Thursday, 20 January 2022

តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ទទូច​ឱ្យ​រដ្ឋាភិបាល​របស់​ខ្លួន​អន្តរាគមន៍​ជួយ​លោក កឹម សុខា


ដោយ ជី វិតា
2022-01-19
តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ទទូច​ឱ្យ​រដ្ឋាភិបាល​របស់​ខ្លួន​អន្តរាគមន៍​ជួយ​លោក កឹម សុខា 

(ឆ្វេង) លោក អេឡេន ឡូវេនថល (Alan Lowenthal) និង​លោក ស្ទីវ ឆាបុត (Steve Chabot) សមាជិកសភា​សហរដ្ឋ​អាមេរិក។
រូប៖ ហ្វេសប៊ុក

 

តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ពីរ​រូប​ទទូច​ដល់​រដ្ឋាភិបាល​របស់​ខ្លួន​ឱ្យ​ជួយ​លោក កឹម សុខា រួច​ផុត​ពី​ការ​ចោទ​ប្រកាន់ ដែល​មាន​ចរិត​នយោបាយ។

ក្នុង​លិខិត​រួម​គ្នា​មួយ​របស់​សមាជិក​សភា​សហរដ្ឋ​អាមេរិក គឺ អេឡេន ឡូវេនថល (Alan Lowenthal) និង​លោក ស្ទីវ ឆាបុត (Steve Chabot) ចុះថ្ងៃទី១៧ មករា ដែល​ផ្ញើ​ទៅ​ជូន​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក អាថូនី ប្លីនខិន (Atony Blinken) មាន​ខ្លឹមសារ​ថា៖ យើង​ទទូច​ដល់​លោក​រដ្ឋមន្ត្រី មេត្តា​លើក​យក​ករណី​លោក កឹម សុខា ទៅ​ជជែក​ជា​មួយ​ថ្នាក់​ដឹក​នាំ​កំពូល​របស់​រដ្ឋាភិបាល​កម្ពុជា។
លិខិត​បន្ត​ថា លោក កឹម សុខា ជា​ប្រធាន​គណបក្ស​ប្រឆាំង ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​រម្លាយ​នោះ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឆ្នាំ២០១៧ ជាប់​ចោទ​ថា បាន​ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក ប៉ុនប៉ង​ផ្ដួល​រលំ​របប​លោក ហ៊ុន សែន។ នេះ​ជា​ការ​ចោទ​ប្រកាន់​បែប​ប្រឌិត​ធ្ងន់ធ្ងរ​ប្រឆាំង​សហរដ្ឋ​អាមេរិក ដើម្បី​យក​លេស​កម្ទេច​ចោល​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​នយោបាយ​តែ​មួយ​គត់ ដែល​អាច​ប្រកួត​ជាមួយ​គណបក្ស​កាន់​អំណាច​នៃ​របប​ក្រុង​ភ្នំពេញ។


ចាប់​តាំង​ពី​ចាប់​លោក កឹម សុខា និង​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ កម្ពុជា​បាន​ក្លាយ​ជា​របប​នយោបាយ​ឯក​បក្ស និង​ផ្ដាច់ការ ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជាង ៣៥ឆ្នាំ​ហើយ។ ខណៈ​លោក កឹម សុខា កំពុង​ប្រឈម​នឹង​ក្ដីក្ដាំ​តុលាការ​នេះ មន្ត្រី និង​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ជា​ច្រើន​កំពុង​ជាប់​ក្នុង​ពន្ធនាគារ និង​ជា​ច្រើន​នាក់​ទៀត​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដោយ​ហេតុផល​នយោបាយ។

ទង្វើ​របស់​លោក ហ៊ុន សែន បណ្ដាល​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​នានា ពី​សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប។ តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ទាំង​ពីរ​បន្ត​ថា វិធានការ​នានា ត្រូវ​តែ​ធ្វើ​បន្ថែម​ទៀត ដើម្បី​ផ្ញើ​សារ​ដល់​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​របស់​លោក​ឱ្យ​ភ្លឺ​ភ្នែក ដើម្បី​ជា​ការ​ព្រមាន​ថា សហរដ្ឋ​អាមេរិក​កំពុង​សម្លឹង​មើល​ពួក​គេ។ លោក ហ៊ុន សែន ត្រូវ​កែ​លម្អ​ស្ថានការណ៍​កម្ពុជា​ឡើង​វិញ ដោយ​ដោះ​លែង​លោក កឹម សុខា ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​ប្រធាន​បក្ស​ប្រឆាំង​នេះ និង​អ្នក​នយោបាយ​ដទៃ​ទៀត ព្រម​ទាំង​បើក​ឱ្យ គណបក្ស​សង្គ្រោះ​ជាតិ ដំណើរ​ការ​ឡើង​វិញ។

សមាជិកសភា​សហរដ្ឋ​អាមេរិក គឺលោក អេឡេន ឡូវេនថល (Alan Lowenthal) និង​លោក ស្ទីវ ឆាបុត (Steve Chabot) ក៏​បាន​ស្នើ​ដល់​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក អាថូនី ប្លីនខិន (Atony Blinken) ឱ្យ​លើក​បញ្ហា​ទាំង​នេះ​ទៅ​ជជែក​ជាមួយ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ជំរុញ​កម្ពុជា​ឱ្យ​ត្រឡប់​វិល​មក​រក​គន្លង​ប្រជាធិបតេយ្យ​វិញ៕

No comments: