Monday, 3 January 2022

អ្នក​​​ឃ្លាំ​មើល​​​ថា ​​គណ​បក្ស​​ភ្លើង​​ទៀន បង្ហាញ​​ភាព​​លេច​ធ្លោ​​​​ក្នុង​​ការ​​ធ្វើ​​សកម្មភាព​​តាម​​​មូលដ្ឋាន​


ដោយ សន ចាន់រដ្ឋា
2022-01-02
អ្នក​​​ឃ្លាំ​មើល​​​ថា ​​គណ​បក្ស​​ភ្លើង​​ទៀន បង្ហាញ​​ភាព​​លេច​ធ្លោ​​​​ក្នុង​​ការ​​ធ្វើ​​សកម្មភាព​​តាម​​​មូលដ្ឋាន​ 

គណបក្សភ្លើងទៀនលើកស្លាកនៅខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។
រូប៖ សកម្មជនផ្តល់ឱ្យ។


អ្ន​ក​​​ឃ្លាំមើល​​យល់​​​ថា ​​គណ​បក្ស​ភ្លើង​ទៀន​​ហាក់​​បង្ហាញ​ភាព​លេច​ធ្លោ​​​​ក្នុង​ការ​​ទាក់ទាញ​អ្នក​គាំទ្រ​​នៅ​តាម​មូលដ្ឋាន​ តាម​រយៈ​​ការ​ធ្វើ​សកម្ម​ភាព​​​ និង​លើ​ស្លាក​បក្ស​យ៉ាង​ផុសផុល​​​នៅ​តាម​​​ភូមិ​ ឃុំ មួយ​ចំនួន។ មេដឹកនាំ​បក្ស​ភ្លើង​ទៀន ប្ដេជ្ញា​ខិតខំ​សកម្មភាព​ថែម​ទៀត​ ដើម្បី​​សំដៅ​ទៅ​រក​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។​​​​​​​

បន្ទាប់​ពី​បាន​​​លើក​ស្លាក​នៅ​ថ្នាក់​ខេត្ត និង​ស្រុក​រួច​ហើយ​មក​ គណបក្ស​ភ្លើង​ទៀន ​ហាក់​បង្កើន​​សកម្មភាព​សម្បើម​ណាស់ ​​ដើម្បី​​លើក​ស្លាក​បក្ស​នៅ​តាម​​​ឃុំ និង​ភូមិ​។

អ្នក​សិក្សា​ផ្នែក​ច្បាប់យុវជន ពុធ កុលកា​ ​យល់​ថា​ ការ​បង្កើន​សកម្មភាព​នេះ​ នឹង​ធ្វើ​ឲ្យ​គណបក្ស​ភ្លើង​ទៀន​អូសទាញ​សមាជិក​តាម​មូលដ្ឋាន និង​អ្នកគាំទ្រ​​​​​អតីត​គណបក្ស​​ប្រឆាំង​ឲ្យ​ចូលរួម​ជាមួយ​ខ្លួន​កាន់​តែ​ច្រើន​។ លោក​​មាន​ជំនឿ​ថា​ ក្រោយ​ពេល​ប្រមូល​គ្នីគ្នា​ឡើងវិញ​រួច​ គណបក្ស​​នេះ នឹង​អាច​ចូលរួម​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០២២ ដើម្បី​ធ្វើតេស្ដ​សមត្ថភាព​របស់​ខ្លួន​។


យុវជន​រូប​នេះ​យល់​ថា វត្តមាន​របស់​គណបក្ស​ភ្លើង​ទៀន មិន​ទាន់​អាច​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​មាន​ភាព​ល្អប្រសើរ​ឡើងវិញ​ទេ ព្រោះ​វិបត្តិ​ជាតិ​ធំៗ​មួយ​​ចំនួន​​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ ដូចជា​ ករណី​មេបក្ស​ប្រឆាំងលោក កឹម សុខា មិន​ទាន់​​មាន​សេរីភាព​ពេញ​ទី​ជាដើម​​។ តែ​យ៉ាង​ណា លោក​យល់​ថា វត្តមាន​គណបក្ស​ភ្លើង​ទៀន នឹង​អាច​ជួយ​​ឲ្យ​​​សកម្មជន​នយោបាយ មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ៖ «ប្រជាពលរដ្ឋ​មួយ​ចំនួន គាត់​នៅ​តែ​ជឿ​ជាក់​​ព្រោះ​គាត់​ជឿ​លើ​អតីត​​គណបក្ស​សង្គ្រោះ​ជាតិ​​​ដែល​ត្រូវ​បាន​រំលាយ។ ដូច្នេះ​ការ​ចងចាំ​នូវ​រូប​សញ្ញា ប្រវត្តិ​សាស្ត្រ​របស់​គណបក្ស​ គឺ​ជា​អ្វី​ដែល​ប្រជាពលរដ្ឋ​នៅ​តែ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​​ហ្នឹង»។

ចាប់​តាំង​ពី​ធ្វើ​សមាជ​​កាល​ពី​​ចុង​វិច្ឆិកា​ ឆ្នាំ​២០២១​មក គណបក្ស​ភ្លើង​ទៀន បាន​ធ្វើ​សកម្ម​ភាព​យ៉ាង​ផុលផុស​ទាំង​ការ ជួបជុំ​សមាជិក អ្នកគាំទ្រ​ផ្ទាល់ និង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ ​តំណាង​បក្ស​​ភ្លើង​ទៀន នៅ​តាម​ខេត្ត​​​​នានា​ ដែល​ជា​អតីត​អ្នក​ជាប់​ឃុំ​ផ្នែក​នយោបាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ធ្វើ​សកម្មភាព​លើកស្លា​ក កៀរគរ និង​ប្រមូល​អ្នកគាំទ្រ​បក្ស​តាម​ស្រុក ​ឃុំ​ និង​ភូមិ​ ជា​បន្ត​បន្ទាប់​។ ខេត្ត​ដែល​កំពុង​ធ្វើ​សកម្មភាព​លើក​ស្លាក​​បក្ស​នៅ​តាម​ភូមិ ​ឃុំ​​ មាន​ដូច​ជា នៅ​ខេត្ត​​កំពង់​ធំ សៀមរាប កណ្ដាល តាកែវ ត្បូងឃ្មុំ ​​កំពង់ចាម​ ជាដើម​។​

ប្រធាន​ស្ដីទី​គណបក្ស​ភ្លើង​ទៀនលោក ថាច់ សេដ្ឋា បញ្ជាក់​ថា​ គណបក្ស​កំពុង​ខិតខំ​ប្រមូល​ធនធាន​មនុស្ស​ពី​គ្រប់​ទិសទី និង​​រៀប​ចំ​រចនា​សម្ព័ន្ធ​បក្ស​ឲ្យ​បាន​គ្រប់​​ ឃុំ​សង្កាត់​ទាំង​អស់ ​ដើម្បី​​ត្រៀម​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣។ លោកឲ្យ​ដឹង​ថា​ គិត​ត្រឹម​​ដើម​ឆ្នាំ​២០២២​នេះ ​លោក​បាន​ដឹកនាំ​​សមាជិក​​ លើក​ស្លាក​​​បក្ស​បាន​ជាង​ដប់ ​(១៣) ​ខេត្ត​ហើយ ហើយ​​កំពុង​បន្ត​សកម្មភាព​លើក​ស្លាក​ឲ្យ​គ្រប់​ ២៥ ​រាជ​ធានី​-ខេត្ត​​៖ «អ៊ីចឹង​!​ យើង​សង្ឃឹម​ថា ប្រសិន​បើ​មាន​ការ​​ចូល​រួម​ការ​បោះឆ្នោត ក៏​យើង​​នឹង​មាន​​ក្រុម​ប្រឹក្សា​យើង​គ្រប់គ្រាន់ ហើយ​បើ​ទោះ​បី​ជា​មាន​រចនា​សម្ព័ន្ធ​​យើង​នៅ​ក្នុង​ឃុំ​សង្កាត់​​គ្រប់​ឃុំ​សង្កាត់​យើង​នៅ​ទូទាំង​ប្រទេស​ដែរ»។

​ជុំវិញ​ការ​វិវត្តន៍​ និង​សកម្មភាព​ផុសផុល​របស់​គណបក្ស​ភ្លើង​ទៀន​នេះ វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាលោក សុខ ឥសាន ​បាន​ទេ​ នៅ​ថ្ងៃ​ទី​២ ខែមករា។ តែ​យ៉ាង​ណា លោក​ធ្លាប់​ប្រាប់​វិទ្យុអាស៊ីសេរីថា គណបក្ស​​​ភ្លើង​ទៀន​​មាន​សិទ្ធិ​ធ្វើ​​​សកម្មភាព​ស្រប​ច្បាប់​ទាំង​ឡាយ ដូច​គណបក្ស​​ផ្សេង​ទៀត​ ​ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​​នៅ​ក្រសួង​មហាផ្ទៃ។

​​​​គណបក្ស​ភ្លើងទៀន មាន​ឈ្មោះ​ដើម​មក​ពី​គណបក្ស​ជាតិខ្មែរ​ ដែល​ត្រូវ​បាន​បង្កើត​ដោយ​លោក សម រង្ស៊ី នៅ​ឆ្នាំ​១៩៩៥។ ក្រោយ​មក​រដ្ឋាភិបាល​បាន​កែ​​ច្បាប់​ចាប់បង្ខំ​ឲ្យ​បក្ស​នេះ​ប្ដូរ​ឈ្មោះ​ជា​គណបក្ស សម រង្ស៊ី នៅ​ឆ្នាំ​១៩៩៨។ នៅ​ឆ្នាំ​២០១៧ ​រដ្ឋាភិបាល​បាន​​វិសោធនកម្ម​​ច្បាប់​នយោបាយ​ម្ដងទៀត ដែល​បង្ខំ​ឲ្យ​គណបក្ស​នេះ​សម្រេច​ប្ដូរ​ឈ្មោះ​ទៅ​តាម​រូប​សញ្ញា​ គឺ​គណបក្ស​ភ្លើងទៀន​រហូតដល់​សព្វ​ថ្ងៃ​៕

2 comments:

Anonymous said...

The Candle light party is the new foundation for democracy.
I hope the CNRP will be reinstated in the near future. And the Candle light party members will integrate with the CNRP.

Doing something is better than doing nothing.

Anonymous said...

Boycotting the 2022 ASEAN summit, head by Cambodia, is the right thing to do - teaching Ah Dick Tator Hun Sen an unforgettable lesson.