆាំង​លោក កឹម សុខា ដែល​កំពុង​ជាប់​បម្រាម​តុលាការ​មិន​អាច​ធ្វើ​នយោបាយ​បាន​នោះ បាន​អះអាង​ជាថ្មី​ថា ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ចង់​ឃើញ​កម្ពុជា​មាន​ដំណោះស្រាយ​នយោបាយ​ឡើងវិញ។ ទោះយ៉ាងណា អ្នកនាំពាក្យ​រដ្ឋាភិបាល​នៅតែ​រក្សា​ជំហរ​ដដែល​ថា​សំណុំរឿង​លោក កឹម សុខា មិនមែន​ជា​រឿង​នយោបាយ។

ការ​លើកឡើង​ដូច្នេះ របស់ លោក កឹម សុខា ធ្វើ​ឡើង ក្រោយពី​លោក​បាន​ជួប​អង្គទូត​នានា កាល​ពីពេល​ថ្មីៗ​នេះ និង​ស្រប​ពេល​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​គ្រោង​បើកសវនាការ​ជំនុំជម្រះ​ក្ដី​លោក​ឡើងវិញ​នៅ​សប្ដាហ៍​ក្រោយ​នេះ​ដែរ។

លោក កឹម សុខា សរសេរ​លើ​ហ្វេសប៊ុក​លោក​ថា លោក​កត់សំគាល់ តាមរយៈ​ការពិភាក្សា​ក្នុងជំនួប​ជា​បន្តបន្ទាប់​ជាមួយ​តំណាង​ផ្លូវការ​នៃ​ប្រទេស​ប្រជាធិបតេយ្យ ពួកគេ​នៅតែ​ចង់​ជួយ​ខ្មែរ​បន្តទៀត ស្របតាម​គុណ​តម្លៃ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សេរីភាព​។ លោក​បន្តថា បណ្ដា​ប្រទេស​ទាំងនោះ ចង់​ឃើញ​កម្ពុជា​មាន​ដំណោះស្រាយ​នយោបាយ ដោយ​អហិង្សា ការ​បង្រួបបង្រួម​ជាតិ ការគោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ជាដើម​។​


ដើមឆ្នាំ​២០២២​នេះ លោក កឹម សុខា បាន​ជួប​ជាមួយ​អង្គទូត​មួយចំនួន​រួមមាន​៖ ឯកអគ្គរដ្ឋទូត​បារាំ​ង ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឆេ​ក ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ និង​ឯកអគ្គរដ្ឋទូត​ស្ដីទី នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា និង​ឯកអគ្គរដ្ឋទូត អូស្ត្រាលី​ប្រចាំ​កម្ពុជា​ជាដើម។

លោក កឹម សុខា ឲ្យ​ដឹង​ដែរ​ថា ក្នុង​ចំណោម​អង្គទូត​ទាំងនោះ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី បាន​សន្យាថា នឹង​តាម​ដាន​ដំណើរការ​កាត់ក្ដី​លោក​នៅក្នុង​បន្ទប់​សវនាការ។

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​លោក កឹម សុខា ឲ្យ​ចូលរួម​សវនាការ​នៅ​ថ្ងៃទី​១៩ ខែ​មករា ខាងមុខ ដើម្បី​ជំនុំ​ជម្រះក្ដី​លើ​សំណុំរឿង​ក្បត់​ជាតិ ជាមួយ​បរទេស។

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​ពីបទ​ក្បត់ជាតិ កាលពី​ឆ្នាំ​២០១៧​។ កាលពី​ឆ្នាំ​២០១៩ តុលាការ​បាន​អនុញ្ញាត​ឲ្យ​លោក អាច​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ប៉ុន្តែ​ហាម​ធ្វើ​នយោបាយ​និង​ចេញ​ក្រៅ​ប្រទេស។

ជុំវិញ​ការ​លើកឡើង​របស់ លោក កឹម សុខា ពេល​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន នៅតែ​លើកឡើង​ដដែលៗ​ថា រដ្ឋាភិបាល​មិន​អាច​លូកដៃ​ចូលក្នុង​សំណុំ​រឿងនេះ ព្រោះ​ពេលនេះ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​។ ទោះយ៉ាង​ណា លោក អះអាង​ថា ក្រោយ​នីតិវិធីតុលាការ​ចប់​សព្វគ្រប់ លោក ហ៊ុន សែន អាច​ស្នើ​លើកលែងទោស លោក កឹម សុខា បើ​មានការ​ពិនិត្យ​ឃើញ​ថា ការ​ផ្ដល់​សេរីភាព​ឲ្យ​លោក កឹម សុខា មិន​មាន​អ្វី​ឲ្យ​ប៉ះពាល់​ដល់​ហានិភ័យ​ជាតិ ឬ​សណ្ដាប់​ធ្លាប់​សាធារណៈ​នោះ​៖ «អាណឹង​ជា​សេចក្ដីសម្រេច​របស់​តុលាការ ប៉ុន្តែ​អ្នក​ដែល​នាំគ្នា​ចង់បាន​នីតិរដ្ឋ ក៏ប៉ុន្តែ​ចេះតែ​ប្រឌិត​ចេះតែ​លូកលាន់​ចេះតែ​លើកឡើង​ដើម្បី​មាន​ឥទ្ធិពល​ជ្រៀតជ្រែក​ដំណើរការ​របស់​តុលា​ការ​មិន​ស្រប​ទេពី​ព្រោះ​កម្ពុជា​យើង យើង​មាន​ដំណោះស្រាយ​តាមផ្លូវ​នយោបាយ​បន្ទាប់ពី​ដំណើរការ​របស់​តុលាការ​»។

