Khmer Circle:
Some Khmers, including those esteemed 'analysts' who pop up regularly to provide us with their 'independent, neutral views' should open their eyes slightly and recognise the on-going, unprecedented environmental destruction that - alone - qualifies as 'eco-cide' and thus irreputable evidence of national Treason.
Sitting on the fence and telling their audience and the world that there are no real traitors in the country or in this ruling regime make the analysts themselves complicit in the crime.
You don't have to sign unfair treaties resulting in the loss of vast swathes of territory or murder millions of your own people to qualify as 'traitor'. Above all, stop feigning ignorance.
🔺🔺🔺
ដោយ សុជីវី
2022-01-17
ទិដ្ឋភាពការដឹកជញ្ជូនឈើ ចេញពីព្រៃឡង់ ខេត្តក្រចេះ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។
រូប៖ ប្រជាសហគមន៍ផ្តល់ឱ្យ។
ប្រជាសហគមន៍ព្រៃឡង់អះអាងថា ក្រុមហ៊ុនស៊ីងបាយអូថេក (Think Biotech Cambodia) ដែលធ្លាប់មានរឿងអាស្រូវច្រើនពាក់ព័ន្ធសកម្មភាពបំផ្លិចបំផ្លាញភោគទ្រព្យជាតិ ក្នុងដែនព្រៃឡង់ កំពុងដំណើរការអាជីវកម្មកាប់ឈើខ្នាតធំឡើងវិញ នៅរយៈពេលជាង ៣ សប្តាហ៍ចុងក្រោយនេះ។ ប្រជាសហគមន៍ថា បច្ចុប្បន្នមានគោយន្តរាប់សិបគ្រឿង និងកម្លាំងកម្មកររាប់សិបនាក់ កំពុងពង្រាយប្រមូលឈើ ក្នុងដែនជម្រកសត្វព្រៃឡង់ខេត្តក្រចេះ និង ខេត្តស្ទឹងត្រែង ដើម្បីលក់ឱ្យក្រុមហ៊ុន ដែលមានដេប៉ូឈើអារឈើខ្នាតធំនៅជាប់ព្រៃឡង់ខេត្តក្រចេះ។
ប្រជាសហគមន៍ព្រៃឡង់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បន្តអំពាវនាវឱ្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចុះស៊ើបអង្កេតជាបន្ទាន់ ពីអាជីវកម្មឈើខ្នាតធំ ឋិតនៅតំបន់ព្រៃឡង់ខេត្តក្រចេះ ដែលពួកគាត់អះអាងថា មានជាប់ពាក់ព័ន្ធក្រុមហ៊ុនស៊ីងបាយអូថេក។ ប្រជាសហគមន៍អះអាងទៀតថា ក្រុមហ៊ុនកំពុងបញ្ជូនកម្មករជាច្រើននាក់ ពង្រាយពេញព្រៃឡង់ដោយមានគោយន្ត និងរថយន្តយីឌុប ជាមធ្យោបាយ ដឹកជញ្ជូនឈើចេញពីព្រៃឡង់។
សមាជិកសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែងលោក គង់ រី ឱ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី១៧ ខែមករាថា ក្រុមហ៊ុនស៊ីងបាយអូថេកកំពុងធ្វើសកម្មភាព ប្រមូលឈើខ្នាតធំ នៅតំបន់ព្រៃឡង់ជិត១ខែមកហើយ ប៉ុន្តែក្រុមហ៊ុនហាក់ដូចជាប្រុងប្រយ័ត្នជាងមុន។ លោកថា កម្មកររបស់ក្រុមហ៊ុនភាគច្រើន ជាពលរដ្ឋនៅមូលដ្ឋានបានលបចូលព្រៃអារឈើ លក់ឱ្យក្រុមហ៊ុន ដោយដឹកជញ្ជូនតាមគោយន្ត ក្នុងមួយថ្ងៃៗ មិនក្រោម៥០គ្រឿងនោះទេ។
