Tuesday, 18 January 2022

អគ្គលេខាធិការ​​អាស៊ាន​​​​​មក​​​ជួប​​មេដឹកនាំ​កម្ពុជា​ ក្នុង​​ពេល​​លោក ហ៊ុន សែន ​​​កំពុង​​​​បញ្ចុះ​បញ្ចូល​​​សមាជិក​​អាស៊ាន​​​​​​ឲ្យ​ទទួល​​ស្គាល់​​របប​សឹក​ភូមា


ដោយ មាន ឫទ្ធិ
2022-01-17
អគ្គលេខាធិការ​​អាស៊ាន​​​​​មក​​​ជួប​​មេដឹកនាំ​កម្ពុជា​ ក្នុង​​ពេល​​លោក ហ៊ុន សែន ​​​កំពុង​​​​បញ្ចុះ​បញ្ចូល​​​សមាជិក​​អាស៊ាន​​​​​​ឲ្យ​ទទួល​​ស្គាល់​​របប​សឹក​ភូមា 

លោក ហ៊ុន សែន ជួបលោក លឹម ចុកហ៊ុយ​ (Lim Jock Hoi) អគ្គលេខាធិការ​អាស៊ាន​ នៅវិមានសន្តិភាពនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក SMP


អគ្គលេខាធិការ​អាស៊ាន (ASEAN) ​បាន​​ចាប់​ផ្ដើម​​​ជួប​​មេដឹកនាំ​កម្ពុជា​​ហើយ ​នៅ​ថ្ងៃ​ទី​១៧ ខែមករា​ ​ក្នុង​ន័យ​ថា ​​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​លេខាធិការដ្ឋាន​​អាស៊ាន ជា​មួយ​​ក្រសួង​ពាក់ព័ន្ធ​របស់​កម្ពុជា។ មន្ត្រី​បក្ស​ប្រឆាំង​ថា អគ្គលេខាធិការ​អាស៊ាន​ទំនង​​​ចង់​​​មក​ក្រើន​រំលឹក​​កម្ពុជា កុំ​ឲ្យ​ដើរ​​យក​​តួនាទី​ប្រធាន​​ប្ដូរ​វេន​​អាស៊ាន​ទៅ​​​ប្រើ​ក្នុង​ការ​សម្រេច​​​ចិត្ត​ជា​ឯកតោ​ភាគី​ក្នុង​រឿង​ជម្លោះ​ផ្ទៃ​ក្នុង​ភូមា ឬ​មីយ៉ាន់ម៉ា (Myanmar)។

ដំណើរ​ទស្សនៈ​​កិច្ចផ្លូវ​ការ​រយៈពេល​ ៥ ថ្ងៃ ​របស់​អគ្គលេខាធិការ​អាស៊ាន​លោក លឹម ចុកហ៊ុយ​ (Lim Jock Hoi)​ ​​​​មក​កម្ពុជា​​ពេល​នេះ ធ្វើ​ឡើង​​ចំពេល​​​​​រដ្ឋាភិបាល​ប្រទេស​​​សមាជិក​​អាស៊ាន​មួយ​ចំនួន​ ​កំពុង​បង្ហាញ​​ការ​មិន​ពេញ​ចិត្ត​​​​​ពី​របៀប​ធ្វើការ​ខុស​គេ​តែ​ឯង​​របស់​​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​​​​​ក្នុង​ការ​ទៅ​​ជួប​មេដឹកនាំ​របប​សឹក​នៅ​​​ភូមា ​និង​ការ​បង្ហាញ​ឆន្ទៈ​ចង់​​​ឲ្យ​​ប្រទេស​មួយ​ចំនួន​ទៀត​​ ទទួល​​ស្គាល់​​របប​សឹក​តាម​លោក​។


ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី លោក អះម៉ាត់ ចាម៉ាល យល់​ថា អគ្គលេខាធិការ​អាស៊ាន​​ទំនង​នឹង​​អាច​ប្រាប់​ឲ្យ​លោក ហ៊ុន សែន កុំ​ដើរ​ខុស​គន្លង​​អាស៊ាន​​​ត​ទៅ​ទៀត ព្រោះ​​​ថា​ អាស៊ាន​នឹង​មិន​​អាច​​ទទួល​យក​មេដឹកនាំ​របប​សឹក​ភូមា​ដាច់​ខាត។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ជំរុញ​ឲ្យ​លោក​ ហ៊ុន សែន បញ្ឈប់​ការ​​ធ្វើ​សកម្មភាព​ជ្រោមជ្រែង​របប​សឹក​ និង​ឈប់​បញ្ចុះ​បញ្ចូល​ឲ្យ​អន្តរជាតិ​​ទទួល​​ស្គាល់​​របប​សឹក​ភូមា​តាម​ខ្លួន​លោក​៖ «វត្តមាន​របស់​អគ្គលេខាធិការ​អាស៊ាន​ពេល​នេះ នឹង​មិន​​ធ្វើ​ឲ្យ​របប​ក្រុង​ភ្នំពេញ ឬ​ក៏​​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ជួយ​ជ្រោមជ្រែង​របប​សឹក​ភូមា​ឲ្យ​ទទួល​បាន​ភាព​ស្មើ​មុខ​ស្មើ​មាត់​​ក្នុង​អាស៊ាន​បាន​ទេ ព្រោះ​របប​ទាំង​២​នេះ គឺជា​របប​តែ​មួយ របប​ផ្ដាច់​ការ ហើយ​រំលោភ​សិទ្ធិ​មនុស្ស និង​មិន​ធ្វើ​តាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ»។

ការ​លើក​ឡើង​នេះ ក្នុង​ពេល​ដែល​អគ្គលេខាធិការ​អាស៊ាន លោក លឹម ចុកហ៊ុយ បាន​ផ្ដើម​​បំពេញ​ទស្សនៈ​កិច្ច​​ផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃ​ទី១៩ ​មករា ​ដោយ​​ផ្ដើម​ពី​ជំនួប​​ជាមួយ​​រដ្ឋមន្ត្រី​ការបរទេស និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ប្ដូរ​វេន គឺ លោក​ ប្រាក់​ សុខុន​ ហើយ​បន្ទាប់​មក លោក​​បន្ត​ជួប​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​វិមាន​សន្តិភាព។

លោក ហ៊ុន សែន ​សរសេរ​លើ​បណ្ដាញ​សង្គម ​​ (Facebook page)​ថា លោក​បាន​​​​​ប្រាប់​ទៅ​​អគ្គ​លេខាធិការ​អាស៊ាន​ ​ពី​គោល​បំណង​របស់​លោក​ក្នុង​ការ​ទៅ​ជួប​មេ​ដឹក​នាំ​យោធា​នៃ​របប​សឹក​ភូមា ​ថា​ដើម្បី​​​សម្រួល​ឲ្យ​មាន​បទ​ឈប់​បាញ់ ការ​បញ្ឈប់​អំពើ​ហិង្សា​ ការ​ផ្ដល់​ជំនួយ​​ដល់​ប្រជាជន​ភូមា និង​ការ​បើក​ច្រក​ទ្វារ​ចរចា​រក​ដំណោះស្រាយ​​ ជា​ពិសេស​​សម្រាប់​ប្រសិត​ពិសេស​អាស៊ាន។​​​​​​ ក្រៅពី​​នេះ លោក​បាន​លើក​បញ្ហា​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ​១៩ (Covid-19) ការ​ចង់​ឲ្យ​ពន្លឿន​កិច្ច​ចរចា​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង និង​​ជំរុញ​ឲ្យ​អាស៊ាន​​​បញ្ចូល​ប្រទេស​ទីម័រ​ខាង​កើត​ (Timor-Leste) ឲ្យ​ក្លាយ​ជា​សមាជិក​អាស៊ានឲ្យ​បាន​លឿន​។