ទាក់ទង​ការ​លើកឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​បែបនេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បាន​ទេ​នៅ​ថ្ងៃទី​១៤ មករា។

ប៉ុន្តែ​មេធាវី​ម្នាក់​ក្នុងចំណោម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា អ្នកស្រី ម៉េង សុភារី ធ្លាប់​ថ្លែង​ថា ក្រុម​មេធាវី និង​លោក កឹម សុខា ចង់​ឃើញ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​លើ លោក កឹម សុខា។​

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ដែល​កំពុង​រស់នៅ ប្រទេស​ណ័រវ៉េ​(Norway) សង្កេតឃើញ​ថា ជំហរ​របស់​បណ្ដា​អង្គទូត​ដែល​ចង់​ឃើញ​កម្ពុជា​មាន​ដំណោះស្រាយ​នយោបាយ​ជា​ការ​បង្ហាញថា ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ទាំងនោះ​នៅតែ​ចង់​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។ ទោះ​យ៉ាងណា លោក​ថា លោក កឹម សុខា ខ្លួនឯង​គួរ​ប្រឹងប្រែង​ធ្វើ​សកម្មភាព​តស៊ូ​មតិ​បន្ថែម​ទៀត ដោយ​មិន​ត្រូវ​រង់ចាំ​តុលាការ​កាត់ក្ដី​រួចរាល់ និង​រង់ចាំ​ការ​ប្រោសប្រណី​ឬ​លើកលែង​ពី​លោក ហ៊ុន សែន ឡើយ​៖ «​រឿង​សំខាន់​គឺ​នៅ​លោក កឹម សុខា ខ្លួនឯង​ទេ នៅពេល​អ្នកការទូត​គេ​លើកទឹកចិត្ត​ហើយ​តើ​យើង​ជា​អ្នក​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ​តើ​យើង​គួរ​ធ្វើ​អី​បន្ត​ទៀត​តើ​យើង​នៅចាំ​លោក ហ៊ុន សែន គាត់​សម្រួល ឬក៏​យើង​ត្រូវធ្វើ​សកម្មភាព​ខ្លះ​ដើម្បី​បង្ហាញថា យើង​ជា​អ្នក​នយោបាយ​ដ៏​រឹងមាំ ឧទាហរណ៍​ថា ក្រុម​បុគ្គលិក​ណាហ្គាវើលដ៍​គេ​តស៊ូ​មតិ​បែប​ម៉េច​ដើម្បី​ទាមទារ​យុត្តិធម៌ នេះ​ជា​ឧទាហរណ៍​តូច​មួយ»។

ទាក់ទង​រឿង​នេះ​ដែរ អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម បណ្ឌិត សេង សារី វិភាគ​ថា អាច​មាន​សេណារីយ៉ូ​ចំនួន​៣​កើតឡើង ក្រោយ​សវនាការ​លោក កឹម សុខា​។ ទី​១ តុលាការ​សម្រេច​ឲ្យ​លោក កឹម សុខា គ្មាន​ទោស ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ ព្រោះ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយសារតែ​តុលាការ​បាន​ចោទ​លោក កឹម សុខា មាន​សន្ទិដ្ឋិភាពជា​មួយ​បរទេស​។​

ទី​២ តុលាការ​កាត់​ឲ្យ​លោក កឹម សុខា មាន​ទោស​ហើយ​បញ្ចូន​លោក កឹម សុខា ចូល​ពន្ធនាគារ​វិញ​មួយរយ​: បន្ទាប់​មក​លោក ហ៊ុន សែន អាច​មាន​សំណើសុំ​ឲ្យ​ព្រះមហាក្សត្រ​លើកលែងទោស​ពី​លោក កឹម សុខា​។ ឯ​ទី​៣​នោះ តុលាការ​នឹង​កាត់ទោស​ផ្ដល់​សេរីភាព និង​នីតិសម្បទា​នយោបាយ​ពេញលេញ​ជូន​លោក កឹម សុខា ឡើងវិញ តែ​រក្សា​បទ​ចោទ​ឲ្យ​នៅ​ដដែល៕

1 comment:

Anonymous said...

If so, why did Kem Min Sok Heuy Kha shut his fucking mouth up ?

Where is your Samlot Min Klach Ah Kha ??