លោកបន្ថែមថា ក្រោយពីប្រមូលឈើចេញពីព្រៃឡង់គ្រប់ចំនួន ក្រុមហ៊ុនបានដឹកជញ្ជូនឈើបន្តទៀត ទៅរាជធានីភ្នំពេញ តាមរយន្តយីឌុប ដោយមានមន្ត្រីអាវុធហត្ថ និង សមត្ថកិច្ចយាមកាមយ៉ាងតឹងតែងមិនឱ្យអ្នកប្លែកមុខចូលការដ្ឋានរបស់ក្រុមហ៊ុន។ ទន្ទឹងនឹងនេះ ឈើមូលធំៗដែលក្រុមហ៊ុនកំពុងប្រមូលភាគច្រើន ឈើឈ្លីចមានមុខកាត់ ២ តឹងឡើងទៅ ដែលគេកាប់ក្នុងតំបន់ព្រៃឡង់ នៅចំណុចត្រពាំងតាយឹង ព្រោះតំបន់នោះសំបូរឈើឈ្លីច និងដើមឈើផលិតជ័រទឹក៖ «ព្រួយបារម្ភ ចេះតែបារម្ភហើយ ក្មួយអើយ សូមប្រមុខរដ្ឋាភិបាល និងសំណូមពរដល់ក្រសួងបរិស្ថាន ដែលគាត់មានអំណាច ឱ្យជួយការពារទប់ស្កាត់អ៊ីចឹងទៅ ដូចជាព្រងើយកន្តើយ។ នឹកឃើញថា អនាគតទៅមិនយូរទេ ក្នុងតំបន់ព្រៃឡង់ នឹងអស់។ គេប្រមូលដឹកបន្តបន្ទាប់ប្រហែលជា ៥០ គ្រឿង»។
កាលពីសប្តាហ៍មុន ប្រជាសហគមន៍ព្រៃឡង់ មួយក្រុមបានប្រថុយចុះល្បាតព្រៃឡង់ រយៈពេល៤យប់ ៥ថ្ងៃ ដោយប្រទះឃើញកម្មកររបស់ក្រុមហ៊ុនរាប់សិបនាក់ ប្រដាប់ដោយរណាយន្ត និងគោយន្តចូលព្រៃឡង់ ដើម្បីកាប់ឈើលក់ឱ្យក្រុមហ៊ុន។ ក្រុមល្បាតបានលបឆ្មក់ចូលរោងចក្រអារឈើរបស់ក្រុមហ៊ុន ដោយប្រទះឃើញ ឈើឈ្លីច និងឈើជាច្រើនប្រភេទទៀត រាប់រយម៉ែត្រគូប ដែលគេដឹកជញ្ជូនតាមរថយន្តយីឌុបចេញក្រៅ។
ប្រជាសហគមន៍ថា អាជីវកម្មឈើរបស់ក្រុមហ៊ុននេះ ទើបតែកម្រើកឡើងវិញជាថ្មីទៀតនេះ ក្នុងទម្រង់ប្រុងប្រយ័ត្នខ្ពស់ ដោយមានមន្ត្រីអាវុធហត្ថ និងសន្តិសុខក្រុមហ៊ុន យាមល្បាតយ៉ាងតឹងរ៉ឹងមិនឱ្យមនុស្សចេញចូលតំបន់នោះទេ។
សមាជិកសហគមន៍ព្រៃឡង់ខេត្តក្រចេះលោក វ៉ន ត្រៃ សង្កេតឃើញថា ក្រោយពីក្រសួងបរិស្ថានរឹតត្បិតមិនឱ្យប្រជាសហគមន៍ល្បាតព្រៃឡង់ បទល្មើសព្រៃឈើ នៅតែកើតមានច្រើនឥតថមថយឡើយ ដោយមានឈ្មួញចាំទទួលទិញឈើនៅមូលដ្ឋាន។ រីឯពលរដ្ឋនៅមូលដ្ឋានខ្លះបានស៊ីឈ្នូលកាប់ឈើលក់ឱ្យក្រុមហ៊ុន និងឈ្មូញ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត ដែលជាមូលហេតុធ្វើឱ្យព្រៃឡង់ វិនាសហិនហោច។
លោកបារម្ភថា ប្រសិនបើអាជីវកម្មឈើ របស់ក្រុមហ៊ុនកម្រើកឡើងវិញ នឹងបង្កគ្រោះថ្នាក់ដល់ព្រៃឡង់ជាថ្មីទៀត ស្របពេលដែលប្រជាសហគមន៍ គ្មានសិទ្ធិចុះល្បាតព្រៃ៖ «ជ្រួលច្របល់រឿងដែលអារឈើជាឃ្លុំដឹកចូលក្រុមហ៊ុន។ អារឈើជាឃ្លុំដឹកចូលក្រុមហ៊ុនអ៊ីចឹង ប្រហែលចូលក្នុងព្រៃឡង់ អី ត្រូវតាមដានមើលថា តើ សកម្មភាពនេះ វាបែបណា?