លោក ហ៊ុន សែន មិន​បាន​​សរសេរ​បញ្ជាក់​ថា អគ្គលេខាធិការ​អាស៊ានលោក លឹម ចុកហ៊ុយ ឆ្លើយ​តប​វិញ​​បែប​ណា​ទេ ជុំវិញ​ករណី​​​វិបត្តិ​នៅ​មីយ៉ាន់ម៉ា។ ប៉ុន្តែ​​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​​រដ្ឋ​មន្ត្រី​លោក ​កៅ គឹមហួន អះអាង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្រោយ​ជំនួប​នោះ​ថា​ អគ្គលេខាធិការ​អាស៊ាន​នឹង​គាំទ្រ​គំនិត​​យន្តការ​ត្រយការ ​(Troika)​ ​ដែល​មាន​អតីត​ប្រធាន​អាស៊ាន ប្រធាន​អាស៊ាន​បច្ចុប្បន្ន និង​អនាគត​ប្រធាន​អាស៊ាន​ដោយ​បន្ថែម​អគ្គលេខាធិការ​អាស៊ាន ធ្វើការ​ជាមួយ​គ្នា​ដើម្បី​​​តាមដាន​ការ​អនុវត្ត​បទ​ឈប់​បាញ់​នៅ​មីយ៉ាន់ម៉ា។

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិ​ការ​អន្តរជាតិលោក គុយ គួង និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​ទី​១៧ ខែមករា។

ជុំវិញ​ករណី​នេះ​ដែរ នាយក​ប្រតិបត្តិ​អង្គការ​​អភិវឌ្ឍន៍​ផ្នត់​គំនិត ​(M.O.D) លោក សេក សុជាតិ ​យល់​ថា ដំណើរ​ទស្សនៈ​កិច្ច​​៥​ថ្ងៃ​របស់​អគ្គលេខាធិការ​អាស៊ាន​មក​កម្ពុជា​​នេះ គឺ​ដើម្បី​​សម្រប​សម្រួល​កិច្ច​ប្រជុំ​នានា​​ដែល​អាស៊ាន​នឹង​​ត្រូវ​​ប្រជុំ​ជា​បន្ត​បន្ទាប់ ព្រោះ​​ថា​​អគ្គលេខាធិការ​អាស៊ាន​ នឹង​មិន​មាន​ឥទ្ធិពល​ខ្លាំង​ដូច​សមាជិក​ទេ។ តែ​យ៉ាង​ណា លោក​​ព្រួយ​បារម្ភ​ថា​ ​​​​ប្រទេស​សមាជិក​​អាស៊ាន​មួយ​ចំនួន អាច​នឹង​បន្ត​​ពហិការ​​កិច្ច​ប្រជុំ​អាស៊ាន​ផ្សេង​ទៀត ​ក្នុង​ករណី​​​ដែល​ស្ថានភាព​​នៅ​តែ​​បន្ត​​ភាព​ចម្រូង​ចម្រះ​៖ «បើសិន​ជា​មាន​បញ្ហា​អ៊ីចឹង!​ ខ្ញុំ​នៅ​តែ​​គិត​ថា វា​មិន​អាច​ទៅ​រួច​ដដែល​ពី​ព្រោះ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​មិន​អាច​ប្រើប្រាស់​ឥទ្ធិពល​ក្នុង​នាម​ជា​ប្រធាន​ប្ដូរ​វេន ហើយ​ដាច់​ខាត​ត្រូវ​តែ​ឲ្យ​មីយ៉ាន់ម៉ា​ចូលរួម​ទេ ប្រសិន​បើ​គ្មាន​ការ​ឯកភាព​ពី​អាស៊ាន​៨​ផ្សេង​ទៀត​»។

