ដោយ ខែ សុណង
2022-01-14
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
RFA
ប្រធានគណបក្សប្រឆាំងលោក កឹម សុខា ដែលកំពុងជាប់បម្រាមតុលាការមិនអាចធ្វើនយោបាយបាននោះ បានអះអាងជាថ្មីថា ក្រុមប្រទេសប្រជាធិបតេយ្យចង់ឃើញកម្ពុជាមានដំណោះស្រាយនយោបាយឡើងវិញ។ ទោះយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលនៅតែរក្សាជំហរដដែលថាសំណុំរឿងលោក កឹម សុខា មិនមែនជារឿងនយោបាយ។
ការលើកឡើងដូច្នេះ របស់ លោក កឹម សុខា ធ្វើឡើង ក្រោយពីលោកបានជួបអង្គទូតនានា កាលពីពេលថ្មីៗនេះ និងស្របពេលដែលសាលាដំបូងរាជធានីភ្នំពេញគ្រោងបើកសវនាការជំនុំជម្រះក្ដីលោកឡើងវិញនៅសប្ដាហ៍ក្រោយនេះដែរ។
លោក កឹម សុខា សរសេរលើហ្វេសប៊ុកលោកថា លោកកត់សំគាល់ តាមរយៈការពិភាក្សាក្នុងជំនួបជាបន្តបន្ទាប់ជាមួយតំណាងផ្លូវការនៃប្រទេសប្រជាធិបតេយ្យ ពួកគេនៅតែចង់ជួយខ្មែរបន្តទៀត ស្របតាមគុណតម្លៃ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាព។ លោកបន្តថា បណ្ដាប្រទេសទាំងនោះ ចង់ឃើញកម្ពុជាមានដំណោះស្រាយនយោបាយ ដោយអហិង្សា ការបង្រួបបង្រួមជាតិ ការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ជាដើម។
ដើមឆ្នាំ២០២២នេះ លោក កឹម សុខា បានជួបជាមួយអង្គទូតមួយចំនួនរួមមាន៖ ឯកអគ្គរដ្ឋទូតបារាំង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេក ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងឯកអគ្គរដ្ឋទូតស្ដីទី នៃគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា និងឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំកម្ពុជាជាដើម។
លោក កឹម សុខា ឲ្យដឹងដែរថា ក្នុងចំណោមអង្គទូតទាំងនោះ ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានសន្យាថា នឹងតាមដានដំណើរការកាត់ក្ដីលោកនៅក្នុងបន្ទប់សវនាការ។
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក កឹម សុខា ឲ្យចូលរួមសវនាការនៅថ្ងៃទី១៩ ខែមករា ខាងមុខ ដើម្បីជំនុំជម្រះក្ដីលើសំណុំរឿងក្បត់ជាតិ ជាមួយបរទេស។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយចោទប្រកាន់ពីបទក្បត់ជាតិ កាលពីឆ្នាំ២០១៧។ កាលពីឆ្នាំ២០១៩ តុលាការបានអនុញ្ញាតឲ្យលោក អាចធ្វើដំណើរក្នុងប្រទេស ប៉ុន្តែហាមធ្វើនយោបាយនិងចេញក្រៅប្រទេស។
ជុំវិញការលើកឡើងរបស់ លោក កឹម សុខា ពេលនេះ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន នៅតែលើកឡើងដដែលៗថា រដ្ឋាភិបាលមិនអាចលូកដៃចូលក្នុងសំណុំរឿងនេះ ព្រោះពេលនេះកំពុងស្ថិតក្នុងដៃតុលាការ។ ទោះយ៉ាងណា លោក អះអាងថា ក្រោយនីតិវិធីតុលាការចប់សព្វគ្រប់ លោក ហ៊ុន សែន អាចស្នើលើកលែងទោស លោក កឹម សុខា បើមានការពិនិត្យឃើញថា ការផ្ដល់សេរីភាពឲ្យលោក កឹម សុខា មិនមានអ្វីឲ្យប៉ះពាល់ដល់ហានិភ័យជាតិ ឬសណ្ដាប់ធ្លាប់សាធារណៈនោះ៖ «អាណឹងជាសេចក្ដីសម្រេចរបស់តុលាការ ប៉ុន្តែអ្នកដែលនាំគ្នាចង់បាននីតិរដ្ឋ ក៏ប៉ុន្តែចេះតែប្រឌិតចេះតែលូកលាន់ចេះតែលើកឡើងដើម្បីមានឥទ្ធិពលជ្រៀតជ្រែកដំណើរការរបស់តុលាការមិនស្របទេពីព្រោះកម្ពុជាយើង យើងមានដំណោះស្រាយតាមផ្លូវនយោបាយបន្ទាប់ពីដំណើរការរបស់តុលាការ»។