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង មេការក្រុមហ៊ុន ស៊ីងបាយអូថេកលោក សំ ណូ ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះ បាននៅឡើយទេ នៅថ្ងៃទី១៧ ខែមករា។ រីឯអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា និងរដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន ក៏មិនអាចទាក់ទងបានដែរ ដោយទូរសព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។
ចំណែក អ្នកនាំពាក្យគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិលោក អេង ហ៊ី ក៏មិនអាចសុំការអធិប្បាយបានដែរនៅថ្ងៃដដែលនេះ។តែយ៉ាងណា លោកធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា ឱ្យតែបទល្មើសព្រៃឈើ គណៈកម្មការជាតិនឹងមានវិធានការច្បាប់ទាំងអស់។ លោករុញឱ្យសហគមន៍ព្រៃឡង់ដាក់បណ្ដឹងករណីនេះទៅអាជ្ញាធរដែនដី និងអនុគណៈកម្មការជាតិថ្នាក់ខេត្ត។ ប៉ុន្តែនៅគ្រាដែលប្រជាសហគមន៍ផ្តល់ព័ត៌មាន ទៅអាជ្ញាធរខេត្តក្រចេះ និងមន្ត្រីជំនាញជាច្រើនលើក ក៏គ្មានមន្ត្រីជំនាញណា អើពើចុះទប់ស្កាត់ដែរនាពេលកន្លងទៅ។
កាលពីខែមិថុនា ឆ្នាំ២០១២ ក្រសួងកសិកម្ម បានផ្ដល់សិទ្ធិឱ្យ ក្រុមហ៊ុន ស៊ីង បាយអូថេក វិនិយោគដំណាំឧស្សាហកម្ម អាកាស្យា ឬស្ថានីយ៍ស្ដារព្រៃឈើឡើងវិញ លើផ្ទៃដីចំនួនជាង ៣ម៉ឺន ៤ពាន់ហិកតារ (៣៤.០០៧) ឋិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងមួយផ្នែកចូលទឹកដីស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ទន្ទឹមគ្នានេះ ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) បានផ្ទេរសិទ្ធិបើករោងចក្រអារឈើទៅឱ្យក្រុមហ៊ុន អង្គរ ប្លាយវូដ (Angkor Plywood) កាលពីចុងឆ្នាំ២០១៨។
សហគមន៍ព្រៃឡង់ រាយការណ៍ថា ក្រុមហ៊ុនទាំងនេះ មានមហិច្ឆតាធ្វើអាជីវកម្មឈើខ្នាតធំ និងនាំចេញទៅលក់នៅប្រទេសចិនតាមផ្លូវទឹក ព្រោះកន្លងទៅ សកម្មជនបរិស្ថានបានទៅដល់ការដ្ឋានក្រុមហ៊ុននេះ ប្រទះឃើញ ឈើមូលធំៗ រាប់ពាន់ម៉ែត្រគូប ត្រៀមដឹកចេញក្រៅដែលភាគច្រើនជាប្រភេទឈើទាល និងត្រាច ដែលអ្នកស្រុកដុតយកជ័រទឹកលក់ចិញ្ចឹមជីវិត។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលគម្រោងសមាគមបណ្ដាញយុវជនកម្ពុជាលោក អូត ឡាទីន មើលឃើញថា ឧក្រិដ្ឋកម្មព្រៃឈើទាំងនេះនៅតែកើតមានច្រើនដែលជាការឆ្លុះបញ្ចាំងថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន គ្មានភាពស្មោះត្រង់ការពារព្រៃឈើ ស្របតាមច្បាប់ និងតួនាទីភារកិច្ចនោះឡើយ។ លោកថា នៅជាយព្រៃឡង់ និងតាមដងផ្លូវសំខាន់ៗ ចូលព្រៃឡង់ទាំង ៤ ខេត្ត សុទ្ធតែមានស្នាក់ការរបស់មន្ត្រីឧទ្យានុរក្ស បើមន្ត្រីជំនាញ មានឆន្ទៈអនុវត្តច្បាប់ បទល្មើសមិនអាចគេចពីកណ្ដាប់ដៃរបស់សមត្ថកិច្ចបានទេ៖ «ប្រសិនបើបន្តបណ្ដែតបណ្ដោយឱ្យមានការអនុវត្តច្បាប់ឱ្យតឹងរ៉ឹងទេ ហើយប្រសិនជាមិនឱ្យសហគមន៍ចុះល្បាតចូលរួមចំណែកការពារទេ ស្ថានភាពព្រៃឡង់កាន់តែរេចរឹលទៅហើយ។ ស្នើសុំទៅក្រសួងបរិស្ថានឱ្យពិចារណាឡើងវិញក្នុងការផ្តល់សិទ្ធិឱ្យសហគមន៍ការពារព្រៃឈើឡើងវិញ»។
មន្ត្រីសង្គមស៊ីវិលរូបនេះ បានទម្លាក់កំហុស ការទទួលខុសត្រូវរឿងនេះលើក្រសួងបរិស្ថាន នៅតែមានភាពកម្សោយក្នុងការអនុវត្តច្បាប់ព្រៃឈើ ស្របពេលដែលប្រជាសហគមន៍គ្មានសេរីភាពចុះល្បាតព្រៃឡង់។ ប្រការនេះ លោកជំរុញជាថ្មីទៀត ឱ្យក្រសួងបរិស្ថានគួរតែផ្តល់សិទ្ធិឱ្យប្រជាសហគមន៍ព្រៃឡង់ មានសិទ្ធិចុះល្បាតព្រៃឡង់ឡើងវិញ នៅគ្រាដែលព្រៃឡង់កំពុងប្រឈមការគំរាមកំហែង។
ប្រជាសហគមន៍ព្រៃឡង់បារម្ភថា ដើមឈើធំៗ បន្សល់ចុងក្រោយ នៅក្នុងតំបន់អភិរក្សមួយនេះ កំពុងទទួលរងការកាប់ផ្តួល ធ្វើអាជីវកម្មពីសំណាក់ក្រុមហ៊ុននេះបើគ្មានការអន្តរាគមន៍ពីគណៈកម្មការជំនាញទេ ឈើមូលធំៗ ដែលមានអាយុកាលរាប់រយឆ្នាំ នឹងលែងមានវត្តមានក្នុងដែនអភិរក្សនេះទៀតហើយ៕
No comments:
Post a Comment