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្រុម​ប្រទេស​ ៥ ​របស់​អាស៊ាន​​បាន​បង្ហាញ​ជំហរ​​​​ជំទាស់​​នឹង​​ការ​សម្រេច​​​ជា​ឯកតោ​ភាគី​​របស់​​​លោក ហ៊ុន សែន រឿង​ដែល​លោក​​​ទៅ​ជួប​មេដឹកនាំ​របប​សឹក​នៅ​​​​មីយ៉ាន់ម៉ា​​កាល​ពី​ដើម​ខែ​មករា​។ ​​​រដ្ឋ​មន្ត្រី​​ការ​បរទេស​ហ្វីលីពីន ​លោក តេអូដូរ៉ូ លូកស៊ីន​​ (Teodoro Locsin)​ ​យល់​ថា ​ការ​ចូលរួម​របស់​ប្រេសិត​ពិសេស​​អាស៊ាន​​ក្នុង​កិច្ច​ចរចា​បទ​ឈប់​បាញ់​នៅ​មីយ៉ាន់ម៉ា​មិន​គួរ​ធ្វើ​តែ​ជាមួយ​​​ត្រឹម​​អង្គការ​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​ទេ ​តែ​ត្រូវ​មាន​វត្តមាន​ភាគី​ខាង​គណបក្ស​របស់​លោកស្រី អ៊ុនសាន ស៊ូជី ​(Aung​ San Suu Kyi)​ ផង​។ ចំណែក​រដ្ឋមន្រ្តី​ការបរទេស​ម៉ាឡេស៊ី ​លោក សៃហ្វូដឌីន អាប់ឌុលឡាស់ (Saifuddin Abdullah) ​​និយាយ​ថា​ ​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​​ខ្លះ​ ​មិន​យល់​ស្រប​នឹង​ដំណើរ​ទស្សន​កិច្ច​​របស់​លោក ហ៊ុន សែន ទៅ​ទទួល​ស្គាល់​មេដឹកនាំ​របប​សឹក​​​​ភូមា​ឡើយ។

ឯ​នាយករដ្ឋមន្ត្រី​សឹង្ហបូរី លោក លី សៀនឡុង​​ (Ly Hsien Loong)​ ​ប្រាប់​លោក ហ៊ុន សែន ថា តួនាទី​ប្រធាន​អាស៊ាន​ចាំ​បាច់​​ត្រូវតែ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្រប់​ភាគី​​ពាក់ព័ន្ធ​​ទាំង​ពួក​យោធា​និង​ខាង​​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​​​(NLD)​​ ​របស់​​អ្នកស្រី អ៊ុង សានសូជី។ លោក​បញ្ជាក់​ជំហរ​ថា សិង្ហបុរី​មិនចង់​ឱ្យ​​មេដឹកនាំរបបសឹកភូមាចូលរួមកិច្ចប្រជុំឡើយ លុះត្រាណាទាល់តែមានការវិវឌ្ឍន៍សំខាន់ក្នុងការអនុវត្តគោលការណ៍ឯកភាព ៥ ចំណុច។ ដូចគ្នានេះដែរ សម្រាប់​ឥណ្ឌូនេស៊ី​វិញ ប្រធានា​ធិបតី ចូកូ វីដូដូ (​Joko Widodo)​ ​ធ្លាប់​បញ្ជាក់​ថា ប្រសិន​បើ​លក្ខខណ្ឌ​ទាំង​ ៥​ ចំណុច​​មិន​ត្រូវ​បាន​របប​សឹក​អនុវត្ត​ទេ​ តំណាង​របស់​ប្រទេស​មីយ៉ាន់ម៉ា ​អាច​ចូល​រួម​ប្រជុំ​អាស៊ាន​បាន ​តែ​ក្នុង​កម្រិត​មិន​មែន​នយោបាយ​តែ​ប៉ុណ្ណោះ៕

1 comment:

Anonymous said...

Asean 5(Singapore, Malaysia, Indonesia, Philippines, Brunei). The others (Myanmar, Thailand, Cambodia, Laos). Vietnam is just watching. Seems the Asean is trash. Too many differences, people and culture.