ទាក់ទងការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលបែបនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីក្រុមមេធាវីការពារក្ដីឲ្យលោក កឹម សុខា បានទេនៅថ្ងៃទី១៤ មករា។
ប៉ុន្តែមេធាវីម្នាក់ក្នុងចំណោមមេធាវីការពារក្ដីលោក កឹម សុខា អ្នកស្រី ម៉េង សុភារី ធ្លាប់ថ្លែងថា ក្រុមមេធាវី និងលោក កឹម សុខា ចង់ឃើញតុលាការទម្លាក់ចោលការចោទប្រកាន់លើ លោក កឹម សុខា។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ដែលកំពុងរស់នៅ ប្រទេសណ័រវ៉េ(Norway) សង្កេតឃើញថា ជំហររបស់បណ្ដាអង្គទូតដែលចង់ឃើញកម្ពុជាមានដំណោះស្រាយនយោបាយជាការបង្ហាញថា ក្រុមប្រទេសប្រជាធិបតេយ្យទាំងនោះនៅតែចង់ជួយដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា។ ទោះយ៉ាងណា លោកថា លោក កឹម សុខា ខ្លួនឯងគួរប្រឹងប្រែងធ្វើសកម្មភាពតស៊ូមតិបន្ថែមទៀត ដោយមិនត្រូវរង់ចាំតុលាការកាត់ក្ដីរួចរាល់ និងរង់ចាំការប្រោសប្រណីឬលើកលែងពីលោក ហ៊ុន សែន ឡើយ៖ «រឿងសំខាន់គឺនៅលោក កឹម សុខា ខ្លួនឯងទេ នៅពេលអ្នកការទូតគេលើកទឹកចិត្តហើយតើយើងជាអ្នកមេដឹកនាំបក្សប្រឆាំងនេះតើយើងគួរធ្វើអីបន្តទៀតតើយើងនៅចាំលោក ហ៊ុន សែន គាត់សម្រួល ឬក៏យើងត្រូវធ្វើសកម្មភាពខ្លះដើម្បីបង្ហាញថា យើងជាអ្នកនយោបាយដ៏រឹងមាំ ឧទាហរណ៍ថា ក្រុមបុគ្គលិកណាហ្គាវើលដ៍គេតស៊ូមតិបែបម៉េចដើម្បីទាមទារយុត្តិធម៌ នេះជាឧទាហរណ៍តូចមួយ»។
ទាក់ទងរឿងនេះដែរ អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បណ្ឌិត សេង សារី វិភាគថា អាចមានសេណារីយ៉ូចំនួន៣កើតឡើង ក្រោយសវនាការលោក កឹម សុខា។ ទី១ តុលាការសម្រេចឲ្យលោក កឹម សុខា គ្មានទោស ហើយគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ព្រោះការរំលាយគណបក្សសង្គ្រោះជាតិដោយសារតែតុលាការបានចោទលោក កឹម សុខា មានសន្ទិដ្ឋិភាពជាមួយបរទេស។
ទី២ តុលាការកាត់ឲ្យលោក កឹម សុខា មានទោសហើយបញ្ចូនលោក កឹម សុខា ចូលពន្ធនាគារវិញមួយរយ: បន្ទាប់មកលោក ហ៊ុន សែន អាចមានសំណើសុំឲ្យព្រះមហាក្សត្រលើកលែងទោសពីលោក កឹម សុខា។ ឯទី៣នោះ តុលាការនឹងកាត់ទោសផ្ដល់សេរីភាព និងនីតិសម្បទានយោបាយពេញលេញជូនលោក កឹម សុខា ឡើងវិញ តែរក្សាបទចោទឲ្យនៅដដែល៕
1 comment:
If so, why did Kem Min Sok Heuy Kha shut his fucking mouth up ?
Where is your Samlot Min Klach Ah Kha ??
Post a Comment